ជំពូក ១៨

1 ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្ដិយ៉ាងច្រើន និងកិត្តិយសយ៉ាងខ្លាំង។ ព្រះករុណាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាប់ ដោយអភិសេកបុត្រាជាមួយបុត្រីព្រះបាទអហាប់។ 2 ប៉ុន្មានឆ្នាំក្រោយមកព្រះករុណាបានយាងទៅសួរសុខទុក្ខព្រះបាទអហាប់នៅក្រុងសាម៉ារី។ ព្រះបាទអហាប់បានសម្លាប់ចៀម និងគោជាច្រើនសម្រាប់ព្រះករុណា ពួកមន្រ្តីដែលមកជាមួយទ្រង់។ ព្រះបាទអហាប់ក៏បញ្ចុះបញ្ចូលឲ្យព្រះបាទយ៉ូសាផាតវាយប្រហាររ៉ាម៉ូតកាឡាតជាមួយទ្រង់ដែរ។ 3 ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅព្រះបាទយ៉ូសាផាតស្តេចស្រុកយូដាថា៖ «តើព្រះករុណាសព្វព្រះហឫទ័យនឹងទៅច្បាំងជាមួយទូលបង្គំនៅរ៉ាម៉ូតកាឡាតឬទេ?» ព្រះបាទយ៉ូសាផាតឆ្លើយថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ហើយប្រជាជនរបស់ទូលបង្គំគឺដូចប្រជាជនរបស់ព្រះករុណាដែរ ទូលបង្គំនឹងទៅច្បាំងជាមួយព្រះករុណា»។ 4 ព្រះបាទយ៉ូសាផាតទូលស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់ជាមុនសិន»។ 5 ស្តេចស្រុកអ៊ីស្រាអែលប្រមូលពួកព្យាការីដែលមានចំនួនបួនរយនាក់ហើយមានរាជឱង្ការទៅពួកគេថា៖ «តើយើងត្រូវទៅវាយក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ឬមិនត្រូវទៅ?»។ ពួកគេឆ្លើយថា៖ «ចូរទៅច្បាំងចុះ ដ្បិត ព្រះជាម្ចាស់នឹងប្រគល់វាទៅក្នុងកណ្តាប់ដៃរបស់ព្រះករុណាហើយ»។ 6 ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះអម្ចាស់ទៀតដែលយើងអាចស្វែងរកយោបល់ទេឬ?»។ 7 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «នៅមានបុរសម្នាក់ដែលយើងត្រូវស្វែងរកដំបូន្មានពីព្រះអម្ចាស់ គឺមីកាយ៉ាជាកូនរបស់លោកអ៊ីមឡា ប៉ុន្តែ ទូលបង្គំស្អប់គាត់ព្រោះគាត់មិនដែលថ្លែងសេចក្តីល្អអំពីទូលបង្គំទេ តែងតែអាក្រក់ជានិច្ច»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «ព្រះករុណាមិនគួរមានបន្ទូលដូច្នោះទេ»។ 8 ស្តេចស្រុកអ៊ីស្រាអែលហៅនាយទាហានមកហើយមានរាជឱង្ការថា៖ «ចូរនាំមីកាយ៉ាជាកូនរបស់លោកអ៊ីមឡា ឲ្យមកជាប្រញាប់!»។ 9 ព្រះបាទអហាប់ជាស្ដេចនៃស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្ដេចស្រុកយូដា ស្លៀកពាក់រុងរឿងកំពុងគង់លើបល្ល័ង្ក នៅព្រលានត្រង់ខ្លោងទ្វារក្រុងសាម៉ារី ហើយពួកព្យាការីទាំងអស់ក៏ទាយនៅចំពោះស្តេច។ 10 លោកសេដេគា ជាកូនរបស់លោក​ក្នាណាធ្វើស្នែងដែកហើយមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ ដោយស្នែងដែកនេះ អ្នកនឹងរុញច្រានជនជាតិស៊ីរីឲ្យវិនាសសូន្យទៅ។ 11 ពួកព្យាការីទាំងអស់សុទ្ធតែថ្លែងព្រះបន្ទូលដូចតទៅនេះថា៖ «ចូរវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដចុះ ដ្បិត ព្រះអម្ចាស់ប្រគល់ក្រុងនោះទៅក្នុងកណ្តាប់ដៃរបស់ព្រះករុណាហើយ»។ 12 អ្នកនាំសារដែលបានទៅហៅលោកមីកាយ៉ាបាននិយាយទៅគាត់ថា៖ «មើលចុះពាក្យរបស់ពួកព្យាការីប្រកាសសេចក្តីល្អៗដល់ព្រះរាជាដោយសម្លេងតែមួយ ដូច្នេះ សូមឲ្យលោកជាម្នាក់នៅក្នុងចំណោមពួកគេដោយប្រកាសពីសេចក្តីល្អដល់ស្តេចចុះ»។ 13 លោកមីកាយ៉ាឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅដូចព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ 14 ពេលគាត់ចូលគាល់ស្តេច នោះស្តេចមានរាជឱង្ការថា៖ «លោកមីកាយ៉ា តើយើងត្រូវទៅរ៉ាម៉ូតនៅស្រុកកាឡាតឬ?»។ លោកមីកាយ៉ាឆ្លើយថា៖ «ចូរវាយយកជ័យជម្នះចុះ ដ្បិត នឹងមានជ័យជម្នះធំណាស់!»។ 15 ព្រះរាជាមានរាជឱង្ការថា៖ «តើត្រូវឲ្យយើងប្រាប់អ្នកឲ្យស្បថប៉ុន្មានដង ដើម្បីកុំនិយាយអ្វីក្រៅពីសេចក្តីពិតក្នុងនាមព្រះអម្ចាស់?»។ 16 លោកមីកាយ៉ាមានប្រសាសន៍ថា៖ «ទូលបង្គំបានឃើញកងទ័ពអ៊ីស្រាអែលទាំងមូលខ្ចាត់ខ្ចាយនៅលើភ្នំដូចជាចៀមដែលគ្មានគង្វាលហើយព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកទាំងនេះគ្មានអ្នកគង្វាលទេ ចូរឲ្យម្នាក់ៗវិលត្រឡប់ទៅផ្ទះដោយសុខសាន្តចុះ»។ 17 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាត​ថា​៖ «តើទូលបង្គំមិនបានប្រាប់ព្រះករុណាទេឬអីថា គាត់នឹងមិនថ្លែងព្រះ​បន្ទូល​ល្អអំពីទូលបង្គំទេ ប៉ុន្តែ មានតែការអាក្រក់ប៉ុណ្ណោះ?» 18 លោកមីកាយ៉ាមានប្រសាសន៍ថា៖ «ដូច្នេះ អ្នករាល់គ្នាត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្ករបស់ព្រះអង្គហើយកងទ័ពនៃស្ថានបរមសុខទាំងប៉ុន្មានឈរនៅខាងស្ដាំ និងខាងឆ្វេង។ 19 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើនរណានឹងល្បួងព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ដើម្បីឲ្យស្តេចឡើងទៅវាយ ហើយដួលស្លាប់នៅរ៉ាម៉ូតកាឡាត? ម្នាក់ទូលបែបនេះ ហើយម្នាក់ទូលនោះ។ 20 ពេលនោះមានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ហើយទូលថា៖ «ខ្ញុំនឹងល្បួងព្រះអង្គ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «តើធ្វើដូចម្តេច?» 21 វិញ្ញាណនោះទូលព្រះអង្គថា៖ «ទូលបង្គំនឹងចាកចេញទៅហើយទូលបង្គំនឹងក្លាយទៅជាពាក្យកុហកនៅក្នុងមាត់ព្យាការីទាំងអស់»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «អ្នកនឹងល្បួងវាហើយអ្នកក៏នឹងទទួលជោគជ័យដែរ។ ឥឡូវ ចូរទៅធ្វើអ៊ីចឹងចុះ»។ 22 ឥឡូវនេះ ព្រះអម្ចាស់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ហើយព្រះអម្ចាស់បានដាក់ទោសមហន្តរាយដល់ព្រះករុណា។ 23 ពេលនោះសេដេគាជាកូនរបស់លោកកាណាណាបានឡើងមកទះកំផ្លៀងលោកមីកាយ៉ាទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្ញុំទៅនិយាយនឹងអ្នកបែបណា?»។ 24 លោកមីកាយ៉ាមានប្រសាសន៍ថា៖ «មើល! អ្នកនឹងដឹងនៅថ្ងៃនោះ គឺពេលអ្នករត់ចូលបន្ទប់ខាងក្នុងដើម្បីលាក់ខ្លួន»។ 25 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់អ្នកបម្រើខ្លះថា៖ «ចូរអ្នករាល់គ្នាចាប់លោកមីកាយ៉ា ហើយនាំវាទៅជួបលោកអាំម៉ូនជាចៅហ្វាយក្រុង និងសម្ដេច​យ៉ូអាសជាបុត្រារបស់យើង។ 26 ហើយត្រូវជម្រាប់សម្តេចថា៖ «ស្តេចមានរាជឱង្ការថា៖ «ចូរចាប់បុរសនេះយកទៅដាក់ក្នុងគុក ហើយចិញ្ចឹមគាត់ដោយនំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះរហូតដល់យើងត្រឡប់មកវិញដោយសុវត្ថិភាព»។ 27 លោកមីកាយ៉ាតបថា៖ «ប្រសិនបើ អ្នកវិលត្រឡប់មកវិញដោយសុវត្ថិភាព នោះព្រះអម្ចាស់មិនបានមានព្រះបន្ទូលមកខ្ញុំទេ»។ បន្ទាប់មក គាត់បន្ថែមទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់សេចក្តីទាំងនេះចុះ»។ 28 ដូច្នេះ ព្រះបាទអហាប់ ស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្តេចស្រុកយូដាបានឡើងទៅវាយយកក្រុងរ៉ាម៉ូត កាឡាត។ 29 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងបន្លំខ្លួន ហើយឡើងទៅច្បាំងតែព្រះករុណាត្រូវគ្រងព្រះពស្តទ្រង់ចុះ»។ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនធ្វើជាកងទ័ព ចូលទៅក្នុសមរភូមិ។ 30 ស្តេចស្រុកស៊ីរីបានបញ្ជាទៅមេបញ្ជាការរទេះចម្បាំងទាំងអស់ដោយមានរាជឱង្ការថា៖ «កុំវាយប្រហារពលទាហានធម្មតា ឬពលទាហានសំខាន់ឡើយ ផ្ទុយទៅវិញ ត្រូវវាយប្រហារតែស្តេចអ៊ីស្រាអែលប៉ុណ្ណោះ»។ 31 ពេលមេបញ្ជាការរទេះចម្បាំងបានឃើញព្រះបាទយ៉ូសាផាត ពួកគេក៏ពោលថា៖ «នុះ ជាស្តេចស្រុកអ៊ីស្រាអែល»។ ពួកគេក៏វិលមកវាយប្រហារព្រះករុណា តែព្រះបាទយ៉ូសាផាតស្រែកអង្វរព្រះអម្ចាស់ នោះព្រះអម្ចាស់ក៏ជួយទ្រង់។ ព្រះអម្ចាស់បានបង្វែរពួកគេចេញពីព្រះករុណា។ 32 កាលមេបញ្ជាការរទេះចម្បាំងទាំងនោះដឹងថាទ្រង់មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះពួកគេក៏ឈប់ដេញតាម។ 33 ប៉ុន្តែ មានទាហានម្នាក់បានយឺតធ្នូរបស់ខ្លួនដោយចៃដន្យហើយបានបាញ់ត្រូវស្តេចអ៊ីស្រាអែលនៅចន្លោះនៃគ្រឿងសឹករបស់គាត់។ ព្រះបាទអហាប់ក៏មានរាជឱង្ការទៅអ្នកបើករទេះរបស់ព្រះអង្គថា៖ «ចូរនាំយើងចេញទៅ ដ្បិត យើងត្រូវរងរបួសធ្ងន់ណាស់! ។ 34 នៅថ្ងៃនោះចម្បាំងកាន់តែខ្លាំងឡើងៗ ហើយស្តេចស្រុកអ៊ីស្រាអែលនៅលើរទេះសេះឆ្ពោះទៅទល់នឹងកងទ័ពស៊ីរីរហូតដល់ល្ងាច។ ប្រហែលពេលដែលព្រះអាទិត្យលិច នោះស្តេចក៏សុគតទៅ។