ជំពូក ១១

1 កាល​ព្រះ‌នាង​អថា‌លា ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា បុត្រ​របស់នាងស្លាប់​ហើយ នាងក៏ក្រោកឡើង ហើយសម្លាប់ក្មេងៗរាជ្យរង្សទាំងអស់។ 2 ប៉ុន្តែព្រះ‌នាង​យ៉ូសេ‌បា ជា​បុត្រី​របស់ស្តេច​យ៉ូរ៉ាម និង​ជាប្អូនស្រី​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​យក​​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់​នោះទៅជាមួយអ្នកមើលថែរបស់បុត្រនោះ នាងបានទុកពួកគេនៅក្នុងបន្ទប់របស់នាង។ ពួកគេបានលាក់បុត្រនោះពីព្រះ‌នាង​អថា‌លា ដូច្នេះ បុត្រនោះមិនត្រូវបានគេសម្លាប់ឡើយ។ 3 បុត្រនោះនៅជាមួយព្រះនាងយ៉ូសេបា គេបានលាក់បុត្រនោះនៅក្នុងដំណាក់របស់ព្រះអម្ចាស់អស់ប្រាំមួយឆ្នាំ នៅពេលដែលព្រះ‌នាង​អថា‌លាសោយរាជ្យលើទឹកដីនោះ។ 4 នៅក្នុងឆ្នាំទីប្រាំពីរលោក​យេ‌ហូ‌យ៉ា‌ដាបានផ្ញើពាក្យ ដើម្បីនាំមេកងរយ​ជន‌ជាតិ​ការី និងអ្នកយាមល្បាត ហើយបាននាំពួកគេមកជួបគាត់ នៅក្នុងដំណាក់របស់ព្រះអម្ចាស់។ លោកបានចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយលោកឲ្យពួកគេស្បថនៅក្នុងដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់មកលោកក៏បានបង្ហាញបុត្រារបស់ស្តេចដល់ពួកគេ។ 5 លោកបានបញ្ជាពួកគេថា៖ «នេះជាអ្វីដែលអ្នកត្រូវធ្វើ។ មួយភាគបីក្នុងចំណោមអ្នករាល់គ្នាដែលមកនៅថ្ងៃសប្ប័ទនឹងយាមដំណាក់ស្តេច 6 ហើយមួយភាគបីទៀតត្រូវនៅឯត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​យាម»។ 7 ក្រុមពីរផ្សេងទៀតដែលមិនបម្រើនៅថ្ងៃសប្ប័ទ អ្នកត្រូវតែយាមដំណាក់របស់ព្រះអម្ចាស់ដើម្បីការពារស្តេច។ 8 អ្នកត្រូវតែនៅជុំវិញស្តេច គ្រប់គ្នាត្រូវមានអាវុធក្នុងដៃ។ អ្នកណាដែលចូលមកក្នុងជួររបស់អ្នកត្រូវសម្លាប់ចោល។ អ្នកត្រូវនៅជាមួយស្តេចនៅពេលដែលស្តេចយាងចេញក្រៅ ហើយនៅពេលដែលទ្រង់យាងចូលក្នុងផង។ 9 ដូច្នេះ មេកងរយនាក់បានស្តាប់តាមអ្វីៗដែលលោកបូជាចារ្យយ៉េហូយាដាបានបង្គាប់។ គ្រប់គ្នាបាននាំមនុស្សរបស់ខ្លួន គឺអស់អ្នកដែលត្រូវមកបម្រើនៅថ្ងៃសប្ប័ទ ហើយនឹងអ្នកដែលត្រូវឈប់បម្រើនៅថ្ងៃសប្ប័ទ ហើយពួកគេបានមកជួបលោកបូជាចារ្យយ៉េហូយាដា។ 10 បន្ទាប់មកលោកបូជាចារ្យយ៉េហូយាដាបានឲ្យលំពែង ព្រម​ទាំង​ខែលដែលជារបស់ព្រះបាទដាវីឌ ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់​ដល់មេកងរយនាក់នោះ។ 11 ដូច្នេះ អ្នកយាមបានឈរ គឺគ្រប់គ្នាមានអាវុធនៅក្នុងដៃ ចាប់ពីខាងឆ្វេងព្រះវិហារដល់ខាងស្តាំ នៅជិតអាសនា និងព្រះវិហារនៅជុំវិញស្តេច។ 12 បន្ទាប់មកលោកយ៉េហូយាដាបាននាំយូអាសជាបុត្រារបស់ស្តេចចេញមក បានដាក់ម្កុដលើក្បាលគាត់ ហើយថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង។ បន្ទាប់មក ពួកគេបានប្រកាសថាទ្រង់គឺជាស្តេច ហើយបានចាក់ប្រេងតាំងលើទ្រង់។ ពួកគេបានទះដៃរបស់ពួកគេ ហើយនិយាយថា៖ «សូមស្តេចមានអាយុយឺនយូរ»! 13 នៅពេលដែលព្រះនាងអថាលាបានឮសម្លេងរបស់អ្នកយាម​ និងសម្លេងរបស់ប្រជាជន នាងបានមកជួបប្រជាជននៅក្នុងដំណាក់របស់ព្រះអម្ចាស់។ នាងបានមើល 14 ហើយបានឃើញស្តេចគង់នៅក្បែរសសរ តាមទំនៀមទំលាប់ ហើយពួកមេកង និងអ្នកផ្លុំត្រែនៅក្បែរស្តេច។ ប្រជាជនទាំងអស់មានអំណរយ៉ាងខ្លាំង​ ហើយបានផ្លុំត្រែ។ បន្ទាប់មក ព្រះនាងអថាលា បានហែកសំលៀកបំពាក់ ហើយស្រែកថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!» 15 បន្ទាប់មក លោកបូជាចារ្យយ៉េហូយាដាបានបញ្ជាឲ្យលោកមេកងរយនាក់ ដែលជាមេទាហានថា៖ «ចូរនាំនាងចេញក្រៅទៅ។ អ្នកណាទៅតាមនាង សូមសម្លាប់ដោយដាវទៅ»។ លោកបូជាចារ្យនិយាយថា៖ «កុំឲ្យសម្លាប់នាងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ឡើយ»។ 16 ដូច្នេះ ពួកគេក៏អូសនាងរហូតដល់ច្រកដែលសេះចូលមកក្នុងវាំង ហើយពួកគេបានសម្លាប់នាងនៅទីនោះទៅ។ 17 បន្ទាប់មក លោកយ៉េហូយាដាបានចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ស្តេច និងប្រជាជន ដែលពួកគេនឹងធ្វើជាប្រជាជនរបស់ព្រះអម្ចាស់ ហើយក៏រវាងស្តេច និងប្រជាជនដែរ។ 18 ដូច្នេះ ប្រជាជនបានទៅដំណាក់របស់ព្រះបាល ហើយបានកម្ទេចចោល។ ពួកគេកម្ទេចអាសនារបស់ព្រះបាល និងរូបព្រះទៅជាបំណែក ហើយពួកគេបានសម្លាប់លោកម៉ាត់‌ថានជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនា។ បន្ទាប់មក លោកបូជាចារ្យយ៉េហូយាដាបានចាត់អ្នកយាមឲ្យមើលថែព្រះវិហាររបស់ព្រះអម្ចាស់។ 19 លោក​យេហូ‌យ៉ាដា​បាននាំលោកមេបញ្ជាការកងរយនាក់ជា​ជន‌ជាតិ​ការី ពួកអ្នកយាម និងប្រជាជនទាំងអស់ ហើយពួកគេបាននាំស្តេចពីដំណាក់របស់ព្រះអម្ចាស់ ហើយបានចេញដំណើរទៅក្នុងដំណាក់របស់ស្តេច ចូលតាមទ្វារអ្នកយាម។ ព្រះបាទយ៉ូអាស​ឡើង​គង់​លើ​រាជ្យបល្ល័ង្គ។ 20 ដូច្នេះ ប្រជាជនទាំងអស់ពេញដោយអំណរ ហើយក្រុងទាំងមូលស្ងប់ស្ងាត់ក្រោយពីព្រះនាងអថាលាត្រូវបានគេសម្លាប់ដោយដាវនៅក្នុងដំណាក់ស្តេចរួចមក។ 21 ព្រះបាទយ៉ូអាស​អាយុប្រាំពីរឆ្នាំនៅពេលទ្រង់ឡើងគ្រងរាជ្យ។