ជំពូក ៣៣

1 កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ពេលទ្រង់មានព្រះជន្មដប់ពីរព្រះវស្សា។ ស្តេចសោយរាជ្យបានហាសិបប្រាំព្រះវស្សា នៅក្រុងយេរូសាឡិម។ 2 ស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។ 3 ស្តេចបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទហេសេគា ជាបិតាបានរំលំចោល​ ស្តេចបានសង់អាសនៈទាំងនោះសម្រាប់ព្រះបាលឡើងវិញ ស្តេចបានសង់បង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំផ្កាយទាំងអស់នៅលើមេឃក៏ក្រាបថ្វាយបង្គំរូបទាំងនោះផង។ 4 ព្រះបាទម៉ាណាសេបានសង់អាសនៈសក្ការៈនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទោះបីព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងយកក្រុងយេរូសាឡិម ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ»។ 5 ស្តេចបានសង់អាសនៈសម្រាប់ផ្កាយទាំងអស់នៅលើមេឃក្នុងទីធ្លាពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 6 ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ស្ដេច​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប‌ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ 7 ស្តេចបានយករូបចម្លាក់របស់ព្រះអាសេរ៉ា ដែលស្តេចបានធ្វើទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលមកព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រអំពីព្រះដំណាក់នេះ ដោយមានព្រះបន្ទូលថា៖ «យើងគង់នៅក្នុងដំណាក់នេះ និងនៅក្រុងយេរូសាឡិម ជាកន្លែងដែលយើងបានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់នាមយើងជារៀងរហូត។ 8 យើងនឹងមិនដកពួកគេចេញពីទឹកដីដែលយើងបានឲ្យដល់បុព្វបុរសរបស់គេឡើយ ប្រសិនបើ ពួកគេយកចិត្តទុកដាក់តែនឹងកាន់តាមអ្វីៗដែលយើងបានបង្គាប់ឲ្យពួកគេធ្វើ ហើយកាន់តាមច្បាប់ក្រឹត្យវិន័យដែលយើងបានប្រគល់ឲ្យលោកម៉ូសេ»។ 9 ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិមឲ្យធ្វើបាបលើសជាងប្រជាជាតិនានាដែលព្រះអម្ចាស់បានបំផ្លាញនៅចំពោះមុខជនជាតិអ៊ីស្រាអែល។ 10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជនរបស់ព្រះអង្គតែពួកគេមិនយកចិត្តទុកដាក់ស្តាប់ទេ។ 11 ព្រះអម្ចាស់បាននាំមេបញ្ជាការកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរីដែលបានចាប់យកព្រះបាទម៉ាណាសេដាក់ច្រវាក់ចងដៃស្តេចហើយនាំគាត់ទៅស្រុកបាប៊ីឡូន។ 12 ពេលព្រះបាទម៉ាណាសេរងទុក្ខវេទនា ស្តេចអង្វរព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ហើយបន្ទាបខ្លួនយ៉ាងខ្លាំងនៅចំពោះមុខព្រះនៃបុព្វបុរសរបស់ទ្រង់។ 13 ស្តេចបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលអង្វរព្រះជាម្ចាស់នោះព្រះជាម្ចាស់សណ្ដាប់ពាក្យអង្វររបស់ស្តេចហើយនាំស្តេចវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញឲ្យឡើងគ្រងរាជ្យ។ ពេលនោះ ព្រះបាទម៉ាណាសេដឹងថា ព្រះអម្ចាស់ជាព្រះជាម្ចាស់។ 14 បន្ទាប់មក ព្រះបាទម៉ាណាសេបានសង់កំពែងខាងក្រៅឆ្ពោះទៅក្រុងដាវីឌ នៅខាងលិចគីហូននៅជ្រលងភ្នំរហូតដល់ច្រកចូលទ្វារត្រី។ ស្តេចបានសង់ព័ទ្ធជុំវិញភ្នំអូភែល ហើយលើកកំពែងឡើងដល់កម្ពស់មួយយ៉ាងខ្ពស់។ ស្តេចបានតែងតាំងមេបញ្ជាការដ៏ក្លាហាននៅក្នុងក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ 15 ស្តេចបានយករូបព្រះដទៃចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ និងអាសនៈទាំងអស់ដែលស្តេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្រុងយេរូសាឡិមយកទៅបោះចោលនៅខាងក្រៅទីក្រុង។ 16 ស្តេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ ហើយបានថ្វាយយញ្ញ ‌ បូជាមេត្រីភាព និងតង្វាយអរព្រះគុណនៅលើអាសនៈនោះ។ ស្តេចបានមានរាជបញ្ជាឲ្យប្រជាជនយូដាគោរពបម្រើព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ 17 ទោះជាយ៉ាងណា ប្រជាជននៅតែបន្តធ្វើយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែលតែថ្វាយព្រះអម្ចាស់ជាព្រះរបស់គេប៉ុណ្ណោះ។ 18 រាជកិច្ច និងបញ្ហាផ្សេងទៀតទាក់ទងនឹងព្រះបាទម៉ាណាសេ ការអធិស្ឋានទូលអង្វរដល់ព្រះរបស់ស្តេច និងសំដីរបស់ពួកគ្រូទាយដែលបាននិយាយជាមួយស្តេចក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកនៅក្នុងសៀវភៅប្រវត្តិស្តេចស្រុកអ៊ីស្រាអែល។ 19 នៅក្នុងកំណត់ត្រានោះមាន​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទីសក្ការៈ​តាម​ទួល​ខ្ពស់ៗហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ពួកព្យាការី។ 20 ព្រះបាទម៉ាណាសេសោយបានចូលទិវង្គតជាមួយបុព្វបុរស គេយកសពទៅបញ្ចុះនៅឯដំណាក់ស្តេចផ្តាល់។ ព្រះបាទអាំម៉ូនជាបុត្រាបានឡើងសោយរាជ្យជំនួស។ 21 ព្រះបាទអាំម៉ូនមានជន្មាយុម្ភៃពីរព្រះវស្សា ពេលចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡិម។ 22 ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតាបានធ្វើ។ ព្រះបាទអាំម៉ូនបានថ្វាយយញ្ញបូជាដល់រូបចម្លាក់ទាំងអស់ដែលព្រះបាទម៉ាណាសេ ជាបិតាបានធ្វើ។ 23 ស្តេចពុំបានបន្ទាបខ្លួនចំពោះព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតាបានធ្វើនោះទេ។ ផ្ទុយទៅវិញ ព្រះបាទអាំម៉ូនបានប្រព្រឹត្តកាន់តែអាក្រក់ឡើងៗ ។ 24 ពួករាជបម្រើរបស់ស្តេចបានឃុប​ឃិត​គ្នាប្រឆាំងនឹងស្តេច ហើយធ្វើគុតស្តេចនៅក្នុងព្រះរាជដំណាក់។ 25 ប៉ុន្តែ ប្រជាជននៅស្រុកនោះបានសម្លាប់អស់អ្នកដែលបានឃុបឃិតគ្នាប្រឆាំងនឹងស្តេចអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀសជាបុត្រឲ្យឡើងស្នងរាជ្យជំនួសវិញ។