ជំពូក ១៨

1 ដូច្នេះ ច្រើនថ្ងៃក្រោយមកទៀត ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអេលីយ៉ា នៅក្នុងឆ្នាំទីបីនៃគ្រោះរាំងស្ងួតថា៖ «ទៅបង្ហាញខ្លួនឲ្យស្តេចអហាប់បានឃើញ ហើយយើងនឹងបញ្ជូនទឹកភ្លៀងមកលើផែនដី»។ 2 លោកអេលីយ៉ាក៏ទៅបង្ហាញខ្លួនឲ្យស្តេចអហាប់ឃើញ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។ 3 ព្រះបាទ​អហាប់​បានហៅលោក​អូបា‌ឌា ដែលជាអ្នកមើលខុសត្រូវក្នុងវាំង។ លោកអូបាឌាគោរពព្រះអម្ចាស់ណាស់ 4 ព្រោះនៅពេលដែលម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់ព្យាការីរបស់ព្រះអម្ចាស់ លោកអូបាឌាបានយកព្យាការីមួយរយនាក់ទៅលាក់ក្នុងរូងភ្នំ មួយកន្លែងសាសិបនាក់ ហើយបានចិញ្ចឹមពួកគេដោយនំប័ុង និងទឹក។ 5 ស្តេចអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «ចូរចេញទៅទឹកដីទាំងមូល ទៅកន្លែងដែលមានប្រភពទឹក និងជ្រោះ។ ប្រហែលជាយើងអាចរកស្មៅបាន ហើយសង្គ្រោះសេះ និងលាឲ្យនៅមានជីវិត ដូច្នេះ យើងនឹងមិនបាត់បង់សត្វទាំងអស់ឡើយ»។ 6 ដូច្នេះ ពួកគេបានចែកតំបន់គ្នាដើរមើល ហើយស្វែងរកទឹក។ ស្តេចអហាប់បានទៅផ្លូវមួយ ហើយលោកអូបាឌាទៅផ្លូវមួយទៀត។ 7 នៅពេលដែលលោកអូបាឌានៅតាមផ្លូវ លោកអេលីយ៉ាបានជួបលោកដោយចៃដន្យ។ លោកអូបាឌាចំណាំលោកបាន ហើយបានក្រាបមុខដល់ដី។ លោកមានប្រសានស៍ថា៖ «តើលោកអេលីយ៉ា ដែលជាម្ចាស់របស់ខ្ញុំមែនទេ?» 8 លោកអេលីយ៉ាក៏បានឆ្លើយទៅលោកថា៖ «គឺខ្ញុំមែន។ សូមទៅប្រាប់ចៅហ្វាយរបស់លោកថា៖ «មើល លោកអេលីយ៉ានៅទីនេះ»។ 9 លោកអូបាឌាក៏ឆ្លើយថា៖​ «តើខ្ញុំបានប្រព្រឹត្តបាបអ្វី បានជាលោកចង់ប្រគល់អ្នកបម្រើរបស់លោកទៅក្នុងដៃរបស់ស្តេចអហាាប់ ឲ្យស្តេចសម្លាប់ខ្ញុំដូច្នេះ? 10 ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ ខ្ញុំសូមប្រាប់លោកថាគ្មានជាតិសាសន៍ណាមួយ ឬអាណាចក្រណាដែលចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនមនុស្សទៅស្វែងរកលោកនោះទេ។ នៅពេលដែលជាតិសាសន៍ ឬអាណាចក្រណាមួយនិយាយថា៖ «លោកអេលីយ៉ាមិននៅទីនេះទេ» នោះ ស្តេចអហាប់បានឲ្យគេស្បថថាពួកគេមិនអាចរកលោកឃើញទេ។ 11 តែឥឡូវនេះ លោកបែរជានិយាយថា៖ «សូមទៅប្រាប់ចៅហ្វាយរបស់អ្នកថា លោកអេលីយ៉ានៅទីនេះទៅវិញ»។ 12 នៅពេលដែលខ្ញុំចេញទៅ តែព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយកលោកនៅកន្លែងដែលខ្ញុំមិនដឹង។ បន្ទាប់មក ខ្ញុំទៅទូលស្តេចអហាប់ ហើយស្តេចរកអ្នកមិនឃើញ នោះស្តេចមុខជាសម្លាប់ខ្ញុំមិនខាន។ ខ្ញុំជាអ្នកបម្រើលោក បានថ្វាយបង្គំព្រះអម្ចាស់តាំងពីខ្ញុំនៅក្មេងម្លេ៉ះ។ 13 តើគ្មាននរណាបានប្រាប់លោកទេ លោកម្ចាស់អើយ ថាខ្ញុំបានធ្វើអ្វីនៅពេលដែលនាងយេសិបិលបានសំលាប់ព្យាការីទាំងឡាយរបស់ព្រះអម្ចាស់ គឺពីរបៀបដែលខ្ញុំបានលាក់ព្យាការីរបស់ព្រះអម្ចាស់មួយរយនាក់នៅក្នុងរូងភ្នំ ក្នុងមួយកន្លែងហាសិបនាក់ និងបានចិញ្ចឹមពួកគេដោយនំប័ុង និងទឹកទេឬ? 14 ឥឡូវនេះ លោកបាននិយាយមកខ្ញុំថា៖​ «ចូរទៅប្រាប់ចៅហ្វាយរបស់អ្នកថាលោកអេលីយ៉ានៅទីនេះ ដូច្នេះ លោកនឹងសម្លាប់ខ្ញុំមិនខាន»។ 15 បន្ទាប់មកលោកអេលីយ៉ាឆ្លើយតបថា៖​ «ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ ដែលខ្ញុំឈរនៅមុខព្រះអង្គ ខ្ញុំសូមប្រាប់អ្នកថា នៅថ្ងៃនោះខ្ញុំនឹងបង្ហាញខ្លួនឲ្យស្តេចអហាប់ឃើញ»។ 16 ដូច្នេះ លោកអូបាឌាបានទៅជួបស្តេចអហាប់ ហើយបានទូលស្តេចនូវអ្វីដែលលោកអេលីយ៉ាបាននិយាយ។ បន្ទាប់មក ស្តេចបានទៅជួបលោកអេលីយ៉ា។ 17 បន្ទាប់មក ស្តេចអហាប់បានជួបលោកអេលីយ៉ា ដោយទូលទៅលោកថា៖​ «តើពិតជាលោកមែនឬ? តើលោកជាម្នាក់ដែលនាំបញ្ហាដល់អ៊ីស្រាអែលនោះមែនទេ!»។ 18 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំមិនបាននាំបញ្ហាដល់អ៊ីស្រាអែលទេ ប៉ុន្តែគឺព្រះអង្គ និងក្រុមគ្រួសាររបស់ព្រះអង្គវិញទេដែលនាំឲ្យមានបញ្ហាដោយសារតែបានបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ និងដោយការដើរតាមព្រះបាល។ 19 ឥឡូវនេះ ចូរនាំពាក្យ ដើម្បីប្រមូលប្រជាជនទាំងអស់មកជួបជុំគ្នានៅលើ​ភ្នំ​កើមែល មាន​ព្យាការី​របស់​ព្រះ​បាល​ទាំង​បួន​រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អា‌សេ‌រ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុជាមួយម្ចាស់​ក្សត្រី​យេសិ‌បិល»។ 20 ដូច្នេះ ស្តេចអហាប់បានបញ្ជូនពាក្យទៅប្រជាជនអ៊ីស្រាអែល ហើយបានប្រមូលព្យាការីទាំងអស់មកជួបជុំគ្នានៅលើភ្នំ​កើមែល។ 21 លោកអេលីយ៉ាមកជិតប្រជាជនអ៊ីស្រាអែល និងនិយាយថា៖ «តើអ្នកត្រូវការពេលប៉ុន្មាន ដើម្បីផ្លាស់ប្តូរគំនិតរបស់អ្នក? បើព្រះអម្ចាស់ជាព្រះ ចូរដើរតាមទ្រង់ចុះ។ ប៉ុន្តែ បើព្រះបាលជាព្រះវិញ ចូរដើរតាមព្រះបាលចុះ»។ ប៉ុន្តែ ប្រជាជនមិនបានឆ្លើយតបទៅលោកទេ។ 22 បន្ទាប់មក លោកអេលីយ៉ាបាននិយាយទៅប្រជាជនថា៖ «ចំណែកខ្ញុំ ខ្ញុំមានតែម្នាក់ឯង​ ដែលជាព្យាការីរបស់ព្រះអម្ចាស់ ប៉ុន្តែ ព្យាការីរបស់ព្រះបាលមាន ៤៥០នាក់។ 23 ដូច្នេះ ចូរយកគោបាពីរមក។ សូមឲ្យពួកគេជ្រើសរើសយកគោបាមួយសម្រាប់ខ្លួនពួកគេ ហើយចូរកាប់ជាចំរៀកៗ ហើយដាក់នៅលើឈើ ប៉ុន្តែ មិនត្រូវដាក់ភ្លើងនៅខាងក្រោមទេ។ បន្ទាប់មក ខ្ញុំនឹងរៀបចំគោបាមួយទៀត និងដាក់លើឈើ និងមិនដាក់ភ្លើងនៅខាងក្រោមទេ។ 24 បន្ទាប់មក ចូរអ្នកប្រកាសហៅឈ្មោះព្រះរបស់អ្នកចុះ ហើយខ្ញុំនឹងអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ ហើយបើព្រះណាឆ្លើយតបដោយភ្លើង នោះព្រះអង្គជាព្រះមែន»។ ដូច្នេះ មនុស្សទាំងអស់ឆ្លើយថា៖ «ល្អណាស់»។​ 25 ដូច្នេះ លោកអេលីយ៉ានិយាយទៅព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយសម្រាប់ខ្លួនអ្នក ហើយរៀបចំវាមុនចុះ ដោយសារអ្នកមានគ្នាច្រើន។ បន្ទាប់មក ចូរប្រកាសហៅនាមព្រះរបស់អ្នក ប៉ុន្តែ មិនត្រូវដាក់ភ្លើងខាងក្រោមឡើយ»។ 26 ពួកគេបានយកគោបាដែលលោកបានឲ្យពួកគេ ហើយរៀបចំគោនោះ ហើយពួកគេបានស្រែករកនាមរបស់ព្រះបាលតាំងពីព្រលឹម ដល់ថ្ងៃត្រង់ ដោយនិយាយថា៖​ «ព្រះបាលអើយ ចូរស្តាប់យើងផង»។ ប៉ុន្តែ គ្មានសម្លេងក៏គ្មាននរណាម្នាក់ឆ្លើយដែរ។ ពួកគេបានរាំជុំវិញអាសនាដែលពួកគេបានធ្វើ។ 27 នៅថ្ងៃត្រង់លោកអេលីយ៉ាបានចំអកដាក់ពួកគេ ហើយនិយាយថា៖ «សូមស្រែកឲ្យឮៗទៅ! គាត់គឺជាព្រះ! ប្រហែលជាទ្រង់កំពុងគិត ឬកំពុងរំដោះខ្លួន ឬទ្រង់កំពុងតែធ្វើដំណើរ ឬប្រហែលជាទ្រង់កំពុងតែដេកលក់ ហើយកំពុងក្រោកឡើង»។ 28 ដូច្នេះ ពួកគេស្រែកកាន់តែឮឡើងៗ ហើយពួកគេបានកាត់សាច់ខ្លួនឯងជាមួយដាវ និងលំពែង ដូចដែលពួកគេធ្លាប់ធ្វើ រហូតដល់ឈាមប្រលាក់ខ្លួនជោគ។ 29 កន្លងអស់កន្លះថ្ងៃហើយ ពួកគេនៅតែទាយរហូតដល់ម៉ោងថ្វាយយញ្ញបូជាពេលល្ងាច ប៉ុន្តែនៅតែគ្មានសម្លេងឬនរណាម្នាក់ឆ្លើយតបឡើយ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងការប្រកូកប្រកាសរបស់ពួកគេឡើយ។ 30 បន្ទាប់មក លោកអេលីយ៉ានិយាយទៅប្រជាជនទាំងអស់ថា៖ «ចូរមកជិតខ្ញុំ» ហើយពួកគេក៏ចូលមកជិតលោក។ បន្ទាប់មក លោកក៏រៀបចំអាសនារបស់ព្រះអម្ចាស់ដែលបានខ្ទេចខ្ទីអស់ឡើងវិញ។ 31 លោកអេលីយ៉ាបានយកថ្មដប់ពីរដុំ ថ្មនីមួយៗតំណាងឲ្យកុលសម្ព័ន្ធមួយនៃកូនៗរបស់លោកយ៉ាកុប ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកយ៉ាកុបថា៖​ «អ៊ីស្រាអែលនឹងជាឈ្មោះរបស់អ្នក»។ 32 ជាមួយថ្មដែលលោកបានសង់អាសនានៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ហើយលោកបានជីកស្នាមភ្លោះជុំវិញអាសនានោះធំល្មមដាក់គ្រាប់ស្រូវពីររង្វាល់។ 33 លោកក៏បានរៀបចំឈើសម្រាប់ដុត ក៏បានកាប់គោជាដុំៗ ហើយលោកបានដាក់ចំណែកគោទាំងនោះនៅលើឈើ។ លោកបានមានប្រសាសន៍ថា៖​ «សូមយកទឹកបួនពាងមកចាក់លើតង្វាយដុត និងលើឈើ»។ 34 បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ «ចូរធ្វើបែបនោះម្តងទៀត» ហើយពួកគេបានចាក់ទឹកម្តងទៀត។ លោកបានមានប្រសាសន៍ម្តងទៀតថា៖ «សូមធ្វើចាក់ទឹកលើទីបី» ហើយពួកគេបានចាក់ទឹកជាលើកទីបី។ 35 ទឹកបានហៀរជុំវិញអាសនា ហើយបានពេញរណ្តៅផង។ 36 ការនេះកើតឡើងនៅពេលដែលត្រូវថ្វាយយញ្ញបូជាពេលល្ងាច ដែលលោកព្យាការីអេលីយ៉ាបានមកជិត ហើយនិយាយថា៖ «ព្រះអម្ចាស់ជាព្រះរបស់លោកអាបា្រហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល សូមឲ្យគ្រប់គ្នាដឹងនៅថ្ងៃនេះថា ព្រះអង្គជាព្រះនៅក្នុងស្រុកអ៊ីស្រាអែល ហើយគេដឹងថាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ហើយឲ្យពួកគេដឹងថាទូលបង្គំបានធ្វើរឿងទាំងនេះតាមព្រះបន្ទូលរបស់ព្រះអង្គ។ 37 សូមស្តាប់ទូលបង្គំ ព្រះអម្ចាស់អើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជនទាំងនេះដឹងថាព្រះអង្គជាព្រះអម្ចាស់ ជាព្រះ ហើយឲ្យគេដឹងថាព្រះអង្គនឹងបែរត្រឡប់ចិត្តរបស់ពួកគេម្តងទៀតទៅព្រះអង្គវិញ»។ 38 បន្ទាប់ មកភ្លើងរបស់ព្រះអម្ចាស់បានមកដុតបពេ្ឆោះទាំងតង្វាយ ទាំងឈើ ទាំងថ្ម និងដី ហើយធ្វើឲ្យទឹកនៅក្នុងរណ្តៅនោះរីងអស់។ 39 នៅពេលដែលប្រជាជនទាំងអស់បានឃើញការនេះ ពួកគេបានក្រាបមុខដល់ដី ហើយនិយាយថា៖ «ព្រះអម្ចាស់ ជាព្រះ! ព្រះអម្ចាស់ជាព្រះ»! 40 ដូច្នេះ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរនាំព្យាការីរបស់ព្រះបាលមកទីនេះ។ កុំឲ្យពួកគេណាម្នាក់រត់រួចឡើយ»។ ដូច្នេះពួកគេបាននាំអ្នកទាំងនោះមក រួចលោកអេលីយ៉ាបាន​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​លោក​ក៏​សម្លាប់ពួកគេទាំង​អស់​នៅ​ទី​នោះ​ទៅ។​ 41 លោកអេលីយ៉ាទូលទៅព្រះបាទអហាប់ថា៖ «ចូរព្រះករុណាក្រោកឡើង រួចសោយអាហារ និងទឹកចុះ ព្រោះមានសម្លាប់ភ្លៀងយ៉ាងខ្លាំង»។ 42 ដូច្នេះ ព្រះបាទអហាប់បានក្រោឡើង សោយអាហារ និងទឹក។ បន្ទាប់មក លោកអេលីយ៉ាបានឡើងទៅលើកំពូល​ភ្នំ​កើមែល លោកបានក្រាបមុខដល់ដី ហើយបានឱនក្បាលនៅចន្លោះជង្គង់ទាំងពីររបស់លោក។ 43 លោកបាននិយាយទៅអ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅមើសមុទ្រឥឡូវនេះមើល»។ អ្នកបម្រើរបស់លោកក៏ឡើងទៅមើល ហើយបាននិយាយថា៖ «គ្មានអ្វីទាំងអស់»។ ដូច្នេះ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «សូមទៅប្រាំពីរដងទៀត»។ 44 នៅលើកទីប្រាំពីរអ្នកបម្រើរបស់លោកនិយាយថា៖ «មើលមានពពកមួយដុំឡើងពីសមុទ្រមក គឺតូចប៉ុនបាតដៃ»។ លោកអេលីយ៉ាក៏មានប្រសាសន៍ថា៖ «សូមទៅប្រាប់ព្រះបាទអហាប់ថា៖ «សូមឡើងរាជរថរបស់ព្រះអង្គ និងចេញដំណើរទៅមុនភ្លៀងនឹងបញ្ឈប់ព្រះអង្គ»។ 45 បន្តិចក្រោយមក ផ្ទៃមេឃប្រែជាខ្មៅជាមួយពពក និងខ្យល់ ហើយក៏មានភ្លៀងយ៉ាងខ្លាំង។ ព្រះបាទអហាប់បានជិះ និងចេញទៅយេសរាល 46 ប៉ុន្តែ ព្រះហស្តរបស់ព្រះអម្ចាស់បាននៅលើលោកអេលីយ៉ា។ លោកបានក្រវាត់អាវរបស់លោកនៅនឹងចង្កេះ ហើយបានរត់នៅមុខព្រះបាទអហាប់ទៅច្រកក្រុងយេសរាល។