ជំពូក ៥

1 ស្តេច​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុសបានបញ្ជូនអ្នកបម្រើរបស់ទ្រង់មកគាល់ព្រះបាទសាឡូម៉ូន ដោយសារទ្រង់បានឮថាគេបានចាក់ប្រេងអភិសេកព្រះបាទសាឡូម៉ូនជាស្តេចតពីបិតារបស់ទ្រង់ ដោយសារតែស្តេចហ៊ីរ៉ាមតែតែស្រឡាញ់ស្តេចដាវីឌ។ 2 ព្រះបាទសាឡូម៉ូនក៏បានបញ្ជូនពាក្យទៅស្តេចហ៊ីរាមថា៖ 3 «ព្រះករុណាក៏ជ្រាបដែថាដាវីឌជាបិតាខ្ញុំមិនអាចសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គបានទេ ដោយសារតែមានសង្គ្រាមជុំវិញទ្រង់ ក្នុងថ្ងៃនៃអាយុរបស់បិតាខ្ញុំព្រះអម្ចាស់បានឲ្យសត្រូវរបស់លោកស្ថិតនៅក្រោមបាតជើងលោក។ 4 ប៉ុន្តែឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំបានឲ្យមានក្តីសុខសាន្តគ្រប់ទីកន្លែង។ គ្មានខ្មាំងសត្រូវ ហើយក៏គ្មានមហន្តរាយអ្វីដែរ។ 5 ដូច្នេះ ខ្ញុំចង់សង់ដំណាក់សម្រាប់ព្រះនាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ដូចដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់ស្តេចដារីឌជាបិតារបស់ខ្ញុំថា៖ «បុត្រារបស់អ្នក គឺអ្នកដែលយើងឲ្យគង់លើបល្ល័ង្ករបស់អ្នក នឹងសង់ដំណាក់សម្រាប់នាមយើង»។ 6 ដូច្នេះ សូមបញ្ជាឲ្យគេកាប់ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់សម្រាប់ខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំ និងចូលរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ហើយខ្ញុំនឹងបង់ថ្លៃឲ្យព្រះករុណាសម្រាប់អ្នកបម្រើរបស់ព្រះករុណា ដូច្នេះពួកគេនឹងបានទទួលប្រាក់ឈ្នួលត្រឹមត្រូវតាមអ្វីដែលព្រះករុណាយល់ព្រមធ្វើ។ ដូចដែលព្រះករុណាជ្រាបហើយថាក្នុងចំណោមយើងគ្មាននរណាម្នាក់ដឹងរបៀបកាប់ឈើដូចអ្នកស្រុក​ស៊ីដូនទេ។ 7 នៅពេលដែលព្រះបាទហ៊ីរ៉ាមបានឮពាក្យរបស់ព្រះបាទសាឡូម៉ូន ទ្រង់មានអំណរយ៉ាងខ្លាំងរួចទូលថា៖ «សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរនៅថ្ងៃនេះ ដែលបានប្រទានបុត្រាដ៏មានប្រាជ្ញាដល់ស្តេចដាវីឌ ដើម្បីដឹកនាំប្រជារាស្រ្តដ៏អស្ចារ្យនេះ»។ 8 ព្រះបាទហ៊ីរ៉ាមបានផ្ញើសារទៅព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានឮសារដែលព្រះករុណាបានផ្ញើមកទូលបង្គំហើយ។ ទូលបង្គំនឹងផ្គត់ផ្គង់ឈើតាត្រៅ និងឈើកកោះតាមដែលព្រះករុណាចង់បាន។ 9 អ្នកបម្រើរបស់ទូលបង្គំនឹងប្រមូលឈើចុះពីភ្នំលីបង់ទៅក្នុងសមុទ្រ ហើយទូលបង្គំនឹងចងឈើទាំងនោះជាក្បូនបណ្តែតតាមសមុទ្រទៅកាន់កន្លែងដែលព្រះករុណាបង្ហាញដល់ទូលបង្គំ។ ទូលបង្គំនឹងដាក់នៅកន្លែងនោះ ហើយព្រះករុណាអាចយកឈើទាំងនោះទៅ។ អ្វីដែលទូលបង្គំចង់បាន គឺសូមព្រះករុណាជួយផ្តល់អាហារដល់អ្នកបម្រើក្នុងព្រះរាជវាំងរបស់ទូលបង្គំផង»។ 10 ដូច្នេះ ព្រះបាទហ៊ីរ៉ាមបានថ្វាយ​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាមការចង់បាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។ 11 ព្រះ‌បាទ​សាឡូម៉ូន​បាន​ផ្ដល់​ស្រូវសាលី​ពីរមុឺនរង្វាល់ និង​ប្រេង​សុទ្ធ​ចំនួនពីរពាន់រង្វាល់សម្រាប់​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។ ព្រះបាទសាឡូម៉ូនបានផ្តល់ដល់ព្រះបានហ៊ីរ៉ាមពីមួយឆ្នាំទៅមួយឆ្នាំ។ 12 ព្រះអម្ចាស់បានផ្តល់ប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន ដូចដែលព្រះអង្គបានសន្យា។ មានសន្តិភាពរវាងព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ហើយស្តចទាំងពីរក៏ចងសម្ពន្ធមេត្រីជាមួយគ្នា។​ 13 ព្រះបាទសាឡូម៉ូនបានកែនកម្លាំងចេញពីប្រជាជនអ៊ីស្រាអែលទាំងអស់។ អ្នកដែលបានកែនមានប្រុសៗចំនួនបីម៉ឺននាក់។ 14 ស្តេចបានបញ្ជូនពួកគេទៅភ្នំលីបង់ម្តងមួយម៉ីននាក់ដោយប្តូរវេនគ្នា។ មួយខែត្រូវនៅភ្នំលីបង់ហើយពីរខែត្រូវនៅផ្ទះ។ លោក​អដូ‌នីរ៉ាមជាអ្នកមើលខុសត្រូវលើអ្នកដែលធ្វើការទាំងនោះ។ 15 ព្រះបាទសាឡូម៉ូនមានអ្នកលីសែងចំនួនប្រាំពីរម៉ឺននាក់ និងអ្នកដាប់ថ្មនៅភ្នំចំនួនប្រាំបីម៉ឺននាក់ 16 ក្រៅពីមេក្រុម៣៣០០នាក់របស់ព្រះបាទសាឡូម៉ូន ដែលមើលខុសត្រូវលើការងារ និងជាអ្នកណែនាំដល់អ្នកធ្វើការ។ 17 ដូចដែលស្តេចបានបង្គាប់ ពួកគេបានគាស់ថ្មធំៗដែលមានគុណភាពល្អសម្រាប់ធ្វើជាគ្រឹះរបស់ព្រះវិហារ។ 18 ដូច្នេះអ្នកសាងសង់របស់ព្រះបាទសាឡូម៉ូន និងអ្នកសាងសង់របស់ព្រះបាទហ៊ីរ៉ាម ព្រមទាំង​ជាង​ពី​ស្រុក​កេបាល​បានដាប់​ថ្ម ហើយ​រៀបចំ​ត្រៀម​ឈើ និង​ថ្ម​សម្រាប់​សង់​ព្រះ‌វិហារ។