ជំពូក ១៩

1 ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាបានវិលត្រឡប់ទៅព្រះដំណាក់ទ្រង់នៅក្រុងយេរូសាឡិមវិញដោយសុវត្ថិភាព។ 2 ពេលនោះលោកយេហ៊ូ ជាកូនរបស់ហាណានី ជាអ្នកមើលឆុតបានចេញទៅជួបស្តេចយ៉ូសាផាតទូលថា៖ «តើអ្នកគួរជួយមនុស្សអាក្រក់ឬ? តើអ្នកគួរស្រឡាញ់អ្នកដែលស្អប់ព្រះអម្ចាស់ឬ? ដោយព្រោះ ព្រះករុណាប្រព្រឹត្តការនេះនោះសេចក្តីក្រោធរបស់ព្រះបានទាស់នឹងព្រះករុណាហើយ 3 ទោះយ៉ាងណាក៏ដោយមានសេចក្តីល្អនៅក្នុងព្រះករុណាខ្លះដែរ គឺព្រះករុណាបានបំផ្លាញបង្គោលព្រះអាសេរ៉ាចេញពីទឹកដីហើយបានតាំងចិត្តដើម្បីស្វែងរកព្រះអម្ចាស់»។ 4 ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡិម។ បន្ទាប់មក ស្តេចយាងចេញពីទៅសួរសុខទុក្ខប្រជាជន ចាប់ពីបៀរសេបារហូតដល់ភ្នំអេប្រាអ៊ីមហើយនាំពួកគេឲ្យវិលត្រឡប់មករកព្រះអម្ចាស់ជាព្រះនៃដូនតារបស់គេវិញ។ 5 ស្តេចបានតែងតាំងចៅក្រមនៅក្នុងស្រុកពាសពេញក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ 6 ព្រះករុណាមានរាជឱង្ការទៅពួកចៅក្រមថា៖ «ចូរពិចារណានូវអ្វីដែលអស់លោកគួរធ្វើ ព្រោះអស់លោកមិនវិនិច្ឆ័យមនុស្សទេ តែសម្រាប់ព្រះអម្ចាស់ ព្រះអម្ចាស់នឹងនៅជាមួយអ្នកក្នុងការវិនិច្ឆ័យ។ 7 ឥឡូវនេះសូមឲ្យការកោតខ្លាចព្រះអម្ចាស់មកលើអស់លោក សូមប្រយ័ត្នពេលណា អស់លោកវិនិច្ឆ័យទោសព្រោះព្រះអម្ចាស់ជាព្រះរបស់យើងគ្មានអំពើទុច្ចរិតណាមួយឡើយហើយក៏គ្មានការអនុគ្រោះ ឬទទួលសំណូកឡើយ»។ 8 លើសពីនោះ នៅក្រុងយេរូសាឡិម ព្រះបាទយេហូសាផាត បានតែងតាំងពួកលេវី និងពួកបូជាចារ្យ ព្រមទាំងមេដឹកនាំខ្លះៗនៃវង្សត្រកូលអ៊ីស្រាអែល ដើម្បីវិនិច្ឆ័យទោសចំពោះព្រះអម្ចាស់ និងដើម្បីដោះស្រាយជម្លោះ។ ពួកអ្នកទាំងនោះគេរស់នៅក្នុងក្រុងយេរូសាឡិម។ 9 ព្រះករុណាមានរាជឱង្ការទៅពួកគេថា៖ «អ្នករាល់គ្នាត្រូវគោរពកោតខ្លាចព្រះអម្ចាស់យ៉ាងស្មោះអស់ពីចិត្ត។ 10 ពេលណាមានវិវាទណាមួយពីបងប្អូនរបស់អស់លោកដែលរស់នៅទីក្រុងរបស់គេទោះបីទាក់ទងនឹងរឿងឃាតកម្មទោះបីទាក់ទងនឹងច្បាប់បទបញ្ជា ឬក្រឹត្យវិន័យក៏ដោយ​ អស់លោកត្រូវក្រើនរំឭកពួកគេ ដើម្បីកុំឲ្យពួកគេត្រូវមានទោសចំពោះព្រះអម្ចាស់ ឬសេចក្តីក្រោធរបស់ព្រះអម្ចាស់និងមកទាស់នឹងអស់លោក ហើយនឹងបងប្អូនរបស់អស់លោក។ ដូច្នេះ អស់លោកត្រូវធ្វើបែបនេះ នោះអស់លោកនឹងមិនមានកំហុសទេ។ 11 មើល! លោកអម៉ារីយ៉ា ជាមហាបូជាចារ្យដឹកនាំលើអ្នករាល់គ្នាក្នុងកិច្ចការទាំងអស់របស់ព្រះអម្ចាស់។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែលជាមេដឹកនាំរបស់កុលសម្ព័ន្ធយូដា ជាអ្នកទទួលខុសត្រូវលើកិច្ចការទាំងអស់របស់ព្រះរាជា។ ពួកលេវីនឹងធ្វើជាអាជ្ញាធរសម្រាប់ជួយបម្រើការងាររបស់អ្នក។ ចូរតាំងចិត្តក្លាហាន និងគោរពតាមការណែនាំចុះ ហើយសូមឲ្យព្រះអម្ចាស់គង់ជាមួយមនុស្សល្អ»។