ជំពូក ៣៦

1 ក្រោយមក ប្រជាជននៅក្នុងទឹកដីស្រុកយូដាបានអភិសេកព្រះបាទ​យ៉ូអាហាស​ជាបុត្រព្រះបាទយ៉ូសៀស ឲ្យគ្រងរាជ្យជាស្តេចនៅក្រុងយេរូសាឡិម ជំនួសបិតា។ 2 ព្រះបាទយ៉េអាហាស មានជន្មាយុម្ភៃបីព្រះវស្សា ពេលស្តេចឡើងគ្រងរាជ្យ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡិម។ 3 ស្តេចស្រុកអេស៊ីបទម្លាក់ស្តេចពីរាជសម្បត្តិនៅក្រុងយេរូសាឡិម ហើយ បានពិន័យប្រាក់ចំនួន៣តោនកន្លះ និងមាសកន្លះតោន។ 4 ស្តេចស្រុកអេស៊ីបបានតែងតាំងព្រះបាទអេលាគីមឲ្យគ្រប់គ្រងជាស្តេចនៅស្រុកយូដា និងក្រុងយេរូសាឡិម ហើយបានប្តូរទៅជាព្រះនាមយេហូយ៉ាគីម។ បន្ទាប់មក ស្តេចបាននាំព្រះបាទយេហូគីម ត្រូវជាព្រះរៀមរបស់ព្រះបាទយ៉ូអាហាស ហើយនាំស្តេចទៅស្រុកអេស៊ីប។ 5 ព្រះបាទយេហូយ៉ាគីមមានព្រះជន្មម្ភៃប្រាំព្រះវស្សា ពេលឡើងសោយរាជ្យ ហើយសោយរាជ្យបានដប់មួយព្រះវស្សានៅក្រុងយេរូសាឡិម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាឡើយ។ 6 ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនលើកទ័ពមកវាយស្តេចហើយចាប់ស្តេចដាក់ច្រវាក់ដើម្បីនាំទៅស្រុកបាប៊ីឡូន។ 7 ព្រះបាទនេប៊ូក្នេសារបានយកវត្ថុខ្លះៗនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅក្រុងបាប៊ីឡូន ហើយដាក់ក្នុងវាំងរបស់ទ្រង់នៅឯស្រុកបាប៊ីឡូន។ 8 ចំពោះបញ្ហាផ្សេងទៀតដែលទាក់ទងនឹងព្រះបាទយេហូយ៉ាគីម និងអំពើគួរស្អប់ខ្ពើមដែលស្តេចបានធ្វើ និងអ្វីដែលត្រូវបានគេប្រឆាំងនឹងស្តេចនោះមានកត់ទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងអ៊ីស្រាអែល។ បន្ទាប់មក ព្រះបាទ​យេហូយ៉ាគីនជាបុត្របានឡើងសោយរាជ្យជំនួស។ 9 ព្រះបាទយេហូយ៉ាគីនមានព្រះជន្មប្រាំបីព្រះវស្សា នៅពេលដែលទ្រង់ចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានបីខែដប់ថ្ងៃនៅក្រុងយេរូសាឡិម។ ស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 10 នៅរដូវផ្ការីក ព្រះបាទនេប៊ូក្នេសាបានចាត់មនុស្សឲ្យទៅចាប់ទ្រង់ ព្រមទាំងទ្រព្យសម្បត្ដិដ៏មានតម្លៃពីព្រះដំណាក់របស់ព្រះអម្ចាស់នាំយកទៅក្រុងបាប៊ីឡូន។​ រួចហើយតែងតាំងព្រះបាទសេដេគាឲ្យគ្រងរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡិមជំនួសវិញ។ 11 ពេលព្រះបាទសេដេគាឡើងសោយរាជ្យទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ហើយស្តេចសោយរាជ្យបានដប់មួយព្រះវស្សានៅក្រុងយេរូសាឡិម។ 12 ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់ខ្លួនឡើយ។ ស្តេចពុំបានបន្ទាបខ្លួននៅចំពោះមុខព្យាការីយេរេមាដែលថ្លែងព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ។ 13 ព្រះបាទសេដេគាក៏បានបះបោរប្រឆាំងនឹងព្រះបាទនេប៊ូក្នេសាដែលឲ្យ​ស្ដេច​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ថានឹងរក្សាភក្ដីភាពចំពោះស្តេច​។ ប៉ុន្តែ ព្រះបាទសេដេគារឹងរូស ហើយធ្វើឲ្យចិត្តរឹងចចេសមិនងាកមករកព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ 14 លើសពីនេះទៅទៀតមេដឹកនាំបូជាចារ្យ និងប្រជាជនទាំងអស់សុទ្ធតែមិនស្មោះត្រង់ហើយពួកគេបានប្រតិបត្តិតាមការស្អប់ខ្ពើមរបស់ប្រជាជាតិនានា។ ពួកគេបានបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ដែលព្រះអង្គបានញែកទុកជាបរិសុទ្ធនៅក្រុងយេរូសាឡិម។ 15 ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេបានចាត់អ្នកនាំសាររបស់ព្រះអង្គឲ្យមកទូលស្តេចម្តងហើយម្តងទៀត ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងកន្លែងដែលព្រះអង្គគង់នៅ។ 16 ប៉ុន្តែ ពួកគេចំអកមើលងាយអ្នកនាំសាររបស់ព្រះជាម្ចាស់ គេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ហើយចំអកមើលងាយព្យាការីរបស់ព្រះអង្គរហូតទាល់តែព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គរហូតដល់គ្មាននរណាអាចជួយបាន។ 17 ដូច្នេះ ព្រះ‌អម្ចាស់​បាន​ចាត់​ស្ដេច​នៃ​ជន‌ជាតិ​ខាល់ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្ដេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវផង។ ព្រះជាម្ចាស់បាន​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នាទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។ 18 គ្រឿងសង្ហារិមរបស់ព្រះដំណាក់របស់ព្រះជាម្ចាស់ទាំងធំទាំងតូចទាំងទ្រព្យរបស់ព្រះដំណាក់របស់ព្រះអម្ចាស់ព្រមទាំងទ្រព្យសម្បត្ដិរបស់ស្តេច និងនាម៉ឺនសព្វមុខមន្ត្រីត្រូវបាននាំយកទៅស្រុកបាប៊ីឡូន។ 19 ពួកគេបានដុតបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ហើយរំលំកំពែងក្រុងយេរូសាឡិម និងដុតវិមាននានាព្រមទាំងបំផ្លាញរបស់របរទាំងអស់ដែលមាននៅក្នុងក្រុងនោះចោលផង។ 20 ព្រះបាទនេប៊ូក្នេសាក៏កៀរប្រជាជនដែលនៅសេសសល់ទៅស្រុកបាប៊ីឡូន។ ពួកគេបានក្លាយជាអ្នកបម្រើព្រះអង្គ និងរាជវង្សានុវង្សព្រះអង្គរហូតដល់ថ្ងៃចក្រភពពើស៊ីមកគ្រប់គ្រង។ 21 ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានចែងទុកក្នុងគម្ពីរព្យាការីយេរេមាថា រហូតដល់ស្រុកនេះបានសម្រាកនៅថ្ងៃសប្ប័ទ។ វាបានរក្សាថ្ងៃឈប់សម្រាករបស់វាដរាបណាវាត្រូវបានគេបោះបង់ចោល ដើម្បីគ្រប់រយៈពេលចិតសិបឆ្នាំ។ 22 នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ដើម្បីឲ្យព្រះបន្ទូលប្រស់ព្រះអម្ចាស់តាមរយៈមាត់របស់ព្យាការីយេរេមាបានសម្រេច ព្រះអម្ចាស់បានជំរុញទឹកចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ដូច្នេះ ស្តេចចេញព្រះរាជសារប្រកាសនៅពេញក្នុងអាណាចក្ររបស់ព្រះអង្គ។ ស្តេចមានរាជឱង្កាថា៖ 23 «នេះជាព្រះរាជសារ របស់ព្រះបាទស៊ីរូស ជាស្តេចនៃអាណាចក្រពើស៊ី ស្តេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខបានប្រទានឲ្យយើងនូវអាណាចក្រទាំងប៉ុន្មាននៅលើផែនដី។ ព្រះអង្គបានបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡិមដែលស្ថិតនៅស្រុកយូដា។ ក្នុងចំណោមអ្នករាល់គ្នាអ្នកណាជាប្រជារាស្រ្តរបស់ព្រះអម្ចាស់សូមឲ្យព្រះអម្ចាស់ជាព្រះរបស់អ្នកស្ថិតនៅជាមួយអ្នក។ ចូរឲ្យអ្នកនោះក្រោកឡើងត្រឡប់ទៅស្រុកវិញចុះ»។