ជំពូក ៣១

1 ក្រោយពីការទាំងអស់នេះបានចប់សព្វគ្រប់ហើយ ប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បាននាំគ្នាចេញដំណើរទៅតាមក្រុងនានានៅស្រុកយូដា ហើយបានវាយបំបែកបង្គោលថ្ម ព្រមទាំងបានរំលំបង្គោលព្រះអាសេរ៉ា ហើយពួកគេបានរំលំកន្លែងសក្ការៈបូជា និងអាសនៈនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ព្រមទាំងនៅក្នុងស្រុកអេប្រាអ៊ីម និងស្រុកម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រាអែលទាំងអស់វិលត្រឡប់ទៅផ្ទះ និងក្រុងរៀងៗខ្លួនវិញ។ 2 ព្រះបាទហេសេគាចាត់តាំងពួកបូជាចារ្យ និងពួកលេវីឲ្យបំពេញមុខងារតាមក្រុមរបស់ខ្លួនរៀងៗខ្លួន ហើយម្នាក់ៗត្រូវបានតែងតាំងឲ្យបំពេញមុខងាររបស់ខ្លួនទាំងពួកបូជាចារ្យ និងពួកលេវីរៀងៗខ្លួន។ ស្តេចតែងតាំងពួកគេឲ្យតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព បម្រើការងារ ការអរព្រះគុណ និងសរសើរនៅមាត់ទ្វារព្រះវិហារព្រះម្ចាស់។ 3 ព្រះ‌រាជា​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់។ 4 លើសពីនេះ ស្តេចបានចេញរាជបញ្ជាឲ្យប្រជាជនដែលរស់នៅក្រុងយេរូសាឡិមត្រូវចែកចំណែករបស់ដល់បូជាចារ្យ និងពួកលេវី ដើម្បីឲ្យពួកគេផ្ចង់ស្មារតីធ្វើតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ 5 ក្រោយពីទទួលបានបញ្ជានេះ ប្រជាជនអ៊ីស្រាអែលបានយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងពីអ្វីៗដែលពួកគេបានច្រូតពីចម្ការរបស់ពួកគេទាំងអស់មកថ្វាយ។ ពួកគេបានយកមួយភាគដប់នៃអ្វីៗទាំងអស់។ ដែលជាបរិមាណដ៏អស្ចារ្យ។ 6 ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាដែលរស់នៅតាមក្រុងនានានៅក្នុងស្រុកយូដាបាននាំយកដង្វាយជាគោ និង​ចៀម​មកថ្វាយជាតង្វាយមួយភាគដប់ថ្វាយព្រះអម្ចាស់ជាព្រះរបស់ពួកគេ ហើយពួកគេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។ 7 ពួកគេ​បាន​ចាប់​ផ្ដើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ‌ពីរ។ 8 ពេលព្រះ‌បាទ​ហេ‌សេគា និង​អ្នកដឹកនាំបានឃើ​គំនរ​តង្វាយ​ទាំង​នោះ ពួកគេនាំ​គ្នា​អរ​ព្រះ‌គុណដល់​ព្រះ‌អម្ចាស់ និង ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គគឺ​ជនជាតិអ៊ីស្រា‌អែល។ 9 បន្ទាប់មក ព្រះបាទហេសេគាបានសាកសួរពួកបូជាចារ្យ និងពួកលេវីអំពីគំនរទាំងនេះ។ 10 លោកអសារា ជានាយកបូជាចារ្យនៃក្រុមគ្រួសារលោកសាដុកឆ្លើយថា៖ «ចាប់តាំងពីប្រជាជនចាប់ផ្តើមនាំតង្វាយចូលព្រះដំណាក់របស់ព្រះអម្ចាស់យើងបានបរិភោគហើយមាននៅសល់ជាច្រើនហើយនៅសល់ជាច្រើនទៀត ដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីដែលនៅសេសសល់គឺចំនួនដ៏ច្រើននៅទីនេះ។ 11 ព្រះបាទហេសេគាបានចេញរាជបញ្ជាឲ្យគេរៀបចំឃ្លាំងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 12 នោះ ពួកគេបានស្មោះត្រង់ក្នុងការនាំយកតង្វាយផ្សេងៗ មួយភាគដប់ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ លោកកូណានា ជាលេវី គឺជាអ្នកមើលខុសត្រូវលើពួកគេ ហើយលោកស៊ីម៉ៃជាបងប្អូនរបស់គាត់ជាអ្នកកាន់តំណែងទីពីរ។ 13 លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេសា‌អែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន តាមការតែងតាំងរបស់ព្រះបាទហេសេគាជាស្តេច និងលោកអសារាជាអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះជាម្ចាស់។ 14 លោក​កូរេ ជា​កូន​របស់​លោកអ៊ីមណា​ពី​ពួក​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​តង្វាយ​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​លោក​ក៏​ទទួល​ភារ‌កិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ និង​តង្វាយ​សក្ការៈបំផុត​ឯ​ទៀតៗ​ដែរ។ 15 លោក​មាន​សហការី នៅ​តាម​ក្រុង​នានា​របស់​បូជា‌ចារ្យ សហការី​ទាំង​នោះ​មាន​លោក​អេដែន លោក​មីន‌ីយ៉ា‌មីន លោក​យេសួរ លោក​សេម៉ា‌រា លោក​អម៉ា‌រា និង​លោក​សេកា‌នា ជាអ្នក​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់​ដល់​បូជា‌ចារ្យ ទាំង​តូច ទាំង​ធំ​តាម​ជាន់​ថ្នាក់។ 16 ពួក​គេ​​ចែក​ស្បៀង​អាហារ​ឲ្យពួកប្រុសៗដែលមានអាយុ​បី​ឆ្នាំ​ឡើង​ទៅ​ គឺអស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីដូនតារបស់ពួកគេ ដែលបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ​ ដូចដែលលបានតម្រូវតាមវេនប្រចាំថ្ងៃ ដើម្បីធ្វើការងារនៅក្នុងមុខងាររបស់ពួកគេ និងការបែងចែករបស់ពួកគេ។ 17 ពួកគេចែកជូនដល់ពួកបូជាចារ្យស្របតាមបញ្ជីបុព្វបុរសរបស់ខ្លួន និងចែកជូនកុលសម្ព័ន្ធលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅស្របតាមមុខងារ និងក្រុមគ្រួសាររបស់ខ្លួន។ 18 ពួកគេរាប់បញ្ចូលទាំងកូនតូចៗប្រពន្ធកូន និងកូនស្រីរបស់ពួកគេពាសពេញសហគមន៍ ព្រោះពួកគេស្មោះត្រង់ក្នុងការរក្សាខ្លួនឲ្យបានបរិសុទ្ធ។ 19 ចំណែក ពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុនដែលរស់នៅតាមវាលស្រែក្នុងភូមិជាកម្មសិទ្ធិទីក្រុងរបស់ពួកគេ ឬនៅតាមទីក្រុងនីមួយៗគេបានជ្រើសរើសបុរសមួយចំនួនតាមឈ្មោះ ដើម្បីចែកចំណែកឲ្យប្រុសៗក្នុងចំណោមពួកបូជាចារ្យ និងអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីរបស់ដូនតារបស់ពួកគេ ដូចពួកអ្នកដែលនៅក្នុងចំណោមកុលសម្ព័ន្ធលេវីដែរ។ 20 ព្រះបាទបានហេសេគាធ្វើអ្វីៗទាំងអស់ក្នុងស្រុកយូដា។ ស្តេចបានសម្រេចអ្វីៗដែលល្អត្រឹមត្រូវ និងស្មោះត្រង់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ។ 21 នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលស្តេចចាប់ផ្តើមធ្វើ ក្នុងការបម្រើនៅក្នុងព្រះដំណាក់ព្រះអម្ចាស់ និង ក្រឹត្យវិន័យ និងបទបញ្ញត្តិនានា ស្តេចបានធ្វើវាយ៉ាងអស់ពីព្រះហឫទ័យ ហើយស្តេចបានទទួលជោគជ័យ។