ជំពូក ២
1
សេចក្តីវេទនាដល់ពួកអ្នកដែលគិតគូរគម្រោងការទុច្ចរិត អ្នកណាដេកសញ្ជឹងគិតនៅលើដំណេករបស់ខ្លួនដើម្បីបង្កើតអំពើទុច្ចរិត។ លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ដោយព្រោះគេមានកម្លាំងនឹងធ្វើបាន។
2
ពួកគេចង់បានស្រែចម្ការណា ហើយក៏ដណ្តើមយកស្រែនោះ ពួកគេចង់បានផ្ទះណា គេក៏ដណ្ដើមយកផ្ទះនោះ។ ពួកគេសង្កត់សង្កិតម្ចាស់ផ្ទះ ហើយប្លន់យកផ្ទះ និងរឹបអូសយកមរតករបស់គេដែរ។
3
ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! យើងកំពុងតែរៀបចំដាក់ទោសទាស់នឹងមនុស្សប្រភេទនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនងាកកចេញបានឡើយ។ អ្នករាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។
4
នៅគ្រានោះ ខ្មាំងសត្រូវរបស់អ្នក គេនឹងចាប់ផ្ដើមច្រៀងលេងសើចអំពីអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល។ ដោយប្រើពាក្យថា «យើងជនជាតិអ៊ីស្រាអែលរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះអម្ចាស់បានផ្លាស់មរតករបស់ជនជាតិខ្ញុំហើយ។ ព្រះអង្គដកចេញមរតកពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ»។
5
ដូច្នេះ អ្នកនឹងមិនមានកូនចៅជំនាន់ក្រោយ សម្រាប់បែងចែកទឹកដី នៅក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ឡើយ។
6
ពួកគេថា «កុំថ្លែងទំនាយឲ្យសោះ»។ «ពួកគេនឹងលែងថ្លែងទំនាយដល់រឿងទាំងនេះ ហើយភាពអាម៉ាស់នឹងមិនមកដល់ឡើយ»។
7
ឱពូជពង្សលោកយ៉ាកុបអើយ តើគួរតែនិយាយយ៉ាងនេះថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ខ្ញាល់ឬ? តើព្រះអង្គធ្វើការទាំងនោះឬ?» តើយើងមិននិយាយពាក្យល្អ ទៅចំពោះអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ឬ?
8
ពីមុនមក រាស្ត្ររបស់យើងបានលើកគ្នាដូចជាខ្មាំងសត្រូវ។ អ្នករាល់គ្នាដោះរ៉ូបសំពត់ សំលៀកបំពាក់ចេញ ពីអ្នកដែលដើរតាមផ្លូវ ដូចជាទាហ៊ានត្រឡប់មកពីសមរភូមិយ៉ាងសុខសប្បាយ។
9
អ្នករាល់គ្នាបានដេញពួកស្រីៗរបស់ប្រជារាស្ត្រយើង
ចេញពីផ្ទះដែលពួកគេស្រឡាញ់ ហើយដកសិរីល្អរបស់យើង
ចេញពីពួកកូនតូចៗរបស់គេជានិច្ចដែរ។
10
ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាកន្លែងសម្រាប់ឯងរាល់គ្នាសម្រាកទេ ព្រោះសេចក្ដីស្មោកគ្រោកបានបង្កឲ្យកើតមហន្តរាយយ៉ាងខ្លោចផ្សា។
11
ប្រសិនបើមានមនុស្សណាមកកាន់អ្នកដោយភូតភរ ហើយកុហកថា «ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក បើមានស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង» គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
12
ឱយ៉ាកុបអើយ យើងនឹងកៀរប្រមូលអ្នករាល់គ្នាមកវិញ។ ជនជាតិអុីស្រាអែលដែលនៅសេសសល់ យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ។ យើងនឹងយកជនជាតិអុីស្រាអែលដែលនៅសេសសល់មកឲ្យនៅជាមួយគ្នា ដូចជាចៀមនៅក្នុងក្រោល នឹងហ្វូងសត្វនៅកណ្ដាលវាលស្មៅ។ ពួកគេនឹងបព្ចោញសូរអ៊ូអរយ៉ាងខ្លាំង ដោយសារមានគ្នាច្រើន។
13
មានអ្នកដែលបើកផ្លូវ និងដើរនៅមុខអ្នករាល់គ្នា។ ពួកគេទម្លុះរទ្វាក្រុង ហើយចេញតាមនោះ។ ស្ដេចរបស់អ្នកពួកគេ យាងនៅមុខពួកគេ។ ហើយព្រះអម្ចាស់ក៏យាងនៅមុខគេបង្អស់។