ជំពូក ២៥

1 នៅក្នុងថ្ងៃទីដប់ ខែទីដប់ ឆ្នាំទីប្រាំបួននៃរាជ្យរបស់ស្តេចសេដេគា នេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនបានឡើងមកជាមួយទាហានទាំងអស់របស់ទ្រង់ដើម្បីប្រឆាំងនឹងក្រុងយេរូសាឡិម។ ស្តេចបានបោះត្រសាលនៅទល់មុខក្រុង និងលើកទួលជុំវិញក្រុង។ 2 ដូច្នេះ ក្រុងត្រូវបានឡោមព័ទ្ធរហូតដល់ឆ្នាំទីដប់មួយនៃរាជ្យរបស់់ព្រះបាទសេដេគា។ 3 នៅក្នុងថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងឆ្នាំនោះទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ហើយ​ប្រជា‌ជន​នៅ​ក្នុងទឹកដីទាំងមូល​លែង​មាន​អាហារ​បរិភោគ​ទៀត។ 4 បន្ទាប់មក កំពែងក្រុងក៏ត្រូវទម្លាយហើយពួកអ្នកប្រយុទ្ធបានគេចខ្លួននៅពេលយប់តាទ្វារវាងជញ្ជាំងទាំងពីរ ក្បែរសួនច្បារបស់ស្តេច ទោះបីជាពួកខាល់ដេនៅជុំវិញក្រុងក៏ដោយ។ ស្តេចបានរត់ឆ្ពោះទៅវាលរហោស្ថានអារ៉ាបា។ 5 ប៉ុន្តែ ទាហានរបស់ពួកខាល់ដេបានដេញតាមស្តេចសេដេគា ហើយតាមទាន់ស្តេចនៅវាលទំនាបទន្លេយ័រដាន់ជិតក្រុងយេរីខូ។ ទាហានទាំងអស់របស់ទ្រង់បានបែកខ្ញែកចេញឆ្ងាយពីទ្រង់ទាំងអស់។ 6 ពួកគេចាប់បានស្តេច ហើយនាំទ្រង់ទៅជួបស្តេចស្រុកបាប៊ីឡូននៅក្រុង​រីបឡា ជាកន្លែងដែលពួកគេកាត់ទោសទ្រង់។ 7 ពួកគេបានសំលាប់បុត្រទាំងអស់របស់ទ្រង់នៅចំពោះព្រះភក្រ្តទ្រង់ផ្ទាល់។ បន្ទាប់មកពួកគេក៏ខ្វេះភ្នែករបស់ទ្រង់ ចងទ្រង់ជាមួយច្រវ៉ាក់លង្ហិន ហើយនាំទ្រង់ទៅបាប៊ីឡូន។ 8 នៅក្នុងខែទីប្រាំ ក្នុងថ្ងៃទីប្រាំពីរនៅក្នុងខែនោះ ដែលស្ថិតក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្យរបស់ស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន លោក​នេប៊ូ‌សារ៉ា‌ដានជាអ្នក​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន និងមេពួកអង្គរក្សរបស់លោក បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ 9 លោកបានដុតកម្ទេចដំណាក់របស់ព្រះអម្ចាស់ វាំងរបស់ស្តេច និងផ្ទះទាំងអស់នៅក្រុងយេរូសាឡឹម ហើយលោកក៏បានដុតកម្ទេចអគារសំខាន់ៗទាំងអស់នៅក្នុងក្រុងដែរ។​ 10 ចំណែកឯ ជញ្ជាំងជុំវិញក្រុងយេរូសាឡឹមវិញ ពួកទាហានបាប៊ីឡូនដែលស្ថិតនៅក្រោមបញ្ជារបស់មេអង្គរក្សជាអ្នកបំផ្លាញចោល។ 11 ចំណែក មនុស្សដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹម គឺអស់អ្នកដែលបានចុះចូលជាមួយស្តចស្រុកបាប៊ីឡូន និងអ្នកដែលផ្សេងទៀត លោកនេប៊ូសារាដានបានកៀរយកទៅជាឈ្លើយសឹក។ 12 ប៉ុន្តែ លោកមេលើអង្គរក្សបានទុកអ្នកដែលក្រីក្របំផុតឲ្យនៅធ្វើការក្នុងចម្ការទំពាំងបាយជូរ និងនៅតាមវាលស្រែ។ 13 ចំណែកឯ សសរលង្ហិនដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងជើងបញ្ឈរ ផើងលង្ហិនធំដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ពួកខាល់ដេបានកម្ទេចជាបំណែក ហើយនាំយកលង្ហិនទៅស្រុកបាប៊ីឡូន។ 14 ឆ្នាំង ឆ្នូក ដង្កៀប ស្លាបព្រា និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ ក៏ពួកខាល់ដេយកទៅអស់ដែរ។ 15 ​ភាជន៍សម្រាប់ចូកផះ និងចានគោម​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ក៏លោកមេលើពួកអ្នកយាមយកទៅ​ជា​មួយ​ដែរ។ 16 សសរទាំងពីរ អាងធំ និងជើងបញ្ឈរដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ដំណាក់របស់ព្រះអម្ចាស់ដែលមានលង្ហិនដ៏ច្រើនដែលមិនបានថ្លឹងបាន។ 17 កម្ពស់នៃសសរទីមួយគឺ១៨ហត្ថ ហើយមានក្បាលសសរលង្ហិននៅពីលើសសរនោះ។ ក្បាលសសរនោះមានកម្ពស់បីហត្ថ ជាមួយនឹងក្បាច់ក្រឡាអួន និងក្បាច់ផ្លែទទឹមនៅជុំវិញក្បាលសសរនោះ អ្វីៗទាំងអស់ធ្វើពីលង្ហិន។ សសរមួយទៀត និងក្បាច់របស់វាគឺដូចសសរទីមួយដែរ។ 18 លោកមេបញ្ជាការលើពួកអង្គរក្សចាប់​លោក​មហា​បូជា‌ចារ្យ​សេរ៉ាយ៉ា និង​លោក​សេ‌ផា‌នា​ជា​បូជា‌ចារ្យ​ទីពីរ ព្រម​ទាំងចាប់​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​រូបយក​ទៅ​ជា​មួយផង។ 19 នៅក្នុងក្រុងលោកក៏ចាប់មេបញ្ជាការដាក់គុក លោកជាអ្នកមើលខុសត្រូវលើពួកទាហាន និងបុរសប្រាំនាក់ដែលជាទីព្រឹក្សារបស់ស្តេច ដែលស្ថិតនៅក្នុងក្រុងនោះ។ លោកក៏ដាក់គុកមេទ័ពរបស់ស្តេចដែលទទួលខុសត្រូវលើកការកែនប្រុសៗធ្វើទាហាន ជាមួយមនុស្សសំខាន់ហុកសិបនាក់ទៀតពីទឹកដីនោះ គឺអស់អ្នកដែលរស់នៅក្នុងក្រុង។ 20 បន្ទាប់មក លោកនេប៊ូសារ៉ាដានជាមេបញ្ជាការលើសពួកអង្គរក្ស បានចាប់ពួកគេ ហើយនាំពួកគេទៅដល់ស្តេចបាប៊ីឡូននៅក្រុង​រីបឡា។ 21 ស្តេចស្រុកបាប៊ីឡូនបានសម្លាប់ពួកគេនៅក្រុង​រីបឡានោះនៅក្នុងទឹកដីហាម៉ាត់។ អ្នកស្រុកយូដាត្រូវកៀរយកទៅជាឈ្លើយ ដោយរបៀបនេះឯង។ 22 អ្នកដែលនៅសេសសល់នៅក្នុងស្រុកយូដា គឺអស់អ្នកដែលលោកនេប៊ីសារ៉ាដានបានទុកឲ្យនៅទីនោះ លោកបានទុកលោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន បានមើលខុសត្រូវ​លើ​ពួក​គេ។ 23 ពេលនោះនៅពេលដែលមេបញ្ជាការកងទ័ពទាំងអស់ ទាំងអ្នកទាំងនោះ និងអ្នកនៅក្រោមបង្គាប់បានឮថាស្តេចស្រុកបាប៊ីឡូនបានតែង‌តាំង​លោក​កេដា‌លា​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា នៅ​មីស‌ប៉ា។ អ្នក​ទាំង​នោះ មាន​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​ថាន់‌ហ៊ូ‌ម៉េក ជា​អ្នក​ស្រុក​នេថូ‌ផា និង​លោក​យា‌សា‌នា ជា​កូន​របស់​ពួក​ម៉ាកា‌ធី ទាំងពួកគេ និង​ពល​ទាហាន​របស់​ពួក​គេផង។ 24 លោកកាដាលាបាន​ប្រកាសដល់មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖​ «កុំឲ្យខ្លាចពួកខាល់ដេឡើយ។ ចូរបន្តរស់នៅលើទឹកដីនេះ ហើយបម្រើស្តេចស្រុកបាប៊ីឡូនទៅ ហើយអ្នកនឹងរស់នៅយ៉ាងសុខសប្បាយ»។ 25 នៅក្នុងខែទីប្រាំពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាសាច់សារលោហិតរបស់​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយបាន​វាយប្រហារ​លោក​កេដា‌លា។ លោកកេដាលាបានស្លាប់ ជាមួយ​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីស‌ប៉ា។ 26 បន្ទាប់មក ប្រជាជនទាំងអស់ ពីអ្នកក្របំផុតដល់អ្នកធំ និងពួកមេទ័ពបានចេញដំណើរទៅអេស៊ីប ព្រោះពួកគេខ្លាចពួកបាប៊ីឡូន។ 27 នៅក្នុងឆ្នាំទីសាមសិបប្រាំពីរនៃការកៀរព្រះបាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក នៅក្នុងខែទីដប់ពីរ គឺនៅក្នុងថ្ងៃទីម្ភៃប្រាំពី ​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូនបានដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីនចេញពីគុក។ ការនេះកើតឡើងនៅក្នុងឆ្នាំដែលព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាកចាប់ផ្តើមឡើងសោយរាជ្យ។ 28 ស្តេចបានមាករាជឱង្ការដោយសុភាពទៅកាន់ទ្រង់ ហើយប្រទានកន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែលនៅជាមួយទ្រង់នៅក្នុងស្រុកបាប៊ីឡូន។ 29 ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាកបានដោះ​សម្លៀក‌បំពាក់​ឈ្លើយ​សឹករបស់ព្រះ‌បាទ​យ៉ូយ៉ា‌គីនចេញ ហើយ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​ព្រះ​ស្ងោរ​រួម​តុ​ជា​មួយ​ស្ដេច​គ្រប់​ពេល រហូត​ដល់ទ្រង់សុគត។ 30 ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែងតែ​ទំនុក​បម្រុងដល់​ព្រះ‌បាទ​យ៉ូយ៉ា‌គីននូវអាហារដ៏សមរម្យជា​រៀង​រាល់​ថ្ងៃអស់​មួយ​ជីវិតរបស់ទ្រង់។