ជំពូក ១៤

1 នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទយ៉ូអាសបុត្រព្រះបាទយ៉ូអាហាស ជាស្តេចស្រុកអ៊ីស្រាអែល ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ 2 ស្តេចមានព្រះជន្មម្ភៃប្រាំឆ្នាំនៅពេលទ្រង់ចាប់ផ្តើមសោយរាជ្យ ស្តេចសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​មាន​នាម​ថា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។ 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែមិនដូចព្រះបាទដាវីឌ ជាបិតារបស់ទ្រង់ឡើយ។ ស្តេចបានប្រព្រឹត្តអ្វីគ្រប់យ៉ាងដែលព្រះបាទយ៉ូអាស ជាបិតាបានធ្វើ។ 4 ប៉ុន្តែ នៅតាមទីខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែថ្វាយតង្វាយ និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗទាំងនោះ។ 5 ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ទ្រង់​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូអាសជាបិតារបស់ទ្រង់។ 6 ប៉ុន្តែ ស្តេចមិនបានសម្លាប់កូនប្រុសៗរបស់ឃាតករឡើយ ផ្ទុយទៅវិញ ស្តេចបានប្រព្រឹត្តស្របតាមអ្វីដែលមានសរសេរនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចដែលព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ដោយសារកំហុសរបស់កូនពួកគេឡើយ ហើយកូនក៏មិនត្រូវស្លាប់ដោយសារកំហុសរបស់ឪពុកម្តាយរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ គ្រប់គ្នាត្រូវស្លាប់ដោយសារអំពើបាបរស់ខ្លួនផ្ទាល់»។ 7 ស្តេចបានសម្លាប់ទាហានអេដុមមួយម៉ឺននាក់នៅក្នុងជ្រោះអំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្ដេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែលដាក់​ឈ្មោះ​ថា​ក្រុង​យុគ‌ធាលវិញ ហើយត្រូវបានហៅឈ្មោះ​នេះរហូត​ដល់​សព្វ​ថ្ងៃ។ 8 បន្ទាប់មក ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ាបានផ្ញើសារទៅព្រះបាទយ៉ូអាសជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នានៅក្នុងសមរភូមិ»។ 9 ប៉ុន្តែ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែលបាផ្ញើសារត្រឡប់មកព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយ៉ូដាវិញថា៖ «គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា៖ «ចូរ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​នោះទៅ។ 10 អ្នកបានវាយប្រហារអេដុម ហើយចិត្តរបស់អ្នកលើកអ្្នកឡើង។ សូមឲ្យមានមោទនភាពចំពោះជ័យជម្នះរបស់អ្នក ប៉ុន្តែ ចូរស្នាក់នៅផ្ទះរបស់អ្នក តើហេតុអ្វីបានជាអ្នកធ្វើឲ្យខ្លួនឯងមានបញ្ហា ហើយបរាជ័យដូច្នេះ ទាំងអ្នក និងយូដានៅជាមួយអ្នក?» 11 ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាមិនព្រមស្តាប់ឡើយ។ ដូច្នេះ ព្រះបាទយ៉ូអាសជាស្តេចស្រុកអ៊ីស្រាអែលបានមកវាយប្រហារ ហើយស្តេច និងព្រះបាទអម៉ាស៊ីយ៉ាស្តេចស្រុកយូដាតទល់គ្នានៅ​ក្រុង​បេត‌សេ‌មែស ជា​ក្រុង​របស់​យូដា។ 12 អ៊ីស្រាអែលបានវាយយូដា ហើយគ្រប់គ្នារត់គេចទៅផ្ទះរាងខ្លួន។ 13 ព្រះបាទយ៉ូអាសស្តេចអ៊ីស្រាអែល ចាប់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ធ្វើ​ជា​ឈ្លើយ នៅ​បេត‌សេ‌មែស។ ស្តេចបានមកក្រុងយេរូសាឡឹម ហើយបានទំលាយជញ្ជាំងក្រុងយេរូសាឡឹមចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅកាច់​ជ្រុង​ ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។ 14 ស្តេចបានយកមាស និងប្រាក់ និងរបស់របរទាំងអស់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងរបស់មានតម្លៃក្នុងវាំងស្តេច ជាមួយនឹងឈ្លើយសឹកផងដែរ ហើយត្រឡប់ទៅក្រុងសាម៉ារីវិញ។ 15 រឿងរ៉ាវផ្សេងៗទៀតទាក់ទងនឹងព្រះបាទយ៉ូអាស អ្វីៗដែលស្តេចបានធ្វើ អំណាចរបស់ទ្រង់ និងពីការប្រយុទ្ធរបស់ទ្រង់ជាមួយព្រះបាទអម៉ាស៊ីយ៉ាជាស្តេចស្រុកយូដា តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ? 16 បន្ទាប់មក ព្រះបាទយ៉ូអាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសព្វទ្រង់នៅក្រុងសាម៉ារីជាមួយស្តេចអ៊ីស្រាអែល ហើយព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្ររបស់ព្រះអង្គឡើង​ស្នង​រាជ្យបន្ត។ 17 ព្រះបាទអម៉ាស៊ីយ៉ាជាបុត្រារបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា រស់បានដប់ប្រាំឆ្នាំទៀតក្រោយព្រះបាទយ៉ូអាសបុត្ររបស់ព្រះបាទយ៉ូអាហាសស្តេចស្រុកអ៊ីស្រាអែលសុគត។ 18 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអម៉ាស៊ីយ៉ា តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយ៉ូដាទេឬ? 19 មានគេឃុបឃិតគ្នាប្រឆាំងនឹងព្រះបាទអម៉ាស៊ីយ៉ានៅក្រុងយេរូសាឡឹម ហើយទ្រង់ក៏គេចខ្លួនទៅក្រុងឡាគីស។ ស្តេចគេចខ្លួនទៅក្រុងឡាគីស ប៉ុន្តែគេក៏បញ្ជូនមនុស្សតាមទ្រង់ទៅក្រុងឡាគីស ហើយសម្លាប់ទ្រង់នៅទីនោះ។ 20 ពួកគេបាននាំទ្រង់ត្រឡប់មកវិញដោយដាក់លើសេះ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ 21 ប្រជា‌ជន​នៅ​ស្រុក​យូដា​ទាំង​អស់​លើក​ព្រះ‌បាទ​អសា‌រា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​ឆ្នាំ ឲ្យ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ាជា​បិតាទ្រង់។ 22 ព្រះបាទអសារានេះឯងដែលបានសង់ក្រុង​អេឡាតឡើងវិញ ហើយស្តារក្រុងយូដា ក្រោយពីព្រះបាទអម៉ាស៊ីយ៉ាបានសុគតជាមួយបុព្វបុរសរបស់ទ្រង់។ 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ។ 24 ស្តេចប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 25 ស្តេចបានកំណត់ព្រំប្រទល់របស់អ៊ីស្រាអែលឡើងវិញចាប់ពី​​លេបូ​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្របតាមការបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដែលទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីយ៉ូណាសជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ-‌ហេភើរជាអ្នកបម្រើរបស់ព្រះអង្គ។ 26 ដោយសារព្រះអម្ចាស់បានឃើញពីទុក្ខវេទនារបស់អ៊ីស្រាអែល ដែលល្វីងជូរចត់សម្រាប់គ្រប់គ្នា ទាំងអ្នកងារ​ និងអ្នកជា ហើយគ្មានអ្នកណាជួយសង្គ្រោះអ៊ីស្រាអែលសោះ។ 27 ដូច្នេះព្រះអម្ចាស់បានមានបន្ទូលថាព្រះអង្គ​ពុំ​សព្វ​ព្រះ‌ហឫទ័យ​លុប​ឈ្មោះ​អ៊ីស្រា‌អែល​ឲ្យ​បាត់​ពី​ស្ថានសួគ៌ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងសង្គ្រោះពួកគេដោយដៃរបស់ព្រះបាទយេរ៉ូបោមបុត្ររបស់ព្រះបាទយ៉ូអាស។ 28 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយេរ៉ូបោម អ្វីដែលស្តេចបានធ្វើ អំណាចរបស់ទ្រង់ របៀបដែលព្រះអង្គធ្វើសង្គ្រាមដណ្តើមបាន​ក្រុង​ដាម៉ាស និង​ក្រុង​ហា‌ម៉ាត់​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដាសម្រាប់អ៊ីស្រាអែល តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៌របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ?​ 29 ព្រះបាទយេរ៉ូបោមផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ជាមួយស្តេចស្រុកអ៊ីស្រាអែល ហើយព្រះ‌បាទ​សាការី ជា​បុត្រ ឡើង​ស្នង​រាជ្យបន្ត។