ជំពូក ១៧

1 ព្រះបាទយ៉ូសាផាតជាបុត្ររបស់ព្រះបាទអេសាបានឡើងស្នងរាជ្យជំនួសបិតា។ ព្រះបាទយ៉ូសាផាតបានពង្រឹងអំណាចខ្លួនឯងប្រឆាំងនឹងអ៊ីស្រាអែល។ 2 ស្តេចបានដាក់ទ័ពនៅតាមក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំនៅស្រុកយូដា និងឲ្យមានកងទ័ពនៅក្នុងស្រុកយូដា និងនៅតាមក្រុងនានានៅអេប្រាអ៊ីមដែលព្រះបាទអេសាជាបិតាបានកាន់កាប់។ 3 ព្រះអម្ចាស់គង់ជាមួយព្រះបាទយ៉ូសាផាតព្រោះព្រះករុណាបានដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាបិតាហើយមិនស្វែងរកព្រះបាលឡើយ។ 4 ព្រះករុណាបានពឹងលើព្រះជាម្ចាស់ជាព្រះរបស់ពួកអយ្យកោហើយគោរពតាមបទបញ្ជារបស់ព្រះអង្គ ដោយមិនដើរតាមផ្លូវរបស់ជនជាតិអ៊ីស្រាអែលទេ។ 5 ដូច្នេះ ព្រះអម្ចាស់បានពង្រឹងរាជ្យសម្បត្តិរបស់ស្តេចឲ្យរឹងមាំហើយជនជាតិយូដាទាំងអស់នាំសួយសារអាករទៅព្រះបាទយ៉ូសាផាត។ ស្តេចមានទ្រព្យសម្បត្ដិ និងកិត្តិយសច្រើនក្រៃលែង។ 6 ស្តេចមានព្រះហឫទ័យស្មោះត្រង់ចំពោះមាគ៌ារបស់ព្រះអម្ចាស់។ ស្តេចក៏បំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗ និងដកបង្គោលព្រះអាសេរ៉ាចេញពីស្រុកយូដាទាំងអស់។ 7 នៅឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះអង្គ ព្រះករុណាបានចាត់មន្ត្រីមានលោកបេនហែល លោកអូបាឌា លោកសាការី លោកនេថាណែល និងលោកមីកាយ៉ាទៅបង្រៀននៅតាមក្រុងនានាក្នុងស្រុកយូដា។ 8 ដោយមានពួកលេវីទៅជាមួយគឺ លោកសេម៉ាយ៉ា លោកណាថានៀ លោកសេបាឌា លោកអេសាហែល លោកសេមីរ៉ាម៉ូត លោកយេហូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា និងលោកថូបាដូនីយ៉ា ហើយមានបូជាចារ្យនៅជាមួយពួកគេផងគឺបូជាចារ្យអេលីសាម៉ា និងបូជាចារ្យយ៉ូរ៉ាម។ 9 ពួកគេបង្រៀននៅស្រុកយូដាដោយមានសៀវភៅក្រឹត្យវិន័យរបស់ព្រះអម្ចាស់នៅជាមួយពួកគេ។ ពួកគេធ្វើដំណើរពាសពេញក្រុងទាំងប៉ុន្មានក្នុងស្រុកយូដាដើម្បីបង្រៀនប្រជាជន។ 10 ព្រះអម្ចាស់បានធ្វើឲ្យនគរទាំងប៉ុន្មាននៅជុំវិញស្រុកយូដាកើតមានការភ័យខ្លាច ដូច្នេះ ពួកគេពុំបានធ្វើសង្គ្រាមប្រឆាំងនឹងព្រះបាទយ៉ូសាផាតឡើយ។ 11 ជនជាតិភីលីស្ទីនខ្លះនាំយកអំណោយមកថ្វាយព្រះបាទយ៉ូសាផាត និងប្រាក់មកធ្វើជាសួយសារអាករ។ ជនជាតិអារ៉ាប់ក៏បាននាំហ្វូងសត្វចៀម ៧,៧០០ ក្បាលនិងពពែ ៧,៧០០ ក្បាល មកថ្វាយព្រះបាទយ៉ូសាផាតដែរ។ 12 ព្រះបាទយ៉ូសាផាតមានអំណាចខ្លាំងក្លាណាស់។ ស្ដេចបានសង់បន្ទាយ និងឃ្លាំងជាច្រើននៅក្នុងក្រុងនានានៅស្រុកយូដា។ 13 ស្តេចមានទ្រព្យសម្បត្ដិយ៉ាងច្រើននៅក្រុងនានាក្នុងស្រុកយូដា និងកងទ័ពដែលមានសុទ្ធតែជាមនុស្សអង់អាចក្លាហានក្នុងក្រុងយេរូសាឡិម។ 14 ​នេះជាបញ្ជីឈ្មោះតាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ពី​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ លោកអាណណា ជាមេបញ្ជាការហើយនៅជាមួយគាត់មានទាហានប្រយុទ្ធ ៣០,០០០ នាក់។ 15 លោកយ៉ូហាណាន ជាមេបញ្ជាការជាមួយគាត់មានពលទាហាន ២៨០,០០០ នាក់។ 16 លោកអម៉ាស៊ីយ៉ាជាកូនរបស់លោកស៊ីគ្រីដែលស្ម័គ្រចិត្តចង់បម្រើព្រះអម្ចាស់ ហើយនៅជាមួយគាត់មានទាហានចំនួន ២០០,០០០ នាក់។ 17 ពីកូនចៅបេនយ៉ាមីនមាន៖ លោកអេលីយ៉ាដា នៅជាមួយគាត់មានឥស្សរជនក្លាហានចំនួន២០០,០០០នាក់ ប្រដាប់អាវុធមានធ្នូនិងខែល។ 18 បន្ទាប់មក មានលោកយេហូសាបាត ហើយនៅជាមួយគាត់មានទាហានចំនួន១៨០,០០០ នាក់សុទ្ធតែត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។ 19 អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្ដេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្ដេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។