ជំពូក ៧

1 ពេលព្រះបាទសាឡូម៉ូនអធិស្ឋានចប់សព្វគ្រប់ហើយស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះតង្វាយដុតទាំងមូល និងយញ្ញបូជា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់។ 2 ពួកបូជាចារ្យមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានទេ ដ្បិត សិរីរុងរឿងរបស់ព្រះអង្គស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ 3 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាសម្លឹងមើលពេលដែលភ្លើងឆេះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើព្រះដំណាក់។ ពួកគេក្រាបចុះឱនមុខដល់ដីនៅលើផ្ទាំងថ្មថ្វាយបង្គំ និងអរព្រះគុណព្រះអម្ចាស់។ ពួកគេនិយាយថា៖ «ព្រះអង្គម្ចាស់ទ្រង់ល្អ ហើយសេចក្តីស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ 4 ស្តេច និងប្រជាជនទាំងមូលបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 5 ព្រះបាទសាឡូម៉ូនបានថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាលចៀមនិងពពែចំនួនមួយសែនពីរម៉ឺនក្បាល។ ដូច្នេះ ស្តេច និងប្រជាជនទាំងមូលបានធ្វើពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់។ 6 ពួកបូជាចារ្យឈរនៅទីនោះរៀងៗខ្លួន។ ពួកលេវីក៏មានឧបករណ៍តន្ត្រីរបស់ព្រះអម្ចាស់ដែលព្រះបាទដាវីឌបានធ្វើដើម្បីថ្លែងអំណរគុណដល់ព្រះអម្ចាស់ដោយច្រៀងថា៖ «ព្រះអង្គម្ចាស់ល្អ ហើយសេចក្តីស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ ពួកបូជាចារ្យទាំងអស់ក៏ផ្លុំត្រែនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។ 7 ព្រះបាទសាឡូម៉ូនញែកកន្លែងមួយនៅកណ្ដាលទីលានស្ថិតនៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់។ នៅទីនោះលោកថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាព។ ពីព្រោះអាសនៈលង្ហិនដែលព្រះករុណាបានធ្វើពុំអាចនឹងថ្វាយតង្វាយ​ដុត តង្វាយម៉្សៅ នឹងខ្លាញ់របស់សត្វបានទេ។ 8 ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យនេះអស់រយៈពេលប្រាំពីរថ្ងៃ ហើយជនជាតិអ៊ីស្រាអែលទាំងមូលដែលនៅជាមួយបានប្រមូលផ្តុំគ្នាយ៉ាងឱឡារិក ចាប់ពីលីបូហាម៉ាត់រហូតដល់ទន្លេរនៅស្រុកអេស៊ីប។ 9 នៅថ្ងៃទីប្រាំបីពួកគេជួបជុំគ្នាយ៉ាងឱឡារិក ដ្បិត គេបានប្រារព្ធពិធីឧទ្ទិសឆ្លងអាសនៈចំនួនប្រាំពីរថ្ងៃ ហើយប្រារព្ធពិធីបុណ្យអស់រយៈពេលប្រាំពីរថ្ងៃ។ 10 នៅថ្ងៃទីម្ភៃបីនៃខែទីប្រាំពីរព្រះបាទសាឡូម៉ូនបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញដោយចិត្តរីករាយ និងអរសប្បាយព្រោះព្រះអម្ចាស់បានសម្តែងព្រះហប្ញទ័យសប្បុរសចំពោះព្រះបាទដាវីឌ ព្រះបាទសាឡូម៉ូន និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ 11 ព្រះបាទសាឡូម៉ូនបានបញ្ចប់ការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជវាំងព្រះករុណា។ អ្វីៗទាំងអស់ដែលស្តេចចង់ធ្វើនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេច​នោះព្រះបាទសាឡូម៉ូនទទួលជោគជ័យទាំងអស់។ 12 នៅយប់នោះ ព្រះអម្ចាស់បានសម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញហើយមានបន្ទូលថា៖ «យើងបានស្តាប់ឮសេចក្ដីអធិស្ឋានរបស់អ្នកហើយ យើងបានជ្រើសរើសកន្លែងនេះទុកសម្រាប់ធ្វើជាកន្លែងថ្វាយយញ្ញបូជា។ 13 កាលណាយើងបង្ខាំងផ្ទៃមេឃមិនឲ្យមាន​ភ្លៀង កាលណាយើងបញ្ជាឲ្យសត្វកណ្តូបលេបត្របាក់ស្រុកនេះ ឬកាលណាយើងធ្វើឲ្យមានជំងឺរាតត្បាតប្រជាជនរបស់យើង 14 ប្រសិនបើ ប្រជារាស្ត្ររបស់យើងដែលហៅតាមនាមរបស់យើងនឹងបន្ទាបខ្លួនអធិស្ឋាន ស្វែងរកមុខយើងហើយងាកចេញពីមាគ៌ាអាក្រក់របស់ខ្លួន នោះយើងនឹងស្តាប់ពីស្ថានសួគ៌ ហើយអត់ទោសដល់គេព្រមទាំងព្យាបាលស្រុកគេឲ្យជាផង។ 15 ឥឡូវនេះ យើងនឹងបើកភ្នែកមើលហើយផ្ទៀងត្រចៀកស្តាប់ពាក្យអធិស្ឋាននៅទីនេះ។ 16 ឥឡូវនេះ យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើងរហូតតទៅ។ ភ្នែកនឹងដួងចិត្តរបស់យើងនឹងនៅទីនោះជារៀងរាល់ថ្ងៃ។ 17 រីឯអ្នកវិញ ប្រសិនបើ អ្នកដើរតាមមាគា៌យើងដូចព្រះបាទដាវីឌជាបិតារបស់ទ្រង់ដើរតាមអ្វីៗទាំងអស់ដែលយើងបានបង្គាប់ បើព្រះករុណានឹងកាន់តាមច្បាប់ និងក្រឹត្យវិន័យរបស់យើង 18 នោះយើងនឹងពង្រឹងរាជបល្ល័ង្ករបស់ទ្រង់ដូចយើងបានសន្យាជាមួយព្រះបាទដាវីឌ ជាបិតារបស់អ្នកថា៖ «ពូជពង្សរបស់ទ្រង់នឹងតែងតែមានម្នាក់ឡើងគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល»។ 19 ប៉ុន្តែ ប្រសិនបើ អ្នកបែរចេញហើយបោះបង់ចោលច្បាប់ និងបទបញ្ជារបស់យើង ដែលយើងបានដាក់នៅចំពោះមុខអ្នក ហើយប្រសិនបើ អ្នកទៅគោរពបូជាព្រះដទៃព្រមទាំងក្រាបថ្វាយបង្គំ 20 នោះយើងនឹងដកពួកគេចេញពីដីដែលយើងបានប្រគល់ឲ្យពួកគេ។ ដំណាក់ដែលយើងបានញែកចេញសម្រាប់នាមយើង យើងនឹងបោះចោលឆ្ងាយពីយើង យើងនឹងធ្វើជាសុភាសិត និងកំប្លែងលេងសើចក្នុងចំណោមប្រជាជនទាំងអស់។ 21 ទោះបីព្រះដំណាក់នេះមានសភាពអ៊ូអរខ្លាំងណាស់នៅពេលនេះអ្នកណាដែលឆ្លងកាត់ទីនេះនឹងមានការភ្ញាក់ផ្អើល ហើយនឹងទទួលយកពុំខាន។ ពួកគេនឹងសួរថាហេតុអ្វីបានជាព្រះអម្ចាស់ធ្វើដូច្នេះចំពោះស្រុកនេះ និងព្រះដំណាក់នេះ? 22 នោះគេនឹងឆ្លើយថា៖ «ដោយព្រោះពួកគេបោះបង់ចោលព្រះអម្ចាស់ជាព្រះរបស់ពួកគេដែលបាននាំបុព្វបុរសរបស់ពួកគេឲ្យចាកចេញពីស្រុកអេស៊ីបមក»។ ពួកគេបែរទៅរកព្រះដទៃ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយ បានជាព្រះអម្ចាស់ធ្វើឲ្យពួកគេរងទុក្ខវេទនាយ៉ាងនេះ»។