ជំពូក ១៦

1 ព្រះបន្ទូលរបស់ព្រះអម្ចាស់មកតាមរយៈលោក​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី​ថា៖ 2 «ទោះបីជាយើងបានលើកអ្នកឡើងពីធូលី​ ហើយបានឲ្យអ្នកធ្វើជាអ្នកដឹកនាំលើប្រជាជនអ៊ីស្រាអែលក៏ដោយ ក៏អ្នកនៅតែដើរតាមផ្លូវរបស់យេរ៉ូបោម ហើយបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប នាំឲ្យយើងពិរោធដោយសារអំពើបាបរបស់ពួកគេ។ 3 ឃើញទេ យើងនឹងកំទេចបាសា និងគ្រួសាររបស់គេចោល ហើយយើងនឹងធ្វើឲ្យគ្រួសាររបស់អ្នកដូចជាគ្រួសារបស់យេរ៉ូបោមកូនរបស់នេបាតដែរ។ 4 ឆ្កែនឹងស៊ីគ្រប់គ្នានៅក្នុងគ្រួសាររបស់បាសាដែលបានស្លាប់នៅក្នុងក្រុង ហើយបក្សីនឹងចឹកស៊ីអ្នកដែលស្លាប់នៅឯវាលស្រែ»។ 5 រឿងរាវរបស់ព្រះបាទបាសា ជាមួយអ្វីដែលស្តេចធ្វើ និងភាពល្បីល្បាញរបស់ស្តេច តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ? 6 ព្រះបាទបាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​ធើសា ហើយព្រះ‌បាទ​អេឡា ជា​បុត្ររបស់ទ្រង់បាន​ឡើង​ស្នង​រាជ្យបន្ត។ 7 ដូច្នេះ តាមរយៈលោកព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ព្រះអម្ចាស់បានមានបន្ទូលមកប្រឆាំងព្រះបាទបាសា និងគ្រួសាររបស់ស្តេចទាំងពីរនេះដោយសារអំពើរអាក្រក់ដែលស្តេចបានធ្វើ នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូច្នេះធ្វើឲ្យព្រះអង្គព្រះពិរោធ ហើយព្រះអង្គបំផ្លាញគ្រួសាររបស់ស្តេចដូចព្រះអង្គបំផ្លាញគ្រួសាររបស់ព្រះបាទយេរ៉ូបោមដែរ និងដោយសារតែស្តេចបានសម្លាប់គ្រួសារបស់ព្រះបាទយេរ៉ូបោមទាំងអស់។ 8 នៅក្នុងឆ្នាំទីម្ភៃប្រាំមួយនៃរាជ្យរបស់ព្រះបាទអាសាជាស្តេចស្រុកយូដា ព្រះ‌បាទ​អេឡា ជា​បុត្រ​របស់​ព្រះ‌បាទ​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​ធើសា ស្តេចសោយរាជ្យបាន​ពីរ​ឆ្នាំ។ 9 មាន​អ្នកបម្រើរបស់​ស្ដេច​ម្នាក់ឈ្មោះ​លោក​ស៊ីមរី ជា​មេទ័ព​កង​រទេះ​ចម្បាំង​​ពាក់​កណ្ដាល បានប្រឆាំងនឹង​ព្រះ‌បាទ​អេឡា។ ឥឡូវនេះ ស្តេច​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​គ្រប់គ្រងនៅក្រុងធើសា។ 10 លោកស៊ីមរីចូលទៅក្នុង វាយប្រហារ​ និងសម្លាប់ស្តេចទៅ នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ហើយលោកក្លាយជាស្តេចបន្តពីព្រះបាទស៊ីមរី។ 11 នៅពេលដែលព្រះបាទស៊ីមរីចាប់ផ្តើមសោយរាជ្យ និងបានគង់លើបល្ល័ង្ក ស្តេចបានសម្លាប់គ្រួសារបស់ប្រះបាទបាសាទាំងអស់។ ស្តេចមិនទុកឲ្យនរណាម្នាក់នៅក្នុងគ្រួសារ ឬមិត្តភ័ក្ររបស់ព្រះបាទបាសានៅរស់ឡើយ។ 12 ដូច្នេះ ព្រះបាទស៊ីមរីបំផ្លាញគ្រួសារទាំងមូលរបស់ព្រះបាទបាសា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានមានបន្ទូលប្រឆាំងនឹងព្រះបាទបាសាតាមរយៈលោកព្យាការីយេហ៊ូវ 13 ដោយសារអំពើបាបរបស់ស្តេចផ្ទាល់ និងអំពើបាបដែល​ព្រះ‌បាទ​អេឡាជា​បុត្របាន​ប្រព្រឹត្ត និងការដែលពួកគេបាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប ដូច្នេះ ពួកគេបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធជាមួយរូបព្រះរបស់ពួកគេ។ 14 រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទអេឡា និងអ្វីដែលស្តេចបានធ្វើ តើមិនបានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ? 15 នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះបាទស៊ីមរីសោយរាជ្យបានប្រាំពីរថ្ងៃនៅក្រុង​ធើសា។ ឥឡូវនេះ​ទាហាន​បានបោះជំរំ នៅ​ជិត​ក្រុង​គីប‌ថោន ដែលជាក្រុងរបស់ពួក​ភីលីស្ទីន។ 16 នៅពេលដែលពួកទ័ពបានបោះជំរំនៅទីនេះពួកគេឮគេនិយាយថា៖ «លោកស៊ីមរីបានក្បត់ ហើយបានសម្លាប់ស្តេចហើយ»។ ដូច្នេះ ថ្ងៃនោះនៅក្នុងជំរំ អ៊ីស្រាអែលទាំងមូលបានប្រកាសឲ្យលោក​មេ‌ទ័ព​អូមរីធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល។ 17 លោក​អូមរីក៏​ចេញ​ពី​ក្រុង​គីប‌ថោនជាមួយជនជាតិ​អ៊ីស្រា‌អែល​ ​មក​ឡោម‌ព័ទ្ធ​ក្រុង​ធើសា។ 18 ដូច្នេះ នៅពេលដែលព្រះបាទអ៊ូមរីបានឃើញថាទីក្រុងត្រូវបានគេគ្រប់គ្រង ស្តេច​ក៏​យាង​ចូល​ក្នុង​ប៉ម​មួយ​នៅជាប់​ក្នុង​វាំងរបស់ស្តេច រួច​យក​ភ្លើង​ដុតខ្លួនឯងនៅក្នុង​ប៉ម ហើយ​បានសុគតក្នុងភ្លើងនោះទៅ។ 19 នេះដោយសារអំពើបាបដែលស្តេចបានធ្វើជាអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដោយសារស្តេចដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងដោយសារអំពើបាបរបស់ស្តេចខ្លួនឯងផ្ទាល់ ស្តេចក៏នាំអ៊ីស្រាអែលឲ្យប្រព្រឹត្តបាបដែរ។ 20 រឿងរាវដែលទាក់ទាងនឹងព្រះបាទស៊ីមរី និងអំពើក្បត់ដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ? 21 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលបានបែងចែកជាពីរ។ ប្រជាជនពាក់កណ្តាល់ដើរតាមលោកលោក​ធីបនី ជា​កូន​របស់​លោក​គីណាត ដែលឡើង​ជា​ស្ដេច ពាក់កណ្តាលទៀតដើរតាមលោក​អូមរី​។ 22 ប៉ុន្តែ អ្នកដែលដើរតាមលោកអូមរីខ្លាំងជាងអ្នកដែលដើរតាមលោកធីបនីជាកូនរបស់លោកគីណាត។ ដូច្នេះ លោកធីបនីបានស្លាប់ ហើយលោកអូមរីឡើងគ្រងរាជ្យ។ 23 ព្រះបាទអ៊ូមរីសោយរាជ្យលើអ៊ីស្រាអែលក្នុងឆ្នាំទីសាមសិបប្រាំ នៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ហើយស្តេចសោយរាជ្យបានដប់ពីរឆ្នាំ។ ស្តេចសោយរាជ្យនៅក្រុង​ធើសាបានប្រាំមួយឆ្នាំ។ 24 ស្ដេច​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​សេមើរតម្លែជាប្រាក់ពីរហាប។ ស្តេចបានសង់ក្រុងនៅលើភ្នំនោះ ហើយបានហៅក្រុងនោះថាសាម៉ារី ក្រោយពីក្រុងនោះធ្លាប់មានឈ្មោះថាសេមើរ ដែលជាម្ចាស់ភ្នំ។ 25 ព្រះបាទអ៊ូមរីបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយបានប្រព្រឹត្តអាក្រក់ជាងអ្នកដែលសោយរាជ្យមុនស្តេចទៅទៀត។ 26 ដោយសារស្តេចដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាត និងអំពើបាបរបស់ស្តេចផ្ទាល់ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធដោយសារតែរូបព្រះដ៏គ្មានតម្លៃទាំងអស់នោះ។ 27 រឿងរាវរបស់ព្រះបាទអ៊ូមរី អ្វីដែលស្តេចបានធ្វើ និងភាពល្បីល្បាញដែលស្តេចបានបង្ហាញ តើមិនមានកត់ត្រានៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ​? 28 ដូច្នេះ ព្រះបាទអ៊ូមរីបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុុះស្តេចនៅស្រុកសាម៉ារី ហើយព្រះ‌បាទ​អហាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 29 នៅក្នុងឆ្នាំទីសាមសិបប្រាំបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះ‌បាទ​អហាប់ ជា​បុត្ររបស់ព្រះបាទអ៊ូមរីបាន​ឡើង​ស្នង​រាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះ‌បាទ​អហាប់ ជា​បុត្ររបស់អ៊ូមរីសោយរាជ្យលើអ៊ីស្រាអែលក្នុងក្រុងសាម៉ារីបានម្ភៃពីរឆ្នាំ។ 30 ព្រះ‌បាទ​អហាប់ ជា​បុត្ររបស់អ៊ូមរីបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់លើសស្តេចណាៗទាំងអស់ដែលសោយរាជ្យមុនស្តេច។ 31 ស្តេចព្រះ‌បាទ​អហាប់មិនគ្រាន់តែដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតប៉ុណ្ណោះទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​ដើរតាម និង​ថ្វាយ‌បង្គំ​ព្រះ​បាល ព្រមទាំងឱនក្បាលនៅចំពោះព្រះនោះទៀតផង។ 32 ស្តេចបានសង់អាសនាសម្រាប់ព្រះបាល នៅក្នុងវិហាររបស់ព្រះបាល ដែលស្តេចបានសង់នៅសាម៉ារី។ 33 ព្រះបាទអហាប់ក៏បានសង់សសរព្រះអាសេរ៉ាផងដែរ។ ព្រះបាទអហាប់បានប្រព្រឹត្តអាក្រក់មែនទែនធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធយ៉ាងខ្លាំងលើសជាងស្តេចមុនៗទៅទៀត។ 34 ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទអហាប់ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេត‌អែល សង់​កំពែង​ក្រុង​យេរីខូ​ឡើង​វិញ។ លោកហ៊ីអែលបានចាក់គ្រឹះក្រុង នោះ​គាត់បានបង់ថ្លៃជីវិតអប៊ី‌រ៉ាម​ជា​កូន​ប្រុស​ច្បង ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន។