ជំពូក ១៧

1 លោក​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេស‌ប៊ី ក្នុង​ស្រុក​កាឡាដ ទូល​ព្រះ‌បាទ​អហាប់​ថា៖ «ដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីសា្រអែលមានព្រះជន្មគង់នៅ ជាព្រះដែលទូលបង្គំបម្រើ នៅប៉ុន្មានឆ្នាំនោះនឹង​គ្មាន​សន្សើម ឬភ្លៀងឡើយរហូតទាល់តែទូលបង្គំសុំឲ្យមាន»។ 2 ព្រះបន្ទូលរបស់ព្រះអម្ចាស់មកដល់លោកអេលីយ៉ាថា៖ 3 «ចូរចេញពីទីនោះទៅភាគខាងកើតទៅ ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ 4 អ្នកនឹងផឹកទឹកជ្រោះ ហើយយើងនឹងឲ្យក្អែកចិញ្ចឹមអ្នកនៅទីនោះ»។ 5 ដូច្នេះ លោកអេលីយ៉ាបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បានបង្គាប់មកលោក។ លោកបានទៅរស់នៅ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ 6 សត្វក្អែកបាននាំនំប័ុងនឹងសាច់ឲ្យលោកនៅពេលព្រឹក ហើយយកនំប័ុង និងសាច់មកឲ្យលោកនៅពេលល្ងាច ហើយលោកផឹកទឹកជ្រោះនោះ។ 7 ប៉ុន្តែ ក្រោយមកទឹកជ្រោះនោះក៏រីងអស់ ព្រោះគ្មានភ្លៀងសោះនៅក្នុងតំបន់នោះ។ 8 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖ 9 «ចូរក្រោកឡើង ហើយចេញទៅសា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ មើល យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅទីនោះផ្គត់‌ផ្គង់​អ្នក»។ 10 ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅសារិបតា ហើយនៅពេលដែលលោកមកដល់ទ្វារក្រុងមានស្រ្តីមេម៉ាយម្នាក់កំពុងតែរើសអុស។ ដូច្នេះ លោកបានហៅនាងដោយនិយាយថា៖ «សូមដងទឹកពីក្នុងពាងឲ្យខ្ញុំបន្តិច ខ្ញុំនឹងផឹកទឹកនោះ»។ 11 នៅពេលដែលនាងចេញទៅដងទឹក គាត់បានហៅនាងមក ហើយនិយាយថា៖ «សូមយកនំប័ុងមួយដុំក្នុងដៃនាងមកឲ្យខ្ញុំ»។ 12 នាងតមថា៖ «ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មរស់ នាងខ្ញុំសូមជម្រាបលោកថានាងខ្ញុំគ្មាននំប័ុងទេ ប៉ុន្តែ នាងខ្ញុំមានតែអាហារបន្តិចនៅក្នុងក្រឡ និងមានប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ លោកឃើញទេ ខ្ញុំកំពុងរើសអុស ដូច្នេះ នាងខ្ញុំនឹងទៅចម្អិនសម្រាប់នាងខ្ញុំ និងកូនប្រុសរបស់នាងខ្ញុំ ហើយយើងនឹងបរិភោគរួចយើងនឹងស្លាប់»។ 13 លោកអេលីយ៉ាមានប្រសាសន៍ថា៖ «កុំឲ្យខ្លាចឡើយ។ ចូរចេញទៅធ្វើតាមដែលនាងបាននិយាយចុះ ប៉ុន្តែ ចូរធ្វើនំប័ុងឲ្យខ្ញុំបន្តិចសិន ហើយយកវាមកឲ្យខ្ញុំ។ បន្ទាប់មក សឹមធ្វើសម្រាប់ខ្លួននាង និងកូនរបស់នាងចុះ។ 14 ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖​ «ក្រឡអាហារនឹងមិនត្រូវអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ រហូតដល់ថ្ងៃដែលព្រះអម្ចាស់ប្រទានទឹកភ្លៀងមកលើផែនដី»។ 15 ដូច្នេះ នាងក៏បានធ្វើដូចដែលលោកអេលីយ៉ាបានប្រាប់នាង។ នាង និងលោកអេលីយ៉ា ព្រមទាំងអ្នកដែលនៅក្នុងផ្ទះនាងបានបរិភោគបានយ៉ាងច្រើនថ្ងៃ។ 16 ក្រឡអាហារមិនដែលអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ ដូចព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអេលីយ៉ាមែន។ 17 ក្រោយមកទៀតកូនរបស់ស្រ្តីនោះឈឺ គឺស្រ្តីដែលជាម្ចាស់ផ្ទះ។ កូននោះឈឺធ្ងន់ណាស់ ធ្វើឲ្យកូននោះផុតដង្ហើម។ 18 ដូច្នេះ ម្តាយរបស់កូននោះបាននិយាយទៅកាន់លោកអេលីយ៉ាថា៖​ «តើអ្នកមានរឿងអ្វីជាមួយនាងខ្ញុំ អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ? តើអ្នកមកជួបខ្ញុំដើម្បីរំឭកពីអំពើបាបរបស់នាងខ្ញុំ ហើយសម្លាប់កូនរបស់នាងខ្ញុំឬ»? 19 បន្ទាប់មក លោកអេលីយ៉ាឆ្លើយទៅនាងថា៖ «សូមឲ្យកូនរបស់នាងមក»។ គាត់ក៏បានយកកូននោះពីដៃរបស់នាង ហើយបានយកនាងទៅបន្ទប់ខាងលើដែលលោកស្នាក់នៅ ហើយលោកបានដាក់កូននោះនៅលើគ្រែរបស់លោក។ 20 លោកបានស្រែករកព្រះអម្ចាស់ដោយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ តើព្រះអង្គនាំមហន្តរាយមកលើស្រ្តីដែលទូលបង្គំស្នាក់នៅជាមួយនេះដោយសម្លាប់កូនរបស់នាងបែបនេះឬ»? 21 បន្ទាប់មកលោកក៏ទ្រោមពីលើកូននោះបីដង លោកបានស្រែករកព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យជីវិតរបស់ក្មេងនេះត្រឡប់មកគាត់វិញផង»។ 22 ព្រះអម្ចាស់បានស្តាប់ឮសម្លេងរបស់លោកអេលីយ៉ា ជីវិតរបស់ក្មេងនោះបានត្រឡប់មកក្មេងនោះវិញ ហើយគាត់ក៏រស់ឡើងវិញ។ 23 លោកអេលីយ៉ាបានយកក្មេងនោះចេញពីបន្ទប់របស់គាត់មកក្រោមផ្ទះ លោកបានប្រគល់ក្មេងនោះឲ្យម្តាយរបស់ក្មេងនោះវិញ ដោយមានប្រសាសន៍ថា៖​ «ឃើញទេ កូនរបស់អ្នកនៅរស់ទេ»។ 24 ស្ត្រីនោះបាននិយាយជាមួយលោកអេលីយ៉ាថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកជំនិតរបស់ព្រះអម្ចាស់ ហើយដឹងថាព្រះបន្ទូលនៅក្នុងមាត់របស់លោកពិតជាត្រឹមត្រូវមែន»។