ជំពូក ៩

1 ពេលមហាក្សត្រីនៃស្រុកសេបាបានឮគេនិយាយអំពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូន ព្រះនាងក៏បានយាងមកដល់ក្រុងយេរូសាឡិម ដើម្បីល្បងប្រាជ្ញាជាមួយព្រះអង្គ។ ព្រះនាងយាងមកដោយមានពួករាជបម្រើជាច្រើនហែហមមកជាមួយ ហើយមានទាំងសត្វអូដ្ឋដឹកគ្រឿងក្រអូបមាស និងត្បូងពេជ្រមានតម្លៃជាច្រើនសន្ធឹក។ ពេលព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ព្រះនាងបានចោទសួរគ្រប់សំណួរទាំងអស់ដែលមានក្នុងចិត្តព្រះនាង។ 2 ព្រះបាទសាឡូម៉ូន ឆ្លើយសំណួរទាំងអស់របស់ព្រះនាងគ្មានអ្វីដែលពិបាកសម្រាប់សាឡូម៉ូនឡើយ គ្មានសំណួរណាដែលព្រះអង្គឆ្លើយមិនបាននោះទេ។ 3 ពេលមហាក្សត្រីស្រុកសេបាបានឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន និងរាជវាំងដែលស្តេចបានសង់ 4 ព្រះស្ងោយនៅលើតុរបស់ស្តេច កន្លែងអង្គុយរបស់អ្នកបម្រើការងាររបស់ពួកអ្នកបម្រើនិងសម្លៀកបំពាក់របស់ពួកគេ អ្នកកាន់ពែងនិងសម្លៀកបំពាក់ពួកគេ ព្រមទាំងរបៀបដែលស្តេចថ្វាយតង្វាយដុតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះព្រះនាងកោតស្ញប់ស្ញែងយ៉ាងខ្លាំង។ 5 ព្រះនាងបានទូលព្រះរាជាថា៖ «ពិតមែនហើយរបាយការណ៍ដែលខ្ញុំម្ចាស់បានឮនៅក្នុងទឹកដីរបស់ខ្លួនខ្ញុំម្ចាស់ផ្ទាល់អំពីព្រះរាជឱង្ការ និងប្រាជ្ញារបស់ព្រះអង្គ។ 6 ខ្ញុំម្ចាស់មិនជឿអ្វីដែលខ្ញុំម្ចាស់បានឮទេ រហូតដល់ខ្ញុំម្ចាស់មកដល់ទីនេះ ហើយឥឡូវភ្នែកខ្ញុំម្ចាស់បានឃើញហើយ។ អ្វីដែលគេប្រាប់ខ្ញុំម្ចាស់មិនបានពាក់កណ្តាល អំពីប្រាជ្ញា និងទ្រព្យសម្បត្តិរបស់ព្រះករុណាទេ! ព្រះករុណាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសជាងខ្ញុំម្ចាស់ឮទៅទៀត។ 7 ប្រជាជន និងអ្នកបម្រើរបស់ស្តេចពិតជាមានសុភមង្គលណាស់ពីព្រោះពួកគេបាននៅជិត និងឮពីប្រាជ្ញារបស់ស្តេច។ 8 សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ស្តេចដែលបានគាប់ព្រះហឫទ័យនឹងស្តេចហើយឲ្យស្តេចឡើងស្នងរាជ្យ ដើម្បីគ្រងរាជ្យជំនួសព្រះអម្ចាស់ជាព្រះរបស់ស្តេច។ ដោយសារព្រះរបស់ស្តេចស្រឡាញ់​ជនជាតិអ៊ីស្រាអែល ហើយចង់ឲ្យពួកគេស្ថិតស្ថេរជារៀងរហូតនោះព្រះអង្គបានតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ ដើម្បីឲ្យព្រះករុណាបានសោយរាជ្យដោយ សុចរិត និងយុត្តិធម៌»។ 9 ព្រះនាងបានថ្វាយមាសចំនួនបួន​តោន​ព្រមទាំងគ្រឿងក្រអូប និងត្បូងមានតម្លៃជាច្រើនដល់ព្រះរាជា។ ពុំដែលមានអ្នកណាយកគ្រឿងក្រអូបមកថ្វាយឲ្យដូចដែលព្រះមហាក្សត្រិយានីស្រុកសេបាបានថ្វាយព្រះបាទសាឡូម៉ូនទៀតឡើយ។ 10 ពួកមន្ត្រីរបស់ព្រះបាទហ៊ីរ៉ាម និងពួកមន្ត្រីរបស់ព្រះបាទសាឡូម៉ូនដែលបានដឹកមាសពីអូភាក៏នាំយកឈើខ្លឹមចន្ទន៍ និងត្បូងមានតម្លៃដែរ។ 11 ស្តេចបានយកឈើខ្លឹមចន្ទន៍សង់ធ្វើជណ្តើរឡើងព្រះដំណាក់របស់ព្រះអម្ចាស់ និងដំណាក់របស់ស្តេចព្រមទាំងពិណសម្រាប់អ្នកលេងភ្លេង។ ពីមុនមកគេពុំដែលបានឃើញឈើបែបនេះនៅស្រុកយូដាឡើយ។ 12 ព្រះបាទសាឡូម៉ូនថ្វាយអ្វីៗទាំងប៉ុន្មានដែលព្រះ ‌ នាងសព្វព្រះហឫទ័យព្រមទាំងអ្វីៗដែលព្រះព្រះ‌មហា‌ក្សត្រិ‌យានីសេបាទូលសូម លើសជាងអ្វីៗដែលព្រះនាងនាំមកថ្វាយទ្រង់ទៅទៀត។ ដូច្នេះ ព្រះនាងបានចាកចេញហើយយាងត្រឡប់ទៅស្រុករបស់ព្រះនាងវិញព្រមទាំងពួកអ្នកបម្រើរបស់ព្រះនាងផង។ 13 ព្រះ‌បាទ​សាឡូម៉ូន​ទទួល​មាស​ទម្ងន់​ម្ភៃ​ពីរតោនជារៀងរាល់ឆ្នាំ។ 14 ក្រៅពីមាសពាណិជ្ជករ និងឈ្មួញបានយកមកថ្វាយ។ ស្តេចទាំងប៉ុន្មាននៅស្រុកអារ៉ាប់ និងអភិបាលខេត្តទាំងអស់ក៏នាំយកមាសប្រាក់ទៅព្រះបាទសាឡូម៉ូនដែរ។ 15 ព្រះបាទសាឡូម៉ូនបានធ្វើខែលធំៗចំនួនពីររយខែដែលធ្វើពីមាស។ ខែលនីមួយៗត្រូវបានធ្វើឡើងដោយមាសចំនួនប្រាំមួយគីឡូក្រាម។ 16 ស្តេចក៏ធ្វើខែលតូចៗធ្វើអំពីមាសចំនួនបីរយខែលទៀតផងដែរ។ ខែលនីមួយៗធ្វើឡើងដោយមាសចំនួនមួយគីឡូក្រាមកន្លះ។ ស្តេចបានដាក់ខែលទាំងនោះនៅក្នុងវិមាននៃព្រៃលីបង់។ 17 ស្តេចបានធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុកហើយស្រោបមាសសុទ្ធផង។ 18 បល្ល័ង្កមានជណ្តើរប្រាំមួយថ្នាក់ហើយកំពូលនៃបល្ល័ង្កស្ថិតនៅជុំក្រោយ។ មានដៃដាក់នៅសងខាងកៅអី ហើយមានរូបចម្លាក់តោពីរឈរនៅជាប់នឹងដៃកៅអីនោះ។ 19 មានរូបចម្លាក់តោដប់ពីរឈរនៅលើជណ្តើរ ដោយមួយនៅសងខាងនៃជណ្តើរទាំងប្រាំមួយ។ គ្មានបល្ល័ង្កដូចនេះនៅក្នុងនគរផ្សេងទៀតទេ។ 20 ពែងទាំងប៉ុន្មានរបស់ស្តេចសាឡូម៉ូនសុទ្ធតែធ្វើពីមាសហើយពែងសម្រាប់ផឹកនៅក្នុងដំណាក់ព្រៃស្រុកលីបង់ទាំងអស់សុទ្ធតែធ្វើពីមាសសុទ្ធ។ គ្មានប្រាក់ទេពីព្រោះប្រាក់មិនត្រូវបានគេចាត់ទុកថាមានតម្លៃឡើយ នៅរាជកាលព្រះបាទសាឡូម៉ូន។ 21 ព្រះរាជាមានសំពៅមួយនៅតាមឆ្នេរសមុទ្ររួមនឹងសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ រៀងរាល់បីឆ្នាំម្តងកងនាវាបាននាំយកមាសប្រាក់ និងភ្លុកព្រមទាំងសត្វស្វាផង។ 22 ដូច្នេះ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសស្តេចទាំងអស់នៅលើពិភពលោក។ 23 មនុស្សទាំងអស់នៅលើផែនដីនាំគ្នាស្វែងរកវត្តមានរបស់ព្រះបាទសាឡូម៉ូន ដើម្បីស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្តេច។ 24 ជារៀងរាល់ឆ្នាំ អស់អ្នកដែលឡើងទៅសួរសុខទុក្ខស្តេច តែងនាំយកវត្ថុសួយសារអាករពីមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសាស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាផង។ 25 ព្រះបាទសាឡូម៉ូនមានរទេះចម្បាំងចំនួនបួនពាន់សម្រាប់ពលទ័ពសេះ និងរទេះសេះ ហើយមានពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់ ទ្រង់​ទុក​មួយ​ចំនួន​តាម​ក្រុង​នានា ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​ទ័ព​ទាំង​នោះ​ និង​មួយ​ចំនួន​ទៀត​ឲ្យ​​នៅ​ជា​មួយ​ព្រះអង្គក្នុង​ក្រុង​យេរូ‌សាឡិម។ 26 ស្តេចបានគ្រប់គ្រងលើស្តេចទាំងអស់ចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងរហូតដល់ព្រំប្រទល់ស្រុកអេស៊ីប។ 27 នៅក្រុងយេរូសាឡិម ស្តេចបានធ្វើឲ្យមានប្រាក់ដូចដុំថ្មនៅលើដី។ ទ្រង់បានធ្វើឲ្យមានឈើតាត្រៅច្រើនដូចដើមរាំងនៅតាមតំបន់ទំនាប។ 28 គេនាំសេះមកថ្វាយព្រះបាទសាឡូម៉ូនពីស្រុកអេស៊ីប និងពីស្រុកនានា។ 29 តើគេពុំបានសរសេរក្នុងសៀវភៅប្រវត្តិរបស់លោកណាថាន់ជាព្យាការីនៅក្នុងទំនាយរបស់អហ៊ីយ៉ាជាអ្នកស៊ីលូន និងនៅក្នុងសៀវភៅលោកអ៊ីដដូជាអ្នកមើលឆុតទាក់ទងនឹងលោកយេរ៉ូបោមជាកូនរបស់លោកនេបាតឬអី?។ 30 ព្រះបាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងយេរូសាឡិមរយៈពេលសែសិបឆ្នាំ។ 31 ព្រះបាទសាឡូម៉ូនសោយទិវង្គតជាមួយបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលហើយប្រជាជនក៏បញ្ចុះសពព្រះអង្គនៅក្រុងព្រះបាទដាវីឌជាបិតា។ ព្រះបាទរេហូបោមជាបុត្របានឡើងស្នងរាជ្យបន្ត។