ជំពូក ៣៥

1 ព្រះបាទយ៉ូសៀសបានធ្វើបុណ្យចម្លងថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡិម ហើយពួកគេបានសម្លាប់កូនចៀមសម្រាប់បុណ្យចម្លងនៅថ្ងៃទីដប់បួននៃខែទីមួយ។ 2 ស្តេចបាន​តែង‌តាំង​ពួក​បូជា‌ចារ្យឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន ហើយ​បានលើកទឹកចិត្ត​ពួក​គេនៅក្នុងការ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់។ 3 ស្តេចមានរាជឱង្ការទៅកាន់ពួកលេវីជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែលទាំងមូល និងជាអ្នកដែលបានញែកខ្លួនថ្វាយព្រះអម្ចាស់ថា៖ «សូមដាក់ហឹបដ៏សក្ការៈក្នុងព្រះដំណាក់ដែលព្រះបាទ​សាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលបានសង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហឹប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​ថ្វាយបង្គំព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។ 4 ចូររៀបចំខ្លួនតាមឈ្មោះវង្សត្រកូល និងក្រុមរបស់អ្នករាល់គ្នាស្របតាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូនជាបុត្ររបស់ទ្រង់។ 5 ចូរឈរនៅទីបរិសុទ្ធ នៅតាមកន្លែងរបស់អ្នករាល់គ្នា តាមតំណវង្សត្រកូលដូនតានិងបងប្អូនរបស់អ្នករាល់គ្នា តាមតំណកូនចៅនៃប្រជាជន និងនៅតាមកន្លែងរបស់អ្នករាល់គ្នាជាមួយក្រុមរបស់អ្នករាល់គ្នានៅក្នុងវង្សត្រកូលរបស់ពួកលេវី។ 6 ចូរសម្លាប់កូនចៀមសម្រាប់បុណ្យចម្លង ហើយញែកខ្លួនឲ្យបានវិសុទ្ធ ចូររៀបចំកូនចៀមសម្រាប់បងប្អូនរបស់អ្នករាល់គ្នា ចូរធ្វើឲ្យស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ»។ 7 ព្រះ‌បាទ​យ៉ូសៀសបានប្រទានកូនចៀម និងកូនពពែចំនួនបីម៉ឺនក្បាលពីហ្វូងសត្វសម្រាប់ធ្វើយញ្ញបូជាក្នុងពិធីបុណ្យចម្លង។ ស្តេចក៏ប្រទានគោបីពាន់ក្បាល ទាំងនេះជាសម្បត្ដិរបស់ព្រះរាជាផ្ទាល់។ 8 ពួកអ្នកដឹកនាំរបស់ស្តេចក៏បានថ្វាយតង្វាយស្ម័គ្រចិត្តដល់ប្រជាជន ពួកបូជាចារ្យ និងពួកលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែលដែលជាអ្នកទទួលខុសត្រូវក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ជូនពួកបូជាចារ្យសម្រាប់ពិធីបុណ្យចម្លងនូវកូនគោចំនួន ២,៦០០ ក្បាល និងគោឈ្មោលចំនួនបីរយក្បាល។ 9 ហើយលោក​កូណា‌នា លោក​សេម៉ាយ៉ា និង​លោក​នេថា‌នេល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសាប‌៊ីយ៉ា លោក​យេហ៊ីអែល និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ដឹក​នាំ​ពួក​លេវី ក៏យក​កូនគោ ៥,០០០​ក្បាល ព្រម​ទាំង​គោឈ្មោល ៥០០​ក្បាល ប្រគល់​ជូន​ពួក​លេវី សម្រាប់​ពិធី​បុណ្យ​ចម្លង។ 10 ដូច្នេះ​ ​​គេរៀបចំពិធីបូជា ហើយពួកបូជាចារ្យឈរនៅកន្លែងរបស់ខ្លួនជាមួយពួកលេវីតាមមុខងាររបស់គេស្របតាមបញ្ជារបស់ស្តេច។ 11 ពួកគេបានសម្លាប់កូនចៀមនៃបុណ្យចម្លង​ ហើយពួកបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី ចំណែក ពួកលេវីធ្វើការពន្លះស្បែកកូនចៀម។ 12 គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សម្រាប់ចែក​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជា‌ជន ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុងកណ្ឌ​គម្ពីរ​របស់​លោក​ម៉ូសេ។ ពួកគេបានធ្វើដូចគ្នាជាមួយគោឈ្មោលដែរ។ 13 ពួកគេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើងស្រប​តាម​ការណែនាំ។ ចំណែក​ តង្វាយ​សក្ការៈ​វិញ ពួកគេ​ចម្អិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។ 14 បន្ទាប់មក ពួកគេរៀបចំតង្វាយសម្រាប់ខ្លួនពួកគេផ្ទាល់ និងសម្រាប់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុននាំគ្នាថ្វាយតង្វាយដុត និងខ្លាញ់រហូតដល់ពេលយប់។ ដូច្នេះ ពួកលេវីបានរៀបចំតង្វាយសម្រាប់ខ្លួនឯង និងពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន។ 15 ក្រុមចម្រៀងដែលជាកូនចៅរបស់លោកអេសាភ បាននៅកន្លែងរបស់គេ ស្របតាមការណែនាំរបស់ព្រះបាទដាវីឌលោកអេសាភ លោកហេម៉ានព្រមទាំងលោកយេឌូថុនជាព្យាការីរបស់ព្រះរាជា។ ពួកគេមិនចាំបាច់ចាកចេញពីកន្លែងទេពីព្រោះពួកលេវីដែលជាបងប្អូនរបស់ពួកគេបានរៀបចំម្ហូបសម្រាប់ពួកគេ។ 16 នៅគ្រានោះ គេបំពេញកិច្ចការរបស់ព្រះអម្ចាស់ទាំងមូលសម្រាប់ការអបអរពិធីបុណ្យចម្លង និងថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈរបស់ព្រះអម្ចាស់ស្របតាមបញ្ជារបស់ស្តេចយ៉ូសៀស។ 17 ប្រជាជនអ៊ីស្រាអែលដែលបានចូលរួមបានបន្តប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃ។ 18 តាំងពីជំនាន់ព្យាការីសាំយូអែលគ្មាននរណាម្នាក់ធ្វើពិធីបុណ្យចម្លងបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ ហើយក៏មិនដែលមានស្តេចអង្គណាធ្វើពិធីបុណ្យចម្លងដូចព្រះបាទយ៉ូសៀសរួមជាមួយពួកបូជាចារ្យ ពួកលេវី និងប្រជាជនយូដា ជនជាតិអ៊ីស្រាអែលដែលមានវត្តមាន និងប្រជាជននៅក្រុងយេរូសាឡិមដែរ។ 19 គេ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នេះ ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូ‌សៀស។ 20 ក្រោយហេតុការណ៍ទាំងនេះ គឺក្រោយពេលដែលព្រះបាទយ៉ូសៀសជួសជុលព្រះវិហាររួចរាល់ហើយ ព្រះបាទផារ៉ោននេកោ ជាស្តេចស្រុកអេស៊ីបបានលោកទទ័ពទៅច្បាំងជាមួយក្រុងកើកេមីស នៅទន្លេអឺប្រាត ពេលនោះព្រះបាទយ៉ូសៀសបានឡើងទៅស្ទាក់ផ្លូវទ្រង់។ 21 ប៉ុន្តែ ព្រះបាទ​នេ‌កោ​បានបញ្ជូនឯកអគ្គរដ្ឋទូតឲ្យមកទូលស្តេចថា៖ «បពិត្រ ស្តេចស្រុកយូដាអើយ! តើទូលបង្គំបានធ្វើអ្វីដល់ព្រះករុណា? ថ្ងៃនេះ ទូលបង្គំមិនមកច្បាំងនឹងព្រះករុណាទេ ប៉ុន្តែ គឺប្រឆាំងនឹងផ្ទះដែលទូលបង្គំកំពុងធ្វើសង្គ្រាមវិញ។ ព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំទៅជាប្រញាប់ ដូច្នេះ សូមកុំរាំងស្ទះផ្លូវទូលបង្គំអី ដ្បិត ព្រះអម្ចាស់គង់ជាមួយទូលបង្គំ ក្រែងលោទ្រង់ប្រហារព្រះករុណាឲ្យវិនាស»។ 22 ទោះយ៉ាងណា ព្រះបាទយ៉ូសៀសបានបដិសេធ និងមិនងាកចេញឡើយ។ ស្តេចក្លែងខ្លួន ដើម្បីប្រយុទ្ធជាមួយស្តេច។ ស្តេចមិនបានស្តាប់សំដីរបស់ព្រះបាទនេកោដែលចេញពីព្រះឱស្តរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះ ស្តេចឡើងទៅប្រយុទ្ធនៅជ្រលងភ្នំមេគីដោ។ 23 ទាហានបានបាញ់ត្រូវព្រះបាទ​យ៉ូសៀស ហើយស្តេចបានមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិត យើងញុំត្រូវរបួសធ្ងន់ណាស់»។ 24 ពួករាជបម្រើនាំស្តេចចុះពីលើរទេះសេះ ហើយដាក់ក្នុងរទេះចម្បាំងមួយទៀតរបស់ស្តេច។ ពួកគេបាននាំស្តេចទៅក្រុងយេរូសាឡិម ជាកន្លែងដែលស្តេចសោយទិវង្គត។ ស្តេចត្រូវបានគេបញ្ចុះនៅក្នុងផ្នូរនៃបុព្វបុរសរបស់ស្តេច។ ប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមនាំគ្នាកាន់ទុក្ខព្រះបាទយ៉ូសៀស។ 25 លោកយេរេមាបានទួញសោកចំពោះព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីទាំងអស់នាំគ្នាយំទួញអំពីព្រះបាទយ៉ូសៀសរហូតដល់សព្វថ្ងៃ។ បទចម្រៀងទាំងនេះក្លាយជាទម្លាប់នៅអ៊ីស្រាអែល មើល! គេសរសេរជាបទចម្រៀងសោកសៅផង។ 26 ចំពោះកិច្ចការឯទៀតៗដែលទាក់ទងនឹងព្រះបាទយ៉ូសៀស និងអំពើល្អដែលព្រះអង្គបានប្រព្រឹត្ដដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ 27 កិច្ចការទាំងប៉ុន្មានដែលស្តេចបានធ្វើតាំងពីដើមដល់ចប់សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។