ជំពូក ៣៨

1 នៅគ្រា​នោះ លោក​យូដា​បាន​ចាក​ចេញ​ពី​បងប្អូន​របស់​គាត់ ទៅ​នៅជាមួយបុរសម្នាក់ក្នុង​អាឌូ‌ឡាម ដែលមាន​ឈ្មោះ​ហ៊ីរ៉ា។ 2 គាត់​បាន​ឃើញ​កូន​ស្រី​របស់​លោក​ស៊ូអា ជា​ជន‌ជាតិ​កាណាននៅ​ទី​នោះ។ គាត់​រៀបការជាមួយនាង ហើយ​គេង​ជា​មួយ​នាង។ 3 នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ គាត់បានដាក់ឈ្មោះថា អ៊ើរ។ 4 នាងមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសមួយទៀត។ 5 នាងបានដាក់ឈ្មោះកូនប្រុសនោះថា អូណាន់។ ហើយនាងបានបង្កើតកូនប្រុសមួយទៀត ហើយដាក់ឈ្មោះកូនប្រុសនោះថា សេឡា។ នាងបង្កើតកូនទាំងអស់នោះនៅក្នុងភូមិ​កេស៊ីប។ 6 លោក​យូដា​រកភរិយាមួយឲ្យអ៊ើរ កូនប្រុសច្បងរបស់គាត់។ នាងឈ្មោះថា ​តាម៉ារ។ 7 លោកអ៊ើរ កូន​ច្បង​របស់​គាត់ ជា​មនុស្ស​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះអម្ចាស់ក៏បានសម្លាប់​គាត់ចោល​ទៅ។ 8 លោក​យូដា​បាននិយាយ​ទៅ​កាន់​លោកអូណាន់​ថា៖ «ចូរ​ទៅ​គេងជា​មួយ​ភរិយាបងប្រុស​របស់​កូនទៅ។ ចូរធ្វើតួនាទីជាប្អូនថ្លៃរបស់នាង ហើយ​បន្ត​ពូជ‌ពង្ស​ឲ្យ​បង​ប្រុស​របស់​កូន​ទៅ»។ 9 ដោយ​លោកអូណាន់​ដឹង​ថាកូនដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជ‌ពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​តែសម្រក់​ចោល​ទៅ​ដី ដូច្នេះហើយគាត់មិនអាចមានកូនដើម្បី​បន្ត​ពូជ​ឲ្យ​បង​ប្រុសរបស់គាត់។ 10 អ្វីដែលគាត់បានធ្វើ អាក្រក់នៅចំពោះព្រះអម្ចាស់។ ព្រះអម្ចាស់ក៏សម្លាប់គាត់ចោលទៅដែរ។ 11 លោកយូដាប្រាប់នាងតាម៉ារ កូនប្រសារស្រីរបស់គាត់ថា៖ «ចូរនៅជាស្រី្តមេម៉ាយសិនចុះ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យសិន»។ ដ្បិត គាត់​ខ្លាច​ថា៖ «​កូន​មួយ​នេះអាច​ស្លាប់​ដូច​បងៗដែរ»។ នាង​តាម៉ារ​ក៏​ទៅ​ហើយទៅរស់​នៅ​ផ្ទះ​ឪពុក​នាងវិញ។

12 យូរ​ថ្ងៃ​ក្រោយ​មក កូនស្រីរបស់លោកស៊ូអា ត្រូវជាភរិយា​របស់​លោក​យូដា បាន​ទទួល​មរណ‌ភាព។ ​លោក​យូដា​បាន​ធូរ​ស្បើយ​​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់ ភូមិ​ធីមណា​ គាត់និងមិត្តភក្តិរបស់គាត់ គឺ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូ‌ឡាមទៅជាមួយដែរ។ 13 គេប្រាប់នាងតាម៉ារថា៖ «មើល៍ ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀម»។ 14 នាងបានដោះស្លៀកសម្លៀកបំពាក់ជាស្រីមេម៉ាយរបស់នាងចេញ ហើយស្លៀកសម្លៀកបំពាក់ ហើយយកស្បៃហើយបាំងមុខរបស់នាង។ នាងអង្គុយនៅទ្វារចូលភូមិ​អេណែម ដែលនៅជិតផ្លូវទៅភូមិធីមណា។ ហើយនាងបានឃើញសេឡា​ពេញវ័យហើយ ប៉ុន្តែ លោកមិនបានប្រគល់គាត់មកឲ្យធ្វើប្តីររបស់នាងឡើយ។ 15 គាត់​គិតថា​ជា​ស្ត្រី​ពេស្យា ព្រោះ​នាង​មាន​ស្បៃ​បាំង​មុខរបស់នាង។ 16 គាត់​បានទៅរកនាងដែលនៅក្បែរផ្លូវនោះ ហើយនិយាយថា៖ «មក៍ សូមឲ្យខ្ញុំបានគេងជាមួយនាង!» ដ្បិត គាត់​មិនបាន​ដឹង​ថា នាង​ជា​កូន​ប្រសាស្រី​របស់​គាត់​ទេ។ នាង​តប​ថា៖ «តើលោកនឹងឲ្យអ្វីដល់ខ្ញុំ ប្រសិនបើ​ខ្ញុំគេង​ជា​មួយ​លោក?»។ 17 គាត់ប្រាប់ថា៖ «ខ្ញុំនឹងឲ្យគេយកពពែមួយពីហ្វូងសត្វរបស់ខ្ញុំមកឲ្យនាង»។ នាងបានសួរថា៖ «តើលោក​មាន​អ្វី​​បញ្ចាំ​​ខ្ញុំ​ឬ​ទេ ទម្រាំ​តែ​លោក​ឲ្យគេយក​វាមក​ឲ្យខ្ញុំ?»។ 18 គាត់សួរថា៖ «តើឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូម​ប្រគល់​ត្រា ខ្សែ និង​ដំបង​ដែល​លោក​កាន់​នៅ​ដៃ​នោះ​មក»។ គាត់បាន​ប្រគល់របស់​ទាំង​នោះ​ឲ្យ​នាង ហើយបានគេងជាមួយ​នាង ហើយ​នាង​ក៏​មាន​ផ្ទៃពោះដោយ‌សារ​គាត់។ 19 នាងបានក្រោកឡើង ហើយចេញពីគាត់ទៅ។ នាងបានយកស្បៃចេញពីមុងនាង ហើយពាក់សម្លៀកបំពាក់ជាស្រី្តមេម៉ាយវិញ។ 20 លោកយូដាបានផ្ញើពពែស្ទាវមួយពីហ្វូងសត្វតាមរយៈមិត្តភក្តិរបស់គាត់ គឺលោក​អាឌូ‌ឡាំ ហើយយករបស់បញ្ចាំពីដៃរបស់ស្រ្តីនោះមកវិញ ប៉ុន្តែ គាត់រកនាងមិនឃើញទេ។ 21 បន្ទាប់មក លោក​អាឌូ‌ឡាំសួរពួកប្រុសៗនៅកន្លែងនោះថា៖​ «តើស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «មិន​ដែល​មាន​ស្ត្រី​ពេស្យានៅ​ទី​នេះ​ទេ»។ 22 គាត់ក៏ត្រឡប់ទៅលោកយូដាវិញ ហើយប្រាប់ថា៖ «ខ្ញុំរកនាងមិនឃើញទេ។ ហើយពួកប្រុសៗនៅទីនោះប្រាប់ថា៖ «មិនដែលមានស្រី្តពេស្យានៅទីនេះទេ»។ 23 លោកយូដាប្រាប់ថា៖ «សូមឲ្យនាងទុករបស់នោះចុះ ដើម្បីកុំឲ្យយើងខ្មាស់គេ។ តាមពិត ខ្ញុំបានផ្ញើពពែស្ទាវមួយរួចហើយ តែឯងរកនាងមិនឃើញ»។

24 ប្រហែលជាបីខែក្រោយមក មានគេប្រាប់លោកយូដាថា៖ «នាងតាម៉ារកូនប្រសាស្រីរបស់លោកបានប្រព្រឹត្តអំពើពេស្យា ហើយឥឡូវនេះ នាងមានផ្ទៃពោះដោយសារអំពើនោះហើយ»។ លោកយូដាប្រាប់ថា៖ «ចូរនាំនាងមកទីនេះ ហើយដុតនាងចោលទៅ»។ 25 នៅពេលគេនាំនាងមក នាងបានផ្ញើសាររបស់នាងទៅឪពុកក្មេករបស់នាងថា៖ «បុរសដែលជាម្ចាស់របស់ទាំងនេះ បានធ្វើឲ្យខ្ញុំមានផ្ទៃពោះ»។ នាងប្រាប់ថា៖ «សូមរកមើលថាតើនរណាជាម្ចាស់របស់ទាំងនេះ ដែលមានដូចជា​ត្រា ខ្សែ និង​ដំបង​ជាដើម»។ 26 លោកយូដាស្គាល់របស់ទាំងនោះ ហើយនិយាយថា៖ «នាងសុចរិតជាងខ្ញុំទៀត ខ្ញុំមិនបានប្រគល់សេឡា កូនប្រុសរបស់ខ្ញុំ ឲ្យធ្វើជាស្វាមីរបស់នាងឡើយ»។ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។ 27 នៅគ្រានាងសម្រាលកូននោះ មើល៍នាងកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។ 28 ពេល​សម្រាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ហើយឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ហើយនិយាយ​ថា៖ «កូន​មួយ​នេះ​កើត​មុន»។ 29 ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃរបស់វា​ចូល​ទៅ​វិញ ហើយ​ប្អូន​របស់​វា​ក៏​កើត​ចេញ​មកមុយ។ ពេល​នោះ ឆ្មប​និយាយថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» ដូច្នេះ​ គាត់បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា ពេរេស។ 30 បន្ទាប់មក បងប្រុសរបស់វាក៏កើតចេញមក គឺជាអ្នកដែលបានមានអំបោះក្រហមនៅដៃរបស់វា ហើយគាត់បានដាក់ឈ្មោះកូននោះថា សេ‌រ៉ាស។