ជំពូក ៨

1 ម្ភៃឆ្នាំបន្ទាប់ពីព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជដំណាក់របស់ព្រះអង្គហើយ។ 2 ព្រះបាទសាឡូម៉ូនបានសង់ក្រុងនានាដែលព្រះបាទហ៊ីរ៉ាមបានប្រគល់ឲ្យស្តេច ហើយទ្រង់ក៏ឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងនោះវិញ។ 3 ព្រះបាទសាឡូម៉ូនវាយប្រហារ​ហាម៉ាត់សូបា ហើយវាយយកបានក្រុងនោះ។ 4 ស្តេចបានសង់ក្រុងតាម៉ូនៅទីរហោស្ថាន និងក្រុងដែលមានឃ្លាំងទាំងអស់ដែលស្តេចបានសង់នៅហាម៉ាត់។ 5 ស្ដេចបានសង់ក្រុងបេត‌ហូរ៉ូន​ខាងលើ និងបេត‌ហូរ៉ូន​ខាងក្រោម ជាក្រុងដែលមានកំពែងមានទ្វារ និងរនុក។ 6 ស្តេចបានសង់ក្រុងបាឡាត និងក្រុងឃ្លាំងទាំងអស់ដែលស្តេចមានហើយក្រុងសម្រាប់រទេះចម្បាំងទាំងអស់ និងក្រុងនានាសម្រាប់រទេះសេះ និងអ្វីៗដែលស្តេចចង់សង់នៅក្រុងយេរូសាឡិម លីបង់ និងទឹកដីទាំងអស់ក្រោមការគ្រប់គ្រងរបស់ស្តេច។ 7 ចំណែកឯ ប្រជាជនទាំងអស់ដែលនៅសេសសល់ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពើរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូសដែលមិនមានចំណែកជាមួយពួកកូនចៅអ៊ីស្រាអែល 8 គឺជាពួកកូនចៅរប់គេដែលនៅសេសសល់នៅលើទឹកដីដែលប្រជាជនអ៊ីស្រាអែលពុំបានបំផ្លាញ នោះព្រះបាទសាឡូម៉ូនបានធ្វើឲ្យពួកគេក្លាយទៅជាកម្មករ ហើយបង្ខំឲ្យពួកគេធ្វើរហូតដល់សព្វថ្ងៃ។ 9 ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនបានបង្ខំប្រជាជនអ៊ីស្រាអែលឲ្យធ្វើការអ្វីឡើយ។ ផ្ទុយទៅវិញ ពួកគេបានក្លាយជាទាហានរបស់ព្រះអង្គ ជាមេបញ្ជាការ មេទ័ព និងជាមេបញ្ជាការកងទ័ពរទេះ និងទ័ពសេះរបស់ព្រះអង្គ។ 10 ពួកគេជាមេបញ្ជាការមេត្រួតត្រា របស់ស្តេចសាឡូម៉ូនមានចំនួន ២៥០ នាក់ជាអ្នកមើលខុសត្រូវលើអ្នកបំពេញការងារធ្វើជំរឿនប្រជាជន។ 11 ព្រះបាទសាឡូម៉ូននាំបុត្រីរបស់ស្តេចផារ៉ោនចេញពីក្រុងព្រះបាទដាវីឌឆ្ពោះទៅព្រះដំណាក់ដែលស្តេចបានសង់ថ្វាយព្រះ​នាង ដ្បិត ស្តេចមានរាជឱង្ការថា៖ «មហេសីរបស់យើងមិនត្រូវរស់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលឡើយ ដ្បិត ហឹបរបស់ព្រះអម្ចាស់មកដល់ទីណា ទីនោះជាកន្លែងបរិសុទ្ធ»។ 12 ក្រោយមក ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់នៅលើអាសនៈដែលព្រះអង្គបានសង់នៅខាងមុខទីលាន។ 13 ព្រះអង្គបានថ្វាយយញ្ញបូជាដូចតម្រូវតាមកាលវិភាគប្រចាំថ្ងៃ។ ព្រះអង្គបានថ្វាយតាមការណែនាំដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺនៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យចូលខែថ្មី និងបុណ្យសំខាន់ៗបីដងរៀងរាល់ឆ្នាំគឺពិធីបុណ្យនំបុ័ងឥតមេ ពិធីបុណ្យសប្តាហ៍ និងពិធីបុណ្យបារាំជាដើម។ 14 ដោយគោរពតាមរាជក្រឹត្យរបស់ព្រះបាទដាវីឌជាព្រះបិតា ព្រះបាទសាឡូម៉ូនបានតែងតាំងពួកបូជាចារ្យ និងពួកលេវីឲ្យបំពេញមុខងាររបស់ខ្លួនក្នុងគោលបំណងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងបំពេញមុខងារនៅចំពោះមុខពួកបូជាចារ្យតាមការកំណត់ប្រចាំថ្ងៃ។ ស្តេចបានតែងតាំងអ្នកយាមទ្វារតាមកងពលរបស់ពួកគេតាមខ្លោងទ្វារនីមួយៗ ដ្បិត ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់បានបញ្ជាឲ្យគេបំពេញមុខងារនេះ។ 15 ប្រជាជនពុំបានប្រព្រឹត្តខុសពីបទបញ្ជារបស់ស្តេច ស្តីអំពីបូជាចារ្យ និងពួកលេវី និងអំពីទ្រព្យសម្បត្តិព្រះដំណាក់ឡើយ។ 16 ព្រះបាទសាឡូម៉ូនបានបញ្ចប់កិច្ចការទាំងអស់ ចាប់តាំងពីការសង់គ្រឹះនៃព្រះដំណាក់របស់ព្រះអម្ចាស់រហូតដល់បានចប់សព្វគ្រប់។ ដំណាក់របស់ព្រះអម្ចាស់បានសង់រួចរាល់។ 17 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានយាងទៅឯអេស៊ាន-កេប៊ើរ និងអេឡាតដែលនៅឆ្នេរសមុទ្រក្នុងស្រុកអេដុម។ 18 ព្រះបាទហ៊ីរ៉ាមបញ្ជូនសំពៅ និងនាយទាហានជើងទឹកដែលមានជំនាញខាងសមុទ្រ។ ពួកគេធ្វើដំណើរតាមទូកជាមួយពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនទៅដល់ស្រុកអូរភា។ ពួកគេបានយកមាសពីទីនោះចំនួន ១៥តោននាំទៅថ្វាយព្រះបាទសាឡូម៉ូន។