ជំពូក ៩

1 លោក​យ៉ូប​មាន​និយាយ​តប​វិញ​ថា៖ 2 «ពិត​មែន​ហើយ ខ្ញុំ​ដឹង​ថា​ប្រាកដ​ជា​កើត មាន​ដូច្នោះ​។ ប៉ុន្តែធ្វើដូចម្តេចឲ្យមនុស្សបានត្រឹមត្រូវជាមួយព្រះជាម្ចាស់បាន? 3 បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ព្រះអង្គ ក្នុង​មួយ​ពាន់​សំណួរ សូម្បី​តែ​មួយ ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​បាន​ផង។ 4 ព្រះអង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​មហិទ្ធិ‌ឫទ្ធិ តើអ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ អាច​កើតផង​ទេ? 5 ព្រះអង្គ​រើ​ភ្នំ​ទាំង‌ឡាយ មិន​ឲ្យ​វា​ដឹង​ខ្លួន ព្រះអង្គ​ក៏មិនប្រាប់អ្នកណា ដោយ‌សារ​តែព្រះ‌ពិរោធ របស់​ព្រះអង្គ 6 ហើយព្រះអង្គ​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅ​លើ​គ្រឹះ​របស់​វា ហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។ 7 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ថ្ងៃ នោះ​ថ្ងៃ​មិន​រះ​ទេ ព្រះអង្គ​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ 8 ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​គ្មាន​នរណា​ជួយ ព្រះអង្គ​យាង​នៅ​លើ​រលក​សមុទ្រ 9 ព្រះអង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។ 10 ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ ដែល​ពុំ​អាច​យល់​បាន ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។ 11 ព្រះអង្គ​យាង​មក​ក្បែរ​ខ្ញុំ ក៏​ខ្ញុំ​មើល​ព្រះអង្គ​មិន​ឃើញ ព្រះអង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។ 12 ពេល​ព្រះអង្គ​ដក​យក​អ្វី​ទៅ​ហើយ តើមាន​នរណា​អាច​ឃាត់​ព្រះអង្គ​បាន​ទេ? ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះអង្គ​ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ដូច្នេះ? 13 ពេល​ព្រះអង្គ​ព្រះ‌ពិរោធ​ហើយ ព្រះអង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេ ព្រះអង្គ​បង្ក្រាប​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​បរិវារ​របស់​វា។ 14 ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះអង្គ ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះអង្គ? 15 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ព្រះអង្គ​បាន​ដែរ គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។ 16 ទោះ​បី​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះអង្គ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។ 17 ព្រះអង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើន ដោយ​ឥត​ហេតុ​ផល។ 18 ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំងណាស់។ 19 ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​ជាង ប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌ តើ​នរណា​ហៅ​ព្រះអង្គ​មក​កាត់​ក្ដី? 20 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំ ទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដី ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។ 21 ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​ តែខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ដែរ ខ្ញុំ​អស់​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​។ 22 ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា ព្រះអង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ ទាំង​មនុស្ស​អាក្រក់។ 23 ពេល​មាន​មហន្ត‌រាយ​អ្វី​មួយ​កើត​ឡើង​បណ្ដាល ឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះ ព្រះអង្គ​សើច​ចំអក​ឲ្យ​គេ នៅ​ពេល​ដែល​គេ​វេទនា។ 24 ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយ បើ​ព្រះអង្គ​មិន​ធ្វើ​បែប​នេះ​ទេ តើ​នរណា​ជា​អ្នក​ធ្វើ? 25 ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខ លឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀត គឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខ ដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។ 26 ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខ លឿន​ជាង​នាវា ឬ​បោះ‌ពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។ 27 ប្រសិន​បើ​ខ្ញុំ​ពោល​ថា: ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយ ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ 28 នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះអង្គ​មិន​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​គ្មាន​ទោស​ឡើយ។ 29 ទោះ​បី​ធ្វើ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ទោស ដូច្នេះ តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ដោះ‌សា​ខ្លួន​បាន​ការ​អ្វី? 30 ទោះ​បី​ទូលបង្គំ​យក​ទឹក​មក​លាង​ខ្លួន ទោះ​បី​ទូលបង្គំ​យក​សាប៊ូ​មក​លាង​ដៃ 31 ព្រះអង្គ​បោះ​ទូលបង្គំ​ទៅ​ក្នុង​ភក់​ជ្រាំ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ទូលបង្គំ ក៏​ខ្ពើម​ទូលបង្គំ​ដែរ។ 32 ព្រះអង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ា និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។ 33 គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាល សម្រុះ‌សម្រួល​រឿងរ៉ាវ​រវាង ព្រះអង្គ និង​ខ្ញុំ​បាន​ទេ។ 34 សូម​ព្រះអង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ សូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ។ 35 ពេល​នោះ ទើប​ខ្ញុំ​និយាយ​ស្ដី​បាន ដោយ​លែង​ភិត‌ភ័យ។ ប៉ុន្តែ តាម​ពិតពេលនេះ ខ្ញុំ​មិនអាចធ្វើវាបានទេ។