ជំពូក ១០

1 ឥឡូវនេះ ព្រះបាទអហាប់មានកូនចៅចិតសិបនាក់នៅស្រុកសាម៉ារី។ លោកយេហ៊ូវបានសរសេរសំបុត្រ ហើយបានផ្ញើទៅស្រុកសាម៉ារី ទៅកាន់អ្នកដឹកនាំនៅយេសរាល រួមទាំងពួកចាស់ទុំ និងទៅកាន់អ្នកថែរក្សាកូនចៅរបស់ព្រះបាទអហាប់ថា៖ 2 «កូនចៅរបស់ចៅហ្វាយអ្នកនៅជាមួយអ្នក ហើយអ្នកក៏មានរទេះចំបាំង មានសេះ នឹងក្រុងដែលមានកំពែងរឹងមាំ និងមានគ្រឿងសស្ត្រា‌វុធផង។ ដូច្នេះនៅពេលដែលសំបុត្រនេះទៅដល់អ្នកភ្លាម 3 សូមជ្រើសរើសបុត្រមួយដែលប្រសើរ និងសាកសមជាងគេពីកូនចៅរបស់ចៅហ្វាយអ្នក ហើយឲ្យគាត់ឡើងសោយរាជ្យជំនួសបិតារបស់ពួកគេ ហើយសូមតយុទ្ធដើម្បីខ្សែរាជ្យរង្សរបស់ចៅហ្វាយអ្នកចុះ»។ 4 ប៉ុន្តែ ពួកគេភ័យខ្លាច ហើយបាននិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ ស្តេចពីរអង្គមិនអាចទប់ទល់នឹងលោកយេហ៊ូវបានឡើយ។ ដូច្នេះ តើយើងអាចទប់ទល់ដូចម្តេចបាន»? 5 បន្ទាប់មក អ្នកគ្រប់គ្រងនៅក្នុងវាំងទាំងអស់នោះ និងអ្នកដឹកនាំក្រុង ហើយក៏មានពួកចាស់ទុំផង ហើយនឹងពួកអ្នកដែលចិញ្ចឹមក្មេង បានផ្ញើពាក្យត្រឡប់ទៅលោកយេហ៊ូវវិញថា៖ «យើងជាអ្នកបម្រើរបស់លោក។ យើងនឹងធ្វើតាមអ្វីដែលលោកបានបង្គាប់ដល់យើង។ យើងនឹងមិនលើកអ្នកណាធ្វើជាស្តេចឡើយ។ សូមលោកធ្វើតាមការយល់ឃើញថាល្អចុះ»។ 6 បន្ទប់មក លោកយេហ៊ូវបានសរសេរសំបុត្រទីពីរទៅកាន់ពួកគេថា៖ «បើអ្នកនៅខាងខ្ញុំ ហើយបើអ្នកនឹងស្តាប់តាមពាក្យខ្ញុំមែន អ្នកត្រូវតែកាត់ក្បាលប្រុសៗជាកូនចៅរបស់ចៅហ្វាយអ្នក រួចហើយមកជួបខ្ញុំនៅក្រុងយេសរាលនៅថ្ងៃស្អែកថ្មើរនេះ»។ នៅពេលនោះ កូនចៅរបស់ស្តេចមានចិតសិបអ្នក សុទ្ធតែជាមនុស្សសំខាន់ៗនៅក្នុងក្រុង ដែលជាអ្នកនាំអ្នកទាំងនោះមក។ 7 ដូច្នេះ នៅពេលដែលសំបុត្រនោះបានមកដល់ពួកគេ ពួកគេបាននាំបុត្ររបស់ស្តេចមក ហើយបានសម្លាប់ពួកគេអស់ចិតសិបនាក់ ដាក់ក្បាលរបស់ពួកគេនៅក្នុងកន្ត្រក ហើយបានផ្ញើឲ្យលោកយេហ៊ូវនៅក្រុងយេសរាល។ 8 មានអ្នកនាំពាក្យម្នាក់បានមកជួបលោកយេហ៊ូវដោយនិយាយថា៖ «ពួកគេបាននាំយកក្បាលបុត្ររបស់ស្តេចមកហើយ»។ ដូច្នេះ លោកបាននិយាយថា៖ «សូមដាក់ក្បាលទាំងនោះជាគំនរនៅច្រកចូលក្រុងរហូតដល់ពេលព្រឹកទៅ»។ 9 នៅពេលព្រឹកលោកយេហ៊ូវបានចេញក្រៅ ហើយបានឈរ និងនិយាយទៅមនុស្សទាំងអស់ថា៖ «អ្នកគ្មានទោសឡើយ។ ខ្ញុំបានបះបោរប្រឆាំងនឹងចៅហ្វាយរបស់ខ្ញុំ ហើយបានសម្លាប់ស្តេច ប៉ុន្តែ តើអ្នកណាសម្លាប់អ្នកទាំងនេះ? 10 ឥឡូវនេះ អ្នកគួរតែដឹងឲ្យបានច្បាស់ថាគ្មានផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺព្រះបន្ទូលទាក់ទងនឹងគ្រួសាររបស់ព្រះបាទអហាប់នឹងសម្រេចជារូបរាង ព្រោះព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គតាមរយៈលោកអេលីយ៉ាជាអ្នកបម្រើរបស់ទ្រង់»។ 11 ដូច្នេះ លោកយេហ៊ូវបានសម្លាប់គ្រួសាររបស់ព្រះបាទអហាប់ដែលនៅសេសសល់នៅស្រុកយេសរាល និងមនុស្សសំខាន់ៗរបស់ស្តេច មិត្តជិតស្និតរបស់ស្តេច និងព្យាការីរបស់ស្តេច រហូតដល់គ្មាននរណាម្នាក់នៅសល់ឡើយ។ 12 បន្ទាប់មក លោកយេហ៊ូវបានក្រោកឡើង ហើយចេញទៅ លោកចេញទៅក្រុងសាម៉ារី។ 13 នៅពេលដែលលោកបានមកដល់ ប៉េត អេកេដ ជាកន្លែងនៃអ្នកគង្វាលចៀម លោកបានជួបបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកយូដា។ លោកយេហ៊ូវបានមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នកជាអ្នកណា»? ពួកគេឆ្លើយថា៖ «យើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា យើងចុះទៅសួរសុខទុក្ខបុត្ររបស់ស្តេច ជាមួយបុត្រីរបស់ម្ចាស់ក្សត្រីយេសិបិល»។ 14 លោកយេហ៊ូវបានមានប្រសាសន៍ជាមួយមនុស្សរបស់លោកថា៖ «ចូរចាប់ពួកគេទាំងរស់»។ ដូច្នេះ ពួកគេក៏ចាប់អ្នកទាំងនោះទាំងរស់ ហើយបានសម្លាប់ពួកគេនៅប៉េត អេកេដ សរុបទាំងអស់សែសិបពីរនាក់។ លោកមិនទុកឲ្យនរណាម្នាក់នៅរស់ឡើយ។ 15 នៅពេលដែលលោកយេហ៊ូវបានចេញពីទីនោះ លោកបានជួបលោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាបដែលបានមកជួបលោក។ លោកយេហ៊ូវបានទទួលលោក ហើយនិយាយថា៖ «តើចិត្តរបស់លោកនៅជាមួយខ្ញុំឬទេ ព្រោះចិត្តរបស់ខ្ញុំនៅជាមួយលោក»? លោកយ៉ូណាដាប់ឆ្លើយថា៖ «បាទលោក»។ 16 លោកយេហ៊ូវនិយាយថា៖ «បើដូច្នេះមែន ចូរហុចដៃមក»។ ដូច្នេះ លោកយ៉ូណាដាប់បានហុចដៃរបស់លោកឲ្យលោកយេហ៊ូវ ហើយលោកយេហ៊ូវបានទាញលោកយ៉ូណាដាប់ដាក់លើរទេះជាមួយលោក។ 17 នៅពេលលោកបានមកដល់សាម៉ារី លោកយេហ៊ូវបានសម្លាប់់ពូជពង្សរបស់ព្រះបាទអហាប់ដែលនៅសេសសល់ក្នុងស្រុកសាម៉ារី រហូតដល់លោកបានបំផ្លាញខ្សែរាជរង្សរបស់ព្រះបាទអហាប់ទាំងស្រុង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលតាមរយៈលោកអេលីយ៉ា។ 18 បន្ទាប់មក លោកយេហ៊ូវបានប្រមូលមនុស្សទាំងអស់ ហើយបាននិយាយទៅពួកគេថា៖ «អហាប់បានបម្រើព្រះបាលតិចទេ តែយេហ៊ូវវិញនឹងបម្រើព្រះបាលច្រើនជាងនេះទៅទៀត។ 19 ដូច្នេះឥឡូវ នេះចូរហៅព្យាការីរបស់ព្រះបាល អ្នកថ្វាយបង្គំទ្រង់ទាំងអស់ និងបូជាចារ្យរបស់ព្រះបាលទាំងអស់មក។ ចូរកុំឲ្យនរណាម្នាក់នៅសល់ឡើយ ព្រោះខ្ញុំមានយញ្ញបូជាដ៏ច្រើនដើម្បីថ្វាយព្រះបាល។ អ្នកណាដែលមិនមកនឹងត្រូវស្លាប់»។ ប៉ុន្តែ លោក​យេហ៊ូវ​ប្រើ​ឧបាយ‌កល​ដូច្នេះ គឺប៉ុនប៉ង​សម្លាប់អ្នកថ្វាយបង្គំព្រះបាល។ 20 លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមកំណត់ពេលដើម្បីប្រជុំគ្នាសម្រាប់ព្រះបាល»។ ដូច្នេះ ពួកគេក៏ប្រកាសរឿងនេះ។ 21 បន្ទាប់មក លោកយេហ៊ូវបានបញ្ជូនពាក្យទៅស្រុកអ៊ីស្រាអែលទាំងមូល ហើយអ្នកដែលថ្វាយបង្គំព្រះបាលទាំងប៉ុន្មានក៏មកជួបជុំគ្នា ដូច្នេះ គ្មាននរណាម្នាក់អវត្តមានឡើយ។ ពួកគេបានចូលមកក្នុងព្រះវិហារបស់ព្រះបាល ហើយព្រះវិហារនោះក៏ពេញពីជ្រុងម្ខាងដល់ជ្រុងម្ខាងទៀត។ 22 លោកយេហ៊ូវក៏បានមានប្រសាសន៍ទៅបុរសម្នាក់ដែលរក្សាសំលៀកបំពាក់របស់បូជាចារ្យថា៖ «សូមយកសំលៀកបំពាក់សម្រាប់អ្នកថ្វាយបង្គំព្រះបាលទាំងអស់»។ ដូច្នេះ បុរសនោះក៏បានយកសំលៀកបំពាក់សម្រាប់ពួកគេ។ 23 លោក​យេហ៊ូវ​អញ្ជើញ​មក​ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ហើយលោកបាននិយាយជាមួយអ្នកថ្វាយបង្គំព្រះបាលទាំងអស់ថា៖ «សូមរកមើលឲ្យប្រាកដថានៅទីនេះក្នុងចំណោមអ្នករាល់គ្នាគ្មានអ្នកបម្រើរបស់ព្រះអម្ចាស់មែន គឺតែអ្នកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ»។ 24 បន្ទាប់មក ពួកគេចូលទៅក្នុងដើម្បីថ្វាយតង្វាយម្សៅ និងតង្វាយដុត។ ពេលនោះ លោកយេហ៊ូវបានជ្រើសរើសមនុស្សប្រាំបីនាក់ដែលឈរនៅខាងក្រៅ ហើយលោកបានប្រាប់ពួកគេថា៖ «បើមាននរណាម្នាក់ដែលខ្ញុំបាននាំមកក្នុងកណ្តាប់ដៃរបស់អ្នករត់រួច បើមាននរណាម្នាក់ឲ្យអ្នកទាំងនោះរត់រួច អ្នកនោះត្រូវសងជីវិតជំនួសអ្នករត់រួចនោះមិនខាន»។ 25 ក្រោយមក ពេលដែលលោកយេហ៊ូវបានបញ្ចប់ការថ្វាយយញ្ញបូជា លោកបាននិយាយទៅអ្នកយាមទ្វារ និងមេបញ្ជាការថា៖ «ចូរចូលទៅក្នុង ហើយសម្លាប់ពួកគេទៅ។ សូមកុំឲ្យនរណាម្នាក់ចេញមកក្រៅឡើយ»។ ដូច្នេះ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ហើយពួកអ្នកយាម និងមេបញ្ជាការបានគ្រវែងអ្នកទាំងនោះចេញក្រៅ ហើយបានចូលទៅក្នុងបន្ទប់ក្នុងបំផុតនៃវិហារបស់ព្រះបាល។ 26 ពួកគេបានអូសសសរថ្ម ដែលធ្លាប់មាននៅក្នុងវិហារបស់ព្រះបាលចេញក្រៅ ហើយបានដុតសសរទាំងនោះ។ 27 បន្ទាប់មក ពួកគេបានបំផ្លាញសសររបស់ព្រះបាល ហើយបានបំផ្លាញវិហាររបស់ព្រះបាល ហើយធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។ 28 នេះជារបៀបដែលលោកយេហ៊ូវបំផ្លាញអ្នកថ្វាយបង្គំព្រះបាលចេញពីទឹកដីអ៊ីស្រាអែល។ 29 ប៉ុន្តែ លោកយេហ៊ូវមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប គឺការថ្វាយបង្គំរូបគោមាសនៅបេតអែល និងដាន់។​ 30 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលមកលោកយេហ៊ូវថា៖ «ដោយសារអ្នកបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់យើង ហើយបានប្រព្រឹត្តចំពោះគ្រួសាររបស់អហាប់តាមអ្វីដែលមាននៅក្នុងចិត្តយើង នោះកូនចៅរបស់អ្នកនឹងអង្គុយលើបល្ល័ងស្រុកអ៊ីស្រាអែលរហូតដល់បួនតំណរ»។ 31 ប៉ុន្តែ ព្រះបាទយេហ៊ូវមិនខ្វល់ខ្វាយជាមួយនឹងបញ្ញត្តិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលអស់ពីចិត្តឡើយ។ ស្តេចមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមឡើយ ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប។ 32 នៅថ្ងៃនោះព្រះអម្ចាស់ចាប់ផ្តើមកាត់តំបន់មួយចំនួនចេញពីអ៊ីស្រាអែល ហើយព្រះ‌បាទ​ហាសែល​ វាយ​តាម​ព្រំ‌ប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រា‌អែល 33 គឺ​ចាប់​តាំង​ពី​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ទឹកដីស្រុក​កាឡាដ​ ស្រុក​កាដ រូបេន និង​ម៉ាណា‌សេ ហើយ​ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែលនៅក្បែរជ្រោះអើ‌ណូន ព្រម​ទាំង​ស្រុក​កាឡាដ រហូតដល់​បាសាន។ 34 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយេហ៊ូវ និងអ្វីដែលស្តេចបានធ្វើ និងអំណាចរបស់ទ្រង់ តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍បស់ស្តេចទេឬ? 35 ព្រះបាទយេហ៊ូវបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅស្រុកសាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ ឡើង​ស្នង​រាជ្យបន្ត។ 36 ព្រះ‌បាទ​យេហ៊ូវ​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារីបាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ។