ជំពូក ២៣

1 ដូច្នេះ ស្តេចបានផ្ញើសារប្រមូលពួកចាស់ទុំរបស់សាសន៍យូដា និងយេរូសាឡិមមកជួបទ្រង់។ 2 បន្ទាប់មក ស្តេចបានឡើងទៅដំណាក់របស់ព្រះអម្ចាស់ ហើយប្រុសៗយូដាទាំងអស់ និងប្រជាជនក្រុងយេរូសាឡិមទាំងអស់ក៏មកជាមួយទ្រង់ដែរ ទាំងពួកបូជាចារ្យ ពួកព្យាការីព្រមទាំងប្រជាជនទាំងអស់ ចាប់ពីតូចរហូតដល់ធំ។ បន្ទាប់មក ស្តេចបានអានគ្រប់ពាក្យដែលមាននៅក្នុងសៀវភៅសម្ពន្ធមេត្រីដែលបានរកឃើញនៅក្នុងដំណាក់របស់ព្រះអម្ចាស់។ 3 ស្តេចបានឈរក្បែរសសរ ហើយបានចងសម្ពន្ធមេត្រីនៅមុខព្រះអម្ចាស់ ថានឹងដើរតាមព្រះអម្ចាស់ និងរក្សាបញ្ញត្តរបស់ព្រះអង្គ បទបញ្ជារបស់ព្រះអង្គ និងច្បាប់របស់ព្រះអង្ក ដោយអស់ពីចិត្ត ពីព្រលឹង ដើម្បីគោរពតាមព្រះបន្ទូលនៃសម្ពន្ធមេត្រីដែលមានសសេរនៅក្នុងសៀវភៅនោះ។ ដូច្នេះ ប្រជាជនទាំងអស់យល់ព្រមក្នុងការធ្វើតាមសម្ពន្ធមេត្រីនេះ។ 4 ស្តេចបានបង្គាប់ដល់លោកមហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា ពួកបូជាចារ្យនៅក្រោមលោក និងអ្នកយាមទ្វារទាំងអស់ឲ្យយកភាជន៍ដែលធ្វើសម្រាប់ព្រះបាល និងព្រះអាសេរ៉ា​ និងសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃចេញពីព្រះវិហារបស់ព្រះអម្ចាស់។ ស្តេចបានដុតរបស់ទាំងអស់នោះនៅវាលឯជ្រោះ​កេ្រដុន ហើយបានយកផះរបស់វាទៅបេតអែល។ 5 ស្តេចបានកំចាត់ពួកបូជាចារ្យរបស់ព្រះក្លែងក្លាយ ដែលស្តេចស្រុកយូដាមុនៗបានជ្រើសរើសសម្រាប់ដុតគ្រឿងក្រអូបនៅតាមទីទួលខ្ពស់ៗនៅក្នុងក្រុងទាំងឡាយនៃស្រុកយូដា និងនៅកន្លែងជុំវិញក្រុងយេរូសាឡឹម គឺអស់អ្នកដែលដុតគ្រឿងក្រអូបទៅព្រះបាល ទៅព្រះអាទិត្រ និងទៅព្រះច័ន្ទ ទៅភពទាំងឡាយ និងទៅកាន់ផ្កាយទាំងឡាយនៅលើមេឃ។ 6 ស្តេចបានយកបង្គោលរបស់ព្រះអាសេរ៉ាចេញពីវិហារបស់ព្រះអម្ចាស់ ចេញក្រៅយេរូសាឡឹម ទៅជ្រោះកេ្រដុន ហើយដុតវានៅទីនោះ។ ស្តេចបានកម្ទេចវាក្លាយជាធូលី​ ហើយបាចធូលីនោះទីក្នុងផ្នូររបស់មនុស្សធម្មតា។ 7 ស្តេចបានបំផ្លាញបន្ទប់របស់ពួកពេស្យាចារ្យបែបសាសនាដែលមាននៅក្នុងព្រះវិហារបស់ព្រះអម្ចាស់ នៅកន្លែងដែលស្រីៗធ្វើសំលៀកបំពាក់សម្រាប់ព្រះអាសេរ៉ា។​ 8 ព្រះ‌បាទ​យ៉ូសៀសបាននាំពួកបូជាចារ្យទាំងអស់ចេញពីក្រុងនៃស្រុកយូដា ហើយបានបំផ្លាញទីខ្ពស់ៗដែលជាកន្លែងដែលពួកបូជាចារ្យបានដុតគ្រឿងក្រអូប ចាប់ពីក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា។ ស្តេចបានបំផ្លាញទីទួលនៅមាត់ទ្វារចូលទៅ​ទ្វារ​លោក​យ៉ូស្វេ (ជា​អភិ‌បាល​ក្រុង) នៅខាងឆ្វេងនៃទ្វារក្រុង។ 9 ទោះបីជាពួកបូជាចារ្យទាំងអស់នោះមិនត្រូវបានអនុញ្ញាត្តឲ្យបម្រើនៅអាសនារបស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមក៏ដោយ ក៏ពួកគេបរិភោគនំប័ុងពីក្នុងចំណោមបងប្អូនរបស់ពួកគេដែរ។ 10 ព្រះ‌បាទ​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផេត ក្នុង​ជ្រោះបេនហ៊ិន‌ណម ដូច្នេះ គ្មាននរណាម្នាក់អាចដុតកូនប្រុស កូនស្រីរបស់ខ្លួនដើម្បីធ្វើយញ្ញបូជាថ្វាយព្រះម៉ូឡុកបានឡើយ។ 11 ស្តេចបានយករូបសេះដែលស្តេចស្រុកយូដាបានថ្វាយទៅព្រះអាទិត្យចេញ។ សេះទាំងនោះនៅត្រង់ច្រកចូលទៅព្រះវិហារបស់ព្រះអម្ចាស់ នៅជិតបន្ទប់ របស់លោកនេថាន-‌មេឡេក គឺ​នៅ​ក្នុង​ក្រឡាបន្ទំ។ ស្ដេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះ‌អាទិត្យ​ចោល​ដែរ។ 12 ព្រះបាទយ៉ូសៀសជាស្តេចបានបំផ្លាញអាសនាដែលនៅលើដំបូល​បន្ទប់​ខាង​លើរបស់ព្រះបាទអហាស់ ដែលស្តេចស្រុកយូដាបានធ្វើ ហើយនឹងអាសនាដែលស្តេចម៉ាណាសេបានសង់នៅក្នុងទីលានទាំងពីរនៃព្រះវិហារបស់ព្រះអម្ចាស់។ ព្រះបាទយ៉ូសៀសបានកម្ទេចរបស់ទាំងនោះជាបំណែក ហើយបានបោះចោលទៅក្នុងជ្រោះកេ្រដុន។ 13 ស្តេចបានបំផ្លាញទីខ្ពស់នៅខាងកើតក្រុងយេរូសាឡឹម ខាងត្បូងភ្នំពុករលួយដែលស្តេចសាឡូម៉ូនជាស្តេចស្រុកអ៊ីស្រាអែលបាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ​ថ្វាយ​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។ 14 ស្តេចបានកម្ទេចសសរថ្មទៅជាបំណែក ហើយបានកាត់បង្គោលរបស់ព្រះអាសេរ៉ា ហើយស្តេចបានដាក់ឆ្នឹងរបស់មនុស្សជំនួសវិញ។ 15 ព្រះបាទយ៉ូសៀសក៏បានបំផ្លាញអាសនាដែលនៅបេតអែល និងទីទួលខ្ពស់ដែលព្រះបាទយេរ៉ូបោមកូនរបស់នេបាតបានសង់ទៅជាបំណែកដែរ (គឺម្នាក់ដែលនាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប)។ ស្តេចក៏បានដុតកម្ទេចអាសនា និងទីទួលខ្ពស់ ហើយកំទេចវាឲ្យទៅជាធូលី។ ស្តេចក៏បានដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។ 16 នៅពេលដែលស្តេចយូសៀសមើលទៅតំបន់នោះ ស្តេចបានកត់សម្គាល់ផ្នូរដែលនៅផ្នែកខាងភ្នំ។​ ស្តេចបានបញ្ជូនគេទៅយកឆ្អឹងពីផ្នូរនោះមក បន្ទាប់មក ស្តេចបានដុតវានៅលើអាសនា។ នេះស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលអ្នកបម្រើរបស់ព្រះអង្គបានថ្លែង គឺគេបានថ្លែងការទាំងនេះតាំងពីមុនមក។ 17 បន្ទាប់មក ស្តេចបានមានរាជឱង្ការថា៖ «តើផ្នូរដែលយើងបានឃើញនោះជាអ្វី»? អ្នកក្រុងនោះបានទូលទ្រង់ថា៖ «នេះជាផ្នូររបស់អ្នកមប្រើរបស់ព្រះអម្ចាស់ដែលមកពីស្រុកយូដា ហើយបាននិយាយពាក្យទាំងនេះ គឺដូចអ្វីដែលព្រះករុណាទើបតែធ្វើប្រឆាំងនឹងអាសនានៅបេតអែល»។ 18 ដូច្នេះ ព្រះបាទយូសៀសនិយាយថា៖ «ចូរទុកទីនោះចុះ។ កុំឲ្យនរណាម្នាក់យកឆ្អឹងរបស់គាត់ចេញឡើយ»។ ដូច្នេះ គេក៏ទុកឆ្អឹងរបស់គាត់នៅទីនោះ ជាមួយឆ្អឹងរបស់លោកហោរាដែលមកពីស្រុកសាម៉ារី។ 19 បន្ទាប់មក ព្រះបាទយ៉ូសៀសបានបំផ្លាញផ្ទះដែលនៅទីខ្ពស់ៗនៅក្នុងក្រុងសាម៉ារី ដែលស្តេចស្រុកអ៊ីស្រាអែលបានសង់ ដែលបានធ្វើឲ្យព្រះអម្ចាស់ព្រះពិរោធ។ ព្រះអង្គបានធ្វើដូចដែលទ្រង់បានធ្វើនៅបេតអែលដែរ។ 20 ស្ដេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​​ទួល​ខ្ពស់ៗនៅលើអាសនា ហើយស្តេចបានដុតឆ្អឹងរបស់មនុស្សនៅទីនោះ។ បន្ទាប់មក ស្តេចត្រឡប់មកក្រុងយេរូសាឡឹមវិញ។ 21 បន្ទាប់មក ស្តេចបានបង្គាប់ដល់ប្រជាជនទាំងអស់ថា៖ «ចូររក្សាបុណ្យ​ចម្លង​របស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូចដែលបានកត់ត្រាទុកនៅក្នុងសៀវភៅនៃសម្ពន្ធមេត្រី»។ 22 ដូច្នេះ ការប្រារព្ធពិធីបុណ្យ​ចម្លង​មិនដែលធ្វើធំដូច្នេះទេ ចាប់ពីថ្ងៃនៃពួកហៅហ្វាយដែលគ្រប់គ្រងលើអ៊ីស្រាអែល រហូតដល់សម័យស្តេចស្រុកយូដា និងស្រុកអ៊ីស្រាអែល។ 23 ប៉ុន្តែ នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់ព្រះបាទយ៉ូសៀសគេបានប្រារព្ធបុណ្យ​ចម្លង​នេះនៅក្រុងយេរូសាឡឹម។ 24 ព្រះ‌បាទ​យ៉ូសៀសកីបាន​លុប​បំបាត់អ្នកដែលនិយាយជាមួយមនុស្សស្លាប់ ឬក៏ជាមួយវិញ្ញាណដែរ។ ស្តេចក៏បានលុបបំបាត់រូបចម្លាក់ រូបព្រះក្លែងក្លាយ និងគ្រប់ទាំងរបស់គួរស្អប់ខ្ពើមដែលមាននៅក្នុងទឹកដីស្រុកយូដា និងក្រុងយេរូសាឡឹម ដើម្បីឲ្យស្របតាមព្រះបន្ទូលនៃក្រឹត្យវិន័យដែលបានកត់ត្រានៅក្នុងសៀវភៅដែលលោកបូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 25 នៅមុនព្រះបាទយ៉ូសៀសគ្មានស្តេចណាដូចទ្រង់ឡើយ ដែលត្រឡប់ទៅឯព្រះអម្ចាស់វិញដោយអស់ពីចិត្ត ពីព្រលឹង និងអស់ពីកម្លាំងដែលបានធ្វើតាមក្រឹត្យវិន័យរបស់លោកម៉ូសេ។ ហើយនៅក្រោយទ្រង់ ក៏គ្មានស្តេចណាដូចព្រះបាទយ៉ូសៀសទេ។ 26 ទោះជាយ៉ាណាក៏ដោយ ព្រះអម្ចាស់មិនបានបោះបង់កំហឹងដ៏ខ្លាំងរបស់ព្រះអង្គប្រឆាំងនឹងអ្នកស្រុកយូដាឡើយ គឺអំពើបាបដែលស្តេចម៉ាណាសេបានថ្វាយបង្គំព្រះរបស់សាសន៍ដទៃ ដែលធ្វើឲ្យព្រះអម្ចាស់ព្រះពិរោធ។ 27 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងដេញយូដាចេញពីភ្នែករបស់យើង ដូចដែលយើងបានដេញអ៊ីស្រាអែលដែរ ហើយយើងនឹងបោះបង់ចោលក្រុងដែលយើងបានជ្រើសរើស គឺយេរូសាឡឹម និងដំណាក់ដែលយើងបាននិយាយថា៖ «នាមរបស់យើងនឹងនៅទីនោះ»។ 28 រឿងរ៉ាវទាក់ទងនឹងព្រះបាទយ៉ូសៀស និងអ្វីៗដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? នៅពេលនោះ 29 ស្តេចផារោននេកោ ជាស្តេចស្រុកអេស៊ីប បានចេញទៅវាយប្រឆាំងនឹងស្តេចស្រុកអាសសីេុរត្រង់ទន្លេអ៊ីប្រាត។ ព្រះបាទយ៉ូសៀសបានចេញទៅជួបស្តេចនេកោនៅក្នុងសមរភូមិ ហើយស្តេចនេកោសម្លាប់ទ្រង់នៅមេគីដោ។ 30 អ្នកបម្រើរបស់ព្រះបាទយ៉ូសៀសបានដឹកសពរបស់ទ្រង់នៅលើរទេះពីមេគឺដោ ទៅយេរូសាឡឹម ហើយបានបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់លោកផ្ទាល់។ បន្ទាប់មក ប្រជាជននៅក្នុងទឹកដីនោះនាំព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ដើម្បីចាក់ប្រេងអភិសេកធ្វើជាស្តេចបន្តពីបិតាទ្រង់។ 31 ព្រះ‌បាទ​យ៉ូអា‌ហាសមានព្រះជន្មម្ភៃបីឆ្នាំនៅពេលទ្រង់ចាប់ផ្តើមសោយរាជ្យ ហើយស្តេចសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ហា‌មូថាល ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។ 32 ព្រះ‌បាទ​យ៉ូអា‌ហាសបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចអ្វីដែលបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។ 33 ស្តេចផារោន នេកោបានដាក់ច្រវ៉ាក់ទ្រង់នៅឯនៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ដូច្នេះ ស្តេចមិនអាចសោយរាជ្យនៅក្រុងយេរូសាឡឹមបានទៀតទេ។ បន្ទាប់មក ព្រះបាទនេកោបានរកឃើញប្រាក់មួយរយដួង និងមាសមួយដួងនៅស្រុកយូដា។ 34 ស្តេចផារោននេកោបានលើកព្រះ‌បាទ​អេលា‌គីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ស្នង​រាជ្យ​របស់បិតាទ្រង់ ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ ប៉ុន្តែ​ ព្រះចៅ​ផារ៉ោននាំ​យកព្រះ‌បាទ​យ៉ូអា‌ហាស់ទៅ​ជា​ឈ្លើយនៅ​ស្រុក​អេស៊ីប ហើយព្រះបាទយ៉ូអាហាស់បានសុគតនៅទីនោះ។ 35 ព្រះបាទយេហូយ៉ាគីមបានថ្វាយប្រាក់ និងមាសដល់ស្តេចផារោន ដើម្បីបំពេញតម្រូវការរបស់ស្តេចផារោន ព្រះបាទយេហូយ៉ាគីមបានប្រមូលពន្ធដី ហើយបង្ខំឲ្យមនុស្សដែលរស់នៅលើទឹកដីនោះបង់ប្រាក់ និងមាសតាមទ្រព្យរបស់ពួកគេ។ 36 ព្រះបាទយេហូយ៉ាគីមមានព្រះជន្មម្ភៃប្រាំឆ្នាំនៅពេលដែលទ្រង់ឡើងគ្រងរាជ្យ ហើយស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា សេប៊ូ‌ដា ជា​កូន​របស់​លោក​ពេដា‌យ៉ា ជា​អ្នក​ស្រុក​រូម៉ាល។ 37 ព្រះ‌បាទ​យេហូ‌យ៉ាគីម​ប្រព្រឹត្ត​អំពើ​អាក្រក់នៅចំពោះព្រះនេត្ររបស់​ព្រះ‌អម្ចាស់ ដូចបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។