ជំពូក ៣០

1 ព្រះបាទហេសេគាបានចាត់អ្នកនាំសារឲ្យទៅស្រុកអ៊ីស្រាអែល និងយូដាទាំងមូលហើយបានសរសេរសំបុត្រទៅលោកអេប្រាអ៊ីម និងលោកម៉ាណាសេ ដើម្បីឲ្យពួកគេចូលមកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។​ 2 ព្រះរាជា ព្រមទាំងមេដឹកនាំ និងអង្គប្រជុំទាំងមូលនៅក្រុងយេរូសាឡិមបានពិភាក្សាគ្នាដោយសម្រេចចិត្តធ្វើពិធីបុណ្យចម្លងនៅខែទីពីរ។ 3 គេពុំអាចប្រារព្ធពិធីនេះបានភ្លាមៗទេព្រោះពួកបូជាចារ្យពុំទាន់បានញែកខ្លួនឲ្យបានវិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំបានជួបជុំគ្នានៅក្រុងយេរូសាឡិមដែរ។ 4 សំណើនេះហាក់ដូចជាត្រឹមត្រូវចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងអង្គប្រជុំទាំងមូល។ 5 ពួកគេបានយល់ព្រមឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលប្រកាសចាប់តាំងពីក្រុងបៀរសេបារហូតដល់ក្រុងដាន់ថា ប្រជាជនគួរនាំគ្នាប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡិម។ ពីព្រោះពួគេមិនមានកំណត់អំពីចំនួនមនុស្សដែលចូលរួមឡើយ។ 6 ដូច្នេះ គេនាំព្រះរាជសាររបស់ព្រះរាជានិងសំបុត្រមេដឹកនាំទាំងអស់ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលតាមបញ្ជារបស់ព្រះរាជា។ ពួកគេប្រកាសថា៖ «ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាវិល​ត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលវិញ ដើម្បីឲ្យព្រះអង្គវិលត្រឡប់ទៅរកអ្នករាល់គ្នាដែលនៅសេសសល់​ពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី។ 7 កុំធ្វើដូចដូនតាអ្នក ឬបងប្អូនរបស់អ្នកដែលបានធ្វើខុសចំពោះព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេឡើយ ដូច្នេះ ព្រះអង្គបានប្រគល់ពួកគេឲ្យវិនាសដូចអ្នករាល់គ្នាឃើញស្រាប់។ 8 កុំធ្វើដូចជាដូនតារបស់អ្នកឡើយ។ ផ្ទុយទៅវិញ ចូរប្រគល់ខ្លួនឲ្យព្រះអម្ចាស់ហើយ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអង្គដែលព្រះអង្គបានញែកជារៀងរហូតហើយថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ដើម្បីឲ្យព្រះពិរោធរបស់ព្រះអង្គបែរចេញពីអ្នក។ 9 ប្រសិនបើ អ្នករាល់គ្នាវិលត្រឡប់ទៅរកព្រះអម្ចាស់វិញ បងប្អូន​​ និងកូនចៅរបស់អ្នកមុខជាអាណិតអាសូរចំពោះអស់អ្នកដែលនាំពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកនេះវិញ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នកមានព្រះហប្ញទ័យ​ប្រណីសន្តោស ហើយមិនងាកមុខចេញពីអ្នកទេ ប្រសិនបើអ្នកវិលត្រឡប់មករកព្រះអង្គវិញ»។ 10 អ្នកនាំសារឆ្លងពីក្រុងមួយទៅក្រុងមួយនៅទូទាំងតំបន់អេប្រាអ៊ីម និងម៉ាណាសេរហូតដល់សាប់យូឡូន ប៉ុន្តែ ប្រជាជនសើចចំអក ហើយមើលងាយដល់ពួកគេ។ 11 ទោះយ៉ាងណា មានមនុស្សខ្លះនៅក្រុងអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនបានបន្ទាបខ្លួន ហើយបានមកដល់ក្រុងយេរូសាឡិម។ 12 ព្រះហស្តរបស់ព្រះជាម្ចាស់បានមកស្ថិតលើជនជាតិយូដា ដើម្បីឲ្យគេមានចិត្តតែមួយបំពេញតាមបញ្ជារបស់ស្តេច និងមេដឹកនាំតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 13 មានមនុស្សជាច្រើនដែលបានប្រមូលផ្តុំគ្នា ជាអង្គប្រជុំដ៏ធំមួយនៅក្រុងយេរូសាឡិម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេនៅខែទី ២ ។ 14 ពួកគេក្រោកឡើងដកហូតអាសនៈនានានៅក្រុងយេរូសាឡិម និងអាសនៈសម្រាប់ដុតគ្រឿងក្រអូប ពួកគេបានបោះទៅក្នុងជ្រោះកេដ្រូន។ 15 គេសម្លាប់កូនចៀមសម្រាប់បុណ្យចម្លងនៅថ្ងៃទីដប់បួននៃខែទីពីរ។ ពួកបូជាចារ្យ និងពួកលេវីមានចិត្តអៀនខ្មាស ដូច្នេះ ពួកគេបានញែកខ្លួន​ រួចហើយនាំយកតង្វាយដុតទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 16 ពួកគេបានឈរនៅកន្លែងរបស់ពួកគេតាមការបែងចែករបស់ពួកគេដោយធ្វើតាមការណែនាំដែលបានចែងនៅក្នុងច្បាប់របស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ពួកបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី។ 17 ពីព្រោះក្នុងក្រុមជំនុំមានមនុស្សជាច្រើនដែលមិនបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ហេតុនេះហើយ បានជាពួកលេវីសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លងសម្រាប់អ្នកគ្រប់គ្នាដែលពុំបានញែកខ្លួនជាបរិសុទ្ធហើយមិនអាចថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់បាន។ 18 ក្នុងចំណោមប្រជាជនដ៏ច្រើននេះភាគច្រើនមកពីលោកអេប្រាអ៊ីម លោកម៉ាណាសេ លោកអ៊ីសាខា និងលោកសាប់យូឡូនដែលមិនបានធ្វើពិធីជម្រះខ្លួនឲ្យបានបរិសុទ្ធនៅឡើយទេ តែពួកគេបានបរិភោគអាហារបុណ្យចម្លង ផ្ទុយពីសេចក្តីណែនាំដែលបានសរសេរទុកមក។ ព្រះបាទហេសេគាបានអធិស្ឋានឲ្យពួកគេដោយពោលថា៖ «សូមព្រះអម្ចាស់ប្រណីសន្តោសមនុស្សទាំងអស់ 19 ដែលពួកគេមានចិត្តចង់ស្វែងរកព្រះជាម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេទោះបីពួកគេមិនបានញែកខ្លួនឲ្យបានស្អាតស្អំតាមកម្រិតនៃទីសក្ការៈក៏ដោយ»។ 20 ដូច្នេះព្រះអម្ចាស់ព្រះសណ្តាប់ពាក្យរបស់ព្រះបាទហេសេគា ហើយបានប្រោសប្រជាជនឲ្យបានជា។ 21 ប្រជាជនអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡិមបានប្រារព្ធពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃដោយមានអំណរយ៉ាងខ្លាំង។ រៀងរាល់ថ្ងៃពួកលេវី និងពួកបូជាចារ្យនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ដោយច្រៀងចម្រៀង និងលេងឧបករណ៍តន្ត្រីយ៉ាងខ្លាំងថ្វាយព្រះអម្ចាស់។ 22 ព្រះបាទហេសេគាមានរាជឱង្ការលើកទឹកចិត្តប្រជាជនលេវីទាំងអស់ដែលយល់អំពីមុខងាររបស់ព្រះអម្ចាស់។ ដូច្នេះ ពួកគេបរិភោគជារៀងរាល់ថ្ងៃរយៈពេលប្រាំពីរថ្ងៃដោយថ្វាយយញ្ញបូជាមេត្រីភាព និងលន់តួបាបនៅចំពោះព្រះអម្ចាស់ជាព្រះរបស់ដូនតារបស់គេ។ 23 បន្ទាប់មក អង្គប្រជុំទាំងមូលបានសម្រេចចិត្តប្រារព្ធពិធី ៧ ថ្ងៃទៀតហើយពួកគេក៏ធ្វើដូច្នេះដោយអំណរ។ 24 ដ្បិតព្រះបាទហេសេគា ជាស្តេចស្រុកយូដាបានថ្វាយគោឈ្មោលមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាល។ មេដឹកនាំបានប្រគល់គោបាមួយពាន់ក្បាលចៀម និងពពែមួយម៉ឺនក្បាលឲ្យក្រុមជំនុំ។ មានបូជាចារ្យមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធនៅចំពោះព្រះអម្ចាស់។ 25 ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដាពួកបូជាចារ្យលេវី និងប្រជាជនទាំងអស់ដែលមកជួបជុំគ្នានៅស្រុកអ៊ីស្រាអែលព្រមទាំងជនបរទេសដែលមកពីទឹកដីអ៊ីស្រាអែលនិងប្រជាជននៅស្រុកយូដាសុទ្ធតែសប្បាយរីករាយ។ 26 នៅក្រុងយេរូសាឡិមមានអំណរសប្បាយជាខ្លាំង ព្រោះតាំងពីជំនាន់ព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលមិនដែលមានសេចក្តីអំណរបែបនេះនៅក្រុងយេរូសាឡិមទេ។ 27 ពួកបូជាចារ្យ ពួកលេវីក៏ក្រោកឡើងប្រទានពរដល់ប្រជាជន។ សម្លេងរបស់គេ នឹងសេចក្តីអធិស្ឋានរបស់គេបានឮដល់ស្ថានសួគ៌ គឺជាកន្លែងបរិសុទ្ធ ជាកន្លែងដែលព្រះអម្ចាស់គង់នៅ។