ជំពូក ៥

1 ពេលដែលកិច្ចការទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់បានចប់សព្វគ្រប់ហើយព្រះបាទសាឡូម៉ូនបានប្រមូលរបស់របរដែលព្រះបាទដាវីឌជាបិតាបានញែកទុកជាសក្ការៈថ្វាយព្រះជាម្ចាស់គឺមានមាស ប្រាក់ និងគ្រឿងសង្ហារិមផ្សេងៗ។ ព្រះបាទសាឡូម៉ូនបានយករតនៈសម្បត្តិទាំងនោះទៅដាក់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 2 ព្រះបាទសាឡូម៉ូនបានប្រមូលពួកព្រឹទ្ធាចារ្យនៃកូនចៅអ៊ីស្រាអែលទាំងអស់ដែលជាមេដឹកនាំនៃកុលសម្ព័ន្ធ និងមេដឹកនាំគ្រួសាររបស់ជនជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡិមឲ្យទៅដង្ហែរហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីក្រុងដាវីឌគឺក្រុងស៊ីយ៉ូន។ 3 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជានៅក្នុងពិធីបុណ្យដែលត្រូវនឹងខែទីប្រាំពីរ។ 4 ពួកព្រឹទ្ធាចារ្យទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកហើយពួកលេវីក៏សែងហឹប។ 5 ពួកគេបានសែងហឹប ត្រសាលប្រជុំ និងគ្រឿងប្រដាប់ដ៏វិសុទ្ធដែលស្ថិតនៅក្នុងព្រះពន្លាមកជាមួយផង។ ពួកបូជាចារ្យដែលមកពីកុលសម្ព័ន្ធលេវីជាអ្នកដង្ហែរនាំរបស់ទាំងនេះមក។ 6 ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅមុខហឹបនៃសម្ពន្ធមេត្រី ហើយបានថ្វាយតង្វាយជាសត្វចៀម និងគោយ៉ាងច្រើនសន្ធឹកដែលមិនអាចរាប់បាន។ 7 ពួកបូជាចារ្យបាននាំហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៅតម្កល់នៅបន្ទប់ខាងក្នុងនៃព្រះដំណាក់គឺនៅក្នុងទីបរិសុទ្ធបំផុតនៅក្រោមស្លាបរបស់ចេរូប៊ីន។ 8 ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហឹប ដើម្បីគ្របបាំងហឹប និងឈើស្នែង។ 9 ឈើស្នែងនោះវែងណាស់ដែលចុងរបស់វាត្រូវបានគេមើលឃើញពីទីបរិសុទ្ធនៅមុខបន្ទប់ខាងក្នុង ប៉ុន្តែ គេមិនអាចមើលឃើញពីខាងក្រៅបានទេ។ ហឹបនោះតម្កល់នៅទីនោះរហូតដល់សព្វថ្ងៃនេះ។ 10 នៅក្នុងហឹបនោះគ្មានអ្វីទេ គឺមានតែបន្ទះថ្មពីរផ្ទាំងដែលលោកម៉ូសេបានដាក់ គឺជាបន្ទះថ្មដែលគាត់ទទួលនៅភ្នំហោរ៉ែប នៅពេលដែលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលនៅពេលពួកគេចាកចេញពីស្រុកអេស៊ីបមក។ 11 នៅពេលដែលពួកបូជាចារ្យចេញពីទីបរិសុទ្ធ។ បូជាចារ្យទាំងអស់ដែលមានវត្តមានបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះអម្ចាស់ដោយមិនគិតពីក្រុមគ្រួសារវង្សត្រកូលទេ។ 12 ពួកលេវីដែលជាអ្នកចម្រៀងទាំងអស់រួមទាំងលោកអេសាភ លោកហេម៉ាន លោកយេឌូថុនព្រមទាំងកូនចៅ និងបងប្អូនរបស់គេសុទ្ធតែស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក និងលេងភ្លេងមានពិណ ​ស្គរ និងឃឹម ឈរនៅចុងអាសនៈខាងកើត។ នៅជាមួយពួកគេមានបូជាចារ្យ ១២០ នាក់ដែលផ្លុំត្រែ។ 13 នៅពេលអ្នកផ្លុំត្រែ និងអ្នកចម្រៀងបន្លឺសម្លេងច្រៀងឡើងជាសម្លេងតែមួយជាមួយគ្នា ដើម្បីសរសើរតម្កើងព្រះជាម្ចាស់។ ពួកគេបន្លឺសម្លេងត្រែដោយផ្លុំត្រែ និងឧបករណ៍ឯទៀតៗរួចនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។ ពួកគេបានច្រៀងថា៖ «ដ្បិត ព្រះអម្ចាស់ទ្រង់ល្អ ហើយភាពស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ ពេលនោះ មានពពកបានមកគ្របដណ្តប់ពេញលើព្រះដំណាក់នៃព្រះអម្ចាស់។ 14 ពួកបូជាចារ្យពុំអាចឈរបំពេញមុខងារបានឡើយ ដ្បិត សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់របស់ព្រះអង្គ។