ជំពូក ១៣

1 នៅក្នុងឆ្នាំទីម្ភៃបីនៃព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ាស្តេចស្រុកយូដា ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យេហ៊ូវ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ស្តេច​សោយ‌រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​ឆ្នាំ។ 2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌នៃអំពើបាបរបស់ព្រះបាទយ៉េរូបោម កូននេបាត ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប ហើយព្រះ‌បាទ​យ៉ូអា‌ហាសមិនបានចាកចេញពីអំពើបាបទាំងអស់នេះឡើយ។ 3 កំហឹងរបស់ព្រះអម្ចាស់បានបញ្ឆេះប្រឆាំងនឹងអ៊ីស្រាអែល ហើយព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទហាសែលស្តេចស្រុកស៊ីរី និងទីក្នុងកណ្តាប់ដៃរបស់ព្រះបាទបេនហាដាដជាបុត្ររបស់ព្រះបាទហាសែលជាបន្តបន្ទាប់។ 4 ដូច្នេះ ព្រះ‌បាទ​យ៉ូអា‌ហាសក៏ទូលអង្វរទៅព្រះអម្ចាស់ ហើយព្រះអម្ចាស់បានស្តាប់ការទូលអង្្វររបស់ស្តេច ដោយសារព្រះអង្គឃើញស្តេចស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួកគេ។ 5 ដូច្នេះ ព្រះអម្ចាស់បានប្រទានអ្នកសង្គ្រោះដល់អ៊ីស្រាអែល ហើយពួកគេក៏បានរួចខ្លួនពីពួកអារ៉ាម ហើយប្រជាជនអ៊ីស្រាអែលចាប់ផ្តើមរស់នៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ដូចដែលពួកគេធ្លាប់រស់នៅពីមុន។ 6 ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនបានបោះបង់ចោលអំពើបាបរបស់ព្រះបាទយេរ៉ូបោម ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាបដែរ ហើយពួកគេនៅតែប្រព្រឹត្តអំពើបាបនោះ ហើយសសររបស់ព្រះអាសេរានៅតែបន្តមាននៅស្រុកសាម៉ារី។ 7 ពួកអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូអាសសល់តែទ័ពសេះហាសិបនាក់ រទេះចម្បាំងដប់ និងទាហានមួយម៉ឺននាក់ប៉ុណ្ណោះ ព្រោះស្តេចអារ៉ាមបានបំផ្លាញពួកគេ ហើយធ្វើឲ្យពួកគេទៅដូចជាធូលីដី។ 8 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូអាហាស អ្វីដែលស្តេចបានធ្វើ និងអំណាចរបស់ស្តេច តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី? 9 ដូច្នេះ ព្រះបាទយ៉ូអាហាសផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅស្រុកសាម៉ារី។ ​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ ឡើង​ស្នង​រាជ្យបន្ត។ 10 នៅក្នុងឆ្នាំទីសាបសិបប្រាំពីរនៃរាជ្យរបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ 11 ស្ដេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប ប៉ុន្តែ ស្តេចបានដើរតាមមាគា៌នោះ។ 12 រឿងវ៉ាវផ្សេងទៀតទាក់ទឹងនឹងព្រះបាទយ៉ូអាស និងអី្វៗដែលស្តេចបានធ្វើ និងភាពល្បីល្បាញរបស់ទ្រង់ ដែលទ្រង់បានធ្វើប្រឆាំងនឹងព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី? 13 ព្រះបាទយ៉ូអាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះ‌បាទ​យេរ៉ូ‌បោមសោយរាជ្យបន្តពីទ្រង់។ ព្រះបាទយ៉ូអាសត្រូវបានបញ្ចុះនៅក្នុងស្រុកសាម៉ារីជាមួយស្តេចស្រុកអ៊ីស្រាអែល។ 14 ពេលនោះ លោកអេលីសេមានជំងឺជាទម្ងន់ហៀបនឹងស្លាប់ ដូច្នេះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល យាង​មករកលោក ហើយបានយំស្រណោះលោក។ ស្តេចមានរាជឱង្ការថា៖ «លោកឪពុកអើយ លោកឪពុកអើយ រទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែលបានកំពុងយកលោកទៅឆ្ងាយហើយ!» 15 លោកអេលីសេទូលវិញថា៖ «សូម​ព្រះ‌ករុណា​យក​ធ្នូ និង​ព្រួញ​មក» ដូច្នេះព្រះបាទយ៉ូអាសបានយក​ធ្នូ និង​ព្រួញ​មក។ 16 លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមដាក់ដៃរបស់ព្រះករុណានៅលើធ្នូទៅ» ដូច្នេះ ស្តេចក៏ដាក់ដៃរបស់ទ្រង់នៅលើធ្នូ។ បន្ទាប់មក លោកអេលីសេបានដាក់ដៃរបស់លោកនៅលើដៃរបស់ស្តេច។ 17 លោកអេលីសេទូលថា៖ «សូមបើកបង្អួចនៅទិសខាងលិច» ដូច្នេះ ស្តេចក៏បើកបង្អួចនោះ។ បន្ទាប់មក លោកអេលីសេទូលថា៖​ «សូមព្រះករុណាបាញ់ព្រួញទៅ»!​ បន្ទាប់មក ស្តេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះរបស់ព្រះអម្ចាស់ ជាព្រួញជ័យជម្នះលើជនជាតិអារ៉ាម ព្រោះព្រះអង្គនឹងវាយជនជាតិអារ៉ាមនៅក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។ 18 បន្ទាប់មកលោកអេលីសេទូលថា៖ «សូមព្រះករុណាយកគ្រាប់ព្រួញមក» ដូច្នេះ ព្រះបាទយ៉ូអាសក៏បានយកព្រួយមក។ លោកបានទូលស្តេចថា៖ «ចូរយកព្រួញនោះវាយដីទៅ» ហើយស្តេចក៏វាដីបីដងរួចក៏ឈប់។ 19 ប៉ុន្តែ អ្នកបម្រើរបស់ព្រះអម្ចាស់ខឹងនឹងស្តេចយ៉ាងខ្លាំងហើយនិយាយថា៖ «ព្រះករុណាគួរវាយប្រាំ ឬប្រាំមួយដង។ នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​អារ៉ាម រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។ 20 បន្ទាប់មក លោកអេលីសេក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពលោក។ ពេលនោះជនជាតិម៉ូអាប់មួយក្រុមបានចាប់ផ្តេីមទន្ទ្រានទឹកដីនៅដើមឆ្នាំ។ 21 នៅពេលដែលគេបញ្ចុះសពបុរសម្នាក់ ហើយពួកគេបានឃើញពួកម៉ូអាប់មួយក្រុម ដូច្នេះ ពួកគេក៏បោះសពនោះទៅក្នុងផ្នូររបស់លោកអេលីសេ។ នៅពេលដែលសពរបស់បុរសនោះបានប៉ះជាមួយឆ្នឺងរបស់លោកអេលីសេ លោកក៏រស់ឡើងវិញ ហើយក្រោកឈរឡើង។ 22 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមតែងតែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅថ្ងៃអាយុរបស់ព្រះបាទ​យ៉ូអាហាស។ 23 ប៉ុន្តែ ព្រះអម្ចាស់បានផ្តល់ព្រះគុណដល់អ៊ីស្រាអែល ហើយផ្តល់ព្រះទ័យមេត្តាដល់ពួកគេ ហើយព្រួយបារម្មណ៍ពីពួកគេ ដោយសារតែសម្ពន្ធមេត្រីជាមួយលោកអាប្រាហាំ ជាមួយលោកអ៊ីសាក់ ហើយជាមួយលោកយ៉ាកុប។ ដូច្នេះ ព្រះអម្ចាស់មិនបានបំផ្លាញពួកគេ ហើយព្រះអង្គនៅតែមិនបណ្តេញពួកគេចេញពីព្រះវត្តមានរបស់ព្រះអង្គឡើយ។ 24 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមសុគត ហើយព្រះបាទបេនហាដាដជាបុត្ររបស់ព្រះអង្គក្លាយជាស្តេចជំនួសទ្រង់។ 25 ព្រះបាទយ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាសបានយកក្រុងពីព្រះបាទបេនហាដាដមកវិញ គឺក្រុងដែលគេបានយកពីព្រះបាទយ៉ូអាហាសជាបិតារបស់ទ្រង់ដោយសង្រ្គាម។ ព្រះបាទយ៉ូអាសបានវាយប្រហារបីដង ហើយស្តេចគ្រប់គ្រងក្រុងទាំងអស់របស់អ៊ីស្រាអែល។