ជំពូក ១៦

1 នៅឆ្នាំទីសាមសិបប្រាំមួយនៃរជ្ជកាលព្រះបាទអេសាស្តេចបាសាជាស្តេចស្រុកអ៊ីស្រាអែលបានបះបោរយ៉ាងខ្លាំងប្រឆាំងនឹងស្រុកយូដាហើយបានសង់ក្រុងរ៉ាម៉ា ដើម្បីកុំឲ្យនរណាម្នាក់ចាកចេញ ឬចូលទៅក្នុងទឹកដីព្រះបាទអេសាដែលជាស្តេចស្រុកយូដា។ 2 ព្រះបាទអេសាបានយកមាស និងប្រាក់ចេញពីឃ្លាំងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេចហើយចាត់គេឲ្យទៅថ្វាយព្រះ‌បាទ​បេន-‌ហាដាឌ ជាស្តេចស្រុកអារ៉ាមដែលគ្រងរាជ្យនៅក្រុងដាម៉ាស។ ដោយទូលថា៖ 3 «សូមឲ្យមានកិច្ចព្រមព្រៀងរវាងទូលបង្គំ និងព្រះករុណាដូចជាព្រះបិតាទូលបង្គំ ព្រមទាំងបិតារបស់ព្រះករុណាដែរ។ ទូលបង្គំបានផ្ញើប្រាក់ និងមាសមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្តាច់សម្ពន្ធមិត្តជាមួយបាសទៅ ដើម្បីកុំឲ្យស្តេចឡើងមកច្បាំងជាមួយទូលបង្គំឡើយ»។ 4 ព្រះ‌បាទ​បេន-‌ហាដាឌស្ដាប់តាមព្រះបាទអេសា ហើយចាត់មេបញ្ជាការកងទ័ពទាំងឡាយឲ្យទៅវាយយកក្រុងនានារបស់អ៊ីស្រាអែល។ ពួកគេបានវាយលុកក្រុងអ៊ីជុន ក្រុងដាន់ក្រុងអេបិលមៀមព្រមទាំងឃ្លាំងស្បៀងទាំងប៉ុន្មាននៅទឹកដីណេបថាលី។ 5 នៅពេលព្រះបាទបាសាឮដំណឹងនេះទ្រង់ក៏ឈប់សាងសង់កំពែងក្រុងរ៉ាម៉ាហើយទុកការងារនោះចោល។ 6 ពេលនោះ ព្រះបាទអេសាបានយកប្រជាជនយូដាទាំងអស់ទៅជាមួយ។ ពួកគេបានយកថ្ម និងឈើនៅរ៉ាម៉ាដែលព្រះបាទបាសាបានយកមកសាងសង់ក្រុង។ បន្ទាប់មក ស្តេចអេសាបានប្រើសម្ភារសំណង់នោះ ដើម្បីសាងសង់ក្រុងកេបា និងក្រុងមីសប៉ា។ 7 នៅគ្រានោះ លោកហាណានី ដែលជាគ្រូទាយបានចូលទៅគាល់ព្រះបាទអេសាជាស្តេចស្រុកយូដាហើយទូលថា៖ «ដោយព្រោះតែព្រះករុណាបានពឹងផ្អែកលើស្តេចស្រុកស៊ីរី និងមិនពឹងផ្អែកលើព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា នោះកងទ័ពរបស់ស្តេចស្រុកស៊ីរីបានរួចផុត ពីព្រះហស្តព្រះករុណាហើយ។ 8 តើកាលជនជាតិអេត្យូពី និងប្រជាជនលីប៊ីលើកទ័ពមក តើគេមិនមានទ័ពដ៏ច្រើនសម្បើម មានរទេះចម្បាំង និងទ័ពសេះយ៉ាងច្រើនឬអី?ប៉ុន្តែ ដោយពឹងលើព្រះអម្ចាស់ នោះព្រះអង្គបានធ្វើឲ្យព្រះករុណាមានជ័យជម្នះលើពួកគេ។ 9 ដ្បិត ព្រះនេត្ររបស់ព្រះអម្ចាស់ពាសពេញលើផែនដីទាំងមូល ដើម្បីឲ្យព្រះអង្គសម្តែងព្រះចេស្ដាជួយអស់អ្នកដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ប៉ុន្តែ ក្នុងរឿងនេះ ព្រះករុណាបានធ្វើរឿងល្ងង់ខ្លៅហើយ។ ចាប់ពីពេលនេះទៅនឹងមានសង្គ្រាមកើតឡើងហើយ»។ 10 ពេលនោះព្រះបាទអេសាខឹងនឹងគ្រូទាយ ហើយបានមចាប់គាត់ដាក់គុកព្រោះព្រះករុណាខឹងនឹងគាត់អំពីបញ្ហានេះ។ នៅពេលជាមួយគ្នានោះ ព្រះបាទអេសាបានជិះជាន់ដល់ប្រជាជនមួយចំនួនដែរ។ 11 មើល! រាជកិច្ចរបស់ព្រះបាទអេសាតាំងពីដើមដល់ចប់មានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។ 12 ព្រះបាទអេសាមានជំងឺនៅក្នុងប្រអប់ជើង។ ជំងឺរបស់ព្រះករុណាធ្ងន់ធ្ងរណាស់។ ទោះបីយ៉ាងនេះក្តី ទ្រង់មិនបានស្វែងរកជំនួយពីព្រះអម្ចាស់ទេគឺស្វែងរកតែគ្រូពេទ្យប៉ុណ្ណោះ។ 13 ព្រះបាទអេសាសោយទិវង្គតទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យ‌កោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។ 14 ពួកគេបានបញ្ចុះសពស្តេចនៅក្នុងផ្នូររបស់ទ្រង់ដែលស្តេចបានជីកនៅឯទីក្រុងដាវីឌ។ ពួកគេបានដាក់សព្វនៅលើគ្រែដែលពោរពេញទៅដោយក្លិនផ្អែម និងគ្រឿងក្រអូបផ្សេងៗដែលរៀបចំដោយអ្នកជំនាញអប់។ បន្ទាប់មក ពួកគេបានបង្កាត់ភ្លើងយ៉ាងខ្លាំង ជាការថ្វាយកិត្តិយសដល់ស្តេច។