ជំពូក ៣៧

1 លោកយ៉ាកុបបានរស់នៅក្នុងទឹកដី ដែលឪពុករបស់គាត់រស់នៅ គឺនៅក្នុងទឹកដីកាណាន។

2 ទាំងនេះ គឺជាព្រឹត្តិការណ៍ដែលកើតឡើងទាក់ទងនឹងលោកយ៉ាកុប។ លោកយ៉ូសែប នៅក្មេង អាយុដប់ប្រាំពីរឆ្នាំ បានទៅឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ គាត់បានទៅជាមួយកូនប្រុសរបស់នាងប៊ីល‌ហា និង​នាង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ លោកយ៉ូសែបបានរាយការណ៍មិនល្អពីបងៗដល់ឪពុករបស់ពួកគេ។ 3 លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសៗទាំងអស់របស់គាត់ដោយសារគាត់មានកូនប្រុសនេះ ពេលគាត់មានអាយុច្រើនហើយ។ លោកអ៊ីស្រាអែលបានធ្វើសម្លៀកបំពាក់យ៉ាងស្អាតឲ្យគាត់។ 4 បងប្រុសរបស់គាត់បានឃើញថា ឪពុករបស់ពួកគេស្រឡាញ់គាត់ច្រើនជាងបងៗទាំងអស់។ ពួកគេបានស្អប់គាត់ ហើយមិនបាននិយាយពាក្យល្អដាក់គាត់ឡើយ។

5 លោកយ៉ូសែបបានសុបិនរឿងមួយ ហើយគាត់បានប្រាប់ដល់បងៗរបស់គាត់ពីរឿងនោះ។ ពួកគេស្អប់គាត់កាន់តែខ្លាំង។ 6 គាត់និយាយទៅពួកគេថា៖ «សូមស្តាប់សុបិន ដែលខ្ញុំបានសុបិន។ 7 មើល៍ កាលយើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ ហើយមើល៍ ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​លុតជង្គង់ចំពោះកណ្ដាប់របស់ខ្ញុំ»។ 8 បងៗរបស់​គាត់​និយាយទៅកាន់គាត់ថា៖ «តើ​ឯងនឹងគ្រងរាជ្យ​លើ​យើង​ឬ? តើឯងនឹង​គ្រប់‌គ្រង​លើ​យើងឬ?»។ ពួក​គេ​រឹត​តែ​ស្អប់​គាត់កាន់តែខ្លាំងឡើយ ដោយព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​ប្រាប់​ពួក​គេ។ 9 គាត់បានសុបិនឃើញរឿងមួយផ្សេងទៀត ហើយបានប្រាប់សុបិនដល់បងៗរបស់គាត់ដែរ។ គាត់និយាយថា៖ «មើល៍ ខ្ញុំបានសុបិនឃើញរឿងមួយទៀត គឺឃើញដួងអាទិត្យ និងដួងច័ន្ទ ហើយផ្កាយទាំងដប់មួយលុតជង្គង់ចំពោះខ្ញុំ»។ 10 គាត់បានប្រាប់ការនេះទៅកាន់ឪពុករបស់គាត់ ដូចបានប្រាប់ដល់បងៗដែរ ហើយឪពុករបស់គាត់បានបន្ទោសដល់គាត់។ លោកអ៊ីស្រាអែលប្រាប់ទៅគាត់ថា៖ «តើកូនសុបិនអ្វីចម្លែកម្លេ៉ះ? តើម្តាយរបស់ឯង និងឪពុក ព្រមទាំងបងៗរបស់ឯងលុតជង្គង់ថ្វាយបង្គំឯងមែនទេ? 11 បងៗច្រណែននឹងគាត់​ប៉ុន្តែឪពុករបស់គាត់រក្សារឿងនេះនៅក្នុងគំនិតរបស់គាត់។

12 បងៗរបស់គាត់បានទៅកន្លែងមើលថែហ្វូងសត្វរបស់ឪពុកគាត់នៅក្នុងក្រុងស៊ីគែម។ 13 លោកអ៊ីស្រាអែលប្រាប់យ៉ូសែបថា៖ «តើកូនឯងមិនទៅកន្លែងមើលហ្វូងសត្វជាមួយបងៗកូនឯងនៅស៊ីគែមទេឬ? មក ហើយឪពុកនឹងឲ្យកូនឯងទៅជាមួយពួកគេ»។ យ៉ូសែបប្រាប់គាត់វិញថា៖ «ខ្ញុំរួចរាល់ហើយ»។ 14 លោកអ៊ីស្រាអែលប្រាប់គាត់ថា៖ «ទៅឥឡូវនេះទៅ មើល៍ ឲ្យដឹងថាតើបងៗរបស់កូនឯង និងហ្វូងសត្វយ៉ាងណា ហើយនាំយកដំណឹងមកប្រាប់ឪពុកវិញ»។ ដូច្នេះ លោកយ៉ាកុបបានឲ្យគាត់ចេញទៅជ្រលងភ្នំហេប្រុន ហើយយ៉ូសែបបានទៅក្រុងស៊ីគែម។ 15 មានបុរសម្នាក់បានជួបយ៉ូសែប។ មើល៍ យ៉ូសែបបានវង្វេងនៅឯវាល។ បុរសនោះបានសួរគាត់ថា៖ «តើឯងរកអ្វី?» 16 យ៉ូសែបឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមជួយប្រាប់ខ្ញុំផង តើពួកគាត់មើលថែហ្វូងសត្វនៅឯណា»។ 17 បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីទីនេះហើយ ដ្បិត យើងបានឮពួកគេនិយាយថា៖ «តោ៎ះ! យើង​ទៅ​ដូថាន។ យ៉ូសែបបានទៅតាមរកបងៗរបស់គាត់ ហើយជួបពួកគេនៅដូថាន។

18 ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនពេលគាត់ជិតទៅដល់ពួកគេ ពួកគេបានឃុបឃិតគ្នាសម្លាប់គាត់។ 19 បងៗបាននិយាយទៅកាន់គ្នាគាត់ថា៖ «មើល អាមេសុបិនមកហើយ។ 20 ដូច្នេះ មក! ចូរយើងសម្លាប់វា ហើយកប់វាទៅក្នុងរណ្តៅមួយនោះទៅ។ យើងនឹងប្រាប់គេថា៖ «សត្វព្រៃបានសម្លាប់វា» យើងនឹងមើលថាតើសុបិនរបស់វានឹងទៅជាយ៉ាងណា?»។ 21 លោក​រូបេនបានឮ ហើយសង្គ្រាះគាត់ពីដៃរបស់ពួកគេ។ គាត់បានប្រាប់ថា៖ «សូមយើងកុំសម្លាប់វាអី»។ 22 លោករូបេនប្រាប់ទៅពួកគេថា៖ «កុំបង្ហូរឈាមឡើយ។ ចូរបោះវាទៅក្នុងរណ្តៅដែលនៅក្នុងទីរហោស្ថាននេះទៅ ប៉ុន្តែ សូមកុំសម្លាប់វាអី»។ ដើម្បីឲ្យគាត់អាចសង្គ្រោះគាត់ចេញពីកណ្ដាប់ដៃរបស់ពួកគេ ហើយនាំគាត់ត្រឡប់ទៅឪពុករបស់គាត់វិញ។ 23 នៅពេលយ៉ូសែបបានទៅដល់បងៗរបស់គាត់​ ពួកគេបានដោះអាវស្អាតរបស់គាត់។ 24 ពួកគេបានចាប់គាត់ ហើយបោះគាត់ចូលទៅក្នុងរណ្ដៅ។ រណ្តៅនោះទទេស្អាតគ្មានទឹកនៅក្នុងនឹងទេ។

25 ពួកគេបានអង្គុយចុះ ហើយហូបនំប៉័ង។ ពួកគេបានងើបភ្នែកគេឡើង ហើយសម្លឹងមើល ហើយឃើញជនជាតិអ៊ីស្មាអែលមកពីកាឡាដ ជាមួយនឹងសត្វអូដ្ឋរបស់ពួកគេ ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស។ ពួកគេកំពុងធ្វើដំណើរ យករបស់ទាំងនោះ​ទៅ​ទឹកដី​អេស៊ីប។ 26 លោកយូដានិយាយទៅបងៗរបស់គាត់ថា៖ «តើមានប្រយោជន៍អ្វី ប្រសិនបើ យើងសម្លាប់ប្អូនរបស់យើង ហើយលាក់ឈាមរបស់វា? 27 មក ចូរយើងលក់វាឲ្យទៅជនជាតិអ៊ីស្មាអែល ហើយកុំសម្លាប់វាឡើយ។ ដ្បិត វាក៏ជាកូនរបស់ឪពុកយើង និងជាសាច់ឈាមរបស់យើងដែរ»។ បងៗរបស់គាត់ក៏ស្តាប់តាមគាត់។ 28 មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​រណ្ដៅ។ ពួកគេបានលក់យ៉ូសែប​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល ក្នុងតម្លៃ​ជា​ប្រាក់​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ទឹកដីអេស៊ីប។

29 លោករូបេនបានត្រឡប់មកឯរណ្ដៅវិញ ហើយមើល៍ យ៉ូសែបមិនបាននៅក្នុងរណ្តៅនោះទៀតទេ។ គាត់បានហែកសម្លៀកបំពាក់របស់គាត់។ 30 គាត់បានត្រឡប់ទៅប្អូនៗរបស់គាត់ហើយប្រាប់ថា៖ «ក្មេងប្រុសនោះមិននៅទីនោះទេ! ហើយខ្ញុំ តើខ្ញុំអាចទៅណា?» 31 ពួកគេបានសម្លាប់សត្វពពែមួយ បន្ទាប់មកបានយកសម្លៀកបំពាក់យ៉ូសែប ហើយជ្រលក់វាទៅក្នុងឈាមនោះ។ 32 បន្ទាប់មក ពួកគេបានយកវាទៅឯឪពុករបស់ពួកគេហើយនិយាយថា៖​ «យើងបានរកឃើញអាវនេះ។ សូមមើល ថាតើវាជាសម្លៀកបំពាក់របស់កូនលោកឪពុកមែនរឺមិនមែន»។ 33 លោកយ៉ាកុបបានស្គាល់វា ហើយនិយាយថា៖ «វាគឺជាសម្លៀកបំពាក់កូនប្រុសរបស់ឪពុក។ សត្វព្រៃបានសម្លាប់កូនខ្ញុំ។ វាបានញែកស៊ីយ៉ូសែបជាចំណែកៗ»។ 34 លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់គាត់ ហើយស្លៀក​សំពត់​ធ្មៃរបស់គាត់ ហើយ​បានកាន់​ទុក្ខ​កូន​ប្រុសរបស់គាត់ជាច្រើន​ថ្ងៃ។ 35 កូនប្រុស កូនស្រីរបស់គាត់បានក្រោកឡើងហើយកម្សាន្តចិត្តគាត់ ប៉ុន្តែ គាត់បដិសេធមិនទទួលការកម្សាន្តចិត្តរបស់គាត់ឡើយ។ គាត់និយាយថា៖ «ខ្ញុំពិតជាចង់ទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ដើម្បីកាន់ទុក្ខដល់កូនប្រុសខ្ញុំ»។ ឪពុករបស់គាត់បានកាន់ទុក្ខនឹងកូនប្រុសរបស់គាត់។ 36 ជនជាតិម៉ាឌានបានលក់គាត់ឲ្យលោកប៉ូទីផារជា​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ​ជា​មេ​បញ្ជា​ការលើ​កង‌អង្គរក្សរបស់​ស្ដេច។