ជំពួក ៩

1 លោកអេលីសេបានហៅកូនប្រុសម្នាក់របស់លោកព្យាការីហើយនិយាយនឹងគាត់ថា៖ «សូមស្លៀកពាក់ដើម្បីធ្វើដំណើរ ហើយសូមយកដបតូចមួយទៅជាមួយផង ហើយចេញទៅរ៉ាម៉ូតគីឡាដ។​ 2 នៅពេលដែលអ្នកទៅដល់ ចូររក​លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី ហើយចូលផ្ទះគាត់ និងហៅគាត់ចេញពីចំណោមអ្នកនៅជាមួយគាត់ ហើយនាំគាត់ទៅបន្ទប់ខាងក្នុង។ 3 បន្ទាប់មក យកដបប្រេង ហើយលាបក្បាលគាត់ដោយនិយាយទៅគាត់ថា៖ «ខ្ញុំបានតាំងលោកឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល»។ បន្ទាប់មក បើកទ្វារ ហើយរត់ចេញក្រៅ កុំបង្អង់ឡើយ»។ 4 ដូច្នេះ បុរសវ័យក្មេងនោះ គឺលោកព្យាការីក្មេងនោះចេញដំណើរទៅរ៉ាម៉ូត គីឡាដ។ 5 នៅពេលដែលគាត់មកដល់ មានមេទ័ពម្នាក់កំពុងតែអង្គុយ។ ដូច្នេះលោកព្យាការីក្មេងនោះនិយាយថា៖ «លោកមេទ័ពអើយ ខ្ញុំមានរឿងមួយចង់ប្រាប់លោក »។ លោកយេហ៊ូវឆ្លើយថា៖ «តើលោកចង់ជួបអ្នកណាក្នុងចំណោមយើង»។ លោកព្យាការីវ័យក្មេងនោះតបថា៖ «គឺលោកមេទ័ពផ្ទាល់»។ 6 ដូច្នេះ លោកយេហ៊ូវបានក្រោកឡើង ហើយបានចូលទៅក្នុងផ្ទះ ហើយលោកព្យាការីបានចាក់ប្រេងនៅលើក្បាលរបស់គាត់ ហើយបាននិយាយទៅលោកយេហ៊ូវថា៖ «ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើប្រជាជនរបស់ព្រះអម្ចាស់ គឺលើប្រជាជនអ៊ីស្រាអែល។ 7 អ្នកត្រូវតែសម្លាប់គ្រួសាររបស់អហាប់ជាចៅហ្វាយរបស់អ្នក ដូច្នេះ យើងអាចសងបំណុលឈាមរបស់ព្យាការីជាអ្នកបម្រើរបស់យើង និងឈាមរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ទាំងអស់ ដែលត្រូវបានសម្លាប់ដោយដៃព្រះនាងយេសិបិល។ 8 ព្រោះគ្រួសារទាំងមូលរបស់ស្តេចអហាប់ត្រូវ​វិនាស ហើយយើងនឹងកាត់កូនប្រុសៗទាំងអស់ចេញពីអហាប់ ទោះបីជាអ្នកនោះជាអ្នកងារ ឬអ្នកជាក្តី។ 9 យើងនឹងប្រព្រឹត្តចំពោះគ្រួសាររបស់អហាប់ដូចជាគ្រួសាររបស់ស្តេចយេរ៉ូបោមជាកូនរបស់នេបាត និងដូចជាគ្រួសាររបស់បាសាជាបុត្ររបស់ស្តេចអហ៊ីយ៉ាដែរ។ 10 ឆ្កែនឹងស៊ីព្រះនាងយេសេបិលនៅក្រុងយេសរាល ហើយគ្មាននរណាម្នាក់កប់សពនាងឡើយ»។ បន្ទាប់មកលោកព្យាការីនោះបានបើកទ្វាហើយបានរត់ចេញទៅ។ 11 បន្ទាប់មក លោកយេហ៊ូវបានចេញមកជួបអ្នកបម្រើរបស់ចៅហ្វាយលោក ហើយមានម្នាក់និយាយជាមួយគាត់ថា៖ «តើមានរឿងអ្វីកើតឡើង? ហេតុអ្វីបានជាបុរសនេះមករកលោក?» លោកយេហ៊ូវបានឆ្លើយទៅពួកគេថា៖ «អ្នកស្គាល់បុរសនោះហើយ ហើយក៏ដឹងពីអ្វីដែលគាត់និយាយដែរ»។ 12 ពួកគេនិយាយថា៖ «លោកកុហក។ សូមប្រាប់យើងមក»។ លោកយេហ៊ូវឆ្លើយថា៖ «លោកនិយាយនេះ និយាយនោះមកខ្ញុំ ហើយក៏បាននិយាយថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «យើងតាំងអ្នកឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល!» 13 បន្ទាប់មក ពួកគេបានដោះអាវធំរបស់ពួកគេភ្លាម ហើយបានដាក់ឲ្យលោកយេហ៊ូវអង្គុយនៅលើជណ្តើរកាំខ្ពស់បំផុត។ ពួកគេបានផ្លុំត្រែហើយនិយាយថា៖ «លោកយេហ៊ូគឺជាស្តេច»។ 14 លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូរ៉ាមដោយរបៀបនេះឯង។ ឥឡូវនេះ ព្រះ‌បាទ​យ៉ូរ៉ាមកំពុង​តែ​ការ‌ពារ​ក្រុង​រ៉ាម៉ូត គឺទាំងស្តេច និង​ជនជាតិអ៊ីស្រា‌អែលទាំងអស់ដោយសារតែ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​អារ៉ាម 15 ប៉ុន្តែ ព្រះបាទយ៉ូរ៉ាមបានត្រឡប់ទៅក្រុងយេសរាល ដើម្បីព្យាបាលរបួសរបស់ព្រះអង្គដែលជនជាតិអារ៉ាមធ្វើឲ្យទ្រង់មានរបួស។ លោកយេហ៊ូវបានមានប្រសាសន៍ទៅអ្នកបម្រើរបស់ព្រះបាទយ៉ូរ៉ាមថា៖ «បើនេះជាគំនិតរបស់អ្នកមែន នោះកុំឲ្យនរណាម្នាក់រត់រួចឡើយ ហើយចូរចេញក្រៅក្រុង ដើម្បីទៅប្រាប់ដំណឹងនេះនៅក្រុងយេសរាល»។ 16 ដូច្នេះលោកយេហ៊ូវបានឡើងរទេះចម្បាំងទៅក្រុងយេសរាល ព្រោះព្រះបាទយ៉ូរ៉ាមបានគង់នៅទីនោះ។ ឥឡូវនេះ​ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ។ 17 អ្នកយាមបានឈរនៅលើប៉មនៅក្រុងយេសរាល​ ហើយបានឃើញក្រុមរបស់លោកយេហ៊ូវដែលលោកមកពីចម្ងាយ ហើយនិយាយថា៖ «ខ្ញុំឃើញមនុស្សមួយក្រុមមកហើយ»។ ព្រះបាទយ៉ូរ៉ាមទូលថា៖ «សូមចាត់អ្នកជិះសេះម្នាក់ឲ្យចេញទៅដើម្បីជួបពួកគេ ប្រាប់អ្នកនោះឲ្យនិយាយថា៖ «តើអ្នកមកដោយសន្តិភាពឬ»? 18 ដូច្នេះ គេក៏បញ្ជួនអ្នកជិះសេះម្នាក់ទៅជួបអ្នកទាំងនោះ ហើយនិយាយថា៖ «ស្តេចទូលថា៖ «តើអ្នកមកដោយសន្តិភាពឬ»? ដូច្នេះ លោកយេហ៊ូវនិយាយថា៖ «តើសន្តិភាពមានអ្វីទាក់ទងនឹងអ្នក? សូមត្រឡប់ក្រោយ ហើយឡើងជិះក្រោយខ្ញុំមក»។ បន្ទាប់មកអ្នកយាមបានទូលស្តេចថា៖ «អ្នកនាំសារបានជួបពួកគេហើយ ប៉ុន្តែ អ្នកនោះមិនបានត្រឡប់មកវិញទេ»។ 19 ដូច្នេះ លោកក៏បានបញ្ជូនអ្នកទីពីរឲ្យជិះសេះទៅទៀត ដែលបានមកជួបពួកគេហើយនិយាយថា៖ «ស្តេចទូលថា៖ «តើអ្នកមកដោយសន្តិភាពឬ»? លោកយេហ៊ូវឆ្លើយថា៖ «តើសន្តិភាពមានអ្វីទាក់ទងនឹងអ្នក? ចូរមកជិះក្រោយខ្ញុំមក»។​ 20 អ្នកយាមបានរាយការណ៍ម្តងទៀតថា៖ «អ្នកដែលទៅនោះបានជួបពួកគេហើយ តែមិនត្រឡប់មកវិញទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះគឺ​លោក​យេហ៊ូវ ជាកូនរបស់​លោក​នឹម​ស៊ីជាអ្នក​បរ​រទេះ​ លឿនដូច​មនុស្ស​កំរោល​ចូល»។ 21 ដូច្នេះ ព្រះបាទយ៉ូរ៉ាមបានទូលថា៖ «សូមរៀបចំរាជរថឲ្យយើង»។ ពួកគេបានរៀបចំរាជរថរបស់ស្តេច ហើយព្រះបាទយ៉ូរ៉ាមជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកយូដាបានចេញទៅ ហើយស្តេចបានគង់លើរាជរថរៀងៗខ្លួន ដើម្បីទៅជួបជាមួយលោកយេហ៊ូវ។ ស្តេចទាំងពីរអង្គបានជួបគាត់ត្រង់ចម្ការររបស់លោកណាបោតជាអ្នកស្រុកយេសរាល។ 22 នៅពេលព្រះបាទយ៉ូរ៉ាមបានឃើញលោកយេហ៊ូវ ស្តេចទូលថា៖ «យេហ៊ូវអើយ តើអ្នកមកដោយសុខសាន្តឬ»?​ លោកឆ្លើយថា៖ «តើអ្វីទៅជាក្តីសុខសាន្ត នៅពេលដែល បើអំពើពេស្យាចារ និងអំពើមន្តអាបធ្មប់របស់នាងយេសិបិលជាមាតារបស់ព្រះអង្គមានច្រើនយ៉ាងនេះ?» 23 ដូច្នេះ ព្រះបាទយ៉ូរ៉ាមបានបត់រាជរថដើម្បីគេចខ្លួន ហើយបានទូលទៅព្រះបាទអហាស៊ីយ៉ាថា៖ «ព្រះករុណាអើយ នេះជាអំពើក្បត់ទេ»។ 24 បន្ទាប់មកលោកយេហ៊ូវបានយឹតព្រួញរបស់លោកមួយទំហឹង ហើយផ្លែព្រួញបានចាក់ទំលុះបេដូងរបស់ស្តេច ហើយស្តេចក៏ដួលនៅលើរាជរថនោះ។ 25 បន្ទាប់មក លោក​យេហ៊ូវ​ប្រាប់​លោក​ប៊ីឌ‌ការជាមេបញ្ជាការថា៖ «ចូរលើកគាត់ឡើង ហើយបោះគាត់ទៅក្នុងចម្ការរបស់ណាបោតអ្នកស្រុកយេសរាលទៅ។ សូមគិតពីពេលដែលលោក និងខ្ញុំជិះរទេះជាមួយគ្នាតាមពីក្រោយព្រះបាទអហាប់ជាបិតាទ្រង់ នោះព្រះអម្ចាស់បានថ្លែងទំនាយប្រឆាំងនឹងទ្រង់ 26 «ម្សិលមិញយើងបានឃើញឈាមរបស់ណាបោត និងឈាមកូនរបស់គាត់ នោះជាការប្រកាសរបស់ព្រះអម្ចាស់ ហើយយើងនឹងឲ្យអ្នកបង់ថ្លៃឈាមនៅក្នុងចំការនេះ នេះជាការប្រកាសរបស់ព្រះអម្ចាស់។ បន្ទាប់មក គេក៏លើកគាត់បោះចូលទៅក្នុងចម្ការនោះ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់»។ 27 នៅពេល ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ឃើញ​ដូច្នេះ ស្ដេច​ភាសខ្លួន​​ទៅ​បេត‌ហាកាន។ ប៉ុន្តែ​ លោក​យេហ៊ូវ​ដេញ​តាមក្រោយស្តេច ហើយលោកនិយាយថា៖ «ធ្វើឃាតស្តេចនេះនៅក្នុងរទេះនេះទៅ» ហើយពួកគេបានបាញ់ចំស្តេចតាម​ផ្លូវ​ទៅ​ភូមិ​គើរ ជិត​ក្រុង​យីប‌ឡាម។ ព្រះ‌បាទ​អហា‌ស៊ីយ៉ាគេចខ្លួនទៅក្រុង​មេគី‌ដោ ហើយក៏សុគតនៅទីនោះទៅ។ 28 អ្នកបម្រើរបស់ទ្រង់ក៏ដឹកសពទ្រង់នៅក្នុងរទេះទៅក្រុងយេរូសាឡឹម ហើយបានបញ្ចុះសពទ្រង់នៅក្នុងផ្នូរជាមួយបិតាទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ 29 ពេលនោះគឺឆ្នាំទីដប់មួយក្នុងរាជ្យរបស់ព្រះបាទយ៉ូរ៉ាមបុត្ររបស់ស្តេចអហាប់ដែលព្រះបាទអហាស៊ីយ៉ាបានសោយរាជ្យលើស្រុកយូដា។​ 30 នៅពេលដែលលោកយេហ៊ូវបានមកដល់យេសរាល ព្រះនាងយេសិបិលក៏បានដឹងរឿងនេះ ហើយនាងក៏បានលាបភ្នែករបស់នាង ធ្វើសក់របស់នាង ហើយបានមើលតាមបង្អួច។ 31 នៅពេលដែលលោកយេហ៊ូវបានឆ្លងកាត់ទ្វារក្រុង នាងបាននិយាយទៅគាត់ថា៖​ «តើអ្នកមកដោយសន្តិភាពឬ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ»? 32 លោកយេហ៊ូវបានក្រឡេកមើលលើតាមបង្អួចហើយនិយាយថា៖ «តើនរណានៅខាងខ្ញុំ? មានអ្នកណាទេ»? បន្ទាប់មក ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។ 33 ដូច្នេះ លោកយេហ៊ូវបាននិយាយថា៖ «ចូរបោះនាងមកក្រោមមក»។ ដូច្នេះ ពួកគេក៏បានបោះព្រះនាងយេសិបិលមកក្រោម ហើយឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះផង ហើយ​លោក​យេហ៊ូវបានជាន់សាក‌សពរបស់នាង។ 34 នៅពេលដែលលោកយេហ៊ូវចូលទៅខាងក្នុង លោកបានបរិភោគ និងផឹកនៅទីនោះ។ បន្ទាប់មកលោកនិយាយថា៖ «ឥឡូវនេះអ្នកឃើញស្ត្រីដែលត្រូវបណ្តាសារនេះទេ ហើយយកសពនាងទៅកប់ផង នាងជាបុត្រីរបស់ស្តេច»។ 35 នៅពេលដែលគេចេញទៅបញ្ចុះនាង គេបានឃើញថាសពនាងសល់តែលលាក្បាល ជើង និងប្រអប់ដៃប៉ុណ្ណោះ។ 36 ដូច្នេះ ពួកគេបានត្រឡប់មកប្រាប់លោកយេហ៊ូវវិញ។ លោកបានមានប្រសាសន៍ថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលតាមរយៈលោកអេលីយ៉ា​អ្នក​ស្រុក​ធេស‌ប៊ី‌ថា ជាអ្នកបម្រើរបស់ព្រះអង្គថា៖ «នៅក្នុងទឹកដីរបស់ស្រុកយេសរាលឆ្កែនឹងស៊ីសាច់នាងយេសិបិល 37 ហើយសពព្រះនាងយេសិបិលនឹងដូចជាសំរាមនៅលើចម្ការនៅស្រុកយេសរាល ដូច្នេះគ្មាននរណាម្នាក់អាចនិយាយថា៖ «នេះគឺស្រុកយេសរាលតទៅទៀតឡើយ»។