ជំពូក ៣២

1 ក្រោយ​ការទាំងនេះមក បន្ទាប់ពីព្រះ‌បាទ​ហេ‌សេគាបង្ហាញភក្ដី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់​នោះ​មក ព្រះបាទ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​មក ហើយបានចូលមកក្នុងស្រុក​យូដា។ ស្តេចបានបោះជំរំ ហើយបានវាយប្រហារសែសិបទីក្រុង ស្តេចមានគោលបំណង់ចង់ចាប់យកដើម្បីព្រះអង្គផ្ទាល់។ 2 កាលព្រះបាទហេសេគាបានឃើញថាព្រះបាទសានហេរីបមកដល់ហើយមានបំណងធ្វើសង្គ្រាមនឹងក្រុងយេរូសាឡិម។ 3 ស្តេចបានពិគ្រោះយោបល់ជាមួយមេដឹកនាំ និងអ្នកដែលមានអំណាចរបស់ព្រះអង្គឲ្យបញ្ឈប់ប្រភពទឹកដែលនៅខាងក្រៅទីក្រុង ពួកគេបានជួយធ្វើការនោះ។ 4 មានមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាហើយបញ្ឈប់ប្រភពទឹក និងប្រឡាយទាំងអស់ដែលហូរកាត់តំបន់នោះ។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាត្រូវទុកឲ្យស្តេចស្រុកអាស្ស៊ីរីមានទឹកច្រើនប្រើ?»។ 5 ព្រះបាទហេសេគាមានចិត្ដក្លាហាននិងសង់កំពែងទាំងអស់ដែលបាក់បែក។ ស្តេចបានសង់ប៉មខ្ពស់ៗ និងជញ្ជាំងមួយទៀតនៅខាងក្រៅ។ ស្តេចក៏បានពង្រឹងក្រុងមីលឡូនៅក្នុងក្រុងព្រះបាទដាវីឌដែរ ហើយស្តេចក៏ធ្វើគ្រឿងសព្វាវុធ និងខែលយ៉ាងច្រើន។ 6 ស្តេចបានតែងតាំងមេបញ្ជាការយោធាលើប្រជាជន។ ស្តេចបានប្រមូលពួកគេមកជួបនៅតាមផ្លូវធំ នៅមាត់ទ្វារក្រុងហើយមានរាជឱង្កាលើកទឹកចិត្ដពួកគេ។ ស្តេចមានរាជឱង្កាថា៖ 7 «ចូរមានកម្លាំងនិងចិត្តក្លាហានឡើង។ កុំភ័យខ្លាច កុំធ្លាក់ទឹកចិត្ត ព្រោះតែស្តេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលនៅជាមួយទ្រង់ឡើយ ដ្បិត មានម្នាក់ដែលនៅជាមួយយើងដែលធំជាងអ្នកដែលនៅជាមួយស្តេចទៅទៀត។ 8 ​ស្តេច​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះនៃយើង គង់ជាមួយយើង ដើម្បីជួយយើង ហើយយើងនឹងប្រយុទ្ធនៅក្នុងសមរភូមិរបស់យើង។ ជនជាតិអ៊ីស្រាអែលទទួលការកំសាន្តចិត្តដោយព្រោះពាក្យរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ 9 បន្ទាប់មក ព្រះបាទសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីបានចាត់អ្នកបម្រើរបស់ព្រះអង្គឲ្យទៅក្រុងយេរូសាឡិម (ដ្បិត ស្តេច និងពួកពលទ័ពបាននៅទីក្រុងឡាគីសហើយ) ដើម្បីចូលគាល់ ព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងកងទ័ពយូដាទាំងមូលដែលនៅក្រុងយេរូសាឡិម។​ លោកមានប្រសាសន៍ថា៖ 10 «នេះជាអ្វីដែលព្រះបាទសាន​ហេរីប​ជាស្ដេចស្រុកអាស្ស៊ីរីមានរាជឱង្ការថា៖ «តើអ្នកពឹងផ្អែកលើអ្វី ដើម្បីទ្រាំទ្រនឹងការឡោមព័ទ្ធក្រុងយេរូសាឡិម? 11 តើព្រះបាទហេ‌សេគាមិនបាន​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក ដោយ​ស្ដេច​ប្រាប់​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើងនឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មិន​ខាន? 12 តើមិនមែនព្រះបាទ​ហេ‌សេគា​ ដែល​បាន​បំផ្លាញ​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កម្ទេច​អាសនៈ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡិម គោរព​ថ្វាយ‌បង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប​តែ​លើ​អាសនៈ​មួយ​នោះវិញទេឬអី? 13 តើអ្នក​រាល់​គ្នា​មិនដឹង​ទេឬ​អីថា​ យើង និង​ដូនតា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែនដី​នេះ? តើ​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឬ​ទេ? 14 ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ដូនតា​របស់​យើង​បំផ្លាញ​ តើមាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​? តើ​ព្រះ​របស់​អ្នក​រាល់​គ្នា​​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឬអី? 15 ឥឡូវនេះ មិន​ត្រូវ​ឲ្យ​ស្ដេច​ហេ‌សេគា​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​តាមសំដី​របស់​ស្ដេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួនឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង ឬ​ដូនតា​របស់​យើង​បាន​ឡើយ។ តើព្រះ​​របស់​អ្នក​រាល់​គ្នា​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដោយរបៀបណា?»។ 16 ពួករាជបម្រើរបស់ព្រះបាទសានហេរីបបាននិយាយប្រមាថព្រះអម្ចាស់ដ៏ជាព្រះ និងព្រះបាទហេសេគា ជាអ្នកបម្រើរបស់ព្រះអង្គថែមទៀត។ 17 ព្រះបាទសានហេរីបក៏បានសរសេរសំបុត្រផ្សេងៗ ដើម្បីប្រមាថមើលងាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងឲ្យគេនិយាយប្រឆាំងនឹងព្រះអង្គដែរ។ ស្តេចមានរាជឱង្កាថា៖ «ដូចជាព្រះរបស់ប្រជាជាតិនានានៅលើទឹកដីដែលមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់យើង ដូច្នេះ ព្រះនៃព្រះបាទហេសេគានឹងមិនរំដោះប្រជាជនរបស់ព្រះអង្គឲ្យរួចពីកណ្តាប់ដៃរបស់យើងឡើយ»។ 18 ពួកគេបាននាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ទៅកាន់ប្រជាជននៅក្នុងក្រុងយេរូសាឡិម ដែល​ស្ថិត​នៅ​តាម​កំពែង​ ដើម្បីធ្វើឲ្យភ័យ​ខ្លាច និង​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។ 19 ពួកគេបាននិយាយអំពីព្រះនៃក្រុងយេរូសាឡិម ដូចដែលពួកគេបាននិយាយអំពីព្រះរបស់ប្រជាជាតិនានានៅលើផែនដីដែលគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។ 20 ព្រះបាទហេសេគាជាស្ដេច និងព្យាការីអេសាយជាកូនរបស់លោកអម៉ុសបានអធិស្ឋានព្រោះតែរឿងនេះ ហើយគាត់បានស្រែកទៅទៅស្ថានសួគ៌។ 21 ព្រះអម្ចាស់បានចាត់ទេវតាមួយរូបដែលបានសម្លាប់ទាហានដ៏ខ្លាំងពូកែមេទ័ព និងនាយទាហាននៅក្នុងជំរំ។ ដូច្នេះ ព្រះបាទ​សានហេរីបបានវិលត្រឡប់ទៅស្រុករបស់ស្តេចវិញដោយភាពអាម៉ាស់។ ពេលដែលស្តេចចូលទៅក្នុងវិហារនៃព្រះរបស់ស្តេច នោះបុត្រារបស់ស្តេចបានធ្វើគុតស្តេចដោយដាវ។ 22 ព្រះអម្ចាស់បានសង្គ្រោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡិមពីកណ្តាប់ដៃរបស់ព្រះបាទសានហេរីបជាស្តេចស្រុកអាស្ស៊ីរីនិងពីកណ្តាប់ដៃរបស់អ្នកដទៃ ហើយឲ្យពួកគេមានសន្តិភាពនៅគ្រប់ទិសទី តាមរបៀបនេះឯង។ 23 មានមនុស្សជាច្រើននាំតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡិម ព្រមទាំងយកអំណោយដ៏មានតម្លៃមកថ្វាយព្រះបាទហេសេគា ជាស្តេចស្រុកយូដាទៀតផង ចាប់តាំងពីពេលនោះមក ព្រះអង្គត្រូវបានលើកតម្កើងនៅចំពោះមុខប្រជាជាតិទាំងអស់។ 24 នៅគ្រានោះ ្រពះបាទហេសេគាបានប្រឈួនជាទម្ងន់ហៀបតែនឹងសុគត។ ស្តេចបានអធិស្ឋានទូលអង្វរទៅកាន់ព្រះអម្ចាស់ ហើយព្រះអម្ចាស់មានបន្ទូលមកស្តេចព្រមទាំងប្រទានទីសម្កាល់មួយ ដើម្បីបញ្ជាក់ថាស្តេចនឹងទទួលការព្យាបាល។ 25 ប៉ុន្តែ ព្រះបាទហេសេគាមិនបានតបស្នងសងគុណព្រះអម្ចាស់ចំពោះជំនួយដែលព្រះអង្គបានជួយនោះទេ។ ដូច្នេះ ព្រះពិរោធបានធ្លាក់មកលើស្តេច និងប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមយ៉ាងខ្លាំង។ 26 ទោះយ៉ាងណា​ ព្រះបាទហេសេគាបានបន្ទាបខ្លួនចំពោះអំនួតនៅក្នុងចិត្តរបស់ស្តេច ទាំងស្តេច ទាំងប្រជាជននៅក្រុងយេរូសាឡិម​ ហេតុដូច្នេះហើយបានជាសេចក្តីក្រោធរបស់ព្រះអម្ចាស់មិនកើតមានដល់ពួកគេក្នុងជំនាន់ស្តេចហេសេគាឡើយ។ 27 ព្រះបាទហេសេគាមានទ្រព្យសម្បត្ដិនិងកិត្ដិយសជាច្រើន។ ស្តេចបានសាងសង់នូវឃ្លាំងសម្រាប់ដាក់ប្រាក់ មាសត្បូងមានតម្លៃ និងគ្រឿងទេស ខែលនិងវត្ថុមានតម្លៃគ្រប់ប្រភេទ។ 28 ស្តេចក៏មានឃ្លាំងសម្រាប់ស្រូវ ស្រាទំពាំងបាយជូរថ្មីប្រេង និងក្រោលសម្រាប់សត្វគ្រប់ប្រភេទ។ ស្តេចក៏មានទាំងវាលស្មៅសម្រាប់ហ្វូងសត្វផង។ 29 ព្រះករុណា​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្ដេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ព្រះករុណាមាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ​បំផុត។ 30 ព្រះបាទហេសេគាដដែលបានទប់ទឹកទន្លេគីហូននៅខាងលើ ហើយបានបង្ហូរឆ្ពោះទៅទិសខាងលិចនៃក្រុងព្រះបាទដាវីឌ។ ព្រះបាទហេសេគាទទួលជោគជ័យក្នុងគ្រប់គម្រោងរបស់ទ្រង់ទាំងអស់។ 31 ទោះយ៉ាងណា នៅពេលដែលឯកអគ្គរដ្ឋទូតដែលស្តេចនៃស្រុកបាប៊ីឡូនបានចាត់ឲ្យមកសួរព័ត៌ដល់ទ្រង់ដែលបានស្គាល់អំពីទីសម្គាល់ដ៏អស្ចារ្យដែលកើតមាននៅក្នុងស្រុក នោះព្រះជាម្ចាស់បានទុកស្តេចឲ្យនៅតែឯង ដើម្បីល្បងលស្តេច ដើម្បីឲ្យដឹងពីអ្វីទាំងអស់នៅក្នុងចិត្តរបស់ស្តេច។ 32 ចំពោះរាជកិច្ចផ្សេងទៀតដែលទាក់ទងនឹងព្រះបាទហេសេគា រួមទាំងសកម្មភាពនៃភក្ដីភាពនៃសម្ពន្ធមេត្រី អ្នកអាចឃើញថាវាត្រូវគេសរសេរនៅក្នុងសៀវភៅនិមិត្តរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស និងនៅក្នុងសៀវភៅស្តេចយូដា និងអ៊ីស្រាអែល។ 33 ព្រះបាទហេសេគាសោយទិវង្គតជាមួយបុព្វបុរសរ ហើយគេបញ្ចុះសពស្តេចនៅលើទីខ្ពស់នៅទីបញ្ចុះសពពូជពង្សព្រះបាទដាវីឌ។ ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមទាំងមូលនាំគ្នាគោរពនឹងកាន់ទុក្ខចំពោះទទួលមរណភាពរបស់ស្តេច។ ព្រះបាទម៉ាណាសេជាបុត្របានឡើងស្នងរាជ្យបន្ត។