ជំពូក ៣៤

1 ព្រះបាទយ៉ូសៀសមានព្រះជន្មប្រាំបីព្រះវស្សា ពេលស្តេចឡើងសោយរាជ្យ ហើយសោយរាជ្យបានសាមសិបមួយព្រះវស្សានៅក្រុងយេរូសាឡិម។ 2 ស្តេចបានប្រព្រឹត្តអំពើសុចរិត ដែលជាទីគាប់ព្រះះឫទ័យព្រះជាម្ចាស់ ដោយបានប្រព្រឹត្តគំរូព្រះបាទដាវីឌ ជាអយ្យកោ ដោយឥតបែរទៅស្តាំ ឬទៅឆ្វេងឡើយ។ 3 ឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច នៅពេលដែលស្តេចនៅក្មេងនៅឡើយ ស្តេចចាប់ផ្តើមស្វែងរកព្រះរបស់ព្រះបាទដាវីឌដែលជាបុព្វបុរសរបស់ស្តេច។ នៅឆ្នាំទីដប់ពីរស្តេចចាប់ផ្តើមសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ពីកន្លែងខ្ពស់ៗ បង្គោលព្រះអាសេរ៉ា រូបចម្លាក់ និងរូបបដិមាករផ្សេងៗ។ 4 ប្រជាជនបានរំលំអាសនៈរបស់ព្រះបាលនៅ​ចំពោះ​ព្រះ‌ភក្ត្រព្រះករុណា ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូបដែល​ស្ថិត​នៅ​លើ​នោះ​ផង។ ស្ដេច​បាន​បំបាក់​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ាព្រម​ទាំង​កម្ទេច​រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើឲ្យ​ក្លាយ​ទៅ​ជា​ធូលីរួច​យក​ទៅ​ចាក់​លើ​ផ្នូរ​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​យញ្ញ‌បូជា​នៅ​មុខ​រូប​ទាំង​នោះ។ 5 ស្តេចបានដុត​ធាតុ​របស់​ពួក​បូជា‌ចារ្យ​នៃ​ព្រះ​ដទៃនៅ​លើ​អាសនៈ​របស់​គេ។ ស្ដេច​ធ្វើ​ដូច្នេះដើម្បីសម្អាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ឲ្យ​ស្អាត។ 6 ស្តេចក៏បានធ្វើដូចគ្នានៅក្រុងម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន និងរហូតដល់ទឹកដីណែថាលី និងនៅតាមគំនរបាក់បែកដែលព័ទ្ធជុំវិញផង។ 7 ស្តេចបានកម្ទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមាឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូបនៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល រួច​ស្តេចបានយាង​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ។ 8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេចក្រោយពេលដែលព្រះបាទយ៉ូសៀសបានសម្អាតស្រុក និងព្រះវិហាររួចហើយ ស្តេចបានចាត់លោកសាផានជាកូនរបស់លោកអសាលា និងលោកម៉ាសេយ៉ា ជាអភិបាលក្រុង និងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស ជាលេខាធិការឲ្យជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់ស្តេច។ 9 ពួកគេបានទៅជួបលោកហ៊ីលគីយ៉ាជាមហាបូជាចារ្យហើយបានប្រគល់ប្រាក់ដែលបានយកមកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែលពួកលេវីជាអ្នកយាមទ្វារបានមកប្រមូលពីម៉ាណាសេ និងអេប្រាអ៊ីម មកពីជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ព្រមទាំងពីប្រជាជនយូដា បេនយ៉ាមីន និងប្រជាជននៅក្រុងយេរូសាឡិមទាំងមូល។ 10 ពួកគេបានប្រគល់ប្រាក់ទៅឲ្យពួកមេជាងត្រួតត្រាលើការជួសជុលព្រះវិហាររបស់ព្រះអម្ចាស់។ អ្នកទាំងនោះបានយកប្រាក់នោះបង់ថ្លៃឈ្នួលឲ្យកម្មករដែលជួសជុល និងស្តារព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ។ 11 ពួកគេបានបង់ថ្លៃឈ្នួលដល់ពួក​ជាង​ឈើ ជាង​សំណង់ និង​សម្រាប់​ទិញ​ថ្ម‌ដាប់ និង​ឈើសម្រាប់​ប្រើ​ជា​ធ្នឹម ផ្លាន ហើយ​សម្រាប់​ជួស‌ជុល​អាគារ​ផ្សេងៗ ដែល​ស្ដេច​ស្រុក​យូដា​ជំនាន់​មុនៗ​បាន​បំផ្លាញ។ 12 ពួកអ្នកទាំងនោះបានធ្វើកិច្ចការនេះដោយស្មោះត្រង់។ អ្នកមើលខុសត្រូវលើកិច្ចការពួកគេគឺលោកយ៉ាហាត់និងលោកអូបាឌាជាពួកលេវី ក្នុងអំបូរម៉្រារី លោកសាការី និងលោកមេស៊ូឡាមកពីកូនចៅរបស់លោកកេហាត់។ ពួកលេវីឯទៀតៗដែលសុទ្ធតែជាអ្នកលេងភ្លេងដ៏ពូកែបានដឹកនាំកម្មករយ៉ាងជិតស្និត។ 13 ពួកលេវីមានភារកិច្ចមើលខុសត្រូវលើអស់អ្នកដែលលីសែងគ្រឿងសំណង់ និងមនុស្សឯទៀតៗដែលធ្វើការតាមរបៀបផ្សេងៗ។ មានពួកលេវីខ្លះដែលជាលេខាធិការអ្នកគ្រប់គ្រង និងអ្នកយាមទ្វារផង។ 14 ពេល​គេ​យក​ប្រាក់ ដែល​ប្រជា‌ជន​ថ្វាយ​ជា​តង្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ​មក នោះ​លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​រក​ឃើញ​គម្ពីរ‌វិន័យ ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ។ 15 បូជា‌ចារ្យ​ហ៊ីល‌គីយ៉ាមានប្រសាសន៍ទៅលោកសាផានជាស្មៀនថា៖ «ខ្ញុំបានរកឃើញសៀវភៅក្រឹត្យវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់»។ លោកហ៊ីលគីយ៉ាបានយកសៀវភៅនោះឲ្យទៅលោកសាផាន។ 16 លោកសាផានយកសៀវភៅទៅថ្វាយព្រះរាជា ហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! យើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គបានធ្វើអ្វីទាំងអស់តាមព្រះរាជបញ្ជា។ 17 ពួកគេបានដកប្រាក់ដែលរកបាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ហើយប្រគល់ទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកត្រួតត្រា និងអ្នកធ្វើការរួចរាល់ហើយ។ 18 លោកសាផានជាស្មៀនបានទូលព្រះរាជាថា៖ «បូជាចារ្យហ៊ីលគីយ៉ាបានប្រគល់សៀវភៅមួយឲ្យទូលបង្គំ»។ បន្ទាប់មក លោកសាផានបានអាននៅក្នុងនោះថ្វាយព្រះរាជា។ 19 កាលព្រះរាជាបានឮសេចក្តីទាំងប៉ុន្មានដែលមានចែងនៅក្នុងក្រឹត្យវិន័យ ស្តេចក៏ហែកព្រះភូសាទ្រង់។ 20 ស្តេចបានបញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន ​ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន ​ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា​ ជា​រាជ​បម្រើ​ថា៖ 21 «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដាពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។ 22 ដូច្នេះ លោកហ៊ីលគីយ៉ា និងអ្នកដែលព្រះរាជាបានបញ្ជា ពួកគេបានទៅឯលោកស្រីហ៊ូលដា ជាព្យាការិនីដែលជាភរិយារបស់លោកសាលូមជាកូនរបស់លោកតូហាត់ ជាកូនរបស់លោកហាសរ៉ា គឺជាអ្នកថែរក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ (នាងរស់នៅក្រុងយេរូសាឡិមនៅសង្កាត់ទីពីរ) ហើយពួកគេបាននិយាយជាមួយនាងអំពីរឿងនេះ។ 23 នាងឆ្លើយទៅពួកគេថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល៖ ចូរប្រាប់បុរសដែលចាត់អ្នកឲ្យមករកខ្ញុំថា៖ 24 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល៖ «យើងនឹងធ្វើឲ្យមានគ្រោះមហន្តរាយកើតឡើងនៅលើទីនេះ និងប្រជាជននេះ ស្របតាមគ្រប់ទាំងបណ្ដាសាដែលមានចែងទុកក្នុងសៀវភៅដែលគេបានអាននៅចំពោះមុខស្តេចយូដា។ 25 ព្រោះពួកគេបានបោះបង់ចោលយើង ហើយបានដុតគ្រឿងក្រអូបដល់ព្រះឯទៀតៗ ដើម្បីឲ្យយើងខឹងនឹងអំពើទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្ត។ ដូច្នេះ កំហឹងរបស់យើងនឹងចាក់លើកន្លែងនេះ ហើយវានឹងមិនត្រូវរលត់ឡើយ។ 26 ប៉ុន្តែ ចំពោះស្តេចស្រុកយូដាដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដាថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។ 27 ព្រោះអ្នកមានចិត្តទន់ភ្លន់ ហើយអ្នកបន្ទាបខ្លួននៅចំពោះព្រះនៅពេលអ្នកឮព្រះបន្ទូលរបស់ព្រះអង្គប្រឆាំងនឹងកន្លែងនេះ និងប្រជាជននៅទីនោះ ដោយព្រោះអ្នកបន្ទាបខ្លួននៅចំពោះមុខយើងហើយបានហែកសម្លៀកបំពាក់របស់អ្នកហើយយំនៅចំពោះមុខយើង នោះយើងក៏បានស្តាប់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ 28 មើល! យើងនឹងប្រមូលអ្នកទៅជួបបុព្វបុរសរបស់អ្នក។ អ្នកនឹងត្រូវប្រមូលទៅក្នុងផ្នូររបស់អ្នកដោយសុខសាន្ដ ហើយភ្នែកអ្នកនឹងមិនឃើញគ្រោះមហន្តរាយដែលយើងនឹងនាំមកលើកន្លែងនេះ និងប្រជាជននៅក្រុងនោះឡើយ»។ អ្នកទាំងនោះក៏នាំពាក្យនេះមកទូលស្តេច។ 29 ព្រះរាជាចាត់អ្នកនាំសារឲ្យទៅ ហើយនាំចាស់ទុំទាំងអស់នៅស្រុកយូដានិងក្រុងយេរូសាឡិមមកជុំគ្នា។ 30 បន្ទាប់មក ព្រះរាជាយាងឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ព្រមទាំងប្រជាជននៅស្រុកយូដា និងអ្នកក្រុងយេរូសាឡិមពួកបូជាចារ្យ ពួកលេវី និងប្រជាជនទាំងមូលចាប់ពីអ្នកធំដល់តូច។ បន្ទាប់មក ស្តេចបានអានឲ្យគេស្តាប់គ្រប់ទាំងពាក្យទាំងអស់នៃសៀវភៅសម្ពន្ធមេត្រីដែលគេបានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 31 ស្តេចបានឈរនៅកន្លែងរបស់ខ្លួនហើយបានចងសម្ពន្ធមេត្រីនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដើម្បីដើរតាមព្រះអម្ចាស់និងប្រតិបត្តិតាមបទបញ្ជា ដំបូន្មាន និងលក្ខន្តិកៈរបស់ព្រះអង្គដោយអស់ពីដួងចិត្តនិងពីព្រលឹងរបស់ព្រះអង្គ ដើម្បីនឹងស្តាប់តាមគ្រប់សេចក្តីនៅក្នុងសៀវភៅនេះ។ 32 ព្រះករុណាបានបញ្ជាឲ្យអស់អ្នកដែលរស់នៅនៅក្រុងយេរូសាឡិម និង​បេនយ៉ា​មីន​ឈរនៅជាប់នឹងសម្ពន្ធមេត្រី។ ប្រជាជន​នៅ​ក្រុងយេរូសាឡិមបានប្រព្រឹត្ដដោយគោរពចំពោះកិច្ចព្រមព្រៀងរបស់ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ 33 ព្រះបាទយ៉ូសៀសបានបំផ្លាញរបស់ដ៏គួរស្អប់ខ្ពើមចេញពីទឹកដីដែលជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែល។ ស្តេចបានឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់ថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់គេ។ អស់មួយជីវិតរបស់ពួកគេពួកគេមិនងាកចេញពីព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេឡើយ។