ជំពូក ៧

1 ព្រះបាទសាឡូម៉ូនចំណាយពេលសាមសិបឆ្នាំក្នុងការសង់វាំងរបស់ស្តេចផ្ទាល់។ 2 ស្តេចបានសង់វាំងពីឈើនៅស្រុកលីបង់។ វាំងនោះមានបណ្តោយមួយរយហត្ថ មានទទឹងហាសិបហត្ថ និងមានកំពស់សាមសិបហត្ថ។ វាំងនេះមានសសរធ្វើពីឈើតាត្រៅបួនជួរ ដែលមានធ្នឹមនៅលើសសរទាំងនោះ។ 3 ដំណាក់នោះបានធ្វើដំបូលពីឈើតាត្រៅដែលដាក់លើធ្នឹម។ ធ្នឹមទាំងនោះទ្រដោយសសរជាច្រើន។ មានធ្នឹមសែសិបប្រាំ មានដប់ប្រាំជួរ។ 4 មានធ្នឹមបីជួរ ហើយបង្អួចនីមួយៗនៅទល់មុខបង្អួចម្ខាងទៀត ទាំងអស់មានបីគូរ។ 5 ទ្វារ និងគ្របទ្វារទាំងអស់បានធ្វើជារៀងបួនជ្រុង ហើយបង្អួចគឺទល់មុខគ្នាបីគូរ។ 6 មានបន្ទប់់ល្វែងមួយដែលមានប្រវែងហាសិបហត្ថ និងទទឹងសាមសិបហត្ថ ដែលមានរាននៅខាងមុខ និងសសរ ហើយនឹងដំបូល។ 7 ព្រះបាទសាឡូម៉ូនបានសង់បន្ទប់ធំមួយដែលមានបល្ល័ង្ក ជាកន្លែងសម្រាប់កាត់ក្តី ជាបន្ទប់យុត្តិធម៌។​ បន្ទប់នោះ បានក្រាលដោយឈើតាត្រៅនៅខាងក្រោម។ 8 ដំណាក់របស់ព្រះបាទសាឡូម៉ូនដែលស្តេចគង់នៅ គឺស្ថិតក្នុងទីធ្លាមួយទៀតដែលជាដីរបស់រាជវាំង បានរចនាស្រដៀងគ្នា។ ស្តេចក៏បានសង់ដំណាក់ដូចគ្នានេះសម្រាប់បុត្រីរបស់ស្តេចផារោនដែលជាមហេសីរបស់ស្តេចដែរ។ 9 អគារទាំងនេះបានសង់ពីថ្មដ៏មានតម្លៃ បានវាស់វែងយ៉ាងផ្ចិតផ្ចង់ និងអារដំរឹមដោយរណា និងខាត់គ្រប់ជ្រុងទាំងអស់។​ ថ្មទាំងនេះបានប្រើតាំងពីគ្រឹះរហូតដល់ផ្នែកខាងលើបំផុត និងរហូតដល់លានខាងក្រៅផង។ 10 គ្រឹះបានសង់ឡើងដោយថ្មយ៉ាងធំ ជាថ្មមានតម្លៃ ដែលមានប្រវែងប្រាំបី និងដប់ហត្ថ។ 11 នៅផ្នែកខាងលើគឺមានថ្មម៉ាបយ៉ាងមានតម្លៃដែលកាត់តាមទំហំ និងមានធ្នឹមពីឈើតាត្រៅ។ 12 ទីធ្លាធំនៅជុំវិញវាំងមានបីជួរធ្វើពីថ្ម និងមួយជួរធ្វើពីឈើតាត្រៅដូចទីលាននៅខាងក្នុងព្រះវិហារបស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះវិហារដែរ។ 13 ព្រះបាទសាឡូម៉ូនបានផ្ញើសារទៅលោកហ៊ីរ៉ាម​ ដើម្បីអញ្ជើញលោកពីក្រុង​ទីរ៉ុសមក។ 14 លោកហ៊ីរ៉ាមជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស លោកជាជាងលង្ហិនដ៏ចំណានម្នាក់។ លោកហ៊ីរ៉ាមមានពេញដោយប្រាជ្ញា និងការយល់ដឹង រួមជាមួយជំនាញ ដើម្បីធ្វើការដ៏អស្ចារ្យជាមួយលង្ហិនសម្រាប់ស្តេច។ 15 លោកហ៊ីរ៉ាមបានរចនាសសរពីរពីលង្ហិន សសរនីមួយៗមានកម្ពស់ដប់ប្រាំបីហត្ថ និងបរិមាត្រដប់ពីរហត្ថ។ 16 គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ​ដាក់​ខាង​លើ​សសរ​ទាំង​ពីរ។ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។ 17 គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់សម្រាប់​លម្អក្បាល​សសរ ក្បាល​សសរ​នីមួយៗ​មាន​កម្រង​ច្រវាក់​ប្រាំ‌ពីរ​។ 18 ដូច្នេះ លោកហ៊ីរ៉ាមបានឆ្លាក់ផ្លែទទឹមពីរជួរជុំវិញក្បាលសរសរនីមួយៗ ដើម្បីរចនាក្បាលសសរទាំងពីរនេះ។ 19 ក្បាលសសរខាងលើសសរបន្ទប់ល្វែងបានរចនាជាមួយផ្កាលីលី មានកម្ពស់បួនហត្ថ។ 20 ក្បាលសសរនៅលើសសរទាំងពីររួមទាំងក្បែរផ្នែកខាងលើមានផ្លែទទឹមពីររយជាជួរនៅជុំវិញ។ 21 លោកបានលើកសសរនេះឡើងនៅឯបន្ទប់ល្វែងព្រះវិហារ។ សសរនៅខាងស្តាំមានឈ្មោះថាយ៉ាគីន ហើយសសរនៅខាងឆ្វេងមានឈ្មោះថាបូអូស។ 22 នៅខាងលើបំផុតនៃសសរទាំងពីរនេះមានការរចនាដូចជាផ្កាលីលី។ ការរចនាសសរទាំងពីរបានធ្វើឡើងរបៀបនេះឯង។ 23 លោកហ៊ីរ៉ាមបានធ្វើអាងទឹកមូលមួយពីដែកចាក់ មានអង្គត់ផ្ចិតជុំវិញដប់ហត្ថ។ វាមានកម្ពស់ប្រាំហត្ថ និងមានបរិមាត្រជុំវិញសាមសិបហត្ថ។ 24 នៅមាត់ខាងលើនៃអាងទឹកនេះបានឆ្លាក់រូបផ្កាក្រពុំ ក្នុងមួយហត្ថមានផ្កាដប់ ក្បាច់ទាំងនោះបានចាក់ក្នុងពេលដែលគេចាក់អាងនោះ។ 25 អាងនេះនៅលើគោដប់ពីរក្បាល បីបែរទៅទិសខាងជើង បីបែរទៅទិសខាងលិច បីបែរទៅទិសខាងត្បូង និងបីទៀតបែរទៅទិសខាងខាងកើត។ អាងនោះបានដាក់នៅខាងលើគោទាំងអស់នោះ ហើយខ្លួនគោទាំងអស់បែរចូលក្នុង។ 26 អាងនោះមានកម្រាលក្រាស់ដូចមួយទះដៃ ហើយមាត់របស់អាងគឺបត់ដូចជាមាត់របស់ពែង ដូចជាផ្កាលីលីរីក។ អាងនោះអាចដាក់ទឹកបានពីពាន់អម្រែក។ 27 លោកហ៊ីរ៉ាមបានធ្វើជើងបញ្ឃរដប់ពីលង្ហិន។ ជើងបញ្ឈរនីមួយៗមានប្រវែងបួនហត្ថ និងទទឹងបួនហត្ថ ហើយកម្ពស់ពីរហត្ថ។ 28 ការងារធ្វើជើងបញ្ឈរនេះមានដូចតទៅ។ គេមានបន្ទះដាក់បញ្ឈរនៅចន្លោះគ្រោង 29 ហើយនៅលើបន្ទះ និងនៅលើគ្រោងនេះមានតោ គោ និងចេរ៉ូប៊ីម។ នៅខាងលើ និងនៅខាងក្រោមគោ និងតោមានក្បាច់រំយោល។ 30 នៅលើជើងបញ្ឈរនីមួយៗមានកង់លង្ហឹនបួន និងភ្លៅ ហើយជ្រុងទាំងបួនរបស់វាមានប្រដាប់ទ្រ។ ទម្របានចាក់ភ្ជាប់គ្នាទៅជ្រុងទាំងបួនរបស់វា។ 31 នៅមាត់ខាងលើមានរាងមូលដូចជើងតាងមានប្រវែងមួយហត្ថកន្លះ ហើយមានម្កុដឡើងទៅលើមួយហត្ថ។ នៅមាត់ខាងលើងនោះក៏មានចម្លាក់ដែរ ហើយបន្ទះទាំងនោះមានរាងបួនជ្រុង មិនមែនមូលទេ។ 32 កង់ទាំងបួនស្ថិតនៅក្រោមបន្ទះ ហើយតួ និងកង់របស់វា និងខ្លួនទាំងមូល គឺនៅក្នុងជើងបញ្ឈរនោះ។ កង់មានកម្ពស់មួយហត្ថកន្លះ។ 33 កង់ទាំងបួនមានរាងដូចកង់រទះចំបាំង។ ខ្លួនទាំងមូល ខ្នង កាំ និង​ដុំ ចាក់ធ្វើពីដែកទាំងអស់។ 34 មានជើងទម្របួននៅតាមជ្រុងរបស់ជើងបញ្ឈរនោះ បានភ្ជាប់ជាមួយតួ។ 35 នៅខាងលើជើងបញ្ឈនេះមានរង្វង់មូលមួយមានជម្រៅមួយហត្ថ ហើយនៅផ្នែកខាងលើជើងបញ្ឈរ ជើងទម្រ និងបន្ទះបានភ្ជាប់គ្នា។ 36 នៅផ្ទៃខាងលើជើងទ្រ និងនៅលើបន្ទះ លោកហ៊ីរ៉ាមបានឆ្លាក់រូបចេរ៉ូប៊ីម តោ និងដើមត្នោតនៅលើផ្ទៃដែលសេសសល់ ហើយមានរំយោទព័ទ្ធជុំវិញ។ 37 លោកបានធ្វើជើងបញ្ឈរដប់ដោយរបៀបនេះឯង។ ជើងបញ្ឈរទាំងអស់បានចាក់ដូចៗគ្នា ហើយមានទំហំដូចៗគ្នា និងមានទម្រង់ដូចៗគ្នា។ 38 លោកហ៊ីរ៉ាមបានធ្វើអាងលង្ហិនដប់។​ អាងនីមួយៗអាចដាក់ទឹកបានសែសិបអម្រែក។ អាងនីមួយៗមានកម្ពស់បួនហត្ថ ហើយគេដាក់អាងមួយនៅលើជើងបញ្ឈរនីមួយៗ។ 39 លោកបានដាក់ជើងបញ្ឈរប្រាំនៅខាងត្បូងទល់មុខព្រះវិហារ ហើយប្រាំទៀតដាក់ខាងជើងទល់មុខព្រះវិហារ។ លោកបានដាក់អាងធំនៅជ្រុងខាងកើត បែរមុខទៅខាងត្បូងព្រះវិហារ។ 40 លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម។ បន្ទាប់មក លោកបានបញ្ចប់កិច្ចការទាំងប៉ុន្មានដែលលោកបានធ្វើថ្វាយព្រះបាទសាឡូម៉ូននៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ 41 គឺសសរពីរ ក្បាលសសរមូលពីសម្រាប់ដាក់លើសសរ និងក្បាច់ក្រឡាអួនពីរឈុត ដើម្បីគ្របពីលើក្បាលសសរដែលនៅខាងលើ។ 42 លោកបានធ្វើផ្លែទទឹមបួនរយសម្រាប់លម្អក្បាច់ក្រឡាអួន៖ មានផ្លែទទឹមពីរជួរសម្រាប់ក្បាច់ក្រឡាអួននីមួយៗដើម្បីដាក់លើក្បាលសសរដែលនៅលើសសរ 43 ជើងបញ្ឈរដប់ អាងដប់ដែលនៅលើជើងបញ្ឈរនោះ។ 44 លោកបានធ្វើអាងធំ និងគោដប់ពីរនៅក្រោមអាងនោះ 45 លោកក៏ធ្វើធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ អាង និងរបស់របរផ្សេងទៀត។ លោកហ៊ីរ៉ាមធ្វើរបស់ទាំងនោះពីលង្ហិនរលោងសម្រាប់ព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហារបស់ព្រះអម្ចាស់។ 46 ស្តេចបានចាក់របស់ទាំងអស់នេះនៅវាលទំនាបទន្លេយ័រដាន់ នៅក្នុងពុម្ពដីឥតចន្លោះសិកូត និង​សារ‌ថាន។ 47 ព្រះបាទសាឡូម៉ូនមិនបានថ្លឹងគ្រឿងប្រដាប់ទាំងនោះទេ ដោយសារតែមានច្រើនពេក ដោយសារតែទំងន់របស់លង្ហិនទាំងនោះធ្ងន់ពេកមិនអាចកំណត់បាន។ 48 ព្រះបាទសាឡូម៉ូនបានធ្វើរបស់ដែលត្រូវការនៅក្នងព្រះវិហាររបស់ព្រះអម្ចាស់ពីមាស៖ មានអាសនាមាស និងតុនំប័ុងដែលដាក់តាំងនំប័ុង។ 49 ជើងចង្កៀង ប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង នៅខាងមុខបន្ទប់ខាងក្នុងពីមាសសុទ្ធ និងផ្កា ចង្កៀង និងដង្កៀបសុទ្ធតែធ្វើពីមាស។ 50 ពែង ចង្កៀង អាង ស្លាបព្រា និងកន្លែងថ្វាយគ្រឿងក្រអូបសុទ្ធតែធ្វើពីមាសសុទ្ធ។ ត្រចៀកទ្វារនៅបន្ទប់ខាងក្នុងដែលជាកន្លែងសក្ការៈបំផុត និងទ្វាររបស់បន្ទប់ធំនៃព្រះវិហារ សុទ្ធតែធ្វើពីមាស។ 51 តាមរបៀបនេះឯងដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ដំណាក់របស់ព្រះអម្ចាស់ ហើយបានធ្វើរួចរាល់។ ដូច្នេះ ព្រះបាទសាឡូម៉ូនបាននាំរបស់ដែលស្តេចដាវីឌជាបិតាទ្រង់បានរៀបចំទុកមានប្រាក់ មាស គ្រឿងប្រដាប់ប្រដាផ្សេងៗ ហើយបានដាក់របស់ទាំងនោះនៅក្នុងឃ្លាំងនៃដំណាក់របស់ព្រះអម្ចាស់។