ជំពូក ២២

1 បីឆ្នាំបានកន្លងផុតទៅដោយគ្មានសង្គ្រាមរវាងស្រុកអារ៉ាម និងស្រុកអ៊ីស្រាអែល។ 2 បន្ទាប់មក នៅក្នុងឆ្នាំទីបីព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បានទៅជួបស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 3 ឥឡូវនេះ ស្តេចស្រុកអ៊ីស្រាអែលបានរាជឱង្ការទៅអ្នកបម្រើរបស់ស្តេចថា៖ «តើអ្នកដឹងទេថាក្រុង​រ៉ាម៉ូត ​កាឡាដ ជា​របស់​យើង ប៉ុន្តែ យើងមិនធ្វើអ្វីសោះដើម្បីយកទឹកដីនោះពីកណ្តាប់ដៃរបស់ស្តេចស្រុកអារ៉ាម»? 4 ដូច្នេះ ស្តេចបានទូលព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណានឹងទៅជាមួយទូលបង្គំទៅធ្វើសង្គ្រាមនៅក្រុង​រ៉ាម៉ូត ​កាឡាដឬទេ»? ព្រះបាទយ៉ូសាផាតឆ្លើយតបទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជាជនរបស់ទូលបង្គំ ក៏ដូចជាប្រជាជនរបស់ទូលបង្គំដែរ ហើយសេះរបស់ទូលបង្គំ ក៏ដូចជាសេះរបស់ព្រះករុណាដែរ»។ 5 ព្រះបាទយ៉ូសាផាតទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមស្វែងរកការនែនាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់សម្រាប់អ្វីដែលព្រះករុណាគួរធ្វើជាមុនសិនទៅ»។ 6 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានប្រមូលពួកព្យាការីមក មានបួនរយនាក់ ហើយបាននិយាយជាមួយពួកគេថា៖ «តើយើងគួចេញទៅក្រុង​រ៉ាម៉ូត​ ​កាឡាដ ឬ​មិន​ត្រូវ​ទៅ»? ពួកគេទូលថា៖​ «ត្រូវតែប្រយុទ្ធ ព្រោះព្រះអម្ចាស់បានប្រគល់ទឹកដីនេះមកក្នុងព្រះហស្តរបស់ព្រះករុណាហើយ»។ 7 ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖​ «តើនៅទីនេះមិនមានព្យាការីរបស់ព្រះអម្ចាស់ផ្សេងទៀតដែលយើងអាចសុំយោបល់ឬទេ»? 8 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅយ៉ូសាផាតថា៖ «មានបុរសម្នាក់ទៀតដែលយើងអាចសុំយោបល់ពីព្រះអម្ចាស់ គឺលោកមីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា ប៉ុន្តែ យើងស្អប់អ្នកនោះដោយសារតែគាត់មិនដែលទាយអ្វីល្អអំពីយើងទេ ផ្ទុយទៅវិញគឺមានតែការលំបាក»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានបន្ទូលបែបនេះ»។ 9 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានហៅអ្នកគ្រប់គ្រង ហើយចេញបញ្ជាថា៖​ «ចូរទៅនាំមីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡាមកឥឡូវនេះ»។ 10 ឥឡូវនេះ ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្តេចស្រុកយ៉ូដាបានគង់លើបល្ល័ង្កម្នាក់មួយ បានគ្រង់សំលៀកបំពាក់រុងរឿង នៅទីវាលនៅច្រកទ្វារក្រុងសាម៉ារី ហើយពួកព្យាការីបានថ្លែងទំនាយនៅមុខស្តេច។ 11 លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា បាន​ធ្វើ​ស្នែងពី​ដែក ហើយ​ពោល​ថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារស្នែងនេះ អ្នកនឹងដេញពួកអារ៉ាមរហូតដល់ពួកគេវិនាសអស់»។ 12 បន្ទាប់មក ព្យាការីទាំងអស់បាននិយាយដូចគ្នា៖ «ចូរវាយក្រុង​រ៉ាម៉ូត ​កាឡាដ​ចុះ យើងនឹងឈ្នះ ដោយសារព្រះអម្ចាស់នឹងប្រទានទឹកដីនេះមកក្នុងព្រះហស្តរបស់ព្រះករុណាមិនខាន»។ 13 អ្នកនាំពាក្យដែលទៅហៅលោកមីកាបាននិយាយជាមួយលោកថា៖ «ឥឡូវនេះចូលមើល ពាក្យរបស់ព្យាការីទាំងអស់បានប្រកាសរឿងល្អទៅស្តេចដោយសម្លេងតែមួយ។ សូមឲ្យពាក្យរបស់លោកដូចពាក្យរបស់អ្នកទាំងនោះផង ហើយសូមបា្រប់រឿងល្អផង»។ 14 លោកមីកាឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលមកខ្ញុំ ខ្ញុំនឹងនិយាយបែបនោះ»។ 15 នៅពេលដែលលោកបានមកជួបស្តេច ស្តេចបានមានរាជឱង្ការទៅលោកថា៖ «មីកាអើយ តើយើងគួរទៅក្រុងរ៉ាម៉ូត ​កាឡាដដើម្បីធ្វើសង្គ្រាម ឬអត់»? លោកមីកាទូលឆ្លើយថា៖​ «ទៅវាយចុះ នោះនឹងឈ្នះមិនខាន។ ព្រះអម្ចាស់នឹងប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា»។ 16 បន្ទាប់មក ស្តេចបានមានរាជឱង្ការទៅលោកថា៖ «តើយើងត្រូវឲ្យអ្នកស្បថប៉ុន្មានដង ដើម្បីឲ្យអ្នកប្រាប់ការពិតនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់»?​ 17 ដូច្នេះលោកមីកាទូលថា៖ «ទូលបង្គំឃើញអ៊ីស្រាអែលបាក់ទ័ពនៅលើភ្នំ ដូចជាចៀមគ្មានអ្នកគង្វាល ហើយព្រះអម្ចាស់មានបន្ទូលថា៖ «ចៀមទាំងនេះគ្នានអ្នកគង្វាលឡើយ។ ចូរឲ្យអ្នកទាំងនេះត្រឡប់ទៅផ្ទះវិញដោយសន្តិភាពចុះ»។ 18 ដូច្នេះ ស្តេចស្រុកយូដា បានមានព្រះបន្ទូលទៅព្រះបាទយ៉ូសាផាតថា៖ «តើទូលបង្គំមិនបានទូលព្រះករុណាទេឬអីថាអ្នកនេះមិនដែលទាយល្អទាក់ទងនឹងទូលបង្គំទេ ប៉ុន្តែ ទាយតែពីមហន្តរាយ»?​ 19 បន្ទាប់មក លោកមីកាទូលថា៖​ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់៖ ទូលបង្គំឃើញព្រះអម្ចាស់គង់លើបល្ល័ង្ក ហើយអ្នកបម្រើទាំងអស់នៅនគរស្ថានសួគ៌ឈរនៅជិតព្រះអង្គ នៅខាងស្តាំ និងនៅខាងឆ្វេងព្រះអង្គ។ 20 ព្រះអម្ចាស់មានបន្ទូលថា៖ «តើនរណាចង់ល្បួងព្រះបាទអហាប់ ដើម្បីឲ្យស្តេចឡើងទៅ ហើយបរាជ័យនៅ​ក្រុង​រ៉ាម៉ូត ​កាឡាដ? មានម្នាក់និយាយបែបនេះ ហើយម្នាក់ទៀតនិយាយបែបនោះ។ 21 បន្ទាប់មក មានវិញ្ញាណមួយបានមកឈរនៅមុខព្រះអម្ចាស់ ហើយនិយាយថា៖ «ទូលបង្គំនឹងល្បួងស្តេច»។ ព្រះអម្ចាស់មានបន្ទូលមកអ្នកនោះថា៖ «តើដោយរបៀបណា»? 22 វិញ្ញាណនោះឆ្លើយតបថា៖ «ទូលបង្គំនឹងចេញទៅ ហើយក្លាយជាវិញ្ញាណកុហកនៅក្នុងមាត់របស់ពួកព្យាការីទាំងនេះ»។ ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរទៅល្បួងស្តេចចុះ ហើយអ្នកនឹងបានជោគជ័យ។ ចូរទៅឥឡូវនេះ ហើយធ្វើបែបនោះចុះ»។ 23 ឥឡូវនេះ ព្រះអម្ចាស់បានដាក់វិញ្ញាណកុហកនៅក្នុងមាត់របស់ពួកព្យាការីទាំងអស់របស់ព្រះករុណា ហើយព្រះអម្ចាស់បានសម្រេចឲ្យមានមហន្តរាយនេះដល់ព្រះករុណា»។ 24 បន្ទាប់មក លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា ឡើងមកទះកំផ្លៀងលោកមីកា ហើយនិយាយថា៖ «តើអ្នកដឹងដោយរបៀបណាថាព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីយើងទៅនិយាយជាមួយអ្នក»? 25 លោកមីកាមានប្រសាស​ន៍ថា៖ «មើល អ្នកនឹងដឹងនៅថ្ងៃដែលអ្នករត់ចូលទៅបន្ទប់ខាងក្នុងដើម្បីលាក់ខ្លួន»។ 26 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅអ្នកបម្រើរបស់ព្រះអង្គថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា​នាំ​យក​ទៅ​​ឲ្យ​លោក​អាំម៉ូន ជា​អ្នកគ្រប់គ្រង់ក្រុង និង​ទៅ​ព្រះបាទយ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ។ 27 ចូរប្រាប់ទៅពួកគេថា៖ «ស្តេចទូលថា៖ «ចូរដាក់បុរសនេះក្នុងគុក ហើយឲ្យនំប័ុងគាត់តែបន្តិច និងទឹកបន្តិចបានហើយ រហូតយើងបានត្រឡប់មកវិញដោយសុខសាន្ត»។ 28 បន្ទាប់មក លោកមីកាទូលថា៖ «បើព្រះករុណាបានត្រឡប់មកវិញដោយសុខសាន្តមែននោះព្រះអម្ចាស់មិនបានមានបន្ទូលមកទូលបង្គំទេ»។ បន្ទាប់មក លោកបន្ថែមថា៖ «ចូរស្តាប់ពាក្យទាំងអស់នេះចុះប្រជាជនទាំងអស់អើយ»។ 29 ដូច្នេះ ស្តេចអហាប់ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្តេចស្រុកយ៉ូដាបានឡើងទៅក្រុង​រ៉ាម៉ូត ​កាឡាដ។ 30 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនធ្វើជាទាហាន ហើយចេញទៅសមរភូមិ ប៉ុន្តែ សូមព្រះករុណាគ្រងសំលៀកបំពាក់រាជវាំងចុះ»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលក្លែងខ្លួនធ្វើជាទាហាន ហើយចេញទៅសមរភូមិ។ 31 ឥឡូវនេះ ស្តេចអារ៉ាមបានបញ្ជាមេបញ្ជាការទាំងសាបសិបពីរនៃទ័ពរទេះចម្បាំងរបស់ស្តេចថា៖ ចូរកុំឲ្យវាយប្រហារពួកគេទាហានធម្មតាឡើយ។ ផ្ទុយទៅវិញ ចូរវាយប្រហារតែស្តេចស្រុកអ៊ីស្រាអែលបានហើយ»។ 32 នៅពេលដែលពួកមេបញ្ជាការឃើញព្រះបាទយ៉ូសាផាតពួកគេនិយាយថា៖ «នេះហើយជាស្តេចស្រុកអ៊ីស្រាអែល»។ ពួកគេបានត្រឡប់ទៅវាយប្រហារស្តេច ដូច្នេះព្រះបាទយូសាផាតក៏ស្រែកឡើង។ 33 នៅពេលដែលពួកមេបញ្ជាការបានឃើញថាលោកមិនមែនជាស្តេចស្រុកអ៊ីស្រាអែល ពួកគេក៏ឈប់ដេញតាមទ្រង់ទៅ។ 34 ប៉ុន្តែ មានបុរសម្នាក់បានបាញ់ធ្នូព្រាវទៅ ហើយចំលើស្តេចអ៊ីស្រាអែលត្រង់ចន្លោះអាវក្រោះ។ បន្ទាប់មក ព្រះបាទអហាប់បាននិយាយទៅអ្នកបើករាជរថថា៖ «ចូរត្រឡប់ក្រោយ ហើយនាំយើងចេញពីសមរភូមិ ព្រោះយើងមានរបួសជាទម្ងន់»។ 35 សមរភូមិនោះកាន់តែអាក្រក់ទៅៗនៅថ្ងៃនោះ ហើយស្តេចនៅលើរាជរថប្រឈមមុខនឹងពួកអារ៉ាម។​ ស្តេចសុគតនៅពេលល្ងាច។ ឈាមរបស់ទ្រង់ចេញពីរបួសរបស់ស្តេចមករហូតដល់ក្រោមរាជរថ។​ 36 បន្ទាប់មក នៅពេលថ្ងៃជិតលិច មានម្នាក់ស្រែកប្រកាសដល់ពួកទាហានទាំងអស់ថា៖ «គ្រប់គ្នាគួរត្រឡប់ទៅផ្ទះវិញ ហើយគ្រប់គ្នាគួរតែទៅកន្លែងរបស់ខ្លួនវិញ!»។ 37 ដូច្នេះ ស្តេចអហាប់បានសុគត ហើយគេនាំសពទ្រង់ទៅស្រុកសាម៉ារី ហើយគេបានបញ្ចុះសពទ្រង់នៅទីនោះ។ 38 ពួកគេបានលាងសម្អាតរាជរថដោយទឹកអាងនៅសាម៉ារី ហើយឆ្កែក៏បានលិតឈាមរបស់ទ្រង់ (នេះជាកន្លែងដែលស្ត្រីពេស្យាងូតទឹក) គឺស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បានប្រកាស។ 39 រឿងរ៉ាវទាក់ទងនឹងស្តេចអហាប់ អ្វីដែលស្តេចបានធ្វើ ដំណាក់ធ្វើពីភ្លុកដែលស្តេចបានសង់ និងក្រុងទាំងប៉ុន្មានដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី? 40 ដូច្នេះ ព្រះបាទអហាប់បានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យបន្ត។ 41 បន្ទាប់មក ព្រះបាទយ៉ូសាផាតកូនរបស់ព្រះបាទអាសាចាប់ផ្តើមគ្រងរាជលើស្រុកយូដានៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល។ 42 ព្រះបាទយ៉ូសាផាតមានព្រះជន្មសាមសិបប្រាំឆ្នាំនៅពេលដែលព្រះអង្គចាប់ផ្តើមសោយរាជ្យ ហើយស្តេចសោយរាជ្យនៅក្រុងយេរូសាឡឹមអស់ម្ភៃប្រាំឆ្នាំ។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។ 43 ស្តេចដើរតាមមាគា៌របស់ព្រះបាទអាសាជាបិតាទ្រង់ ស្តេចមិនបានបែរឆ្ងាយពីមាគា៌នោះទេ ស្តេចធ្វើអ្វីៗដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ប៉ុន្តែ នៅតាមទីខ្ពស់ស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែបន្តថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗដដែល។ 44 ព្រះបាទយ៉ូសាផាតបានរក្សាសន្តិភាពជាមួយស្តេចស្រុកអ៊ីស្រាអែល។ 45 រឿងរ៉ាវផ្សេងទៀតដែលទាក់ទងនឹងព្រះបាទយ៉ូសាផាត និងភាពល្បីល្បាញដែលស្តេចបានបង្ហាញ និងរបៀបដែលស្តេចចេញទៅសមរភូមិ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? 46 ស្តេចបានបំផ្លាញចោលពួកពេស្យាចារបែបសាសនាចេញពីទឹកដីនោះ គឺអ្នកដែលនៅសេសសល់ពីភ្នែករបស់បិតាទ្រង់គឺព្រះបាទអាសា។ 47 នៅស្រុកអេដុំគ្មានស្តេចទេ ប៉ុន្តែ មានតែអ្នកគ្រប់គ្រងម្នាក់នៅទីនេះ។ 48 ព្រះបាទយ៉ូសាផាតបានសង់នាវាសមុទ្រ ពួកគេចេញទូកទៅអូភារដើម្បីរកមាស ប៉ុន្តែ ពួកគេមិនបានចេញទៅទេ ព្រោះសំពៅបានលិចនៅឯ​ក្រុង​អេស៊ាន-‌គេប៊ើរ។ 49 បន្ទាប់មក ព្រះបាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ទូលទៅព្រះបាទយ៉ូសាផាតថា៖ «ចូរឲ្យអ្នកបម្រើរបស់ទូលបង្គំចេញទូកជាមួយអ្នកបម្រើរបស់ព្រះករុណា»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតមិនអនុញ្ញាត្តិឡើយ។ 50 ព្រះបាទយ៉ូសាផាតបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ជុះសពទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌដែលជាបុព្វបុរសរបស់ស្តេច ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 51 ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ចាប់ផ្តើមគ្រងរាជលើស្រុកអ៊ីស្រាអែលនៅស្រុកសាម៉ារីនៅក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យរបស់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដា ហើយស្តេចសោយរាជ្យបានពីរឆ្នាំលើស្រុកអ៊ីស្រាអែល។​ 52 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយបានដើរតាមមាគា៌របស់បិតា និងមាតាទ្រង់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។ 53 ស្តេចបានបម្រើព្រះបាល និងថ្វាយបង្គំព្រះនោះ ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ ដូចដែលបិតារបស់ស្តេចបានធ្វើដែរ។