ជំពូក ២០

1 ក្រោយមកទៀត ប្រជាជនម៉ូអាប់ និងអាំម៉ូន ព្រមទាំងជនជាតិម៉ាអូន ខ្លះបានលើកទ័ពមកច្បាំងនឹងព្រះបាទយ៉ូសាផាត។ 2 មានអ្នកខ្លះមកទូលព្រះបាទយ៉ូសាផាតថា៖ «មានកងទ័ពយ៉ាងច្រើនកំពុងវាយលុកលើព្រះករុណាពីខាងនាយសមុទ្រស្លាប់គឺពីស្រុកអេដុម។ ពួក​គេ​មក​ដល់​ហាសា‌សូនតាម៉ារ គឺ​នៅ​អេន‌គេឌី»។ 3 ព្រះបាទយ៉ូសាផាតមានការភ័យខ្លាចហើយតាំងខ្លួនស្វែងរកព្រះអម្ចាស់។ ព្រះករុណាប្រកាសឲ្យតមអាហារនៅពាសពេញស្រុកយូដា។ 4 ប្រជាជនយូដាបានជួបជុំគ្នា ដើម្បីស្វែងរកព្រះអម្ចាស់។ ពួកគេមកពីគ្រប់ក្រុងទាំងអស់ក្នុងស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។ 5 ព្រះបាទយ៉ូសាផាតឈរក្នុងអង្គប្រជុំនៃប្រជាជនយូដា និងប្រជាជនក្រុងយេរូសាឡិមនៅត្រង់ព្រះដំណាក់របស់ព្រះអម្ចាស់ទល់មុខទីធ្លាថ្មី។ 6 ស្តេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ តើព្រះអង្គមិនមែនជាព្រះដែលគង់នៅស្ថានបរមសុខឬអី? តើព្រះអង្គមិនមែនជាអ្នកគ្រប់គ្រងលើនគរទាំងប៉ុន្មាននៃប្រជាជាតិនានាទេឬ? ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ!។ 7 ព្រះជាម្ចាស់អើយ តើព្រះអង្គមិនបានបណ្តេញប្រជាជនទាំងប៉ុន្មានចេញពីស្រុកនេះនៅចំពោះមុខអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានទឹកដីនេះឲ្យកូនចៅលោកអប្រាហាំរហូតតទៅឬអី?។ 8 ពួក​គេ​បានរស់នៅក្នុងស្រុក ហើយបាន​សង់​ទីសក្ការៈ​មួយ​ថ្វាយ​ព្រះ‌នាម​របស់​ព្រះអង្គ ដោយ​ពោល​ថា៖ 9 «ប្រសិនបើ គ្រោះមហន្តរាយកើតមានមកលើយើងខ្ញុំ ដូចជាដាវ ការកាត់ទោស ជំងឺ ឬទុរ្ភិក្ស យើងនឹងឈរនៅមុខព្រះដំណាក់នេះ និងនៅចំពោះព្រះភក្រ្តព្រះអង្គ (ព្រោះព្រះនាមព្រះអង្គនៅក្នុងដំណាក់នេះ) ហើយយើងខ្ញុំនឹងស្រែកអង្វរព្រះអង្គដោយទុក្ខវេទនារបស់យើងខ្ញុំ នោះព្រះអង្គនឹងស្តាប់យើងខ្ញុំហើយជួយសង្គ្រោះយើងខ្ញុំ»។ 10 មើល!ឥឡូវនេះ ប្រជាជននៅស្រុកអាំម៉ូន ស្រុកម៉ូអាប់ និងភ្នំសៀរដែលព្រះអង្គមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលវាយលុកបំផ្លាញនៅពេលដែលពួកគេចាកចេញពីស្រុកអេស៊ីបមក ផ្ទុយទៅវិញ ជនជាតិអ៊ីស្រាអែលបានងាកចេញពីពួកគេ ហើយមិនបានបំផ្លាញពួកគេឡើយ។ 11 សូមទតមើលពីរបៀបដែលពួកគេសងដល់យើងខ្ញុំ គឺពួកគេលើកគ្នាមកដើម្បីនឹងដេញពួកយើងខ្ញុំចេញពីទឹកដីដែលព្រះអង្គបានប្រគល់ឲ្យយើងខ្ញុំទុកជាមរតក។ 12 ឱព្រះនៃយើងខ្ញុំអើយ! តើព្រះអង្គមិនវិនិច្ឆ័យទោសពួកគេទេឬ? ដ្បិត យើងខ្ញុំគ្មានកម្លាំងនឹងតតាំងជាមួយកងទ័ពដ៏ធំដែលកំពុងលើកទ័ពមកច្បាំងនឹងយើងទេ។ យើងមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ប៉ុន្តែយើងកំពុងសម្លឹងមើលទៅកាន់ព្រះអង្គ»។ 13 ប្រជាជនយូដាទាំងអស់បានឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាមួយប្រពន្ធ និងកូនៗ របស់ពួកគេ។ 14 នៅពាក់កណ្តាលអង្គប្រជុំនោះព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកសណ្ឋិតលើលោកយ៉ាហាសៀលជាកូនរបស់លោកសាការីត្រូវជាកូនរបស់លោកបេណាយ៉ាដែលជាកូនរបស់លោកយេអែលត្រូវជាកូនរបស់លោកម៉ាថានីយ៉ាជាពួកលេវីដែលជាកូនរបស់លោកអេសាភ។ 15 លោកយ៉ាហាសៀលមានប្រសាសន៍ថា៖ «អ្នកស្រុកយូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡិម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ! សូមស្តាប់ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ! កុំធ្លាក់ទឹកចិត្តដោយសារកងទ័ពដ៏ធំនេះ ដ្បិត ការប្រយុទ្ធមិនមែនស្រេចលើអ្នករាល់គ្នាទេ តែជារបស់ព្រះជាម្ចាស់វិញ។ 16 អ្នករាល់ត្រូវចុះទៅច្បាំងនឹងពួកគេនៅថ្ងៃស្អែក។ មើល! ពួកគេកំពុងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងឃើញពួកគេនៅចុងជ្រលងជ្រោះនៅទល់មុខនឹងទីរហោស្ថានយេរួល។ 17 អ្នករាល់គ្នានឹងមិនចាំបាច់តយុទ្ធនៅក្នុងសង្រ្គាមនេះទេ។ ចូរឈរនៅជំហររបស់អ្នកហើយឃើញការសង្គ្រោះរបស់ព្រះអម្ចាស់នៅជាមួយអ្នក ស្រុកយូដា និងក្រុងយេរូសាឡិម។ កុំឲ្យខ្លាចកុំឲ្យធ្លាក់ទឹកចិត្ត។ ចូរចេញទៅច្បាំងនឹងពួកគេនៅថ្ងៃស្អែកទៅ ដ្បិត ព្រះអម្ចាស់គង់នៅជាមួយអ្នក»។ 18 ព្រះបាទយ៉ូសាផាតបានក្រាបចុះឱនមុខដល់ដី។ ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមទាំងអស់នាំគ្នាក្រាបចុះថ្វាយបង្គំព្រះអម្ចាស់។ 19 ក្រុមលេវីដែលជាកូនចៅរបស់កេហាត់ និងលោកកូរ៉ានាំគ្នាក្រោកឈរឡើងសរសើរតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដោយបន្លឺសម្លេងខ្លាំងៗ ។ 20 ព្រលឹមឡើង ពួកគេក្រោកឡើងចេញទៅទីរហោស្ថានត្កូអា។ ពេលពួកគេចេញទៅនោះ ព្រះបាទយ៉ូសាផាតក្រោកឈរឡើងហើយមានរាជឱង្ការថា៖ «ប្រជាជនយូដា និងប្រជាជនក្រុងយេរូសាឡិមអើយ! ចូរស្តាប់ខ្ញុំ! ចូរទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់អ្នកចុះ នោះ ព្រះអម្ចាស់ និងជួយអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាទុកចិត្តលើព្យាការីរបស់ព្រះអង្គ ហើយអ្នករាល់គ្នានឹងទទួលជ័យជម្នះ»។ 21 នៅពេលដែលព្រះករុណាបានពិគ្រោះជាមួយប្រជាជនរួចហើយ ព្រះអង្គបានតែងតាំងអស់អ្នកដែលត្រូវច្រៀងថ្វាយព្រះអម្ចាស់ និងសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គនៅពេលដែលពួកកងទ័ពចេញទៅដោយពោលថា៖ «អរព្រះគុណព្រះអម្ចាស់ព្រោះភាពស្មោះត្រង់នៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ»។ 22 នៅពេលដែលពួកគេបន្លឺសម្លេងច្រៀងសសើរតម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យមានអ្នកលបវាយប្រហារបង្កឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ជាអ្នកដែលឡើងមកច្បាំងនឹងជនជាតិយូដា​។​ ពួក​គេត្រូវបរាជ័យ​។ 23 ជនជាតិអាំម៉ូន និងម៉ូអាប់ក្រោកឡើងព្រួតគ្នាច្បាំងនឹងប្រជាជននៅភ្នំសៀរ ដើម្បីសម្លាប់ ហើយបំផ្លាញពួកគេ។ នៅពេលដែលពួកគេបានសម្លាប់ប្រជាជននៅភ្នំសៀររួចហើយពួកគេទាំងអស់គ្នាចាប់តាំងសម្លាប់គ្នាទៅវិញទៅមក។ 24 នៅពេលដែលកងទ័ពយូដាបានមកដល់កន្លែងពិនិត្យមើលទីរហោស្ថានពួកគេបានក្រឡេកមើលកងទ័ព។ មើលចុះ ពួកគេបានស្លាប់ហើយដួលទៅនឹងដី។ គ្មាននរណាម្នាក់បានរួចខ្លួនឡើយ។ 25 នៅពេលព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ព្រះករុណា នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​របស់របរ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើនដែលលើសពីអ្វីដែលពួកគេអាចយករួចសម្រាប់ខ្លួនឯង​។ ដោយ​ជយ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ពួក​គេ​ត្រូវចំណាយ​ពេល​អស់​បី​ថ្ងៃ ដើម្បីប្រមូលជយភណ្ឌទាំងនោះ។ 26 នៅថ្ងៃទីបួនពួកគេបានជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា។ នៅទីនោះគេសរសើរតម្កើងព្រះអម្ចាស់ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថាជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ 27 បន្ទាប់មក ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមទាំងអស់ ដោយមានព្រះបាទយ៉ូសាផាតជាអ្នកយាងនាំមុខគេ វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយអំណរ ព្រោះព្រះអម្ចាស់បានធ្វើឲ្យគេមានជ័យជម្នះលើខ្មាំងសត្រូវ។ 28 ជនជាតិអ៊ីស្រាអែលនាំគ្នាមកក្រុងយេរូសាឡិម និងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ដោយកាន់ស៊ុង ពិណនិងត្រែ។ 29 ព្រះអម្ចាស់បានធ្វើឲ្យនគរនៃប្រជាជាតិផ្សេងៗមានការភ័យខ្លាំងជាខ្លាំង ពេលគេឮនិយាយថា ព្រះអម្ចាស់បានច្បាំងនឹងខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល។ 30 ដូច្នេះហើយ បានជារាជ្យរបស់ព្រះបាទយ៉ូសាផាតមានសន្តិភាព ពីព្រោះព្រះជាម្ចាស់ជាព្រះរបស់ព្រះករុណាបានប្រទានសេចក្តីសុខសាន្តដល់ព្រះករុណាគ្រប់ទិសទី។ 31 ព្រះបាទយ៉ូសាផាតឡើងសោយរាជ្យលើស្រុកយូដា៖ ស្តេចឡើងគ្រងរាជ្យក្នុងព្រះជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យនៅក្រុងយេរូសាឡិមអស់រយៈពេលម្ភៃប្រាំឆ្នាំ។ ព្រះមាតារបស់ ព្រះករុណាមានព្រះនាមថាអាស៊ូបា ជាកូនស្រីរបស់លោកស៊ីលហ៊ី។ 32 ស្តេចបានដើរតាមមាគ៌ារបស់ព្រះបាទអេសាជាបិតា ដោយឥតងាករេចេញឡើយ ស្តេចបានធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 33 ទោះយ៉ាងណាកន្លែងខ្ពស់ៗ នៅតែមានដោយមិនត្រូវបានគេបំផ្លាញចេញឡើយ។ ប្រជាជនមិនបានតម្រង់ដួងចិត្តរបស់ពួកគេចំពោះព្រះនៃដូនតារបស់ពួកគេឡើយ។ 34 រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសាផាតតាំងពីដើមដល់ចាប់ សុទ្ធតែមានកត់ទុកក្នុងសៀវភៅរបស់លោកយេហ៊ូ ជាកូនរបស់លោកហាណានីដែលបានកត់ទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល។ 35 បន្ទាប់មក ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកអ៊ីស្រាអែលដែលប្រព្រឹត្តអំពើអាក្រក់ជាច្រើន។ 36 ស្តេចបានចងសម្ពន្ធមិត្ត ដើម្បីសង់ទូកទៅក្រុងតើស៊ីស។ ពួកគេបានសាងសង់ទូកនៅឯអេសូនគេបើរ។ 37 ពេលនោះលោកអេលាស៊ើរជាកូនរបស់លោកឌូដាវ៉ាហូ មកពីក្រុងម៉ារេសាបានទាយទាស់នឹងព្រះបាទយ៉ូសាផាត។ លោកមានប្រសាសន៍ថា៖ «ដោយព្រះករុណាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាស៊ីយ៉ាព្រះអម្ចាស់បានបំផ្លាញគម្រោងការរបស់ព្រះករុណាហើយ»។ កប៉ាល់ទាំងនោះត្រូវបានខូចខាត ដូច្នេះ ពួកគេមិនអាចបើកបរទៅបានទេ។