ជំពូក ៥

1 ឥឡូវ​នេះ ពួកខ្មាំង​សត្រូវមកសមរភូមិ ដើម្បី​ធ្វើការហ៊ុម​ព័ទ្ធច្បាំងជំុវិញទីក្រុង ហើយគេ​យក​រំពាត់​វាយលើ​ថ្ពាល់​មេដឹក​នាំ​របស់​អុីស្រា‌អែល។ 2 តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ទោះឯង​មានចំនួន​តូច​ជាង​គេ​ក្នុង​ចំណោមអំបូរ​ទាំង​ប៉ុន្មានរបស់​ស្រុកយូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះនឹង​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អុីស្រា‌អែល ដែលមានដើម​កំណើត​​តាំង​ពី​បុរាណដ៏យូរលង់។ 3 ដូច្នេះ ព្រះអម្ចាស់នឹងបោះបង់ពួកគេមួយរយៈសិន រហូតដល់ស្រ្តីជាមាតា​សម្រាល​បាន​កូននោះ​មក ហើយបងប្អូនឯទៀតរបស់គេ នឹង​បាន​វិល​ត្រឡប់​ជាពួក​កូន​ចៅ​អុីស្រា‌អែល​វិញ។ 4 អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារព្រះចេស្តានៃ​ព្រះ‌អម្ចាស់ និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាមព្រះអម្ចាស់ជា​ព្រះ​របស់​ខ្លួន។ ត្បិតចាប់ពីពេលនេះទៅ អ្នក​នោះ​នឹង​មានអំណាចឧត្តុងឧត្តមរហូត​ដល់​ចុង​ផែនដី​បំផុត។ 5 ហើយ​អ្នក​នោះ​នឹង​បាន​ជាស្ដេច​នៃ​សេចក្ដី​សុខសាន្ត។ ប្រសិន​បើ​ពួក​អាស‌ស៊ើរ​លុក‌លុយ​ចូល ក្នុង​ស្រុក​របស់​ពួក​យើង ហើយវាយដល់កំពែងរបស់យើង ពួក​យើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ឲ្យទៅប្រយុទ្ធនឹងពួកគេ។ 6 មេដឹកនាំទាំងនោះ នឹង​ដឹកនាំ​ស្រុក​អាស‌ស៊ើរ​ និងស្រុក​នីមរ៉ូឌ​នៅត្រង់​ទ្វារ​ស្រុក​របស់គេ ដោយប្រើអាវុធ។ អ្នក​នោះ​នឹង​ដោះ​ឲ្យ​យើង​រួច​ពី​ពួក​ជនជាតិ​អាស‌ស៊ើរ ក្នុង​ពេលដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​យើង។ ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ជាន់ក្នុង​ព្រំ​ប្រទល់​ស្រុក​របស់​យើង។ 7 គ្រា​នោះកូនចៅរបស់លោក​យ៉ាកុបដែលនៅសេសសល់ នឹង​នៅ​កណ្ដាល​ជនជាតិ​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌អម្ចាស់ ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ។ 8 កូនចៅរបស់លោក​យ៉ាកុប​ដែលនៅសេសសល់​ នឹង​នៅ​កណ្ដាល​ប្រជាជាតិដទៃ គឺនៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ីជាដុំៗ ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះឲ្យ​រួច​បាន​ឡើយ។ 9 ចូរ​លើក​ដៃ​អ្នក​ឡើង ដាក់​លើ​ខ្មាំង​សត្រូវ​របស់​អ្នក គេ​នឹង​ត្រូវ​បំផ្លាញ។ 10 ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​ដកហូត​សេះ​របស់​ឯង ហើយ​យើង​នឹង​បំផ្លាញ​រទេះ​ចម្បាំង​ទាំង​ប៉ុន្មានរបស់​ឯង​ដែរ។ 11 យើង​នឹង​ដក​ទី​ក្រុង​នានា​ចេញ​ពីស្រុក​របស់​អ្នក និង​ផ្ដួល​រំលំ​កំពែងដ៏រឹងមាំទាំងប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។ 12 យើង​នឹង​កម្ចាត់​អស់​ទាំង​មន្តអាគមគាថាពី​ដៃ​ឯង​ចេញ អ្នកនឹង​គ្មាន​​គ្រូ​ធ្មប់​​ទៀត​ទេ។​ 13 យើង​នឹង​បំផ្លាញ​រូប​ចម្លាក់ និង​ព្រះក្លែងក្លាយ​ចេញ​ពី​កណ្ដាល​ពួក​អ្នក។ នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួនអ្នកទៀតហើយ។ 14 យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេ‌រ៉ា​ របស់​អ្នកចេញ​ពី​កណ្ដាល​អ្នកដែរ ហើយ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់អ្នក។ 15 យើង​នឹង​ដាក់​ទោស ដោយ​កំហឹង និង​ឃោរ‌ឃៅ នៅ​លើ​អស់​ទាំង​ជនជាតិ​ដែល​មិន​ព្រម​ស្តាប់​បង្គាប់»។