ជំពូក ៨

1 ឥឡូវនេះ លោកអេលីសេបានមានប្រសាសន៍ទៅស្ត្រីដែលកូនប្រុសរបស់នាងរស់ឡើងវិញ។ លោកបានប្រាប់នាងថា៖ «សូមក្រោកឡើង ហើយទៅជាមួយមនុស្សក្នុងគ្រួសារអ្នក ហើយស្នាក់នៅកន្លែងណាដែលអ្នកអាចស្នាក់នៅបានក្នុងទឹកដីមួយផ្សេងទៀត ព្រោះព្រះអម្ចាស់បានធ្វើឲ្យមានទុរ្ភិក្ស ដែលនឹងកើតឡើងក្នុងទឹកដីនេះប្រាំពីរឆ្នាំ»។ 2 ដូច្នេះ ស្ត្រីនោះបានក្រោកឡើង ហើយនាងបានស្តាប់បង្គាប់ពាក្យរបស់អ្នកបម្រើព្រះអម្ចាស់។ នាងទៅជាមួយអ្នកនៅក្នុងផ្ទះរបស់នាង ហើយរស់នៅក្នុងទឹកដីភីលីស្ទីនអស់ប្រាំពីរឆ្នាំ។ 3 នៅចុងឆ្នាំពីប្រាំពីរ ទើបស្រី្តនោះត្រឡប់ពីទឹកដីភីលីស្ទីនវិញ ហើយនាងបានទៅគាល់ស្តេចដើម្បីសុំផ្ទះ និងដីរបស់នាងមកវិញ។ 4 ឥឡូវនេះ ស្តេចបាននិយាយជាមួយនឹងកេហាស៊ីជាអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «សូមប្រាប់ពីការអស្ចារ្យដែលលោកអេលីសេបានធ្វើដល់ខ្ញុំផង»។ 5 បន្ទាប់មក គាត់បានទូលស្តេចពីអ្វីដែលលោកអេលីសេបានប្រោសក្មេងឲ្យរស់ពីស្លាប់ឡើងវិញ ស្ត្រីដែលកូនរបស់នាងបានរស់ឡើងវិញមកសុំផ្ទះនឹងដីរបស់នាងពីព្រះករុណា។ លោកកហាស៊ីទូលថា៖ «ព្រះករុណា គឺស្រ្តីនេះ ហើយនេះគឺកូនរបស់នាង ដែលលោកអេលីសេបានប្រោសឲ្យបានរស់»។ 6 នៅពេលដែលស្តេចបានសួរនាងអំពីកូនរបស់នាង រួចនាងក៏ពន្យល់រឿងនេះដល់ទ្រង់។ ដូច្នេះ ស្តេចក៏បានបញ្ជាមេបញ្ជាការម្នាក់ថា៖ «សូមប្រគល់អ្វីដែលជារបស់នាង និងផលចម្រូតក្នុងស្រែរបស់នាងតាំងពីថ្ងៃដែលនាងចាកចេញរហូតដល់ឥឡូវនេះដល់នាងវិញផង»។ 7 លោកអេលីសេបានមកក្រុងដាម៉ាស ជាកន្លែងដែលព្រះបាទបេន ហាដាដជាស្តេចស្រុកអារ៉ាមប្រឈួន។ គេបានទូលស្តេចថា៖ «អ្នកបម្រើរបស់ព្រះអម្ចាស់បានមកទីនេះ»។ 8 ស្តេចបានរាជឱង្ការទៅលោក​ហាសែលថា៖ «សូមយកអំណោយទៅជាមួយអ្នក ហើយទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយសុំយោបល់ពីព្រះអម្ចាស់តាមរយៈលោក ដោយសួរថា៖ «តើយើងនឹងជាពីជំងឺនេះឬទេ»? 9 ដូច្នេះ លោក​ហាសែលទៅជួបគាត់ហើយបានយកអំណោយទៅជាមួយគាត់ គឺរបស់ល្អៗគ្រប់យ៉ាងពីក្រុងដាម៉ាស ដែលប្រើអូដសែសិបដឹក។ ដូច្នេះ លោក​ហាសែលបានមក ហើយបានឈរនៅមុខអេលីសេ ហើយនិយាយថា៖ «កូនប្រុសរបស់អ្នកបេនហាដាដ ជាស្តេចស្រុកអារ៉ាម បានបញ្ជូនខ្ញុំឲ្យមកជួបលោក ដោយនិយាយាថា៖ «តើខ្ញុំនឹងជាពីជំងឺឬទេ?» 10 លោកអេលីសេបានមានប្រាសន៍ទៅគាត់ថា៖ «សូមទៅប្រាប់បេនហាដាដថា៖ «អ្នកប្រាកដជាបានជា» ប៉ុន្តែ ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំថា ស្តេចពិតជាសុគតមិនខាន»។ 11 បន្ទាប់មក លោកអេលីសេបានសម្លឹងមើលលោក​ហាសែលរហូតដល់លោកខ្មាស់អៀន ហើយអ្នកបម្រើរបស់ព្រះអម្ចាស់បានបានយំ។ 12 លោក​ហាសែលបានសួរលោកថា៖ «លោកម្ចាស់ ហេតុអ្វីបានជាលោកយំ»? លោកឆ្លើយថា៖ «ព្រោះខ្ញុំបានដឹងពីការអាក្រក់ដែលអ្នកនឹងធ្វើជាមួយប្រជាជនអ៊ីស្រាអែល។ អ្នកនឹងដុតទីមាំមួនរបស់ពួកគេ ហើយអ្នកនឹងសម្លាប់ក្មេងប្រុសៗរបស់ពួកគេដោយដាវ​ បោកសម្លាប់ក្មេងតូចៗ ហើយវះពោះស្រ្តីដែលមានផ្ទៃពោះផង»។ 13 លោក​ហាសែលឆ្លើយថា៖ «តើអ្នកបម្រើរបស់លោកជាអ្នកណា ដែលអាចធ្វើរឿងដ៏ធំនេះបាន? ខ្ញុំគ្រាន់តែជាឆ្កែមួយក្បាលប៉ុណ្ណោះ»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំថាអ្នកនឹងក្លាយជាស្តេចលើស្រុកអារ៉ាម»។ 14 បន្ទាប់មក លោក​ហាសែលបានចាកចេញពីលោកអេលីសេ ហើយបានទៅជួបចៅហ្វាយរបស់លោក ដែលបាននិយាយទៅគាត់ថា៖ «តើលោកអេលីសេបាននិយាយអ្វីខ្លះជាមួយអ្នក»? លោកឆ្លើយថា៖ «លោកបានប្រាប់ខ្ញុំថាព្រះករុណានឹងបានជាមិនខាន»។ 15 បន្ទាប់មក នៅថ្ងៃបន្ទាប់លោក​ហាសែលបានយកភួយមួយជ្រលក់ទឹក ហើយបានគ្របលើមុខរបស់ព្រះបាទបេនហាដាដ ដូច្នេះស្តេចក៏សុគតទៅ។ បន្ទាប់មក លោក​ហាសែលក្លាយជាស្តេចជំនួសទ្រង់។ 16 នៅក្នុងឆ្នាំទីហាសិបស្តេចយ៉ូរ៉ាមកូនរបស់អហាប់ជាស្តេចស្រុកអ៊ីស្រាអែល គឺព្រះបាទយេហូរ៉ាមបានចាប់ផ្តើមសោយរាជ្យ។ ព្រះអង្គជាបុត្ររបស់ព្រះ‌បាទ​យ៉ូសា‌ផាត បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។​ 17 ព្រះបាទយេហូរ៉ាមមានព្រះជន្មសាមសិបពីរវស្សានៅពេលដែលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ 18 ព្រះបាទយេហូរ៉ាមបានដើរតាមមាគា៌របស់ស្តេចស្រុកអ៊ីស្រាអែល ដូចជាគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះស្តេចយកកូនស្រីរបស់អហាប់ធ្វើជាមហេសី ហើយស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ 19 ទោះជាយ៉ាងណាក៏ដោយ ដោយសារដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអម្ចាស់មិនចង់បំផ្លាញស្រុកយូដាទេ តាំងពីពេលដែលព្រះអង្គមានបន្ទូលថាព្រះអង្គតែងតែឲ្យមានម្នាក់ស្នងរាជ្យបន្ត។ 20 នៅក្នុងរាជ្យរបស់ព្រះបាទយេហូរ៉ាមជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយពួកគេបានលើកស្តេចមួយអង្គគ្រប់គ្រងលើពួកគេ។ 21 បន្ទាប់មក ព្រះបាទយេហូរ៉ាមបានឆ្លងកាត់ទីនោះដោយមានមេទ័ព និងរទេះចម្បាំងទាំងអស់ផង។ ស្តេចបានតើនឡើងនៅពេលយប់ ហើយវាយប្រហារជនជាតិអេដុម ប៉ុន្តែ ពួកអេដុមបានឡោមព័ទ្ធព្រះអង្គ និងពួកមេទ័ពរទេះចម្បាំងផង។ បន្ទាប់មក ពួកទាហានរបស់ព្រះបាទយេហូរ៉ាមបានភាសខ្លួនទៅផ្ទះរបស់ពួកគេវិញ។ 22 ដូច្នេះ ស្រុកអេដុមបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្រុកយូដារហូតដល់សព្វថ្ងៃ។ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ដែរនៅក្នុងពេលនោះ។ 23 រឿងរា៉វផ្សេងទៀតទាក់ទងនឹងព្រះបាទយេហូរ៉ាម អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? 24 ព្រះបាទយេហូរ៉ាមបានសុគត ហើយសម្រាកជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ។​ បន្ទាប់មក ព្រះបាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 25 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយ៉ូរ៉ាមបុត្ររបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទ​អហា‌ស៊ីយ៉ា ជា​បុត្ររបស់ព្រះបាទយេហូរ៉ាមបានឡើងសោយរាជ្យជាស្តេចស្រុកយូដា។ 26 ព្រះបាទ​អហា‌ស៊ីយ៉ា មានព្រះជន្មម្ភៃពីរវស្សាកាលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​កូនស្រីរបស់​ព្រះ‌បាទ​អូមរី ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 27 ព្រះបាទ​អហា‌ស៊ីយ៉ាបានដើរតាមមាគា៌របស់គ្រួសារអហាប់ ស្តេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះព្រះបាទ​អហា‌ស៊ីយ៉ាជាបុត្រសន្និសារបស់គ្រួសារស្តេចអហាប់។ 28 ព្រះបាទ​អហា‌ស៊ីយ៉ាបានទៅជាមួយព្រះបាទយ៉ូរ៉ាមជាបុត្រារបស់ព្រះបាទអហាប់ដើម្បីវាយប្រឆាំងនឹងព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុកអារ៉ាម នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពួកជនជាតិអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូរ៉ាមមានរបួស។ 29 ព្រះបាទយ៉ូរ៉ាមបានត្រឡប់មកយេសរាលវិញដើម្បីព្យាបាលរបួសដែលជនជាតិអារ៉ាមបានធ្វើឲ្យទ្រង់មានរបួសនៅក្រុងរ៉ាម៉ូត នៅពេលដែលព្រះអង្គវាយប្រឆាំងនឹងព្រះបាទហាសែលជាស្តេចស្រុកអារ៉ាម។ ដូច្នេះ ព្រះបាទ​អហា‌ស៊ីយ៉ាជាបុត្ររបស់ព្រះបាទយេហូរ៉ាមស្តេចស្រុកយូដា ចេញដំណើរទៅក្រុងយេសរាល ដើម្បីសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ដោយសារព្រះបាទយ៉ូរ៉ាមបានត្រូវរបួស។