ជំពូក ៧

1 វរ​ហើយ​ខ្ញុំ​! ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ និងបន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ឃើញ​ទេ ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។ 2 មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​បាត់សូន្យ​​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ។ គេ​សុទ្ធ​តែ​កុហកលប​ចាំ​កម្ចាយ​ឈាម គ្រប់​គ្នា​ចាំធ្វើបាបបងប្អូនខ្លួនឯង។ 3 ដៃ​របស់​គេ​ជំនាញ​នឹង​ប្រព្រឹត្តអំពើ​អាក្រក់ ពួក​មេដឹកនាំ និង​ពួក​ចៅ‌ក្រម​ឃុប​ឃិត​គ្នា​ទារ​រក​សំណូក ឯអ្នក​មាន​អំណាច​ទារ​រក​អ្វី​ដែល​ចិត្ត​គេ​ចង់​បាន។ គឺ​យ៉ាង​នោះ​ឯង​ដែល​ពួកគេធ្វើការអាក្រក់ជាមួួយគ្នា។ 4 មនុស្ស​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​ទៀង​ត្រង់បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​គុម្ពបន្លា។ ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាម‌ល្បាត បាន​ប្រកាស​ទុក គឺ​ថ្ងៃ​ដែល​គេ​ត្រូវ​ទទួល​ទោស។​ ឥឡូវ​នេះ គ្រា​ចលាចល​របស់​គេ​នៅ​ជិត​បង្កើយ។ 5 កុំ​ទុក​ចិត្ត​នឹងអ្នកជិតខាង ក៏​កុំ​ជឿ​មិត្តភក្រ្ត​ដែរ។ ចូរ​រក្សា​បបូរ​មាត់​របស់​អ្នក ចេញ​ឆ្ងាយ​ពីស្ត្រី​ដែល​កុហក​នៅ​នឹង​ទ្រូង​របស់​អ្នក។ 6 ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក។ ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។ 7 ចំណែក​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​សម្លឹងមើល​ដល់​ព្រះ‌អម្ចាស់។ ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ‌អង្គ​នឹង​ស្តាប់​ខ្ញុំ។ 8 ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​លើ​ខ្ញុំ​ឡើយ។ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ។ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌អម្ចាស់​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ។ 9 ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ដោយសារខ្ញុំធ្វើអំពើរបាបប្រឆាំង​ព្រះ‌អម្ចាស់ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ព្រះ‌អង្គ​កាន់​ក្ដី​​ខ្ញុំ។​​​ ព្រះ‌អង្គ​នឹង​នាំខ្ញុំ​ចេញ​មក​ឯ​ពន្លឺ ​រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ 10 គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ ហើយ​សេចក្ដី​អាម៉ាស​នឹង​គ្រប​លើ​នាង ដែល​ពោល​មក​ខ្ញុំ​ថា «តើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​នៅ​ឯ​ណា?» ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​នាង ត្រូវបានគេជាន់ នាង​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ជា​ភក់ជ្រាំ​នៅ​តាម​ផ្លូវ។ 11 នៅ​ថ្ងៃ​ដែល​កំពែងក្រុង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ទឹកដី​នឹងត្រូវលាតសន្ធឹង​កាន់​តែ​ឆ្ងាយ។ 12 នៅ​គ្រា​នោះ ប្រជាជនរបស់ឯងនឹងមក​រកឯង​ពី​ស្រុក​អាស‌ស៊ើរ និង​ពី​ទាំង​​ទី​ក្រុង​អេស៊ីប ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ គឺ​អឺប្រាត និង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​មួយ​ទៅ​ដល់​ភ្នំ​មួយ​ទៀត។ 13 ទឹកដីទាំងនោះនឹងត្រូវបោះបង់ ដោយ​ព្រោះ​ផល​នៃ​កិរិយារបស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។ 14 ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សាប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដូចអ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​សត្វ​ដែលជាមរតក​របស់​ព្រះ‌អង្គ។ ពួកគេ​នៅ​​​ព្រៃ​តែម្នាក់ឯង នៅកណ្តាលចំការ។ សូម​ឲ្យ​ពូកគេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​។ 15 យើង​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ​ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​​អេស៊ីប​មក។ 16 ប្រជា‌ជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់ ដោយសារ​ឥទ្ធិឫទ្ធិខ្លាំងរបស់ពួកគេ​។ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ។ 17 គេ​នឹង​លិឍ​ធូលី​ដី​ដូច​ជា​ពស់ គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​។ ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រ ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ព្រះអង្គ។ 18 តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​លើកលែងទោស ហើយ​ក៏​បំភ្លេច​ទុច្ចរិតរបស់​ប្រជារាស្រ្ត​នៃ​មរតក​ព្រះ‌អង្គដែលនៅសេសសល់? ព្រះអង្គ​មិន​ពិរោធ​រហូត​ឡើយ ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ។ 19 ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ព្រះ‌អង្គ​នឹង​ជាន់​សេចក្ដី​ទុច្ចរិត​របស់​យើងនៅ​ក្រោមព្រះ‌បាទ។ ហើយព្រះអង្គ​នឹង​បោះ​អស់ទាំង​អំពើ​បាប​របស់​យើងទៅ​ក្នុង​សមុទ្រ​ជ្រៅ។ 20 ព្រះ‌អង្គ​នឹង​សម្រេច​តាម​សេចក្ដី​ពិត​ដល់លោក​យ៉ាកុបនិង​តាម​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ដូច​ជា​ព្រះ‌អង្គ​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​យើង​រាល់​គ្នា ចាប់​តាំង​ពី​បុរាណ​មក​នោះ។