ជំពូក ៨

1 លោក​ប៊ីល‌ដាដ ជា​ជនជាតិស៊ូអា បានឆ្លើយតប​ថា៖ 2 «តើ​លោក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះ ដល់​កាល​ណាទៀត? តើ​លោក​បញ្ចេញ​ពាក្យ​សម្ដី ដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត? តើ​ព្រះ‌ជាម្ចាស់​បង្ខូច​យុត្តិធម៌​ឬ? 3 តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បង្ខូច​សេចក្ដី​សុចរិត​ឬ? 4 ប្រសិន​បើ​កូន​ប្រុស​របស់​លោក​ប្រព្រឹត្ត អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ដាក់​ទោស​ពួក​គេ តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 5 ប៉ុន្តែ​លោក​វិញ គួរ​តែ​ស្វែង​រក​ព្រះអង្គ បើ​លោក​អង្វរ​ករ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត។ 6 បើ​លោក​ពិត​ជា​បរិសុទ្ធ និង​ទៀង​ត្រង់​មែន ព្រះអង្គ​មុខ​ជា​ជួយ​លោក ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​លោក ឲ្យ​បាន​យុត្តិធម៌​ឲ្យលោកដែរ។ 7 ទោះបីលោកបានចាប់ផ្តើមតូច តែនៅចុងក្រោយ ទុក្ខលំបាករបស់លោកនឹងប្រសើរឡើង។ 8 ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុន ហើយ​រំពឹង​គិត​អំពី​បទ​ពិសោធន៍ ដែល​ដូនតា​របស់​លោក​រៀនបាន។ 9 (ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹងកើត យើង​មិន​ដឹង​អ្វី​ទាំង​អស់ អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល)។ 10 តើ​ចាស់​ទុំ​មិនបានបង្រៀនលោក​ទេ? តើចាស់​ទុំ​នឹង​មិនបានប្រាប់លោកពីអ្វីដែលនៅក្នុងចិត្តគេទេ? 11 តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំង? ហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែង ដែល​គ្មាន​ទឹក​បាន​ឬ? 12 ពេល​វា​នៅ​ខៀវ​ខ្ចី ទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយ ក៏​វា​ក្រៀម​ស្ងួត មុន​តិណ‌ជាតិ​ផ្សេងដែរ។ 13 ដូច្នេះ អស់​អ្នក​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នឹងវិនាស។ 14 បង្អែក​របស់​គេ​ត្រូវ​បាក់ អ្វីៗ​ដែល​គេ​ទុក​ចិត្ត ប្រៀប​ដូច​ជា​សំបុក​ពីង‌ពាង។ 15 គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំ គេ​ខំ​ប្រឹង​តោង​ផ្ទះ តែ​ផ្ទះ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។ 16 ​រុក្ខ‌ជាតិ​នៅក្រោមពន្លឺថ្ងៃពណ៌បៃតង ព្រោះ​សម្បូណ៌​កម្ដៅ​ថ្ងៃ ហើយ​បែក​មែក​សាខា​ពាស‌ពេញ​ឧទ្យាន។ 17 ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្ម ហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។ 18 ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រម្លើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ។ 19 មើល! នេះគឺជា «អំណរ» ចេញពីការប្រព្រឹត្យរបស់មនុស្ស ហើយ​មាន​អ្នក​ផ្សេង​ទទួល​កន្លែង​ជំនួស​គេ។ 20 ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​ចោល មនុស្ស​គ្មាន​កំហុស​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ពង្រឹង​អំណាច​របស់ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ 21 បន្តិច​ទៀត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​លោក សើច​សប្បាយ​ ហើយ​ឲ្យ​លោក​បន្លឺ​សំឡេងបានវិញ។ 22 អស់​អ្នក​ដែល​ស្អប់​លោក​នឹង​ត្រូវ​អាម៉ាស់ ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹង រលាយ​សូន្យ»។