ជំពូក ១៦

1 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទពេកាជា​កូន​របស់​លោក​រេម៉ា‌លា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ 2 ព្រះបាទអហាសមានអាយុម្ភៃឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងគ្រងរាជ្យ ហើយស្តេចសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡិម។ ស្តេចមិនបានធ្វើរឿងត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចព្រះបាទដាវីឌជាបុព្វបុរសរបស់ព្រះអង្គធ្លាប់ធ្វើឡើយ។ 3 ផ្ទុយទៅវិញ ស្តេចបានដើរតាមមាគា៌របស់ស្តេចអ៊ីស្រាអែល ស្តេចបានដុតបុត្ររបស់ព្រះអង្គជាតង្វាយដុត តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។​ 4 ស្តេចបានថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗ នៅលើកំពូលភ្នំ និងនៅក្រោមដើមឈើពណ៌បៃតង។ 5 បន្ទាប់មក ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​អារ៉ាម និង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ស្ដេច​ស្រុក​អ៊ីស្រា‌អែល នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួកគេឡោមព័ទព្រះបាទអហាស ប៉ុន្តែពួកគេមិនអាចយកឈ្នះបានឡើយ។ 6 នៅពេលនោះព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុកអារ៉ាមដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ ហើយបានបណ្តេញជនជាតិយូដាចេញពីក្រុងនោះ។ បន្ទាប់មក ជនជាតិអារ៉ាមបានមករស់នៅក្រុងអេឡាតរហូតមកដល់សព្វថ្ងៃនេះ។ 7 ដូច្នេះ ព្រះបាទអហាសបានផ្ញើសារទៅព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាសសេុីរ​ថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនរបស់ព្រះករុណា។ សូមឡើងមក និងសង្រ្គោះទូលបង្គំពីកណ្តាប់ដៃរបស់ស្តេចអារ៉ាម និងពីកណ្តាប់ដៃរបស់ស្តេចអ៊ីស្រាអែល ដែលបានវាយប្រហារទូលបង្គំផង»។ 8 ដូច្នេះ ព្រះបាទអហាសបានយកប្រាក់​ និងមាសដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងពីក្នុងចំណោមទ្រព្យក្នុងវាំងស្តេច ហើយស្តេចបានបញ្ជូនរបស់ទាំងនោះជាអំណោយទៅស្តេចស្រុកអាសសេុីរ។​ 9 បន្ទាប់មកស្តេចស្រុកអាសសេុីរបានស្តាប់តាម ហើយបានឡើងទៅវាក្រុងដាម៉ាស ដណ្តើមយកបាន ហើយបានគៀរមនុស្សយកទៅធ្វើជាឈ្លើយទៅស្រុក​គៀរ ព្រម​ទាំងសម្លាប់​ព្រះ‌បាទ​រេស៊ីន​ជាស្តេចអារ៉ាម​ផងដែរ។ 10 ព្រះបាទអហាសបានយាងទៅក្រុងដាម៉ាស ដើម្បីជួបជាមួយព្រះបាទស្តេច​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាសសេុីរ។ នៅឯក្រុងដាម៉ាសស្តេចបានឃើញអាសនាមួយ។ ស្ដេច​ក៏​ផ្ញើ​គំរូ និង​គម្រោង​សង់​អាសនៈ​នោះ ជូន​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា ដើម្បីធ្វើកន្លែងថ្វាយបង្គំ។ 11 ដូច្នេះ លោកបូជា‌ចារ្យ​អ៊ូរី‌យ៉ាបានសង់អាសនាមួយតាមគំរូដែលព្រះបាទអហាសបានផ្ញើរឲ្យលោកពីក្រុងដាម៉ាស។ លោកបានធ្វើរួចរាល់មុនពេលដែលព្រះបាទអហាសត្រឡប់ពីក្រុងដាម៉ាសមកវិញ។ 12 នៅពេលដែលស្តេចយាងមកពីក្រុងដាម៉ាសវិញស្តេចបានឃើញអាសនានោះ ស្តេចក៏ទៅឯអាសនានោះដើម្បីថ្វាយតង្វាយ។ 13 ស្តេចបានថ្វាយតង្វាយដុត និងតង្វាយម្សៅ ច្រូចស្រា​ និងថ្វាយឈាមជាតង្វាយមេត្រីភាពនៅលើអាសនានោះ។ 14 អាសនាលង្ហិនដែលនៅចំពោះព្រះអម្ចាស់ ស្តេចបានយកពីមុខព្រះវិហារ ពីចន្លោះអាសនារបស់ស្តេច និងព្រះវិហាររបស់ព្រះអម្ចាស់ និងដាក់នៅខាងជើងអាសនា។ 15 បន្ទាប់មក ព្រះបាទអហាសបានបង្គាប់លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ថា៖ «នៅលើអាសនាធំត្រូវដុតតង្វាយដុតនៅពេលព្រឹក និងដុតតង្វាយម្សៅនៅពេលល្ងាច និងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅរបស់ទ្រង់ ជាមួយនឹងតង្វាយដុតរបស់ប្រជាជនទាំងអស់ និងតង្វាយម្សៅរបស់ពួកគេ និងតង្វាយស្រារបស់ពួកគេដែរ។ ត្រូវប្រោសឈាមទាំងអស់របស់ស្តេចដែលជាតង្វាយដុត និងឈាមទាំងអស់របស់តង្វាយដុត។ ប៉ុន្តែ អាសនាលង្ហិនជារបស់យើងដើម្បីសុំការណែនាំ»។​ 16 លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​បានធ្វើដូចដែលព្រះបាទអហាសបានបង្គាប់។ 17 បន្ទាប់មក ព្រះបាទអហាសបានដកបន្ទះក្តារ និងអាងចេញពីជើងបញ្ឈរ ស្តេចក៏បានយកអាងធំចេញពីលើគោលង្ហិនដែលនៅក្រោមអាងនោះដែរ ហើយដាក់វាលើ​ឥដ្ឋ​វិញ។ 18 ស្តេចបានដកដំបូលផ្លូវដើរសម្រាប់ថ្ងៃសប្ប័ទដែលគេបានសងនៅឯព្រះវិហារ ជាមួយនឹងច្រកចូលរបស់ស្តេចនៅក្រៅព្រះវិហាររបស់ព្រះអម្ចាស់ ដោយសារស្តេចអាសសេុីរ។ 19 រឿងរ៉ាវទាក់ទងនឹងព្រះបាទអហាស និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? 20 ព្រះបាទអហាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ ឡើង​ស្នង​រាជ្យបន្ត។