ជំពូក ៦

1 ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គសព្វព្រះហឫទ័យនឹងគង់នៅក្នុងទីងងឹតដ៏ក្រាស់! 2 ប៉ុន្តែ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់សម្រាប់ទ្រង់គង់នៅជារៀងរហូតតទៅ»។ 3 បន្ទាប់មក ស្តេចក៏ងាកមកប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ពេលដែលពួកគេកំពុងតែឈរនៅទីនោះទាំងអស់គ្នា។ 4 ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានលើកតម្កើងឡើង ដ្បិត ទ្រង់បានសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ហើយព្រះអម្ចាស់មានបន្ទូលថា៖ 5 «ចាប់តាំងពីថ្ងៃដែលយើងនាំប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីបមក យើងមិនបានជ្រើសរើសយកទីក្រុងណាចេញពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មានដើម្បីសង់ដំណាក់សម្រាប់នាមយើងឡើយ ហើយយើងក៏មិនបានជ្រើសរើសនរណាម្នាក់ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងដែរ។ 6 តែយើងបានជ្រើសរើសក្រុងយេរូសាឡិមសម្រាប់នាមយើង និងបានជ្រើសរើសព្រះបាទដាវីឌឲ្យធ្វើជាអ្នកត្រួតត្រាលើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង»។ 7 ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំមានបំណងសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ 8 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា៖ «ដែលឯងមានចិត្តចង់សង់ព្រះដំណាក់សម្រាប់នាមយើង នោះគឺជាការប្រសើរណាស់។ 9 ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ស្តេចមិនត្រូវសង់ដំណាក់សម្រាប់យើងឡើយ។ ផ្ទុយទៅវិញ បុត្រារបស់ទ្រង់ដែលជាសាច់ឈាមរបស់ទ្រង់នឹងត្រូវសង់ព្រះដំណាក់សម្រាប់នាមយើង»។ 10 ព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ព្រោះទូលបង្គំបានឡើងស្នងរាជ្យជំនួសព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយទូលបង្គំញុំអង្គុយលើបល្ល័ង្ករបស់អ៊ីស្រាអែល ដូចព្រះអម្ចាស់បានសន្យា។ ទូលបង្គំបានសង់ព្រះដំណាក់ថ្វាយព្រះនាមព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ 11 ទូលបង្គំបានតម្កល់ហឹបដែលជាសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដែលព្រះអង្គបានធ្វើជាមួយជនជាតិអ៊ីស្រាអែល»។ 12 ព្រះបាទសាឡូម៉ូនឈរនៅមុខអាសនៈរបស់ព្រះអម្ចាស់នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូលហើយលើកព្រះហស្ដឡើង។ 13 ស្តេចបានធ្វើវេទិកាលង្ហិនមានបណ្តោយប្រាំហត្ថទទឹងប្រាំហត្ថនិងកំពស់បីហត្ថ។ ព្រះអង្គបានដាក់វានៅកណ្តាលទីធ្លា។ ព្រះអង្គឈរនៅលើនោះហើយលុតជង្គង់នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល បន្ទាប់មក ព្រះអង្គលើកព្រះហស្ដឡើងទៅលើមេឃ។ 14 ស្តេចបានទូលថា៖ «ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ នៅលើមេឃ ឬនៅលើផែនដីគ្មានព្រះណាដូចព្រះអង្គទេ ព្រះអង្គរក្សាសម្ពន្ធមេត្រី និងសម្តែងព្រះហប្ញទ័យស្មោះត្រង់ចំពោះអ្នកបម្រើរបស់ព្រះអង្គដែលដើរនៅមុខព្រះអង្គដោយអស់ពីចិត្ត។ 15 គឺព្រះអង្គដែលបានធ្វើសម្រេចចំពោះព្រះបាទដាវីឌអ្នកបម្រើទ្រង់ ហើយជាបិតារបស់ទូលបង្គំស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ មែនហើយ! ព្រះអង្គមានបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយបានសម្រេចដោយព្រះហស្តរបស់ទ្រង់ដូចសព្វថ្ងៃនេះ។ 16 ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមធ្វើតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកបម្រើរបស់ព្រះអង្គគឺព្រះបាទដាវីឌជាបិតារបស់ទូលបង្គំថា ប្រសិនបើ ពូជពង្សរបស់អ្នកប្រុងប្រយ័ត្ន និងដើរតាមមាគា៌របស់យើងដូចជាអ្នកបានដើរនៅចំពោះមុខយើង នោះពូជអ្នកនឹងមិនដែលអាកខាននឹងមានអ្នកអង្គុយនៅលើបល្ល័ង្ករបស់អ៊ីស្រាអែលឡើយ។ 17 បពិត្រព្រះជាម្ចាស់នៃជនជាតិអ៊ីស្រាអែលអើយ! ឥឡូវនេះ ទូលបង្គំសូមឲ្យទ្រង់សម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយព្រះបាទដាវីឌជាអ្នកបម្រើរបស់ព្រះអង្គផង។ 18 ប៉ុន្តែ តើព្រះអម្ចាស់ពិតជានឹងគង់នៅជាមួយមនុស្សនៅលើផែនដីទេ? ដ្បិត សូម្បីសកលលោកទាំងមូល និងផ្ទៃមេឃទាំងមូលមិនល្មមឲ្យទ្រង់គង់ផង ចុះទម្រាំព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! 19 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមមេត្តាស្តាប់ពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង។ សូមស្តាប់សម្រែកយំ និងពាក្យអធិស្ឋានដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះអង្គផង។ 20 សូមឲ្យព្រះនេត្រទ្រង់ទតមើលមកព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺជាកន្លែងដែលព្រះអង្គបានសន្យាទុកសម្រាប់ព្រះនាមទ្រង់។ សូមទ្រង់ព្រះសណ្ដាប់ពាក្យដែលអ្នកបម្រើរបស់ទ្រង់អធិស្ឋាននៅទីនេះផង។ 21 ពេលណាយើងខ្ញុំអធិស្ឋាននៅកន្លែងនេះ សូមស្តាប់ពាក្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គផង។ សូមស្តាប់ពីស្ថានសួគ៌ជាកន្លែងដែលព្រះអង្គគង់នៅ ហើយសូមអត់ទោសឲ្យយើងខ្ញុំផង។ 22 ប្រសិនបើ មនុស្សម្នាក់ធ្វើបាបទាស់នឹងអ្នកជិតខាង ហើយគេបង្ខំឲ្យស្បថហើយប្រសិនបើ គាត់ចូលមកស្បថនៅមុខអាសនៈក្នុងព្រះដំណាក់របស់ព្រះអង្គ 23 សូមព្រះអង្គមេត្តាស្តាប់ពីលើស្ថានសួគ៌ ហើយវិនិច្ឆ័យ និងសម្តែងសេចក្តីយុត្តិធម៌ដល់អ្នកបម្រើរបស់ព្រះអង្គផង! សូមសងសឹកដល់មនុស្សទុច្ចរិត សូមឲ្យអំពើអាក្រក់ធ្លាក់ទៅលើក្បាលរបស់គាត់ផ្ទាល់។ សូមប្រកាសសេចក្តីសុចរិត ស្លូតត្រង់ ដើម្បីផ្តល់រង្វាន់ដល់មនុស្សសុចរិតចំពោះភាពសុចរិតរបស់គាត់ផង។ 24 នៅពេលអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គត្រូវបរាជ័យចំពោះមុខខ្មាំង ដោយព្រោះពួកគេបានធ្វើបាបប្រឆាំងនឹងព្រះអង្គ ប្រសិនបើ ពួកគេវិលត្រឡប់មករកព្រះអង្គវិញ ហើយសសើរព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរសុំការអត់ទោសពីព្រះអង្គនៅក្នុងព្រះដំណាក់នេះ។ 25 សូមព្រះអង្គមេត្តាស្តាប់ពីលើមេឃហើយអត់ទោសឲ្យប្រជាជនអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គផង! សូមនាំពួកគេត្រឡប់ទៅស្រុកដែលព្រះអង្គបានប្រគល់ឲ្យពួកគេ និងដូនតារបស់ពួកគេផង។ 26 ពេលមេឃរាំងស្ងួតហើយគ្មានទឹកភ្លៀងព្រោះប្រជាជនបានធ្វើបាបទាស់ប្រឆាំងនឹងព្រះអង្គ ហើយព្រះអង្គបានដាក់ទោសពួកគេ ប្រសិនបើ​ ពួក​គេ​ទូល‌អង្វរ​ឆ្ពោះ​មក​ទី​នេះ ព្រមទាំង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ និង​លះ‌បង់​អំពើ​បាបចេញ 27 សូមស្តាប់នៅស្ថានបរមសុខហើយអត់ទោសឲ្យពួកអ្នកបំរើរបស់ព្រះអង្គ និងជនជាតិអ៊ីស្រាអែលដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង ពេលព្រះអង្គណែនាំពួកគេឲ្យដើរតាមមាគ៌ាល្អដែលពួកគេគួរដើរ។ សូមបង្អុរភ្លៀងមកលើដីដែលព្រះអង្គបានប្រគល់ឲ្យប្រជាជនរបស់ព្រះអង្គទុកជាកេរមរតក។ 28 ​ឧបមាថាមានទុរ្ភិក្សនៅក្នុងស្រុក ឬមានជំងឺរោគរាតត្បាត ឬក្រា កណ្តូប ឬដង្កូវ ស៊ីដំណាំ ឬខ្មាំងសត្រូវចូលមកវាយយកក្រុងក្នុងទឹកដីរបស់ពួកគេ ឬមានរោគ ឬគ្រោះអាសន្នណាមួយកើតឡើង 29 ហើយប្រសិនបើ មាននរណាម្នាក់ ឬអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គអធិស្ឋាន និងទូលអង្វរ ដោយម្នាក់ៗដឹងអំពីគ្រោះកាច និងទុក្ខព្រួយក្នុងចិត្តរបស់ខ្លួន ហើយពេលគាត់លើកដៃមកកាន់ព្រះវិហារនេះ។ 30 សូមស្តាប់ពីស្ថានបរមសុខជាកន្លែងដែលព្រះអង្គគង់នៅ អត់ទោស និងឲ្យរង្វាន់ដល់មនុស្សម្នាក់ៗចំពោះគ្រប់ទាំងផ្លូវរបស់គាត់។ ព្រះអង្គស្គាល់ដួងចិត្តរបស់គាត់ពីព្រោះព្រះអង្គគឺមានតែព្រះអង្គដែលស្គាល់ដួងចិត្តរបស់មនុស្ស។។ 31 ដើម្បីឲ្យពួកគេគោរពកោតខ្លាចព្រះអង្គ ហើយឲ្យពួកគេដើរតាមមាគ៌ារបស់ព្រះអង្គជារៀងរាល់ថ្ងៃដែលពួកគេរស់នៅលើទឹកដីដែលព្រះអង្គបានប្រគល់ឲ្យបុព្វបុរសរបស់យើង។ 32 ជនបរទេសដែលមិនមែនជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ប៉ុន្តែ ជាអ្នកដែលឮពីព្រះនាមឧត្តុង្គឧត្តម ឫទ្ធានុភាព និងបារមីដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ​ ហើយនាំគ្នាមកអធិស្ឋានឆ្ពោះមកកាន់ព្រះដំណាក់នេះ។ 33 សូមស្តាប់ពីស្ថានបរមសុខជាកន្លែងដែលព្រះអង្គគង់នៅ សូមធ្វើអ្វីៗទាំងអស់ដែលជនបរទេសសុំមកទ្រង់ដើម្បីឲ្យប្រជាជនទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គដូចជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេដឹងថាព្រះដំណាក់ដែលទូលបង្គំបានសង់នេះត្រូវបានគេហៅតាមព្រះនាមរបស់ព្រះអង្គ។ 34 បើកាលណាប្រជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវរបស់ពួកគេ ទោះបើទ្រង់បញ្ជូនគេទៅក្នុងរបៀបណាក៏ដោយ ហើយបើគេអធិស្ឋានទៅទ្រង់ឆ្ពោះទៅរកក្រុងដែលព្រះអង្គបានជ្រើសរើស និងចំពោះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។ 35 ពេលនោះសូមស្តាប់ពីលើមេឃចំពោះពាក្យអធិស្ឋាននិងពាក្យទូលអង្វររបស់ពួកគេ ហើយជួយពួកគេផង។ 36 បើកាលណាពួកគេធ្វើបាបទាស់នឹងទ្រង់ ដ្បិត គ្មាននរណាម្នាក់មិនធ្វើបាបឡើយ ហើយទ្រង់ព្រះពិរោធនឹងពួកគេហើយប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវ ដូច្នេះ ខ្មាំងសត្រូវនាំពួកគេទៅជាឈ្លើយនៅទឹកដីរបស់ពួកគេទោះបីនៅឆ្ងាយ ឬជិតក៏ដោយ។ 37 ប្រសិនបើ ពួកគេដឹងថាពួកគេស្ថិតនៅលើទឹកដីដែលពួកគេត្រូវនិរទេស ហើយពួកគេបានប្រែចិត្តហើយស្វែងរកជំនួយពីទ្រង់នៅក្នុងទឹកដីដែលពួកគេត្រូវជាប់ជាឈ្លើយនោះ។ បើកាលណាពួកគេនិយាយថាយើងបានធ្វើខុសហើយបានធ្វើបាប។ យើងបានប្រព្រឹត្តអាក្រក់។ 38 បើកាលណាពួកគេវិលត្រឡប់មករកទ្រង់វិញដោយអស់ពីដួងចិត្ត និងអស់ពីព្រលឹងរបស់ពួកគេនៅក្នុងទឹកដីដែលពួកគេបានចាប់យកជាឈ្លើយ ហើយពួកគេបានអធិស្ឋានទៅកាន់ទឹកដីរបស់ពួកគេដែលព្រះអង្គបានប្រគល់ឲ្យដូនតារបស់ពួកគេ និងឆ្ពោះទៅទីក្រុងដែលព្រះអង្គបានជ្រើសរើសហើយឆ្ពោះទៅកាន់ព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។ 39 សូមស្តាប់ពីលើមេឃជាកន្លែងដែលទ្រង់គង់ ចំពោះពាក្យអធិស្ឋាននិងពាក្យទូលអង្វររបស់គេ ហើយជួយពួកគេផង។ សូមអត់ទោសឲ្យប្រជាជនរបស់ទ្រង់ដែលបានធ្វើបាបទាស់នឹងព្រះអង្គផង។ 40 បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ ទូលបង្គំសូមអង្វរព្រះអង្គ សូមព្រះអង្គបើកព្រះនេត្រហើយផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានដែលបានធ្វើឡើងនៅកន្លែងនេះ។ 41 បពិត្រព្រះអម្ចាស់ ឥឡូវនេះ សូមក្រោកឡើងយាងទៅជាមួយហឹបនៃឬទ្ធានុភាពរបស់ទ្រង់ ហើយសម្រាកក្នុងព្រះដំណាក់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! សូមឲ្យបូជាចារ្យរបស់ព្រះអង្គនាំគ្នាស្លៀកពាក់ដោយសេចក្តីសង្គ្រោះហើយសូមឲ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គរីករាយចំពោះភាពល្អរបស់ព្រះអង្គ។ 42 សូមកុំងាកព្រះភក្រ្តចេញពីអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេកឡើយ។ សូមនឹកចាំអំពីការប្រព្រឹត្ដដ៏ស្មោះត្រង់របស់ព្រះអង្គចំពោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ»។