ជំពូក ៤

1 ឥឡូវនេះ មានប្រពន្ធរបស់កូនព្យាការីម្នាក់បានមកជួបលោកអេលីសេទាំងយំថា៖ «ប្តីរបស់នាងខ្ញុំដែលជាអ្នកបម្រើរបស់លោកបានស្លាប់ទៅហើយ ហើយលោកក៏ដឹងដែរថាអ្នកបម្រើរបស់លោកកោតខ្លាចព្រះអម្ចាស់ណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកយកកូនទាំងពីររបសនាងខ្ញុំទៅធ្វើជាទាសករហើយ»។ 2 ដូច្នេះលោកអេលីសេបាននិយាយទៅនាងថា៖ «តើខ្ញុំអាចជួយអ្វីនាងបាន»? ប្រាប់ខ្ញុំមក តើនាងមានអ្វីនៅផ្ទះ»? នាងតបថា៖ «អ្នកបម្រើរបស់លោកគ្មានអ្វីនៅផ្ទះក្រៅពីប្រេងមួយដបឡើយ»។ 3 បន្ទាប់មក លោកអេលីសេនិយាយថា៖ «ចូរទៅខ្ចីដបពីអ្នកជិតខាងរបស់នាងមក គឺដបទទេ។ សូមខ្ចីឲ្យច្រើនមក។ 4 បន្ទាប់មក អ្នកត្រូវចូលទៅក្នុងផ្ទះ ជាមួយនឹងកូនៗរបស់នាង ហើយបិទទ្វារឲ្យជិត ហើយចាក់ប្រេងដាក់ដបទាំងនោះ ហើយចូរញែកដប់ដែលពេញហើយដាច់ដោយឡែក»។ 5 ដូច្នេះ នាងក៏បានចេញពីលោកអេលីសេទៅ ហើយបានបិទទ្វារដែលនៅខាងក្រោយនាង ហើយនឹងកូនៗរបស់នាង។ ពួកគេបានយកដបឲ្យនាង ហើយនាងក៏បានចាក់ប្រេងដាក់ដប។ 6 នៅពេលដែលដបនោះពេញ នាងបាននិយាយទៅកូនរបស់នាងថា៖ «សូមយកដបមួយទៀតមក»។ ប៉ុន្តែ កូនរបស់នាងតបថា៖ «គ្មានដបទៀតទេ»។ បន្ទាប់មក ប្រេងក៏ឈប់ហូរ។ 7 បន្ទាប់មក នាងបានមកប្រាប់ដល់អ្នកបម្រើរបស់ព្រះអម្ចាស់។​ លោកនិយាយថា៖ «ចូរទៅលក់ប្រេងនោះ ហើយសងបំណុលគេចុះ ហើយចំណែកដែលនៅសល់ទុកចិញ្ចឹមជីវិតនាង និងកូននាងចុះ»។ 8 មានថ្ងៃមួយលោកអេលីសេបានដើរទៅភូមិសូណែម ជាកន្លែងដែលស្រ្តីមានមុខមាត់ម្នាក់រស់នៅ នាងបានទទូចឲ្យលោកទទួលទានអាហារជាមួយនាង។ ដូច្នេះនៅពេលដែលលោកអេលីសេឆ្លងកាត់ទីនោះ លោកតែងតែឈប់នៅទីនោះដើម្បីបរិភោគ។ 9 ស្ត្រីនោះបាននិយាយទៅប្តីរបស់នាងថា៖ «ឃើញទេ ឥឡូវនេះខ្ញុំដឹងថាលោកជាមនុស្សបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺលោកតែងតែឆ្លងកាត់ទីនេះ។ 10 សូមយើងរៀបចំបន្ទប់តូចមួយនៅខាងលើសម្រាប់លោកអេលីសេ ហើយយើងដាក់គ្រែមួយ តុមួយ កៅអីមួយ និងចង្កៀងមួយសម្រាប់លោក។ បន្ទាប់មក នៅពេលដែលលោកមកជួបយើង លោកនឹងស្នាក់នៅទីនេះ»។ 11 ដូច្នេះ នៅពេលដែលលោកអេលីសេឈប់នៅទីនោះ លោកបានស្នាក់នៅបន្ទប់ក្នុងនោះ ហើយសម្រាកនៅទីនោះ។ 12 លោកអេលីសេបាននិយាយទៅកេហាស៊ីថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ភូមិ​ស៊ូ‌ណែម​មក»។ នៅពេលដែលកេហាស៊ីទៅហៅនាង នាងបានឈរនៅចំពោះគាត់។ 13 លោកអេលីសេបាននិយាយទៅគាត់ថា៖ «ចូរប្រាប់នាងថា៖ «អ្នកបានធ្វើការទាំងនេះដើម្បីយើង។​ តើយើងអាចធ្វើអ្វីសម្រាប់អ្នក? តើយើងត្រូវទូលទៅកាន់ស្តេច ឬនិយាយទៅលោកមេទ័ពសម្រាប់អ្នកឬទេ»? នាងឆ្លើយថា៖ «នាងខ្ញុំរស់នៅក្នុងចំណោមប្រជាជនរបស់នាងខ្ញុំបានហើយ»។ 14 ដូច្នេះ លោកអេលីសេនិយាយថា៖ «ចុះ តើយើងអាចធ្វើអ្វីសម្រាប់នាង»? កេហាស៊ីឆ្លើយថា៖ «មើលនាងគ្មានកូនទេ ហើយប្តីរបស់នាងក៏ចាស់ណាស់ហើយ»។ 15 ដូច្នេះ លោកអេលីសេឆ្លើយថា៖ «ហៅនាងមក»។ នៅពេលដែលគាត់បានហៅនាងមក នាងបានឈរនៅមាត់ទ្វា។ 16 លោកអេលីសេមានប្រសាសន៍ថា៖​ «ឆ្នាំក្រោយនៅពេលនេះ អ្នកនឹងមានកូនប្រុសមួយ»។ នាងនិយាយថា៖​ «ទេលោកម្ចាស់ លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់ កុំឲ្យកុហកអ្នកបម្រើរបស់លោកឡើយ»។ 17 ប៉ុន្តែ ស្រ្តីនោះមានផ្ទៃពោះ ហើយកើតបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ក្នុងខែនោះ ដូចដែលលោកអេលីសេបានប្រសាសន៍ទៅកាន់នាងមែន។ 18 នៅពេលដែលក្មេងនោះធំឡើង មានថ្ងៃមួយក្មេងនោះបានចេញក្រៅជាមួយឪពុក ដែលនៅជាមួយអ្នកចំរូត។ 19 កូននោះបាននិយាយទៅឪពុកថា៖ «ក្បាលខ្ញុំ ក្បាលខ្ញុំ»។ ឪពុករបស់ក្មេងនោះបាននិយាយជាមួយអ្នកបម្រើរបស់លោកថា៖ «ចូរយកវាទៅឲ្យម្តាយវាទៅ»។ 20 នៅពេលដែលអ្នកបម្រើបានលើកកូននោះឡើង ហើយនាំកូននោះទៅម្តាយរបស់វា កូននោះបានអង្គុយលើជង្គង់របស់នាងរហូតដល់ថ្ងៃត្រង់ ហើយក៏ស្លាប់ទៅ។ 21 ដូច្នេះ ស្ត្រីនោះបានក្រោកឈរឡើង ហើយបានដាក់ក្មេងនោះនៅលើគ្រែរបស់អ្នកបម្រើរបស់ព្រះជាម្ចាស់ បានបិទទ្វារ ហើយចេញទៅក្រៅ។ 22 នាងបានហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមហៅអ្នកបម្រើម្នាក់មកឲ្យខ្ញុំ និងរៀបលាមួយផង ដូច្នេះ ខ្ញុំនឹងប្រញាប់ទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់ និងបន្ទាប់មក ខ្ញុំនឹងត្រឡប់មកវិញ»។ 23 ប្តីរបស់នាងឆ្លើយថា៖ «ហេតុអ្វីបានជាអូនចង់ទៅជួបគាត់នៅថ្ងៃនេះ? ថ្ងៃនេះមិនមែនខែពេញបរមី ឬថ្ងៃសប្ប័ទឡើយ»។ នាងឆ្លើយថា៖ «អ្វីៗនឹងបានល្អឡើងវិញ»។ 24 បន្ទាប់មក នាងបានចងលា ហើយបាននិយាយទៅអ្នកបម្រើរបស់នាងថា៖​ «ចូរជិះឲ្យលឿនឡើង កុំបង្អង់ល្បឿនឡើយ រហូតដល់ខ្ញុំប្រាប់អ្នកឲ្យឈប់»។ 25 ដូច្នេះ នាងបានចេញទៅ ហើយបានមកជួបអ្នកបម្រើរបស់ព្រះអម្ចាស់នៅភ្នំកើមែល។ ដូច្នេះ នៅពេលដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានឃើញនាងពីចម្ងាយលោកបាននិយាយទៅកេហាស៊ីជាអ្នកបម្រើរបស់លោកថា៖ «មើល ស្រ្តីអ្នកភូមិសូណែមបានមកហើយ។ 26 សូមរត់ទៅជួបនាង ហើយនិយាយជាមួយនាងថា៖ «តើនាងសុខសប្បាយឬទេ ចុះចំណែកស្វាមី និងកូនរបស់នាងវិញ»? នាងក៏ឆ្លើយថា៖ «មិនអីទេ»។ 27 នៅពេលដែលនាងបានមកជួបអ្នកបម្រើរបស់ព្រះអម្ចាស់នៅលើភ្នំ នាងបានមកឱបជើងលោក។ កេហាស៊ីបានមកចាប់នាងចេញ ប៉ុន្តែ អ្នកបម្រើរបស់ព្រះអម្ចាស់និយាយថា៖ «សូមទុកនាងនៅទីនេះចុះ​ នាងមានទុក្ខជាទម្ងន់ ហើយព្រះអម្ចាស់បានលាក់បញ្ហានេះមិនឲ្យខ្ញុំដឹង ហើយមិនបានប្រាប់ដល់ខ្ញុំសោះ។​ 28 បន្ទាប់មក នាងនិយាយថា៖ «តើខ្ញុំមានសុំកូនប្រុសពីលោកឬទេ លោកម្ចាស់? តើខ្ញុំមិនបាននិយាយទេថា៖ «សូមកុំឲ្យខ្ញុំខកចិត្តឡើយ»? 29 បន្ទាប់មក លោកអេលីសេបានមានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «សូមរៀបចំដើម្បីធ្វើដំណើរ ហើយសូមយករបស់របរ របស់ខ្ញុំមក។ យើងទៅផ្ទះរបស់នាង។ បើអ្នកជួបបុរសណាម្នាក់ កុំឲ្យជម្រាបសួរគាត់ឡើយ ហើយបើអ្នកណាជម្រាបសួរអ្នក កុំឲ្យឆ្លើយនឹងគេឡើយ។ សូមយករបស់របរ របស់ខ្ញុំទៅដាក់លើមុខកូននោះចុះ»។ 30 ប៉ុន្តែ ម្តាយរបស់ក្មេងនោះនិយាយថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ ហើយលោកម្ចាស់ក៏មានជីវិតរស់នៅដែរ ខ្ញុំសូមស្បថថានឹងមិនចាកចេញពីលោកដាច់ខាត»។ ដូច្នេះ លោកអេលីសេបានក្រោកឡើងទៅតាមនាង។ 31 កេហាស៊ីក៏ប្រញាប់ទៅតាមក្រោយពួកគេ ហើយបានដាក់របស់ទាំងនោះនៅលើមុខរបស់កូននោះ ប៉ុន្តែ កូននោះមិនបាននិយាយ ឬស្តាប់ឮអ្វីឡើយ។ ដូច្នេះបន្ទាប់មក កេហាស៊ីបានត្រឡប់ទៅជួបលោកអេលីសេវិញ ហើយបានប្រាប់គាត់ថា៖ «កូននេះមិនភ្ញាក់ឡើងឡើយ»។ 32 នៅពេលដែលលោកអេលីសេបានមកដល់ផ្ទះ កូននោះបានស្លាប់ទៅហើយ និងនៅលើគ្រែនៅឡើយ។ 33 ដូច្នេះ លោកអេលីសេចូលក្នុង ហើយបានបិទទ្វារ មានតែគាត់នឹងក្មេងនោះប៉ុណ្ណោះ ហើយលោកបានអធិស្ឋានទៅព្រះអម្ចាស់។ 34 លោកបានឡើងទៅលើ ហើយបានពោបលើក្មេងនោះ លោកបានដាក់មាត់លោកនៅលើមាត់ ហើយភ្នែកនៅលើភ្នែករបស់ក្មេងនោះ ហើយដៃនៅលើដៃរបស់ក្មេងនោះ។ លោកទ្រោពលើក្មេងនោះ រូចខ្លួនរបស់ក្មេងនោះក៏មានកម្តៅឡើង។ 35 បន្ទាប់មក លោកអេលីសេក្រោកឡើង ហើយបានដើរជុំវិញបន្ទប់ ហើយបានឡើងទៅលើម្តងទៀត ហើយបានទ្រោបខ្លួនលោកលើក្មេងនោះ។ ក្មេងនោះកណ្ដាស់ប្រាំពីរដង ហើយបន្ទាប់មក បានបើកភ្នែកឡើង! 36 ដូច្នេះ លោកអេលីសេបានហៅកេហាស៊ីមករួចនិយាយថា៖ «សូមហៅស្ត្រីសូណែមមក»! ដូច្នេះ កេហាស៊ីក៏ហៅនាងមក ហើយនាងបានឡើងទៅបន្ទប់ លោកអេលីសេបានមានប្រសាសន៍ថា៖ «សូមលើកកូននាងឡើង»។ 37 បន្ទាប់មក នាងក៏ឱនមុខដល់ដីនៅទាបជើងលោក ហើយបានក្រាបចុះដល់ដី រួចក៏លើកកូនរបស់នាងឡើង ហើយចេញទៅ។​ 38 បន្ទាប់មក លោកអេលីសេមកគីលកាលម្តងទៀត។ នៅទឹកដីនោះមានទុរិ្ភក្ស ហើយកូនប្រុសៗរបស់ព្យាការីបានអង្គុយនៅមុខលោក។ លោកបានមានប្រសាសន៍ទៅអ្នកបម្រើរបស់លោកថា៖ «ចូរដាក់ឆ្នាំងធំនៅលើភ្លើង ហើយចម្អិនបបរសម្រាប់កូនៗរបស់ព្យាការី»។ 39 មានម្នាក់ក្នុងចំណោមពួកគេបានចេញទៅវាលស្រែដើម្បីប្រមូលបន្លែ។ លោករកឃើញវល្លិ៍ព្រៃម្យ៉ាង ហើយបានប្រមូលវល្លិ៍ទាំងនោះមួយថ្នក់អាវរបស់គាត់។ ពួកគេបានកាត់វល្លិ៍នោះ ហើយបានដាក់នៅក្នុងបបរ ហើយមិនដឹងថាជារុក្ខជាតិអ្វីទេ។ 40 ដូច្នេះ ពួកគេក៏ដួសបបរសម្រាប់ពួកគេបរិភោគ។ ក្រោយមក នៅពេលពួកគេកំពុងបរិភោគ ពួកគេបានស្រែកឡើង ហើយនិយាយថា៖ «អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ មានជាតិពុលនៅក្នុងឆ្នាំង»! ដូច្នេះ ពួកគេមិនអាចបរិភោគបានតទៅទៀតទេ។ 41 ប៉ុន្តែ លោកអេលីសេបានមានប្រសាសន៍ថា៖ «សូមយកម្សៅខ្លះមក»។ លោកបានដាក់វានៅក្នុងឆ្នាំង ហើយប្រាប់ថា៖ «សូមដួសវាឲ្យពួកគេទៅ រួចពួកគេក៏បរិភោគ»។ បន្ទាប់មក គ្មានអ្វីនាំឲ្យមានបញ្ហានៅក្នុងឆ្នាំងនោះទៀតឡើយ។ 42 មានបុរសម្នាក់មកពី​ស្រុក​បាល​សាលី‌សាមកជួបអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយបានយកនំប័ុងម្ភៃដុំនៅក្នងបាវ ពីការច្រូតកាត់ថ្មីៗ ហើយនឹងស្រូវថ្មីមកផង។ លោកប្រាប់ថា៖ «ចូរឲ្យរបស់ទាំងនោះទៅប្រជាជនទៅ នោះពួកគេនឹងបានបរិភោគ»។ 43 អ្នកបម្រើរបស់លោកនិយាយថា៖ «តើខ្ញុំអាចចែករបស់បន្តិចនេះជាមួយមនុស្សមួយរយនាក់បានដូចម្តេចទៅ»? ប៉ុន្តែលោកអេលីសេមានប្រសាសន៍ថា៖​ «ចូរឲ្យទៅពួកគេទៅ នោះគេនឹងបានបរិភោគ ព្រោះព្រះអម្ចាស់មានបន្ទូលថា៖ «ពួកគេនឹងបរិភោគ ហើយនឹងនៅសល់ផង»។ 44 ដូច្នេះ អ្នកបម្រើរបស់លោកបានចែកដល់ពួកគេ ពួកគេបានបរិភោគ ហើយនៅសល់ខ្លះផង ដូចដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានសន្យា។