ជំពូក ៣

1 ខ្ញុំ​ក៏​និយាយ​ទៀត​ថា៖​ «ចូរ​ស្ដាប់ ឱ​ពួកអ្នកដឹកនាំ​របស់លោក​យ៉ាកុប និង​ពួក​អ្នកគ្រប់‌គ្រង​លើ​ពូជពង្ស​អុីស្រា‌អែល​អើយ តើ​មិន​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ? 2 អ្នក​រាល់​គ្នា​ដែល​ស្អប់​ការ​ល្អ​ ហើយ​ស្រឡាញ់​​ការ​អាក្រក់​អើយ ជា​ពួក​អ្នក​ដែល​បក​ស្បែក​គេ ហើយ​បេះ​សាច់​ពី​ឆ្អឹង​គេ 3 អ្នក​រាល់​គ្នា​ស៊ី​សាច់​របស់​ជន​ជាតិ​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ​ ដូច​ជា​កាប់​សាច់ រៀប​ដាក់​ក្នុង​ឆ្នាំង ក៏​ដូច​ជា​សាច់​នៅ​ក្នុងឆ្នាំងដី។ 4 នៅ​គ្រា​នោះ ពួកអ្នកដឹកនាំ​នឹង​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ តែ​ព្រះ‌អង្គ​មិន​ព្រម​តប​ឡើយ។ ព្រះ‌អង្គ​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេនៅពេលនោះ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់»។ 5 ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ពួក​ព្យាការី ដែល​នាំ​ឲ្យ​ប្រជាជាតិរបស់ទ្រង់​វង្វេង «បើអ្នកណាអោយគេបរិភោគឆ្អែត ​ពួកគេនឹង​ថ្លែងទំនាយ​ថា​ មាន​សេចក្ដី​សុខហើយ។ តែ​បើ​មិន​ឲ្យ​អ្វី​បរិភោគ​ទេ ពួក​គេ​​នឹង​ធ្វើ​សង្គ្រាម​ទាស់​នឹង​អ្នក​។ 6 ហេតុ​នេះ​មានតែយប់ងងឹត​ នឹង​លែង​ឃើញនិមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ សម្រាប់អ្នករាល់គ្នា។ ហើយ​មាន​ភាព​ងងឹត​ដល់អ្នក​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នករាល់គ្នាអាចថ្លែងទំនាយ​ឡើយ។ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ព្យាការី​ទៅ ហើយ​ថ្ងៃ​នឹង​​ងងឹត​សូន្យ​ដល់​គេ។ 7 ពួក​គ្រូទាយ​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​ព្យាការី​នឹង​ទាល់​គំនិត។ គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ»។ 8 តែ​ចំណែក​ខ្ញុំ គឺខ្ញុំ​បានពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពូជពង្ស​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រា‌អែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។ 9 ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឱ​ពួក​អ្នកដឹកនាំ​នៃពូជ​វង្ស​យ៉ាកុបអើយ និង​ពួក​អ្នកគ្រប់‌គ្រង​លើ​វង្ស​អុីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ដែល​ខ្ពើម​សេចក្ដី​យុត្តិ‌ធម៌ ហើយ​កែប្រែ​ឲ្យ​សេចក្ដី​ត្រឹម‌ត្រូវ។ 10 អ្នក​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូសាឡិម​ដោយ​សេចក្ដី​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។ 11 ពួក​អ្នកដឹកនាំរបស់អ្នក​តែង‌តែ​ជំនុំ‌ជម្រះ​ដោយចង់បានសំណូក ពួក​បូជាចារ្យ ​បង្រៀនដោយចង់បាន​កម្រៃ ហើយ​ពួក​ព្យាការីរបស់អ្នក ​ក៏​ថ្លែងទំនាយ​ដោយចង់បាន​ប្រាក់កាស។ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ ​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ»។ 12 ដូច្នេះដោយ​ព្រោះ​អ្នក​រាល់​គ្នា ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។