ជំពូក ៣

1 ឥឡូវនេះ នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូរ៉ាម​ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ចាប់ផ្តើមសោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី បាន​ដប់‌ពីរ​ឆ្នាំ។ 2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ មិនដូចមាតា បិតារបស់ស្តេចឡើយ ព្រោះស្តេចបានរំលំសសរថ្មរបស់ព្រះបាល ដែលបិតាទ្រង់បានសង់ឡើង។​ 3 ប៉ុន្តែ ស្តេចបានដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលមានបាប ព្រះអង្គមិនបានដើរចេញពីអំពើបាបទាំងនោះទេ។ 4 ឥឡូវនេះ ព្រះ‌បាទ​មេសា ជា​ស្ដេច​​ម៉ូអាប់ មាន​​ចៀម​ជា​ច្រើន។ ស្ដេច​ធ្លាប់ឲ្យ​​ចៀម​ ១០០,០០០​ក្បាល និង​ចៀម​ឈ្មោល​១០០,០០០​ក្បាល ​ដល់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 5 ក្រោយ​ពេល​ ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត ស្ដេច​ស្រុក​ម៉ូអាប់​បានបះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 6 ដូច្នេះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ពី​ក្រុង​សាម៉ារី នៅពេលនោះ ដើម្បីគៀងគរប្រជាជនអ៊ីស្រាអែលទាំងអស់ទៅធ្វើសង្គ្រាម។ 7 ស្តេចបានផ្ញើសារប្រាប់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាថា៖ «ស្តេចស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងយើងហើយ។ តើព្រះករុណានឹងទៅជាមួយយើងដើម្បីវាយប្រឆាំងនឹងសាសន៍ម៉ូអាប់នៅក្នុងសមរភូមិឬទេ»? ព្រះបាទយ៉ូសាផាតឆ្លើយតបថា៖ «ទូលបង្គំនឹងទៅ។ ទូលបង្គំក៏ដូចជាព្រះករុណា ព្រះជាជនរបស់ទូលបង្គំក៏ដូចជាប្រជាជនរបស់ព្រះករុណា ហើយសេះទូលបង្គំក៏ដូចសេះរបស់ព្រះករុណាដែរ»។ 8 បន្ទាប់មកស្តេចទូលថា៖ «តើយើងគួរតែប្រយុទ្ធតាមផ្លូវណា»? ព្រះបាទយ៉ូសាផាតតបថា៖ «ទៅតាមផ្លូវនៅវាលរហោស្ថានអេដុម»។ 9 ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែល ស្តេចស្រុកយូដា ស្តេចស្រុកអេដុមបានធ្វើដំណើរតាមផ្លូវវាងរយៈពេលប្រាំពីរថ្ងៃ។ ពួកទាហានរបស់ពួកគេខ្វះទឹក ទោះបីជាសម្រាប់សេះ និងសត្វរបស់ពួកគេក៏ខ្វះទឹកដែរ។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលទូលថា៖ «តើនេះជាអ្វីទៅ?​ 10 តើព្រះអម្ចាស់បានហៅស្តេចទាំងបីនេះមក ដើម្បីប្រគល់ទៅក្នុងកណ្តាប់ដៃស្តេចស្រុកម៉ូអាប់ឬ?» 11 ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖ «តើនៅទីនេះមិនមានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចសុំយោបល់ពីព្រះអង្គបានទេឬ? អ្នកបម្រើម្នាក់របស់ស្តេចស្រុកអ៊ីស្រាអែលបានទូលថា៖ «លោកអេលីសេជាកូនរបស់លោកសាផាតនៅទីនេះ ដែលជាសិស្សរបល់លោកអេលីយ៉ា»។ 12 ព្រះបាទយ៉ូសាផាតទូលថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់គង់នៅជាមួយគាត់»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត និងស្តេចស្រុកអេដុមបានទៅជួបលោក។ 13 លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «តើព្រះករុណាមករកទូលបង្គំធ្វើអ្វី?​ ចូរទៅរកព្យាការីរបស់មាតាបិតារបស់ព្រះអង្គទៅ»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលបាននិយាយទៅលោកថា៖ «ទេ ដោយសារព្រះអម្ចាស់បានហៅស្តេចទាំងបីនេះមក ដើម្បីប្រគល់ដល់ស្តេចស្រុកម៉ូអាប់»។ 14 លោកអេលីសេឆ្លើយថា៖ «នៅក្នុងព្រះនាមព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលទូលបង្គំបម្រើ ទូលបង្គំសូមប្រាប់ថា បើទូលបង្គំមិនយល់ដល់វត្តមានរបស់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាទេនោះ ទូលបង្គំនឹងមិនអើពើជាមួយព្រះករុណា ឬមើលព្រះភក្ដ្រព្រះករុណាឡើយ។ 15 ប៉ុន្តែ ឥឡូវនេះសូមនាំអ្នកតន្រី្តមកជួបទូលបង្គំ»។ នៅពេលដែលអ្នកលេងពិណបានចាប់ផ្តើមលេង នោះព្រះហស្តរបស់ព្រះអម្ចាស់បានមកលើលោកអេលីសេ។ 16 លោកទូលថា៖​ «ព្រះអម្ចាស់បានបន្ទូលថា៖ «សូមជីកប្រឡាយនៅក្នុងជ្រោះទាំងនេះឲ្យបានច្រើន»។ 17 ព្រោះព្រះអម្ចាស់មានបន្ទូលថា៖ «អ្នកនឹងមិនបានឃើញខ្យល់ទេ ហើយអ្នកក៏មិនឃើញឃើញទឹកភ្លៀងដែរ ប៉ុន្តែ ប្រឡាយទាំងឡាយនៅក្នុងជ្រោះនេះនឹងមានទឹកពេញ ហើយអ្នកអាចផឹកបាន គឺអ្នក និងហ្វួងសត្វរបស់អ្នក និងសត្វគ្រប់យ៉ាងផង»។ 18 ការនេះជាការងាយណាស់ក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ព្រះអង្គនឹងឲ្យព្រះករុណាមានជ័យជម្នះលើជនជាតិម៉ូអាប់។ 19 ព្រះករុណានឹងវាយរាល់ក្រុងដែលមានកំពែង និងក្រុងល្អៗ ព្រមទាំងកាប់រលំដើមឈើល្អៗ បញ្ឈប់ប្រភពទឹក និងបំផ្លាញដីល្អៗដោយថ្ម»។ 20 ដូច្នេះ នៅពេលព្រឹកគឺប្រហែលជាម៉ោងដែលត្រូវថ្វាយតង្វាយ មានទឹកមកពីស្រុកអេដុម រួចតំបន់នោះក៏មានទឹកពេញ។ 21 នៅពេលដែលស្តេចម៉ូអាប់ឮថាស្តេចទាំងនេះបានមកវាយប្រឆាំងនឹងស្តេច ពួក​គេ​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​មាន​វ័យ​អាច​បម្រើ​ទ័ព​បាន ហើយ​ពួកគេបានឈរនៅតាម​ព្រំ‌ដែន។ 22 ពួកគេបានភ្ញាក់តាំងពីព្រលឹម ហើយព្រះអាទិត្យក៏បានចាំងលើផ្ទៃទឹក។ នៅពេលដែលជនជាតិម៉ូអាប់បានឃើញទឹកនៅទល់មុខពួកគេ ទឹកនោះមានពណ៌ក្រហមដូចជាឈាម។ 23 ពួកគេស្រែកឡើងថា៖ «នេះគឺឈាម! ស្តេចទាំងអស់នេះបានវិនាសអស់ហើយ ហើយពួកគេបានសម្លាប់គ្នាទៅវិញទៅមក! ដូច្នេះឥឡូវនេះ បងប្អូនម៉ូអាប់អើយ ចូរយើងទៅរឹបអូសជ័យភណ្ឌពីពួកគេ!» 24 នៅពេលដែលពួកគេមកដល់ជំរំអ៊ីស្រាអែល ប្រជារាស្រ្តអ៊ីស្រាអែលបានធ្វើឲ្យពួកគេភ្ញាក់ផ្អើល ហើយបានវាយប្រហារពួកម៉ូអាប់ ដែលបានរត់នៅមុខពួកគេ។ ពួកទាហានអ៊ីស្រាអែលបានដេញពួកម៉ូអាប់ឆ្លងកាត់ស្រុកនោះ ហើយបានសម្លាប់ពួកគេ។ 25 ពួកគេបានកម្ទេចក្រុងទាំងឡាយ ហើយពួកប្រុសៗបានបោះដុំថ្មនៅលើដីដែលល្អរហូតទាល់តែពេញ។ ពួកគេបានបិតប្រភពទឹកទាំងអស់ ហើយបានកាប់បំផ្លាញដើមឈើល្អៗរបស់ពួកគេ។ មាន​តែ​ក្រុង​គារ-‌ហា‌រ៉ា‌សែតនៅស្ថិតស្ថេរដែលថ្មនៅនឹងកន្លែងរបស់េវា។ ប៉ុន្តែ ពួកទាហានដែលមានដង្ហក់បានព័ទ្ធ​ ហើយវាយប្រហារក្រុងនោះ។ 26 នៅពេលដែលព្រះបាទមេសាជាស្តេចស្រុកម៉ូអាប់់បានឃើញថាចាញ់សង្គ្រាមហើយ ស្តេចបាននាំទ័ព​ដែល​កាន់​ដាវ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់ ​សម្រុក​ទៅ​លើ​ស្ដេច​អេដុម ប៉ុន្តែ ពួកគេបរាជ័យ។ 27 បន្ទាប់មក ស្តេចបានយកបុត្រច្បងរបស់ទ្រង់ដែលត្រូវសោយរាជ្យបន្តពីព្រះអង្គ ហើយបានដុតបុត្រនោះជាដង្វាយដុកនៅលើជញ្ជាំងក្រុង។ ដូច្នេះ មានកំហឹងខ្លាំងក្លាណាស់ប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់មកប្រជាជនអ៊ីស្រាអែលបានចាកចេញពីស្តេចមេសា ហើយត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។