ជំពូក ២៤

1 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូនបានវាយប្រហារស្រុកយូដា ព្រះ‌បាទ​យេហូ‌យ៉ាគីមបានក្លាយជាអ្នកបម្រើរបស់ស្តេចនោះអស់រយៈពេលបីឆ្នាំ។ ព្រះ‌បាទ​យេហូ‌យ៉ាគីមបានត្រឡប់មកបះបោរប្រឆាំងនឹងព្រះ‌ចៅ​នេប៊ូ‌ក្នេសា។ 2 ព្រះអម្ចាស់បានចាត់​ពួក​ជា​ជន‌ជាតិ​ខាល់ដេ ជន‌ជាតិ​អារ៉ាម ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន ឲ្យ​ប្រឆាំង​នឹង​ព្រះ‌បាទ​យេហូ‌យ៉ាគីម ព្រះអង្គបានបញ្ជូនពួកគេមកប្រឆាំងនឹងយូដា ដើម្បីបំផ្លាញស្រុកនេះ។ ការនោះកើតឡើងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានថ្លែងដោយពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គ។ 3 ការនេះកើតឡើងចំពោះយូដាស្រមតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គនឹងបណ្តេញពួកគេចេញពីព្រះភក្រ្តរបស់ព្រះអង្គ ដោយសារតែអំពើបាបរបស់ស្តេចម៉ាណាសេ និងអ្វីដែលស្តេចបានប្រព្រឹត្ត 4 និងដោយសារតែការដែលស្តេចបង្ហូរឈាមជនស្លូតត្រង់ ព្រោះស្តេចបានធ្វើឲ្យឈាមរបស់អ្នកទាំងនោះបានហូរពេញយេរូសាឡឹម។ ព្រះអម្ចាស់នឹងមិនអត់ទោសចំពោះការនេះឡើយ។ 5 រឿងរ៉ាវទាក់ទងនឹងព្រះបាទយេហូយ៉ាគីម និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? 6 ព្រះបាទយេហូយ៉ាគីមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យបន្ត។ 7 ស្តេចស្រុកអេស៊ីបមិនបានវាយប្រហារចេញពីទឹកដីរបស់ខ្លួនទៀតទេ ព្រោះស្តេចស្រុកបាប៊ីឡូនបានកាន់កាប់ទឹកដីទាំងអស់ដែលស្តេចស្រុកអេស៊ីបធ្លាប់គ្រប់គ្រង ចាប់ពីជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។ 8 កាល​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​​មាន​អាយុដប់‌ប្រាំ‌បី​ឆ្នាំកាលពីស្តេចឡើងគ្រងរាជ្យ ស្តេច​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា នេ‌ហ៊ូស‌ថា ជា​កូន​របស់​លោក​អែល‌ណា‌ថាន អ្នក​ក្រុង​យេរូ‌សាឡឹម។ 9 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចបានប្រព្រឹត្តអ្វីគ្រប់យ៉ាងដូចបុព្វបុរសរបស់ទ្រង់ដែរ។ 10 នៅពេលនោះកង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ។ 11 ព្រះ‌ចៅ​នេប៊ូ‌ក្នេសាស្តេចស្រុកបាប៊ីឡូនបានឡើងមកក្រុងនោះ នៅពេលដែលពួកទាហានរបស់ស្តេចបានឡោមព័ទ្ធក្រុងនោះ 12 ហើយព្រះបាទព្រះ‌បាទ​យ៉ូ‌យ៉ា‌គីនជាស្តេចស្រុកយូដាបានចេញមកជួបស្តេចស្រុកបាប៊ីឡូន ទាំងស្តេច ទាំង​មាតា ទាំងពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហា‌តលិក។ ស្តេចស្រុកបាប៊ីឡូនបានចាប់ស្តេចនៅក្នុងឆ្នាំទីប្រាំបីក្នុងរាជ្យរបស់ទ្រង់ផ្ទាល់។ 13 ព្រះចៅ​នេប៊ូ‌ក្នេសា​បានរឹបអូសរបស់មានតម្លៃពីទីនោះ គឺពីដំណាក់របស់ព្រះអម្ចាស់ និងពីដំណាក់របស់ស្តេច។ ស្តេចបានកាត់របស់ធ្វើពីមាសដែលព្រះបាទសាឡូម៉ូនធ្វើនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដូចអ្វីដែលព្រះអម្ចាស់មានបន្ទូលថានឹងកើតឡើង។ 14 ព្រះចៅ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម ទាំងអ្នកដឹកនាំ និងពួកអ្នកប្រយុទ្ធ បានកៀរមនុស្សមួយម៉ឺននាក់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ផង លើកលែងតែអ្នកក្រីក្របំផុតនៅក្នុងទឺកដីនោះប៉ុណ្ណោះ។ 15 ព្រះចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ទៅ​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹមនៅក្នុងទឹកដីនោះ។ ស្តេចបានកៀរពួកគេទៅជាឈ្លើយពីក្រុងយេរូសាឡឹមទៅបាប៊ីឡូន។ 16 អ្នកប្រយុទ្ធទាំងអស់​មានចំនួនប្រាំពីរពាន់នាក់ ព្រមទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក អ្នកទាំងអស់នោះសុទ្ធតែពេញកម្លាំងប្រយុទ្ធ ដូច្នេះស្តេចបាប៊ីឡូនបានកៀរពួកគេទៅជាឈ្លើយនៅឯស្រុកបាប៊ីឡូន។ 17 ស្តេចស្រុកបាប៊ីឡូនតែងតាំងម៉ាថា‌នា ជាប្តូរប្រុសរបស់បិតា​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះ‌បាទ​សេដេ‌គា។ 18 ស្តេចសេដេគាមានព្រះជន្មម្ភៃមួយឆ្នាំនៅពេលទ្រង់ឡើងសោយរាជ្យ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ​ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លីប‌ណា។ 19 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចបានប្រព្រឹត្តដូចដែលព្រះបាទយេហូយ៉ាគីមបានប្រព្រឹត្តដែរ។ 20 តាមរយៈព្រះពិរោធរបស់ព្រះជាម្ចាស់ គ្រប់ទាំងហេតុការទាំងនេះកើតឡើងនៅក្រុងយេរូសាឡឹម និងយូដា រហូតដល់ទ្រង់ដេញពួកគេចេញពីវត្តមានរបស់ព្រះអង្គអស់។ បន្ទាប់មក ស្តេចសេដេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។