ជំពូក ៦

1 ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាប់ផ្តើមសង់ព្រះវិហារសម្រាប់ព្រះអម្ចាស់។ ការនេះកើតឡើងនៅក្នុងឆ្នាំទី ៤៨០ ក្រោយពីជនជាតិអ៊ីស្រាអែលចេញពីទឹកដីស្រុកអេស៊ីប នៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទសាឡូម៉ូនលើទឹកដីអ៊ីស្រាអែល នៅក្នុងខែពិសាខ ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។ 2 ព្រះ‌វិហារដែល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ មាន​បណ្ដោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ។ 3 បន្ទប់​ល្វែង​នៅ​ខាង​មុខបន្ទប់ធំ​នៃ​ព្រះ‌វិហារ​មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្មើនឹង​ប្រវែង​ទទឹង​ព្រះវិហារ ហើយមានជម្រៅ​ដប់​ហត្ថនៅខាងមុខព្រះវិហារ។ សម្រាប់ព្រះវិហារ 4 ស្តេចបានធ្វើ​បង្អួច​ដែល​មាន​ដាក់គ្របរបស់វាដែលខាងក្រៅចង្អៀតជាងខាងក្នុង។ 5 នៅជាប់នឹងជញ្ជាំងបន្ទប់ធំ ស្តេចបានសង់បន្ទប់ជុំវិញ ទាំងបន្ទប់ខាងក្រៅ និងបន្ទប់ខាងក្នុង។ ស្តេចបានសង់បន្ទប់នៅជុំវិញទាំងសងខាង។ 6 ជាន់ក្រោមបំផុតមានបណ្តោយប្រាំហត្ថ នៅកណ្តាលមានបណ្តោយប្រាំមួយហត្ថ ហើយនៅជាន់ទីបីមានបណ្តោយប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះវិហារស្តេចធ្វើជញ្ជាំងកម្រាស់ខុសគ្នានៅជុំវិញ ដូច្នេះមិនចាំបាច់ដាក់ធ្នឹមនៅក្នុងជញ្ជាំងព្រះវិហារទេ។ 7 ព្រះវិហារសង់ពីថ្មដែលបានរៀបចំរួចជាស្រេចនៅនឹងកន្លែង។ គ្មានឮសម្លេងញញួរ ពូថៅ ឬសម្ភារធ្វើពីដែកណាមួយនៅក្នុងព្រះវិហារក្នុងពេលកំពុងសាងសង់ឡើយ។ 8 នៅផ្នែកខាងត្បូងនៃព្រះវិហារមានច្រកចូលមួយនៅជាន់ផ្ទាល់ដី បន្ទាប់មក មានជណ្តើរមួយឡើងទៅជាន់កណ្តាល និងពីជាន់កណ្តាលទៅជាន់ទីបី។ 9 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះវិហារ និងបានបញ្ជប់ការសាងសង់ ស្តេចគ្របដណ្តប់វិហារទាំងមូលដោយធ្នឹម និងពិដានពីឈើតាត្រៅ។ 10 ស្តេចសង់បន្ទប់ខាងក្រៅទល់នឹងបន្ទប់ធំរបស់ព្រះវិហារ ផ្នែកនីមួយៗមានកម្ពស់ប្រាំហត្ថ ហើយបន្ទប់ទាំងនោះបានភ្ជាប់ជាមួយព្រះវិហារដោយឈើតាត្រៅ។ 11 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ព្រះបាទសាឡូម៉ូនដោយមានបន្ទូលថា៖ 12 «ទាក់ទងនឹងព្រះវិហារដែលអ្នកបានសង់នេះ បើអ្នកដើរតាមច្បាប់របស់យើង និងប្រព្រឹត្តដោយយុត្តិធម៌ ដោយរក្សាបញ្ញត្តរបស់យើង និងដើរតាមបញ្ញត្តនោះ នោះយើងនឹងសម្រេចពាក្យដែលយើងបានសន្យាជាមួយអ្នក ដែលយើងបានសន្យាជាមួយបិតារបស់អ្នក។ 13 យើងនឹងគង់នៅក្នុងចំណោមប្រជារាស្រ្តអ៊ីស្រាអែល និងមិនបោះបង់ពួកគេចោលឡើយ។ 14 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះវិហារ និងបានបញ្ចប់ការសាងសង់។ 15 បន្ទាប់មក ស្តេចក៏បានសង់ជញ្ជាំងខាងក្នុងនៃព្រះវិហារជាមួយឈើតាត្រៅ។ ចាប់ពីក្រោមរហូតដល់ពិដានរបស់ព្រះវិហារ ស្តេចបានពាសឈើនៅខាងក្នុង និងក្រាលក្តារកកោះនៅក្នុងព្រះវិហារដែរ។ 16 ស្តេចក៏បានសង់ផ្នែកខាងក្រោយព្រះវិហារមានប្រវែងម្ភៃហត្ថជាមួយក្តារឈើតាត្រៅចាប់ពីក្រោមរហូតដល់ពិដាន។ ស្តេចបានសង់បន្ទប់នេះជាបន្ទប់ខាងក្នុង ដែលជាទីសក្ការៈបំផុត។ 17 បន្ទប់ធំជាងគេ ដែលជាទីសក្ការៈ គឺនៅខាងមុខទីសក្ការៈបំផុតមានប្រវែងសែសិបហត្ថ។ 18 មានឈើតាត្រៅពាសនៅខាងក្នុងព្រះវិហារ ដែលឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គ្រប់ទាំងអស់មានពាសឈើតាត្រៅនៅខាងក្នុង។ នៅផ្នែកខាងក្នុងមិនអាចមើលឃើញថ្មឡើយ។ 19 ព្រះបាទសាឡូម៉ូនបានរៀបចំបន្ទប់ខាងក្នុង នៅក្នុងព្រះវិហារ ដើម្បីដាក់ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ 20 បន្ទប់ខាងក្នុងមានប្រវែងម្ភៃហត្ថ មានទទឹងម្ភៃហត្ថ និងកម្ពស់ម្ភៃហត្ថដូចគ្នា។ ព្រះបាទសាឡូម៉ូនបានពាសជញ្ជាំងដោយមាសសុទ្ធ និងពាសអាសនាដោយឈើតាត្រៅ។ 21 ព្រះបាទសាឡូម៉ូនបានពាសផ្នែកខាងក្នុងនៃព្រះវិហារជាមួយនឹងមាសសុទ្ធ ហើយស្តេចបានដាក់ច្រវ៉ាក់មាសមកឃាំងខាងមុខបន្ទប់ខាងក្នុង និងបានពាសខាងមុខនោះដោយមាស។ 22 ស្តេចបានពាសផ្នែកខាងក្នុងទាំងអស់ជាមួយមាសទាល់តែព្រះវិហារបានរួចរាល់។ ស្តេចក៏បានពាសមាសលើអាសនាទាំងមូល ដែលនៅបន្ទប់ខាងក្នុងដែរ។ 23 ព្រះបាទសាឡូម៉ូនបាន​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន​ពីរ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ សម្រាប់ដាក់នៅបន្ទប់ខាងក្នុង។ 24 ស្លាបមួយនៃចេរូប៊ីន​ទីមួយមានប្រវែងប្រាំហត្ថ ហើយស្លាបមួយទៀតក៏មានប្រវែងប្រាំហត្ថដែរ។ ដូច្នេះ ពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងមានប្រវែងដប់ហត្ថ។ 25 ចេរូប៊ីនមួយទៀតក៏មានប្រវែងស្លាបដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានប្រវែង និងរូបរាងដូចគ្នា។ 26 កម្ពស់របស់ចេរូប៊ីនទីមួយគឺដប់ហត្ថ ហើយចេរូប៊ីនមួយទៀតក៏មានកម្ពស់ដូចគ្នា។ 27 ព្រះបាទសាឡូម៉ូនបានដាក់ចេរូប៊ីននៅក្នុងបន្ទប់ខាងក្នុងបំផុត។ ស្លាបរបស់ចេរូប៊ីនត្រាដាង ដូច្នេះ ស្លាបរបស់ចេរូប៊ីនមួយប៉ះនឹងជញ្ជាំងម្ខាង ហើយស្លាបរបស់ចេរូប៊ីនមួយទៀតប៉ះជាមួយជញ្ជាំងម្ខាងទៀត។ ស្លាបរបស់ចេរូប៊ីនទាំងពីរប៉ះគ្នានៅចំណុចកណ្តាលនៃទីបរិសុទ្ធបំផុត។ 28 ព្រះបាទសាឡូម៉ូនបានពាសមាសលើចេរូប៊ីនទាំងពីរនោះ។ 29 ស្តេចបានឆ្លាក់តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​អស់ មានដូចជាក្បាច់​ចេរូ‌ប៊ីន ដើមត្នោត និងផ្កា‌រីក​ ទាំងបន្ទប់ខាងក្នុង និងបន្ទប់ខាងក្រៅ។ 30 ព្រះបាទសាឡូម៉ូនក្រាលមាសក្នុងព្រះវិហារ ទាំងបន្ទប់ខាងក្រៅ និងបន្ទប់ខាងក្នុង។ 31 ព្រះបាទសាឡូម៉ូនបានធ្វើទ្វារពីឈើអូលីវសម្រាប់ច្រកចូលទៅកាន់បន្ទប់ខាងក្នុង។ ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។ 32 ដូច្នេះ ស្តេចបានធ្វើទ្វារពីរពីឈើអូលីវ ហើយបានឆ្លាក់រូបចេរ៉ូប៊ីម ដើមត្នោត និងផ្ការីកលើទ្វារទាំងនោះផង។ ស្តេចបានពាសទ្វារទាំងនោះដោយមាស និងពាសមាសលើចេរ៉ូប៊ីម និងលើដើមត្នោតផងដែរ។ 33 តាមវិធីនេះដែលព្រះបាទសាឡូម៉ូនបានសង់ច្រកចូលព្រះវិហារពីឈើអូលីវ​មាន​កម្ពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង និងមានទ្វារពីរទៀតធ្វើពីឈើកកោះ។ 34 សន្លឹកទាំងពីររបស់ទ្វារនីមួយៗអាចបត់ចូលគ្នាបាន ហើយសន្លឹកពីរទៀតរបស់ទ្វារមួយទៀតក៏អាចបត់ចូលគ្នាបានដែរ។ 35 ស្តេចបានឆ្លាក់រូបចេរ៉ូប៊ីម ដើមត្នោត និងផ្ការីក និងបានពាសមាសលើចម្លាក់ទាំងនោះ។ 36 ស្តេចឲ្យគេសង់ទីលានខាងក្នុងជាមួយថ្មបីជាន់ និងឈើតាត្រៅមួយជាន់។ 37 គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់នៅក្នុងឆ្នាំទីបួន នៅក្នុងខែពិសាខ។ 38 នៅក្នុងឆ្នាំទីដប់មួយ នៅក្នុងខែកត្ដិក នៅក្នុងខែទីប្រាំបីព្រះវិហារបានសង់រួចរាល់គ្រប់ផ្នែកទាំងអស់តាមគម្រោង។ ព្រះបាទសាឡូម៉ូនបានចំណាយប្រាំពីរឆ្នាំក្នុងការសង់ព្រះវិហារ។