ជំពូក៤

1 នៅ​ថ្ងៃ​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំងនៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នឹងត្រូវបង្កើតឡើងឲ្យខ្ពស់ជាងកំពូល​ភ្នំ​ទាំង‌ឡាយ។​ ហើយត្រូវបានសរសើរតម្កើងលើកំពូលភ្នំទាំងនោះ និង​ប្រជាជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ។ 2 ហើយ​ប្រជាជាតិជា​ច្រើន​នឹង​ទៅ​លើភ្នំ​ទាំងពោលថា «ចូរ​មក យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ‌អម្ចាស់ គឺ​ទៅ​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់លោក​យ៉ាកុប​។​ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​រាល់​គ្នា​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់ព្រះ‌អង្គ»។ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ត្រូវបានផ្សាយ​ចេញ​ពី​ក្រុងស៊ីយ៉ូន​ទៅ ជាមួយនឹង​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ពី​ក្រុងយេរូ‌សាឡិម។ 3 ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ​ក្រម​ដល់ជន​ជាតិ​ជា​ច្រើន​ ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ប្រជា‌ជាតិមួយចំនួន ដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេលនោះពួក​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​កណ្តៀវ​វិញ។ ប្រជាជាតិ​នានា​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចម្បាំង​ទៀតដែរ។ 4 គឺគ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន។ ឥត​មាន​អ្នក​ណាបំភិត​បំភ័យពួក​គេទៀត​ឡើយ ដ្បិត​ព្រះ‌អម្ចាស់មានព្រះបន្ទូលដូច្នេះ។ 5 ទោះ​បើ​អស់​ទាំង​សាសន៍​ដើរ​តាម​ឈ្មោះរបស់​ព្រះ​របស់ពួកគេ​រៀង​ខ្លួន។​ គង់​តែ​យើង​រាល់​គ្នា​នឹងដើរ​តាម​ព្រះ‌នាមនៃ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើងជា​ដរាប​តទៅ។ 6 នៅ​ថ្ងៃ​នោះព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ « យើង​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​ប្រមូល​អស់​អ្នក​ដែល​បាន​បណ្តេញ ព្រម​ទាំង​អស់​អ្នក​ដែល​យើង​បាន​ធ្វើ​ទុក្ខ​ឲ្យ​មក​វិញ»។ 7 ឯ​ពួក​អ្នក​ខ្វិន ទៅជានឹង​អ្នក​ខ្ចាត់‌ខ្ចាយ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ នឹងបានចូល ក្នុងប្រជាជាតិ​មួយ​ខ្លាំង​ពូកែ នោះ​ព្រះ‌អម្ចាស់​នឹង​សោយ‌រាជ្យ​លើ​គេនៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​តទៅ។ 8 ដូច្នេះ ឯង គឺជាប៉ម​ចាំយាមនៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​ក្រុង​ស៊ីយ៉ូន​អើយ អ្នក​នឹង​មាន​អំណាច​គ្រប់‌គ្រង​ដូច​ដើម​វិញ ​ជា​រាជ្យ​របស់​ក្រុង​យេរូ‌សាឡិម។ 9 ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ? តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ? តើ​អ្នក​ប្រឹក្សា​របស់​ឯង​វិនាស​អស់​ហើយ​ឬ បាន​ជា​អ្នកឈឺ​ចាប់​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សម្រាល​កូន​ដូច្នេះ? 10 ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។ ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង។ នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច។ គឺ​នៅ​ទី​នោះ​ព្រះ‌អម្ចាស់នឹង​លោះ​ឯង ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង។ 11 ឥឡូវ​នេះ មាន​ជនជាិត​ជា​ច្រើន ដែលប្រមូល​មក​ទាស់​នឹង​អ្នក គេ​ពោល​ថា «ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើលក្រុង​ស៊ីយ៉ូន​ចុះ»។ 12 ពួកព្យាការីពោលថា «តើពួកគេមិន​​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់​ទេ ហើយក៏​មិន​យល់​ពី​ផែនការរបស់ព្រះ‌អង្គ​ដែរដ្បិត​ព្រះ‌អង្គ​បាន​ប្រមូល​គេដូចជាកណ្តាលស្រូវ​នៅ​ទី‌លាន​ដូច​ជា​កណ្ដាប់​ស្រូវ»។ 13 ព្រះអម្ចាស់បន្ទូលថា ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​ទៅ​ជា​ដែកហើយ​ក្រចក​ជើង​អ្នក​ទៅ​ជា​លង្ហិន។ អ្នក​នឹង​បំបែក​ជាតិសាសន៍​ជាច្រើន។ ញែក​កម្រៃ​របស់​គេ​ចេញ ទុក​ជា​តង្វាយ​ដល់​ព្រះ‌អម្ចាស់​ គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ។