ជំពូក ៦

1 ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលថា៖ «ចូរ​ក្រោក​ឡើង យករឿងក្តីរបស់ឯងនៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​សំឡេង​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​អ្នកផង។ 2 ចូរ​ស្តាប់​រឿង​ក្ដី​របស់​ព្រះ‌អម្ចាស់​ចុះ​ ភ្នំ​ទាំង‌ឡាយ និង​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ។ ដ្បិត​ព្រះ‌អម្ចាស់មានរឿង​ក្ដី ជាមួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​តវ៉ា​ជា​មួយ​ពួក​អុីស្រា‌អែល»។ 3 «ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ តើ​យើង​បាន​ធ្វើ​អ្វី​ដល់​ឯង? តើ​យើង​បាន​ធ្វើ​ឲ្យ​ឯង​ធុញ​ទ្រាន់​ដោយ‌សារ​អ្វី? ចូរ​ឆ្លើយ​នឹង​យើង! 4 ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីប​មក ហើយលោះ​អ្នក​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ។ ហើយ​យើងបាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង។ 5 ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាកជាស្តេចស្រុក​ម៉ូអាប់ដែលបាន​បង្កើត​ ហើយពី​សេចក្ដី​ដែល​បាឡាមជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​អ្នក​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិតរបស់​ព្រះ‌អម្ចាស់​ចុះ»។ 6 តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌អម្ចាស់ ពេលខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏ខ្ពង់​ខ្ពស់? តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​តង្វាយ​ដុត ជា​កូន​គោ​អាយុ​មួយ​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ​ឬ? 7 តើ​ព្រះ‌អម្ចាស់​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យដោយ​ចៀម​ទាំង​ពាន់ ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ដើម្បីសុំព្រះអង្គលើកលែងទោស ឬ​ផលផ្លែ​នៃ​រូប‌កាយ​ខ្ញុំ ដើម្បីសុំរំដោះ​នឹង​អំពើ​ខ្ញុំ​ឬ? 8 ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឯងឲ្យ​ស្គាល់​សេចក្ដី​ដែល​ល្អ នឹងអ្វីដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក ឲ្យប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ចូល​​ដើរ​ដោយ​សុភាពជាមួយព្រះជាម្ចាស់​។ 9 ព្រះ​សូរ‌សៀង​នៃ​ព្រះ‌អម្ចាស់​បន្លឺ​ទៅកាន់​ទី​ក្រុងថា៖ ការកោត​ខ្លាច​ដល់​ព្រះ‌នាមរបស់​ព្រះ‌អង្គ នោះ​ជា​ប្រាជ្ញាដ៏​ត្រឹម​ត្រូវ។​ ចូរ​ស្តាប់​ចុះ អស់​អ្នកដែល​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​អើយ។ 10 ទ្រព្យ‌សម្បត្តិ នៃ​ផ្ទះ​មនុស្ស​អាក្រក់​ ដែលរក​បាន​ដោយ​អំពើទុច្ចរិត ហើយនិង​រង្វាល់​មិនស្មោះត្រង់ គឺជាអំពើ​​គួរ​ឲ្យស្អប់‌ខ្ពើម​។ 11 តើ​យើង​គួរអត់ឱនឲ្យមនុស្សដែលប្រើ​ជញ្ជីង​បោកប្រាស់ និង​ថង់​ពេញ​ដោយ​កូន​ជញ្ជីងឆបោក​បាន​ឬទេ? 12 ដ្បិត​​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​នៅ​ក្នុងទី​ក្រុង គេ​ពោលតែពាក្យ​កុហក​ ហើយអណ្ដាត​របស់គេ នៅ​ក្នុង​មាត់​គេ​គឺពោលពេញទៅដោយការបោកប្រាស់។ 13 ហេតុ​នេះ​ហើយ​បានជា​យើង​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ចុក​ចាប់ ព្រោះ​តែ​អំពើ​បាប​របស់​ឯង។ 14 អ្នក​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ សេចក្ដី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្ដាល​ឯង។ ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន យើង​នឹងធ្វើឲ្យវិនាសដោយសង្គ្រាម។ 15 ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ អ្នក​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សម្រាប់​លាប​ខ្លួន​ទេ ហើយឯងក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ។ 16 ត្បិត​អ្នក​រាល់​គ្នា​បាន​កាន់​តាម​បញ្ញត្តិ​ច្បាប់​របស់​ស្តេច​អំរី និង​អស់​ទាំង​អំពើ​របស់​រាជវង្ស​ស្ដេច​អ័ហាប់។ ហើយ​អ្នក​រាល់​គ្នា​បាន​ដើរ​តាម​​ឱវាទរបស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ខូច‌បង់ ហើយ​ឲ្យ​ពួក​អ្នកដែលរស់នៅទីក្រុង ត្រូវ​គេ​មើល​ងាយ អ្នក​នឹង​ត្រូវ​រង​ពាក្យ​ត្មះ‌តិះ‌ដៀលនៃ​ប្រជា‌រាស្ត្រ​របស់​យើង»។