ជំពូក ៤

1 ព្រះបាទសាឡូម៉ូនជាស្តេចលើអ៊ីស្រាអែលទាំងមូល។ 2 នេះជាមន្ត្រីទាំងអស់របស់ស្តេច៖ លោក​អសា‌រា ជា​កូន​របស់​លោក​សាដុកដែលជា​បូជា‌ចារ្យ។ 3 លោក​អេលី‌ហូរែប និង​លោក​អហ៊ី‌យ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខា‌ធិការ។ លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នកកត់ត្រា។ 4 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​ទ័ព។ លោក​សាដុក និង​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។ 5 លោក​អសា‌រា ជា​កូន​របស់​លោក​ណាថាន់ ជា​ប្រមុខ​លើ​ពួក​អ្នកដឹកនាំ។ លោក​សាប៊ូដ ជា​កូន​របស់​លោក​ណាថាន ជា​បូជា‌ចារ្យ និង​ជា​មិត្ត​របស់​ស្ដេច។ 6 លោក​អហ៊ី‌សា​ជា​អ្នក​គ្រប់គ្រង់​​រាជ‌វាំង។ លោក​អដូ‌នីរ៉ាម ជា​កូន​របស់​លោក​អាប់‌ដា ជា​អ្នក​គ្រប់គ្រងលើប្រុសៗដែលត្រូវធ្វើការធ្ងន់ៗ។ 7 ព្រះបាទសាឡូម៉ូនមានអ្នកគ្រប់គ្រងដប់ពីរនាក់លើស្រុកអ៊ីស្រាអែលទាំងមូល ដែលបានរៀបចំអាហារសម្រាប់ស្តេច និងរាជវាំងទាំងមូល។ ម្នាក់ៗត្រូវផ្គត់ផ្គង់មួយខែក្នុងរយៈពេលមួយឆ្នាំ។ 8 នេះគឺជាឈ្មោះរបស់អ្នកទាំងនោះ៖ លោក​បេន-‌ហ៊ើរ​ជាអ្នកនៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ 9 លោក​បេន-‌ដេកើរ​នៅ​តំបន់​ម៉ាកាស ស្អាល‌ប៊ីម បេត‌សេ‌ម៉េស ហេឡូន និង​បេត‌ហាណាន 10 លោក​បេន-‌ហេសេឌ​នៅតំបន់​អារូ‌បូត (​ស្រុក​សូកូ និង​ស្រុក​អេភើរ​ទាំង​មូលក៏ជាកម្មសិទ្ធរបស់គាត់ដែរ) 11 លោក​បេន-‌អប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល (លោក​បាន​យកព្រះ‌នាង​ថាផាត ជា​បុត្រី​ព្រះ‌បាទ​សាឡូម៉ូនធ្វើជាប្រពន្ធ) 12 លោក​បាណា ជា​កូនប្រុសលោក​អហ៊ី‌លូដ នៅ​តំបន់​តាណាក់ និង​មេគី‌ដោ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល ដែលនៅខាងក្រោយតំបន់សារ‌ថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេស‌រាល ​ពី​បេតសៀន​រហូត​ដល់​អេបិល-‌មហូ‌ឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម 13 លោក​បេន-‌កេប៊ើរ​នៅ​រ៉ាម៉ូត ​កាឡាដ (លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ គឺ​ស្រុក​កាឡាដ និង​តំបន់​អើកុប ក្នុង​ស្រុក​បាសានក៏ជាកម្មសិទ្ធិរបស់លោកដែរ មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទីក្រុង​មាន​កំពែង​ និង​មានគ្រោងទ្វារ​ធ្វើ​ពី​លង្ហិន។ 14 លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ នៅតំបន់​ម៉ាហា‌ណែម។ 15 លោក​អហ៊ី‌ម៉ាស់​នៅទឹក​ដី​ណែប‌ថាលី (លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាស‌ម៉ាត ជា​បុត្រី​របស់​ព្រះ‌បាទ​សាឡូម៉ូនធ្វើជាប្រពន្ធ) 16 លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ នៅទឹក​ដី​អេ‌ស៊ើរ និង​អាឡុត។ 17 លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​បារូអានៅ​ទឹក​ដី​អ៊ីសា‌ខារ 18 លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​អេឡា នៅ​ទឹក​ដី​បេន‌យ៉ាមីន 19 លោក​កេ‌ប៊ើរ ជា​កូន​របស់​លោក​អ៊ូរី នៅ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី និង​ស្រុក​របស់ស្តេច​អុក ស្ដេច​ស្រុក​បាសាន ហើយគាត់ជាអ្នកគ្រប់គ្រងតែមួយគត់នៅក្នុងតំបន់នោះ។ 20 ស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូលមានមនុស្សច្រើនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេបានស៊ី និងផឹក ហើយសប្បាយរីករាយ។ 21 ព្រះបាទសាឡូម៉ូនបានគ្រប់គ្រង់លើនគរទាំងឡាយចាប់ពីទន្លេ រហូតដល់ស្រុកភីលីស្ទីន និងដល់ព្រំប្រទល់ស្រុកអេស៊ីប។ ពួកគេបាននាំសួយសាអាករមកថ្វាយព្រះបាទសាឡូម៉ូននៅអស់មួយជីវិតរបស់ស្តេច។ 22 ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ព្រះ‌បាទ​សាឡូម៉ូន មានម្សៅ‌ម៉ដ្ដ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន 23 គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ​ប្រើស ឈ្លូស ក្ដាន់ និង​មាន់​ទា​បំប៉ន។ 24 ស្តេចបាន​ត្រួត‌ត្រា​លើតំបន់ទាំងមូលដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ ចាប់​ពី​​ធីព‌សា​រហូត​ដល់​​កាសា លើស្តេចទាំងប៉ុន្មាននៅខាងនាយ​ទន្លេ ហើយមាន​សុខ​សន្តិ‌ភាព​គ្រប់​ទិស‌ទីនៅជុំវិញទ្រង់។ 25 ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែលរស់នៅដោយសន្តិភាព ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា មនុស្សរស់​នៅ​ដោយ​សុខ‌សាន្ត ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួននៅថ្ងៃអាយុរបស់ព្រះបាទសាឡូម៉ូន។ 26 ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ​បួន​ម៉ឺន​ក្បាល សម្រាប់​រទេះ​ចម្បាំងរបស់ទ្រង់ និង​ពល​ទ័ព​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។ 27 អ្នកគ្រប់គ្រងទាំងអស់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ព្រះ‌បាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ស្តេច គឺម្នាក់មួយខែ។ ពួកគេមិនឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ។ 28 ពួកគេក៏យក​​ស្រូវ និង​ចំបើង​សម្រាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែងត្រឹមត្រូវ ម្នាក់ៗនាំយកអ្វីៗដែលគេអាចយកមកបាន។ 29 ព្រះជាម្ចាស់បានប្រទានឲ្យព្រះបាទសាឡូម៉ូនមានប្រាជ្ញា និងការយល់ដឹងយ៉ាងខ្លាំង​ ដូចជាខ្សាច់នៅមាត់សមុទ្រ។ 30 ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនលើសជាងប្រាជ្ញារបស់ប្រជាជន ដែលរស់នៅទិសខាងកើត និងលើសជាងប្រាជ្ញារបស់អ្នកស្រុកអេស៊ីបទៅទៀត។ 31 ស្តេចមានប្រាជ្ញាលើសមនុស្ស​ទាំងអស់ គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល ភាពល្បីល្បាញរបស់ស្តេចបានឮដល់ជាតិសាសន៍នៅជុំវិញ។ 32 ស្តេចបានតែងសុភាសិតចំនួនបីពាន់ និងបទចម្រៀងមួយពាន់ប្រាំបទ។ 33 ស្តេចបានរៀបរាប់ពីរុក្ខជាតិទាំងឡាយតាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​ក្រៅជញ្ជាំងក្រុងផង។ ស្តេចក៏បាន​ពន្យល់អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រីផងដែរ។ 34 មនុស្សមកពីគ្រប់ជាតិសាសន៍បានមកស្តាប់ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន។ ពួកគេគឺជាសេ្តចដែលមកពីប្រជាជាតិនៅលេីផែនដី។​