ជំពូក ១៥

1 នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមស្តេចស្រុកអ៊ីស្រាអែលព្រះ‌បាទ​អសា‌រា ជា​បុត្រ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ចាប់ផ្តើមឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា។ 2 ព្រះបាទអសា‌រាអាយុ​ប្រាំ​មួយ​វស្សានៅពេលទ្រង់ឡើងសោយរាជ្យ ទ្រង់​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។ 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលព្រះបាទអម៉ាស៊ីយ៉ាជាបិតាបានធ្វើដែរ។ 4 ទោះជាយ៉ាងណាក៏ដោយ នៅទីទួលខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែបន្តថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅទីនោះដដែរ។ 5 ព្រះអម្ចាស់ធ្វើឲ្យស្តេចកើតឃ្លង់រហូតដល់ថ្ងៃស្តេចសុគត ហើយរស់នៅក្នុងដំណាក់មួយដាច់ពីគេ។ សម្ដេច​យ៉ូថាម ជា​បុត្ររបស់ទ្រង់ ​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុកទាំងមូល។ 6 រឿងរ៉ាវទាក់ទងនឹងព្រះបាទអសារ៉ា និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ? 7 ដូច្នេះ ព្រះបាទអសារ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ គេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ ​ព្រះ‌បាទ​យ៉ូថាម ជា​បុត្ររបស់ព្រះអង្គ ឡើង​ស្នង​រាជ្យបន្ត។ 8 នៅក្នុងឆ្នាំទីសាបសិបប្រាំបីនៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទសាការីជាបុត្ររបស់ព្រះបាទយេរ៉ូបោមឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅក្រុងសាម៉ារីអស់ប្រាំមួយខែ។ 9 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចបិតាទ្រង់ដែរ។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 10 លោក​សាលូម ជា​កូន​របស់​លោក​យ៉ាបេស បាន​ក្បត់ប្រឆាំងនឹង​ស្ដេច ហើយវាយប្រហារស្តេចនៅអ៊ីបលែម ហើយ​ធ្វើ​គុត​ស្ដេច។ បន្ទាប់មក លោកឡើង​សោយ​រាជ្យ​ជំនួសទ្រង់ទៅ។ 11 រឿងរ៉ាវទាក់ទងនឹងព្រះបាទសាការី​ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ។ 12 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលមកព្រះបាទយេហ៊ូវថា៖ «ពូជពង្សរបស់អ្នកនឹងសោយរាជ្យលើអ៊ីស្រាអែលបានបួនដំណរ»។ នេះជាអ្វីដែលបានកើតឡើង។ 13 ព្រះ‌បាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស ចាប់ផ្តើមឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បួន នៃ​រជ្យរបស់​ព្រះ‌បាទ​អូស្យ៉ាស ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ នៅ​ក្រុង​សាម៉ារី។ 14 លោក​មណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី។ នៅទីនោះ លោកបានវាយប្រហារ​ព្រះ‌បាទ​សាលូម ជាកូនរបស់លោកយ៉ាបេសនៅក្រុងសាម៉ារី។ លោកក៏សម្លាប់ស្តេច ហើយឡើង​សោយ​រាជ្យ​ជំនួស។​ 15 រឿងរ៉ាវទាក់ទងនឹងព្រះបាទសាលូម និងអំពើក្បត់ដែលទ្រង់បានបង្កើតឡើង មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែល។ 16 បន្ទាប់មកព្រះ‌បាទ​មណា‌ហិម​បាន​វាយ​យក​ក្រុង​ធីបសា និង​វាយប្រហារ​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំ‌វិញ ចាប់​តាំង​ពី​ក្រុង​ធើសា​រ ដោយសារ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ឲ្យទ្រង់។ ដូច្នេះ ស្តេចបានវាយប្រហារក្រុងទាំងនោះ ហើយ​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​គភ៌នៅ​ក្នុង​ភូមិទាំងនោះផង។ 17 នៅក្នុងឆ្នាំទីសាមសិបប្រាំបួននៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះ‌បាទ​មណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ នៅ​ក្រុង​សាម៉ារី។​ 18 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ នៅក្នុងមួយជីវិតរបស់ស្តេច ទ្រង់មិនបានងាកចេញពីមាគា៌របស់ព្រះបាទយេរ៉ូបោមកូនរបស់នេបាតឡើង ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 19 ព្រះ‌ចៅ​ពូល ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បានមក​វាយ​លុក​ចូល​ស្រុក​ ហើយ​ព្រះ‌បាទ​មណា‌ហិម ថ្វាយ​ប្រាក់​មួយ​ពាន់​ហាបទៅ​ព្រះ‌ចៅ​ពូល ដូច្នេះ ការគាំទ្ររបស់ព្រះបាទពូលអាចជួយពង្រឹងអាណាចក្រអ៊ីស្រាអែលនៅក្នុងដៃរបស់ព្រះ‌បាទ​មណា‌ហិម។ 20 ព្រះ‌បាទ​មណា‌ហិមបានប្រមូលប្រាក់ទាំងនេះពីប្រជាជនអ៊ីស្រាអែល ដែលតម្រូវឲ្យពួកអ្នកមានបង់ប្រាក់ហាសិបណែនដល់ទ្រង់ដើម្បីថ្វាយស្តេចស្រុកអាសសេុីរ។ ដូច្នេះ ស្តេចស្រុកអាសសេុីរក៏ត្រឡប់ទៅវិញ ហើយមិននៅក្នុងទឹកដីនោះទៀតឡើយ។ 21 រឿងរ៉ាវទាក់ទងនឹងព្រះ‌បាទ​មណា‌ហិម និងអ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ? 22 ដូច្នេះ ព្រះ‌បាទ​មណា‌ហិមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះ‌បាទ​ពេកា‌ហ៊ា ជា​បុត្ររបស់ព្រះអង្គបាន​ឡើង​ស្នង​រាជ្យបន្ត។ 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់​ព្រះ‌បាទ​មណា‌ហិមចាប់ផ្តើមសោយរាជ្យលើអ៊ីស្រាអែលនៅក្រុងសាម៉ារី ស្តេចសោយរាជ្យបានពីរឆ្នាំ។ 24 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 25 ព្រះ‌បាទ​ពេកា‌ហ៊ាមានមេបញ្ជាការម្នាក់ឈ្មោះលោក​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លា ហើយ​ជា​អង្គ​រក្ស​របស់​ស្ដេច បាន​ឃុប‌ឃិត​ជា​មួយ​លោក​អើកុប និង​លោក​អើរី‌យេ​ធ្វើ​គុត​ស្ដេច ក្នុង​ដំណាក់​​នៃ​រាជ‌វាំងនៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល​ទាហាន​ហា‌សិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះ‌បាទ​ពេកា‌ហ៊ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។ 26 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះ‌បាទ​ពេកា‌ហ៊ា អ្វីៗដែលស្តេចបានធ្វើ មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចស្រុកអ៊ីស្រាអែល។ 27 នៅក្នុងឆ្នាំទីហាសិបពីរនៃរាជ្យរបស់ព្រះបាទអសារ៉ាជាស្តេចស្រុកយូដា ព្រះបាទពេកាជាកូនរបស់លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែលនៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ។ 28 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានលះបង់ចោលអំពើបាបរបស់ព្រះបាទយេរ៉ូបោមកូនរបស់នេបាត ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។ 29 នៅក្នុងរាជ្យរបស់ព្រះបាទពេកាស្តេចស្រុកអ៊ីស្រាអែល ស្តេច​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហា‌សោរ ស្រុក​កាឡាដ ស្រុក​កាលី‌ឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​អស់។ ស្តេច​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ស្រុក​អាសសេុីរ។ 30 ដូច្នេះ លោក​ហូស៊ា ជា​កូន​របស់​លោក​អេឡា បាន​ក្បត់ប្រឆាំង​នឹង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា។ លោក​វាយប្រហារ​ និងសម្លាប់​ស្ដេច។ បន្ទាប់មក លោក​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា។ 31 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទពេកា អ្វីដែលទ្រង់បានធ្វើ មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែល។ 32 នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទពេកាជាកូនរបស់លោកជា​កូន​របស់​លោក​រេម៉ា‌លា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ 33 កាល​ព្រះ‌បាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​ឆ្នាំ ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​លោក​សាដុក។ 34 ព្រះបាទយ៉ូថាមបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចបានដើរតាមគំរូរបស់បិតាទ្រង់គឺព្រះបាទអសារ៉ា។ 35 ទោះជាយ៉ាងណាក៏ដោយទ្រង់មិនបានបំផ្លាញទីខ្ពស់ៗចោលឡើយ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗដដែរ។ ព្រះបាទយ៉ូថាបានសង់ទ្វារខាងលើនៃព្រះវិហាររបស់ព្រះអម្ចាស់។ 36 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូថាម និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? 37 នៅក្នុងពេលនោះព្រះអម្ចាស់ចាប់ផ្តើមបញ្ជូនព្រះបាទរ៉ាស៊ីនជាស្តេចស្រុកអារ៉ាម និងព្រះបាទពេកាជាកូនរបស់លោក​រេម៉ា‌លា ដើម្បីប្រឆាំងនឹងស្រុកយូដា។ 38 ព្រះបាទយ៉ូថាមផ្ទុំលក់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ជាមួយបុព្វបុរសទាំងនោះនៅក្រុងព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់។ បន្ទាប់មក ព្រះ‌បាទ​អហាស ជា​បុត្រ ឡើង​ស្នង​រាជ្យបន្ត។