ជំពូក ២១

1 មួួយរយៈកន្លងទៅ លោក​ណា‌បោតជាអ្នក​ក្រុង​យេស‌រាល​មាន​ចម្ការ​ទំពាំង​បាយ‌ជូរ​មួយ នៅ​ជិត​រាជ‌វាំង​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​នៅ​ក្រុង​សាម៉ារី។ 2 ព្រះបាទអហាប់បាននិយាយទៅលោកណាបោតថា៖ «ចូរឲ្យចម្ការទំពាំងបាយជូរនេះមកឲ្យយើង ដូច្នេះ យើងអាចយកវាទៅធ្វើជាច្បារបន្លែ ព្រោះដីនេះនៅជិតវាំងរបស់យើង។ ជាការផ្លាស់ប្តូរ យើងនឹងឲ្យចម្ការទំពាំងបាយជូរល្អជាងនេះដល់អ្នក ឬក៏យើងអាចចេញលុយឲ្យអ្នកតាមតម្លៃរបស់វា បើអ្នកចង់បាន។​ 3 លោកណាបោតទូលព្រះបាទអហាប់ថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។ 4 ដូច្នេះ ព្រះបាទអហាប់ចេញទៅវាំងវិញដោយមួម៉ៅ និងខឹងសម្បារដោយសារតែចម្លើយរបស់លោកណាបោតជាអ្នកស្រុកយេសរាលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។ ស្តេចក៏បានទម្រេតនៅលើក្រឡាបន្ទំរបស់ទ្រង់ បែរមុខចេញ ហើយមិនសោយអ្វីទាំងអស់។ 5 ព្រះនាងយេសិបិលជាមហេសីស្តេចបានមកជួបស្តេច ហើយទូលទៅស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាក្រៀមក្រំម្លេ៉ះ ហើយព្រះអង្គមិនសោយអ្វីទាំងអស់ដូច្នេះ»?​ 6 ស្តេចតបទៅនាងថា៖ «យើងបាននិយាយជាមួយណាបោតជាអ្នកស្រុកយេសរាល ហើយបាននិយាយទៅគាត់ថា៖ «ចូរលក់ចម្ការទំពាំងបាយជូរឲ្យយើង ឬក៏អ្នកអាចដូរជាមួយចម្ការទំពាំងបាយជូររបស់យើងក៏បាន»។ បន្ទាប់មក គាត់ទូលយើងថា៖ «ទូលបង្គំមិនឲ្យចម្ការទំពាំងបាយជូររបស់ទូលបង្គំដល់ព្រះអង្គឡើយ»។ 7 ដូច្នេះ នាងយេសិបិលជាព្រះមហេសីស្តេចបានទូលទៅស្តេចថា៖ «តើព្រះករុណាមិននៅតែគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទេឬ»? ចូរតើនឡើងហើយសោយព្រះស្ងោយចុះ ចូរស្តេចមានចិត្តសប្បាយឡើង។ ខ្ញុំម្ចាស់នឹងយកចម្ការទំពាំងបាយជូររបស់ណាបោតជាអ្នកស្រុកយេសរាលមកថ្វាយព្រះអង្គ»។ 8 ដូច្នេះ ព្រះនាងយេសិបិលបានសរសេរសំបុត្រនៅក្នុងនាមព្រះបាទអហាប់ បានបោះត្រារបស់ស្តេច បានផ្ញើសំបុត្រនោះទៅពួកចាស់ទុំ និងទៅពួកអ្នកមានដែលបានអង្គុយជាមួយស្តេចក្នុងអង្គប្រជុំ និងអ្នកដែលរស់នៅជិតលោកណាបោត។ 9 ព្រះនាងសរសេរសំបុត្រថា៖ «សូមប្រកាសធ្វើពិធីបុណ្យ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងពិសេសជាងគេ។ 10 ហើយចូរដាក់មនុស្សមិនស្មោះត្រង់ពីរនាក់ជាមួយលោកដែរ ហើយឲ្យពួកគេចោទប្រកាន់គាត់ថា៖ «អ្នកបានដាក់បណ្តាសារព្រះអម្ចាស់ និងដាក់បណ្តាសារស្តេច»។ បន្ទាប់មក ចូរយកគាត់ចេញក្រៅ ហើយសម្លាប់គាត់នឹងដុំថ្មទៅ។ 11 ដូច្នេះ បុរសនៅក្រុងរបស់គាត់ ពួកចាស់ទុំ និងពួកអ្នកមានដែលនៅជិតក្រុងរបស់ណាបោត បានធ្វើដូចជានាងយេសិបិលបានរៀបរាប់ប្រាប់ពួកគេ ដូចដែលបានសរសេរនៅក្នុងសំបុត្រដែលនាងបានផ្ញើទៅពួកគេ។ 12 ពួកគេបានប្រកាសពិធីបុណ្យ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងកិត្តិយស។ 13 អ្នកមិនស្មោះត្រង់ពីរនាក់បានមកអង្គុយមុខលោកណាបោត ពួកគេបានចោទប្រកាន់លោកនៅមុខមនុស្សគ្រប់គ្នាថា៖ «លោកណាបោតបានដាក់បណ្តាសារទាំងព្រះអម្ចាស់ ទាំងមនុស្ស»។ បន្ទាប់មក គេយកលោកចេញក្រៅក្រុងហើយបានគប់សម្លាប់លោកដោយដុំថ្ម។ 14 បន្ទាប់មក ពួកចាស់ទុំបានផ្ញើពាក្យទៅព្រះនាងយេសិបិលថា៖ «លោកណាបោតបានត្រូវគេគប់នឹងថ្ម ហើយលោកបានស្លាប់ហើយ»។ 15 ដូច្នេះ នៅពេលដែលនាងយេសិបិលបានឮថាលោកណាបោតបានត្រូវគេគប់សម្លាប់នឹងថ្មរួចមក ព្រះនាងបានទូលទៅព្រះបាទអហាប់ថា៖ «ចូរក្រោកឡើង ហើយយកមរតករបស់ណាបោតជាអ្នកស្រុកយេសរាលទៅ ដែលលោកធ្លាប់បដិសេធមិនព្រមលក់ឲ្យព្រះអង្គ ដោយសារលោកមិននៅរស់ទៀតទេ លោកបានស្លាប់ហើយ»។ 16 នៅពេលដែលស្តេចអហាប់បានឮថាលោកណាបោតបានស្លាប់ហើយ ស្តេចក៏ក្រោកឡើង ហើយចុះទៅចម្ការទំពាំងបាយជូររបស់លោកណាបោតជាអ្នកស្រុកយេសរាល ហើយយកជាកម្មសិទ្ធិរបស់ទ្រង់ផ្ទាល់។ 17 នៅពេលដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអេលីយ៉ាជាអ្នក​ភូមិ​ធេស‌ប៊ី‌ថា៖ 18 «ចូរក្រោកឡើង និងចេញទៅជួបអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ដែលគង់នៅស្រុកសាម៉ារី។ ស្តេចគង់នៅចម្ការរបស់លោកណាបោត ជាកន្លែងដែលស្តេចបានយកជារបស់ខ្លួន។ 19 អ្នកត្រូវនិយាយជាមួយស្តេច ហើយទូលថា ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកបានសម្លាប់ហើយរឹបអូសយកមរតករបស់គេដូច្នេះឬ»?​ បន្ទាប់មក អ្នកត្រូវប្រាប់គាត់ថាព្រះអម្ចាស់មានបន្ទូលថា៖ «នៅកន្លែងដែលឆ្កែបានលិតឈាមរបស់ណាបោត នៅកន្លែងនោះឆ្កែនឹងលិតឈាមរបស់អ្នកដែរ មែនហើយគឺឈាមរបស់អ្នក»។ 20 ព្រះបាទអហាប់បានមានរាជឱង្ការទៅលោកអេលីយ៉ាថា៖​ «តើអ្នកបានមកយើងទៀតហើយឬ សត្រូវរបស់យើងអើយ»? លោកអេលីយ៉ាឆ្លើយថា៖​ «ទូលបង្គំមកជួបព្រះករុណា ព្រោះព្រះករុណាបានលក់ខ្លួនរបស់ទ្រង់ទៅធ្វើការអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ 21 ព្រះអម្ចាស់មានបន្ទូលនេះមកព្រះករុណា៖ «មើល យើងនឹងនាំគ្រោះមហន្តរាយមកលើអ្នក យើង​នឹង​លុប​បំបាត់​ពូជ‌ពង្ស​របស់​អ្នក យើង​កាត់អ្នកចេញពីប្រុសៗក្នុង​ក្រុម​គ្រួសារ​របស់អ្នក ទាំង​អ្នក​ងារ ទាំង​អ្នក​ជានៅ​ស្រុក​អ៊ីស្រា‌អែល។ 22 យើងនឹងធ្វើឲ្យគ្រួសាររបស់អ្នកដូចជាគ្រួសាររបស់ស្តេចយេរ៉ូបោម កូននេបាត និង​ដូចគ្រួសាររបស់​បាសា ជា​កូន​របស់​អហ៊ី‌យ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​ឲ្យ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​»។ 23 ព្រះអម្ចាស់ក៏បានមានបន្ទូលទាក់ទងនឹងព្រះនាងយេសិបិលថា៖ «ឆ្កែនិងស៊ីព្រះនាងយេសិបិលនៅខាងក្រោយកំពែងក្រុងយេសរាល»។ 24 គ្រប់គ្នាដែលនៅក្នុងគ្រួសាររបស់ស្តេចអហាប់ ហើយបានស្លាប់នៅក្នុងក្រុង ឆ្កែនឹងស៊ីអ្នកនោះ ហើយបក្សីនឹងស៊ីអ្នកដែលបានស្លាប់នៅទីវាល»។ 25 គ្មាននរណាម្នាក់ដូចអហាប់ឡើយ ដែលបានលក់ខ្លួនទៅធ្វើអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដែលមានព្រះនាងយេសិបិលជាមហេសីជាអ្នក​ញុុះញង់ក្នុងការប្រព្រឹត្តបាប។​ 26 ព្រះបាទអហាប់បានធ្វើរឿងគួរឲ្យស្អប់ខ្ពើមដោយថ្វាយបង្គំរូបព្រះ ដូចដែលពួកអាម៉ូរីបានធ្វើ គឺអស់អ្នកដែលព្រះអម្ចាស់បានបណ្តេញពួកគេចេញពីមុខប្រជាជនអ៊ីស្រាអែល។ 27 នៅពេលដែលព្រះបាទអហាប់បានឮពាក្យទាំងនេះ ស្តេចបានហែកសំលៀកបំពាក់ ហើយបានស្លៀកបាវ និងតមអាហារ ហើយស្ដេច​ស្លៀក​បាវ ហើយក្រៀមក្រំយ៉ាងខ្លាំង។​ 28 បន្ទាប់មក ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖ 29 «តើអ្នកឃើញទេថាព្រះបាទអហាប់បានបន្ទាបខ្លួននៅមុខយើង? ដោយសារស្តេចបានបន្ទាបខ្លួននៅមុខយើង យើងនឹងមិននាំមហន្តរាយមកក្នុងរាជ្យរបស់ស្តេចទេ ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយវិញ»។