ជំពូក ៨

1 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានអញ្ជើញពួកចាស់ទុំ ពួកអ្នកដឹកនាំកុលសម្ព័ន្ធ និងពួកមេដឹកនាំគ្រួសារទាំងអស់របស់ប្រជាជនអ៊ីស្រាអែល នៅចំពោះស្តេចឯក្រុងយេរូសាឡឹម ដើម្បីនាំហឹបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ពីក្រុងរបស់ស្តេចដាវីឌ​ ដែលនៅក្រុងស៊ីយ៉ូនមក។ 2 ប្រុសៗទាំងអស់របស់អ៊ីស្រាអែលបានមកជួបព្រះបាទសាឡូម៉ូននៅក្នុងពិធីបុណ្យ នៅក្នុងខែអស្សុជ ជាខែទីប្រាំពីរ។ 3 ពួកចាស់ទុំទាំងអស់របស់អ៊ីស្រាអែលបានមក ហើយពួកបូជាចារ្យបានសែងហឹប។ 4 ពួកគេបានយកហឹបរបស់ព្រះអម្ចាស់ តង់សម្រាប់ប្រជុំ និងរបស់របរបរិសុទ្ធដែលមាននៅក្នុងជំរំចេញទៅ។ ពួកបូជាចារ្យ និងពួកលេវីបានកាន់របស់ទាំងនោះ។ 5 ព្រះបាទសាឡូម៉ូននិងប្រជាជនអ៊ីស្រាអែលបានដើរនៅខាងមុខហឹប ហើយបានថ្វាយចៀម និងគោច្រើនឥតគណនា។ 6 ពួកបូជាចារ្យបាននាំយកហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដាក់នៅកន្លែងរបស់វា នៅក្នុងបន្ទប់ខាងក្នុងនៃព្រះដំណាក់ គឺកន្លែងបរិសុទ្ធបំផុត នៅក្រោមស្លាបចេរ៉ូប៊ីម។ 7 ចេរ៉ូប៊ីមបានត្រដាងស្លាបរបស់ពួកគេដល់កន្លែងដាក់ហឹប ហើយពួកគេបានគ្របហឹប និងដងសែងហឹបនៅពេលដែលពួកគេសែងមក។ 8 ដងវែងណាស់ ចុងរបស់វាហាក់បីដូចជាចាប់តាំងពីទីបរិសុទ្ធមក គឺចាប់ពីបន្ទប់នៅមុខទីបរិសុទ្ធបំផុត ប៉ុន្តែ គេមិនអាចមើលពីក្រៅមកឃើញឡើយ។ ហឹបនៅកន្លែងនោះចាប់ពីពេលនោះមកដល់សព្វថ្ងៃ។ 9 គ្មានអ្វីនៅក្នុងហឹបឡើយមានតែបន្ទះថ្មពីរបន្ទះដែលលោកម៉ូសេបានដាក់នៅភ្នំហោរែប នៅពេលដែលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល នៅពេលដែលគេចេញពីស្រុកអេស៊ីបមក។ 10 នៅពេលដែលពួកបូជាចារ្យចេញពីទីបរិសុទ្ធមកវិញ ក៏មានពពកពេញនៅក្នុងព្រះវិហារបស់ព្រះអម្ចាស់។ 11 ពួកបូជាចារ្យមិនអាចឈរបម្រើនៅទីនោះបានទេដោយសារតែពពក គឺសិរីរុងរឿងរបស់ព្រះអម្ចាស់បានបំពេញដំណាក់របស់ព្រះអង្គ។ 12 បន្ទាប់មក ព្រះបាទសាឡូម៉ូនមានបន្ទូលថា៖ «ព្រះអម្ចាស់ធ្លាប់មានបន្ទូលថាព្រះអង្គនឹងគង់នៅក្នុងភាពងងឹត 13 ប៉ុន្តែ ទូលបង្គំបានសង់ដំណាក់ដ៏អស្ចារ្យនោះជាកន្លែងសម្រាប់ព្រះអង្គគង់នៅអស់កល្បជានិច្ច»។ 14 បន្ទាប់មក ស្តេចបានត្រឡប់មកឲ្យពរដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ នៅពេលដែលពួកគេកំពុងឈរ។ 15 ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល បានទទួលសិរីល្អ ដែលទ្រង់បានមានបន្ទូលទៅកាន់បិតារបស់ទូលបង្គំ ហើយបានឲ្យការនេះបានសម្រេចរូបរាងឡើងដោយសារព្រះហស្តរបស់ព្រះអង្គផ្ទាល់ ដោយមានបន្ទូលថា៖ 16 «ចាប់ពីថ្ងៃដែលយើងបាននាំប្រជាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប យើងមិនបានជ្រេីសរើសក្រុងចេញពីកុលសម្ព័ន្ធណាមួយរបស់អ៊ីស្រាអែលក្នុងការសង់ដំណាក់របស់យើង ដើម្បីឲ្យព្រះនាមរបស់យើងនៅទីនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយយើងបានជ្រើសរើសដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលរបស់យើង»។ 17 ឥឡូវនេះ ការនេះជាបំណងរបស់ដាវីឌជាបិតាខ្ញុំក្នុងការសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល។ 18 ប៉ុន្តែ ព្រះអម្ចាស់បានមានបន្ទូលមកដាវីឌជាបិតារបស់ខ្ញុំថា៖ «អ្នកមានដួងចិត្តក្នុងការសាងសង់ដំណាក់សម្រាប់នាមរបស់យើង អ្នកបានគិតក្នុងចិត្តនោះល្អហើយ។ 19 អ្នកមិនអាចសង់ដំណាក់របស់យើងបានឡើយ ផ្ទុយទៅវិញ គឺបុត្ររបស់អ្នកដែលកើតពីអ្នកនឹងសង់ដំណាក់សម្រាប់នាមយើង»។ 20 ព្រះអម្ចាស់បានធ្វើតាមអ្វីដែលព្រះអង្គបានសន្យា គឺព្រះអង្គបានឲ្យខ្ញុំសោយរាជ្យបន្តពីដាវីឌជាបិតារបស់ខ្ញុំ ហើយខ្ញុំបានគង់លើបល្ល័ង្កនៃស្រុកអ៊ីស្រាអែល ដូចដែលព្រះអម្ចាស់បានសន្យា។ ខ្ញុំបានសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល។ 21 ខ្ញុំបានសង់កន្លែងសម្រាប់ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់យើង នៅពេលដែលព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីបមក»។ 22 ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនារបស់ព្រះអម្ចាស់ នៅមុខប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបានលើកដៃឡើងទៅស្ថានសួគ៌។ 23 ស្តេចទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល គ្មានព្រះឯណាដូចព្រះអង្គឡើយ ទោះបីជានៅស្ថានសួគ៌ ឬនៅផែនដីក្តី ព្រះអង្គបានរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះត្រង់ជាមួយអ្នកបម្រើរបស់ព្រះអង្គ គឺដល់អស់អ្នកដែលដើរនៅមុខព្រះអង្គដោយអស់ពីចិត្តរបស់ពួកគេ 24 ព្រះអង្គបានរក្សាសម្ពន្ធមេត្រីនេះជាមួយដាវីឌជាបិតាទូលបង្គំជាមួយអ្វីដែលព្រះអង្គបានសន្យា។ មែនហើយព្រះអង្គបានមានបន្ទូលដោយផ្ទាល់ ហើយបានសម្រេចដោយព្រះហស្តរបស់ព្រះអង្គ ដូចនៅថ្ងៃនេះស្រាប់។ 25 បន្ទាប់មក ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល បានសម្រេចនូវអ្វី ដែលព្រះអង្គបានសន្យាដល់អ្នកបម្រើរបស់ព្រះអង្គគឺដាវីឌជាបិតាទូលបង្គំ នៅពេលដែលព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គនឹងឲ្យពូជពង្សរបស់លោកអង្គុយលើបល្ល័ង្កស្រុកអ៊ីស្រាអែល ប្រសិនបើជាកូនចៅរបស់អ្នកប្រុងប្រយ័ត្នក្នុងការដើរក្នុងមាគារបស់យើង ដូចដែលអ្នកបានធ្វើ»។ 26 ឥឡូវនេះព្រះជាម្ចាស់របស់អ៊ីស្រាអែលអើយ ទូលបង្គំសូមអធិស្ឋានឲ្យសេចក្តីសន្យាដែលព្រះអង្គបានសន្យាជាមួយដាវីឌជាបិតារបស់ទូលបង្គំ បានក្លាយជាការពិតផង។ 27 ប៉ុន្តែ តើព្រះនឹងគង់នៅផែនដីនេះឬទេ? មើល សកលលោកទាំងមូល និងស្ថានសួគ៌មិនគ្រប់គ្រាន់សម្រាប់ឲ្យព្រះអង្គគង់នៅទេ ចុះទំរាំវិហារដែលទូលបង្គំបានសង់នេះ! 28 ប៉ុន្តែ សូមព្រះអង្គស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងសំណើរបស់ទូលបង្គំផង ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ សូមស្តាប់នូវសម្រែក និងសេចក្តីអធិស្ឋានដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅថ្ងៃនេះផង។ 29 សូមព្រះអង្គបើកព្រះនេត្រទតមើលព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺជាកន្លែងដែលព្រះអង្គមានបន្ទូលថា៖ «នាម និងវត្តមានរបស់យើងនឹងនៅទីនេះ ដើម្បីស្តាប់សេចក្តីអធិស្ឋាន ដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅកន្លែងនេះ។ 30 ដូច្នេះ សូមស្តាប់សំណើរបស់អ្នកបម្រើរបស់ព្រះអង្គ និងរបស់ប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គ នៅពេលដែលយើងអធិស្ឋាននៅកន្លែងនេះផង។ ពិតមែនហើយ សូមស្តាប់ពីកន្លែងដែលព្រះអង្គគង់នៅ ពីស្ថានសួគ៌ និងអត់ទោសឲ្យយើងខ្ញុំផង។ 31 បើនរណាម្នាក់បានប្រព្រឹត្តអំពើបាបប្រឆាំងនឹងបងប្អូនរបស់ខ្លួន ហើយតម្រូវឲ្យស្បថ ហើយបើគាត់មកស្បថនៅខាងមុខអាសនានៅក្នុងដំណាក់របស់ព្រះអង្គ 32 សូមព្រះអង្គផ្ទៀងព្រះការស្តាប់ពីស្ថានសួគ៌ និងវិនិច្ឆ័យអ្នកបម្រើរបស់ព្រះអង្គ ទាក់ទងនឹងការអាក្រក់របស់គេ នឹងសូមឲ្យអ្វីដែលគាត់បានធ្វើធ្លាក់មកលើក្បាលគាត់វិញ និងប្រកាសឲ្យយុត្តិធម៌ដល់មនុស្សសុច្ចរិតស្របតាមសេចក្តីសុច្ចរិតរបស់គាត់។ 33 នៅពេលដែលប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គត្រូវបានខ្មាំងសត្រូវវាយប្រហារដោយសារតែពួកគេបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអង្គ ហើយបើគេត្រឡប់មករកព្រះអង្គវិញ ដោយបានសារភាពអំពើបាបរបស់ពួកគេ ដោយអធិស្ឋាន ហើយសុំការអត់ទោសពីព្រះអង្គនៅក្នុងព្រះវិហារនេះ 34 សូមព្រះអង្គព្រះស​ណ្តាប់ពីនគរស្ថានសួគ៌ និងអត់ទោសបាបដល់ប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គផង សូមនាំគេត្រឡប់មកទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់ពួកគេវិញផង។ 35 នៅពេលដែលផ្ទៃមេឃបិទ និងគ្មានភ្លៀងដោយសារមនុស្សបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអង្គ បើពួកគេមកអធិស្ឋាននៅទីនេះ ប្រកាសព្រះនាមរបស់ព្រះអង្គ ហើយចេញពីអំពើបាបរបស់ពួកគេ នៅពេលដែលព្រះអង្គបានផ្ចាញ់ផ្ចាលពួកគេ 36 ហើយអត់ទោសបាបដល់អ្នកបម្រើរបស់ព្រះអង្គ និងដល់ប្រជាជនអ៊ីស្រាអែល នៅពេលដែលព្រះអង្គបង្រៀនពួកគេឲ្យដើរផ្លូវល្អ ដែលពួកគេគួរដើរ។ សូមប្រទានទឹកភ្លៀងនៅលើទឹកដីរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានដល់ប្រជារាស្រ្តរបស់ព្រះអង្គជាមរតកផង។ 37 បើមានកើតអំណត់នៅលើទឹកដីនេះ ឬក៏មានគ្រោះមហន្តរាយ ជំងឺ​រាត‌ត្បាត ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​វាយប្រហារ​ទ្វារក្រុង នៅក្នុងទឹកដីនេះ ឬមាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ 38 ហើយបន្ទាប់មកមាននរណាម្នាក់ឬក៏ប្រជាជនអ៊ីស្រាអែលទាំងអស់អធិស្ឋានសុំ ដោយម្នាក់ៗខ្លោចផ្សានៅក្នុងចិត្តនៅពេលដែលពួកគេដាក់ដៃរបស់ពួកគេតម្រង់មកព្រះវិហារនេះ។ 39 សូមព្រះអង្គស្តាប់ពីស្ថានសួគ៌មក ពីកន្លែងដែលព្រះអង្គគង់នៅ សូមអត់ទោសដល់ពួកគេ ហើយប្រទានដល់ពួកគេនូវអ្វីដែលពួកគេបានធ្វើ ព្រះអង្គជ្រាបដួងចិត្តរបស់ពួកគេ ព្រោះមានតែព្រះអង្គមួយអង្គគត់ស្គាល់ជម្រៅចិត្តរបស់មនុស្ស។ 40 សូមធ្វើបែបនេះ ដើម្បីឲ្យពួកគេកោតខ្លាចព្រះអង្គនៅក្នុងពេលដែលពួកគេមានជីវិតរស់នៅក្នុងទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើង។ 41 សរុបមកទាក់ទងនឹងជនបរទេស ដែលមិនមែនជាប្រជារាស្រ្តអ៊ីស្រាអែលរបស់ព្រះអង្គ៖ នៅពេលដែលគេមកពីប្រទេសឆ្ងាយដោយសារតែព្រះនាមព្រះអង្គ 42 ដោយសារតែពួកគេបានឮពីព្រះនាមដ៏អស្ចារ្យ ស្នាមព្រះហស្ត និងពីកិច្ចការរបស់ព្រះអង្គ នៅពេលដែលពួកគេមក និងអធិស្ឋាននៅក្នុងព្រះវិហារនេះ 43 សូមព្រះអង្គស្តាប់ពីស្ថានសួគ៌ ពីកន្លែងដែលព្រះអង្គគង់នៅ និងឆ្លើយតមនូវអ្វីដែលជនបរទេសនោះបានសុំពីព្រះអង្គផង។ សូមធ្វើដូច្នេះ ដើម្បីឲ្យមនុស្សទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ និងកោតខ្លាចព្រះអង្គ ដូចជាប្រជាជនអ៊ីស្រាអែលដែរ។ សូមធ្វើដូច្នេះ ដើម្បីឲ្យគេដឹងថាដំណាក់ ដែលទូលបង្គំសង់នេះមានព្រះអង្គគង់នៅមែន។ 44 នៅពេលដែលប្រជារាស្រ្តរបស់ព្រះអង្គចេញទៅសមរភូមិ ដើម្បីច្បាំងនឹងសត្រូវ ទោះបីព្រះអង្គបញ្ជូនពួកគេទៅតាមផ្លូវណាក៏ដោយ ហើយបើពួកគេអធិស្ឋានទៅរកព្រះអង្គ គឺទៅព្រះអម្ចាស់ ទៅកាន់ក្រុងដែលព្រះអង្គជ្រើសរើស និងទៅកាន់ដំណាក់ដែលទូលបង្គំបានសង់ដោយនូវព្រះនាមព្រះអង្គ។​ 45 សូមព្រះងង្គស្តាប់ពីនរគស្ថានសួគ៌រាល់ការអធិស្ឋាន និងការស្នើសុំរបស់ពួកគេ ហើយសូមជួយពួកគេផង។ 46 បើពួកគេប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ រហូតគ្រប់គ្នាប្រព្រឹត្តបាប ហើយព្រះអង្គព្រះពិរោធនឹងពួកគេ ហើយព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដូច្នេះ ខ្មាំងសត្រូវនឹងនាំពួកគេទៅឆ្ងាយហើយចាប់យកទឹកដីរបស់ពួកគេ ទោះបីជាទៅជិត ឬក៏ឆ្ងាយក្តី។ 47 បន្ទាប់មក បើពួកគេដឹងខ្លួនថាពួកគេនៅក្នុងទឹកដីដែលពួកគេជាប់ជាឈ្លើយ ហើយពួកគេប្រែចិត្ត និងស្វែងរកព្រះអង្គពីទឹកដីនោះ។ បើគេនិយាយថា៖ «យើង​​បាន​ប្រព្រឹត្ត​អំពើ​កំហុស និងអំពើបាប។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់»។ 48 បើពួកគេត្រឡប់មករកព្រះអង្គវិញដោយអស់ពីចិត្ត និងពីព្រលឹងរបស់ពួកគេ នៅក្នុងទឹកដីដែលខ្មាំងសត្រូវរបស់ពួកគេបានកៀរពួកគេទៅជាឈ្លើយ ហើយបើពួកគេអធិស្ឋានទៅព្រះអង្គនៅទឹកដីរបស់ពួកគេ គឺទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់ពួកគេ និងទៅកាន់ក្រុងដែលព្រះអង្គបានជ្រើសរើស និងទៅកាន់ដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។ 49 សូមព្រះអង្គសណ្តាប់ពីនគរស្ថានសួគ៌មក គឺពីកន្លែងដែលព្រះអង្គគង់នៅ សូមស្តាប់ពាក្យអធិស្ឋាន និងការស្នើសុំរបស់ពួកគេ ហើយសូមព្រះអង្គរំដោះពួកគេផង។ 50 សូមអត់ទោសដល់ប្រជាជនរបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ និង​អំពើ​ទុច្ចរិត​ទាស់​នឹង​បញ្ញត្ត​របស់​ព្រះអង្គ។ សូមផ្តល់ក្តីមេត្តាលើពួកគេនៅចំពោះខ្មាំងសត្រូវរបស់ពួកគេដែលបានចាប់ពួកគេជាឈ្លើយ ដូច្នេះ សត្រូវរបស់ពួកគេនឹងមានក្តីមេត្តាដល់ប្រជារាស្រ្តរបស់ព្រះអង្គដែរ។ 51 ពួកគេជារាស្រ្តរបស់ព្រះអង្គ ដែលព្រះអង្គជ្រើសរើស ជាអ្នកដែលព្រះអង្គសង្គ្រោះចេញពីអេស៊ីបដូចជាចេញពីឡរំលាយដែកដែរ។ 52 ទូលបង្គំសូមអធិស្ឋានឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក មើលឃើញការទូលសូមរបស់អ្នកបម្រើរបស់ព្រះអង្គ និងសំណូមពររបស់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ សូមស្តាប់ពួកគេនៅពេលដែលពួកគេស្រែករកព្រះអង្គ។ 53 ដោយសារតែព្រះអង្គញែកពួកគេចេញពីជាតិសាសន៍នានានៅលើផែនដី ដើម្បីធ្វើជារាស្រ្តរបស់ព្រះអង្គ និងទទួលព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចដែលព្រះអង្គបានពន្យល់តាមរយៈលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងចេញពីអេស៊ីបមក ព្រះអម្ចាស់អើយ។ 54 ដូច្នេះ នៅពេលដែលព្រះបាទសាឡូម៉ូនបានបញ្ជាប់ការអធិស្ឋានទាំងនេះ និងបានទូលសូមព្រះអម្ចាស់រួចមក ស្តេចក្រោកចេញពីអាសនារបស់ព្រះអម្ចាស់ ក្រោកពីការលុតជង្គង់ដោយដៃរបស់ស្តេចលើកឡើងទៅលើមេឃ។ 55 ស្តេចក្រោកឡើង ហើយឲ្យពរដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ឮៗថា៖ 56 «សូមឲ្យព្រះអម្ចាស់ប្រកបដោយព្រះពរ ដែលបានឲ្យបានជាជនអ៊ីិស្រាអែលបានសម្រាក ព្រះអង្គបានរក្សាសេចក្តីសន្យាទាំងអស់។ គ្មានពាក្យសន្យាណាមួយដែលព្រះអង្គសន្យាជាមួយម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គមិនបានសម្រេចនោះឡើយ ។ 57 សូមឲ្យព្រះអម្ចាស់ជាព្រះរបស់យើងគង់នៅជាមួយយើង ដូចដែលព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់យើងដែរ។ សូមកុំឲ្យព្រះអង្គបោះបង់ចោលយើង ឬបំភ្លេចពួកយើងចោលឡើយ 58 ដូច្នេះព្រះអង្គអាចទាញចិត្តយើងទៅរកព្រះអង្គ ដើម្បីឲ្យយើងរស់ស្របតាមមាគា៌ផ្លូវរបស់ព្រះអង្គ និងរក្សាបញ្ញត្ត ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ដល់ដូនតារបស់យើង។ 59 សូមឲ្យពាក្យទាំងអស់ដែលទូលបង្គំបាននិយាយ ដែលទូលបង្គំទូលសូមនៅមុខព្រះអម្ចាស់ បានឮដល់ព្រះអង្គជាព្រះរបស់ពួកយើងរាល់ថ្ងៃ និងរាល់យប់ ដូច្នេះ ព្រះអង្គអាចជួយអ្នកបម្រើរបស់ព្រះអង្គ និងជួយប្រជារាស្រ្តអ៊ីស្រាអែលរបស់ព្រះអង្គ នៅរាល់ថ្ងៃដែលត្រូវការ 60 នោះមនុស្សទាំងអស់នៅលើផែនដីនឹងដឹងថាព្រះអម្ចាស់ជាព្រះ ហើយគ្មានព្រះឯណាទៀតឡើយ! 61 ដូច្នេះ សូមឲ្យចិត្តរបស់អ្នករាល់គ្នាស្មោះត្រង់ចំពោះព្រះអម្ចាស់ជាព្រះរបស់យើង ដើរតាមច្បាប់ របស់ព្រះអង្គ និងរក្សាបទបញ្ញត្តរបស់ទ្រង់ ដូចជានៅថ្ងៃនេះ។ 62 ដូច្នេះ ស្តេច និងប្រជាជនអ៊ីស្រាអែល ដែលនៅជាមួយស្តេចបានថ្វាយយញ្ញបូជាទៅព្រះអម្ចាស់។ 63 ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយទៅព្រះអម្ចាស់ដូចតទៅ៖ ​ថ្វាយ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។ ច្នេះស្តេច និងប្រជាជនអ៊ីស្រាអែល ដែលនៅជាមួយស្តេចបានឧទ្ទិសថ្វាយព្រះដំណាក់នោះទៅព្រះអម្ចាស់។ 64 នៅថ្ងៃដដែលនោះ ស្តេចបានញែកទីធ្លារកណ្តាលនៅខាងមុខព្រះវិហារថ្វាយព្រះអម្ចាស់សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ព្រោះអាសនា​លង្ហិន ដែលនៅចំពោះព្រះអម្ចាស់តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាពបានទេ។ 65 ដូច្នេះ ព្រះបាទសាឡូម៉ូនបានប្រកាសពិធីបុណ្យនៅពេលនោះ ហើយជនជាតិអ៊ីស្រាអែលដែលនៅជាមួយទ្រង់មានចំនួនដ៏ច្រើន គេមកពីក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប នៅមុខព្រះអម្ចាស់ជាព្រះរបស់យើងអស់រយៈពេលប្រាំពីរថ្ងៃ ហើយថែមប្រាំពីរថ្ងៃទៀត ទាំងអស់ដប់បួនថ្ងៃ។ 66 នៅថ្ងៃទីប្រាំបីស្តេចបានឲ្យបណ្តាជនចេញទៅ ហើយពួកគេបានឲ្យពរស្តេច និងត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយអំណរ និងមានដួងចិត្តសប្បាយដោយសារការល្អដែលព្រះអម្ចាស់បានប្រទានដល់ដាវីឌជាអ្នកបម្រើព្រះអង្គ និងដល់ប្រជារាស្រ្តអ៊ីស្រាអែលទាំងអស់ផង។